32 C
Phnom Penh

មន្ត្រី​​​ស្ថាន​​​ទូត​​​វៀតណាម​​​រិះគន់​​​ការ​​​ប្រើ​​​ភាសា​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ពី​​​សំណាក់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​នៅ​​​ស្ថាន​​​ទូត​​​វៀតណាម​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ភាសា​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​​កេង​​​ចំណេញ​​​នយោ​​​បាយ​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​ដល់​​​ទំនាក់​​​ទំនង​​​​​រវាង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​វៀតណាម ​​​ ហើយ​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ភាគតិ​​​ច​​​វៀតណាម​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក ង្វៀន ជីហ្សុ៊ង (Nguyen Chi Dzung)​ ប្រធាន​​​ផ្នែក​​​កិច្ច​​​ការ​​​ច្បាប់​​​​​​ និង​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​​​​នៅ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អុីម៉េល​​​មួយ​​​កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ​​​ថា ការ​​​ប្រើ​​​ជា​​​ប្រចាំ​​​នូវ​​​ពាក្យ​​​ “ យួន” ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​កេង​​​ចំណេញ​​​នយោបាយ​​​។

លោ​​​ក​​​បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​យល់​​​ថា ​​​ក្នុង​​​សម័យ​​សកល​​​​ភាវូបនីយកម្ម​​​ដូច​​​សព្វ​​​ថ្ងៃ​​​នេះ​​​ ទង្វើ​​​បែប​​​នេះ​​​គឺ​​​ជា​​​ទង្វើ​​​ខុស​​​ឆ្គង​​​ផ្នែក​​​នយោ​​​បាយ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​​​​ទំនាក់​​​ទំនង​​​ល្អ​​​ជាមួយ​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​”។  លោក​​​ ង្វៀន បាន​​​បន្ថែម​​​ថា “សម្រាប់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វៀតណាម​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ពួក​​​គេ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​រើស​​​អើង​​​ និង​​​ការ​​​គំរាម​​​កំហែង។ យើង​​​មិន​​​ណែនាំ​​​ពល​​​រដ្ឋ​​​របស់​​​​​​យើង​​​ឲ្យ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ខ្ពស់​​​ចំពោះ​​​ការ​​​វិវឌ្ឍ​​​នៃ​​​ស្ថាន​​​ភាព​​​នៅ​​​មុន​​​ និង​​​ក្រោយ​​​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ទេ​​​។ តែ​​​ពួក​​​គេ [ គួរ​​​តែ​​​] ពិចារ​​​ណា​​​អំពី​​​​​​ការ​​​បញ្ចៀស​​​ការ​​​ធ្វើ​​​ដំណើរ​​​មិន​​​ចាំបាច់​​​ ហើយ​​​កុំធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​មាន​​​មនុស្ស​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ច្រើន​​​”។

ខណៈ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បញ្ជាក់​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា គណបក្ស​​​នេះ​​​គ្មាន​​​គោល​​​ការណ៍​​​ប្រើ​​​ភាសា​​​ប្រមាថ​​​ដល់​​​ជន​​​ជាតិ​​​វៀតណាម​​​នោះ​​​ លោក សម រង្ស៊ី នៅ​​​តែ​​​បាន​​​​​​ប្រើ​​​ពាក្យ​​​ “យួន” នេះ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​ខ្លួន​​​ ចាប់​​​តាំង​​​ពី​​​បាន​​​វិល​​​មក​​​កម្ពុជា​​​វិញ​​​ដើម្បី​​​បញ្ចប់​​​ការ​​​និរទេស​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ ខែ​​​កក្កដា​​​មក​​​។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក សម រង្ស៊ី បាន​​​​​​និយាយ​​​ការ​​​ពារ​​​ការ​​​ប្រើ​​​ពាក្យ​​​នេះ​​​ ដោយ​​​បាន​​​ពន្យល់​​​ថា វា “ ប្រហែល​​​ជា​​​រឿង​​​ខុស​​​ឆ្គង​​​ផ្នែក​​​នយោបាយ​​​មែន​​​ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ជា​​​ពាក្យ​​​ប្រមាថ​​​ទេ​​​”។ នៅ​​​សង្កាត់​​​ច្បារ​​​អំពៅទី២ ខណ្ឌ​​​មាន​​​ជ័យ​​​ ដែល​​​ជា​​​កន្លែង​​​​​​ហាងនៅ​​​ជាប់​​​ផ្លូវ​​​ និង​​​ហាង​​​កាហ្វេនានា​​​​​​​​​​​​​​​​​​មាន​​​បិទ​​​ស្លាក​​​សញ្ញា​​​ដើម្បី​​បញ្ជាក់​​​ពី​​​វត្ត​​​មាន​​​នៃ​​​សហគមន៍​​​ជន​​​ជាត​​ិ​​​ភាគ​​​តិច​​​វៀតណាម​​​ដ៏​​​ធំ​​​​​​ក្នុង​​​សង្កាត់​​​នោះ​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​វៀតណាម​​​និយាយ​​​ថា ​​​ខ្លួន​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​បំផុស​​​ស្មារតី​​​ប្រឆាំង​​​វៀតណាម​​​ពី​​​សំណាក់​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​។

អ្នក​​​ស្រី​​​ គឹម លាន អាយុ​​​៤៤​​​ឆ្នាំ​​​​​​ ជា​​​ម្ចាស់​​​ហាង​​​កាហ្វេ​​​មួយ​​​កន្លែង​​​​​​ដែល​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ជាង​​​២០​​​ឆ្នាំ​​​មក​​​ហើយ​​​នោះ​​​ បាន​​​និយាយ​​​ថា​​​ “ខ្ញុំ​​​ពិត​​​ជា​​​មាន​​​អារម្មណ៍​​​ភ័យ​​​ខ្លាច​​​មែន​​​ គឺ​​​ខ្លាច​​​ពួក​​​គេ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​​​រូប​​​ខ្ញុំ​​​ និង​​​ខ្លាច​​​ពួក​​​គេ​​​សម្លាប់​​​ខ្ញុំ​​​”។

អ្នក​​​ស្រី​​​និយាយ​​​ថា ក្នុង​​​ករណី​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​នោះ​​​ ស្វាមី​​​របស់​​​អ្នក​​​ស្រី​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ នឹង​​​ចាក់​​​សោឲ្យ​​​អ្នក​​​ស្រី​​​​​​នៅ​​​តែ​​​ក្នុង​​​ផ្ទះ​​​​​​​​​ ដោយ​​​​​​ពួក​​​គេ​​​នឹង​​​ទិញ​​​អាហារ​​​យក​​​មក​​​ស្ដុក​​​ទុក​​​។ អ្នក​​​ស្រី​​​ គឹម លាន ក៏​​​បាន​​​សារភាព​​​ផង​​​ដែរ​​​ថា ខ្លួន​​​បាន​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​ បន្ទាប់​​​ពី​​​បាន​​​រៀប​​​អាពាហ៍ពិពាហ៍​​​ជាមួយ​​​ស្វាមី​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេ​​​សវៀតណាម​​​។

អ្នក​​​ស្រី​​​និយាយ​​​ថា “ ប្រសិន​​​បើ​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេ​​​សកម្ពុជា​​​ចាក​​​ចេញ​​​នោះ​​​ យើង​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដែរ​​​។ ខ្ញុំ​​​មិន​​​ខឹងអ្វី​​​​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​បាន​​​មក​​​ទី​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​”។ ទោះ​​​ជា​​​យ៉ាងណា​​​  អ្នក​​​ស្រី ចាន់​​​ ស្រីណាត​​​ អាយុ៦៨​​​ឆ្នាំ ដែល​​​មាន​​​ឈ្មោះ​​​ពិត​​​ជា​​​ភាសា​​​វៀតណាម​​​ថា មៀន ធីសា (Mien Thi Sa) នោះ​​​​​​​​មិន​​​ធ្វើ​​​ដល់​​​ថ្នាក់​​​នេះ​​​ទេ​​​។ អ្ន​​ក​​​ស្រី​​​និយាយ​​​ថា គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៨៣​​​មក​​​ក្នុង​​​បំណង​​​ស្វែង​​​រក​​​ជីវិត​​​ថ្មី​​​ដែល​​​ប្រសើ​​​រជាង​​​មុន​​​ ហើយ​​​ថា ឥឡូវ​​​នេះ​​​ពួក​​​គេ​​​គឺ​​​ជា​​​ជន​​​អន្ដោ​​​ប្រវេសន៍​​​ស្រប​​​ច្បាប់​​​ដែល​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដែរ​​​។

អ្នក​​​ស្រី​​​ ណាតដែល​​​ជា​​​ម្ចាស់​​​ហាង​​​លក់​​​គ្រឿង​​​ទេស​​​តូច​​​មួយ​​​នោះ​​​ បាន​​​និយាយ​​​ថា      “នៅ​​​ពេល​​​ប្រជា​​​ជន​​​កម្ពុជា​​​ប្រើ​​​ពាក្យ​​​យួនដាក់​​​ខ្ញុំ​​​ ខ្ញុំ​​​ខឹងយក​​​តែ​​​មែន​​​ទែន​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ដឹង​​​ធ្វើ​​​ម៉េច​​​ទេ​​​។ ​​​ខ្ញុំ​​​បាន​​​រស់​​​នៅ​​​ទីនេះ​​​ជាយូរមក​​​ហើយ​​​​​​ ហើយ​​​ខ្ញុំ​​​មិន​​​ដែល​​​និយាយ​​​ឈ្លើយ​​​ដាក់​​​​​​ប្រជាជន​​​ខ្មែរ​​​ទេ ចុះ​​​ហេតុ​​​អ្វី​​​ក៏​​​ពួក​​​គេ​​​ចូល​​​​​​ចិត្ត​​​ប្រើ​​​ពាក្យ​​​សម្ដី​​​អាក្រក់​​​ៗ​​​ដាក់​​​ខ្ញុំ​​​ម៉េះ​​? ខ្ញុំ​​​នឹង​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា”។

អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ ប្រសិន​​​បើ​​​ពួក​​​គេ​​​   [រដ្ឋាភិបាល​​​ថ្មី​​​] មិន​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​រង​​​ការ​​​ឈឺចាប់​​​ទេនោះ​​​​​ ​​​​ខ្ញុំ​​​នឹង​​​បន្ត​​​រស់​​​នៅ​​​ទីនេះ​​​ទៀត​​​។ ប៉ុន្តែ​​​ ប្រសិន​​​បើ​​​ពិបាក​​​ពេក​​​​​​ ខ្ញុំ​​​នឹង​​​វិល​​​ត្រឡប់​​​ទៅ​​​ស្រុក​​​កំណើត​​​​របស់​​​ខ្ញុំ​​​វិញ​​​។ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​គឺមិន​​​ទាន់​​​ទេ”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស