31 C
Phnom Penh

បក្ស​ប្រឆាំង​​មាន​ផែន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ស្រប​ពេល​​ឱកាស​ទទួ​ល​បាន​ជ័យ​ជម្នះមាន​តិចតួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​និង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​កាន់តែ​​មាន​សុទិដ្ឋិ​និយម​​ក៏​ដោយ ក៏​ឱកាស​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ឈ្នះ​ឆ្នោត​​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ មាន តិចតួច​ណាស់​។ ទោះ​ជាយ៉ាងណា សមាជិក​សភា​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ពួកគេ​នឹង​សម្រួលឲ្យ​មាន​ការ​ផ្ទេរ​អំណា​ច​ដោយ​សន្តិ​វិធី ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ផ្តល់​ជ័យ​ជម្នះ​ឲ្យ​ពួកគេ​នោះ។​​

លោក សុន​ ឆ័យ​ ជា​សមាជិកសភា​ជាន់​ខ្ពស់​​​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រ​សាសន៍​ថា ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ខ្លួន​នឹង​ផ្លាស់​ប្តូរតែ​តំណែង​ជាន់​ខ្ពស់​បំផុត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​​បុ៉ណ្ណោះ ដោយ​សន្យា​មិន​ដក​ឬទម្លាក់​តំណែង​មន្ត្រី​រាជកា​រ​ទេ ហើយ​ធ្វើ​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​​​ភ្លាមៗ ច្របាច់​ក្រសួង​​សំខាន់ៗ​ចូល​គ្នា​និង​អនុវត្ត​វិធាន​ការ ​ដើម្បី​ធានា​សន្តិសុខ​ជូន​​​សមា​ជិក​ជាន់​ខ្ពស់​​របស់​រដ្ឋាភិបាល​ចាស់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ប្រទេស​​​ដែល​អនុវត្ត​​ប្រព័ន្ធប្រជា​ធិប​តេយ្យ​ណាក៏​ដោយ ការ​ផ្លាស់​ប្តូរ​រដ្ឋាភិ​បា​ល​​មិន​មាន​ន័យ​ថា អ្នក​ផ្លាស់ប្តូរ​អ្វីៗទាំង​អស់​នោះ​ទេ។​មាន​ន័យ​ថា អ្នក​ប្តូរ​តែ​រដ្ឋាភិបាលប៉ុណ្ណោះ​។​គណៈរដ្ឋ​មន្ត្រី​ត្រូវ​តែ​ជា​គណៈ​រដ្ឋមន្ត្រី​ថ្មី​”។​លោក​បាន​បន្ថែម​ថា“ អ្នក​មាន​សមត្ថភាព​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​និង​មកពី​គ​ណ​បក្ស​កាន់​អំណាចអាច​ចូល​រួម​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រីបាន ប្រសិន​បើ​យើង​យល់​​ឃើញ​​​​ថា ពួក​គាត់​មានបទពិសោធ​និង​សមត្ថភាព​”។

លោក សុន​ ឆ័យ​ ​មាន​ប្រសាសន៍​ថា ផ្អែក​តាម​ផែន​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួង​នីមួយ​ៗ​នឹង​មាន​រដ្ឋ​មន្ត្រី​ ​មួយ​រូប​​និង​អនុ​​រដ្ឋ​មន្ត្រី​​តែ​មួយ​រូបគត់​​ដោយ​លុប​បំបាត់​ចោល​តំណែង​រដ្ឋ​លេខាធិការ​និង​អនុ​រដ្ឋ​លេខា​​​​​ធិការ​​​ប្រហាក់​ប្រហែល​គ្នា ដែល​លោក​​ប៉ាន់​ប្រ​មាណ​​​ថា មាន​ប្រហែល​​​​​​៣០០នាក់​​ និង​តំណែ​ង​ទីប្រឹក​្សា​របស់​រដ្ឋមន្ត្រី​ប្រមាណ​៥.០០០​នាក់​ចេញ​ពី​បញ្ជី​ប្រាក់​ខែ​រដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា “ សព្វថ្ងៃ​នេះ​​មាន​ទីប្រឹក្សា៥.០០០នាក់ ហើយ​រដ្ឋា​ភិបាល​ចំណាយ​ប្រាក់​រាប់​លាន​។​យើង​មិន​ត្រូវ​ការ​បែបនេះទេ”។ សួរថា តើ​ការ​លុបបំបាត់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ច្រើន​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​​ចលាចល​នៅ​ក្នុងចំណោម​​អ្នក​មាន​អំណាច​បំផុត​មួយ​ចំនួន​​នៅ​ក្នុង​ប្រទេស​​​ឬយ៉ាងណា​នោះ លោក​ សុន ឆ័យ​ បានមាន​ប្រសាសន៍​ថា “ ពួកគេ​ទាំង​នេះ​ក្លាយ​​ជា​អ្នក​មានរួច​ទៅ​ហើយ។ពួកគេយក​ប្រាក់​​ទិញ​តំណែង​។​ពួកគេ​​ភាគច្រើន​គឺ​ជា​អ្នក​ជំនួញ​ ដូច្នេះយើង​មិន​ចាំ​បាច់​បារម្ភ​នឹង​ពួកគេ​ទេ”។

ចំពោះ​មន្ត្រី​រាជការទាំង​អស់​ដែល​មាន​តំណែង​ក្រោម​ប្រធាន​នាយក​ដ្ឋាន ​នឹង​​ត្រូវ​បាន​ធានា​សុវត្ថិភាព​ការងារ​ ហើយ​រដ្ឋា​ភិបាល​​​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំឡើង​ប្រាក់​ខែ​ភ្លាម​ៗឲ្យ​បានយ៉ាងហោច​ណា​ស់២៥០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ចាប់​ផ្តើមធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​​ ដែល​នឹង​ផ្តល់​ឱកាស​ឲ្យ​មាន​​ការ​ដំឡើង​ប្រាក់​ខែ​ជា​បន្ត​យូរ​អង្វែង​។

លោកបាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិ​បាល​ថ្មីនឹង​ត្រូវពិនិត្យ​មើល ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ហើយ​​ត្រូវធ្វើ​្ឲ្យ​ប្រាកដ​ថា អ្នក​ដែល​បំពេញ​ការ​ងារ​របស់​ខ្លួន​ នឹង​ទទួល​​​​បាន​ប្រាក់​ខែ​សមរម្យ​ អ្នក​មាន​សមត្ថ​​​ភាព​នឹង​ទទួល​បាន​ការងារ​ល្អ​ មិន​មែន​ដំឡើង​​​​តំណែង​តាម​រយៈ​បក្ស​ពួក​និយម​ និង​​​​​​​អំពេើ​ពុក​រលួយទេ” ដោយ​បាន​បន្ថែ​ម​ថា ការ​​​​អនុវត្តកំណែ​ទម្រង់​នេះ​នឹង​ប្រើ​ពេល​រវាង​ពី​ពីរឆ្នាំ​ទៅ​បី​ឆ្នាំ​។

ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជាន​់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​របស់​គណបក្ស​ប្រជាជាន​កម្ពុជា​​ដែ​ល​នឹង​ត្រូវ​ជំនួស​តំណែង​នោះ​ លោក​ សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ធា​នា​​ផ្តល់​ការ​ការ​ពា​រ​ដល់​ពួកគេ​និង​ផ្តល់​ឱកាស​​ឲ្យ​ពួកគេ​បន្ត​ចូល​រួម​​ក្នុង​​ជួរ​រដ្ឋាភិបាល​​ទៀត​។

លោកបាន​មាន​ប្រសាសន៍​ថា “ យើង​ត្រូវ​​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​កក់ក្តៅ​ ពី​ព្រោះ​នេះគឺ​ជា​លើក​ដំបូង​ដែល​​​កម្ពុជា​​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​​​។នៅ​ពេល​លោក​នាយ​​​ក​​​រដ្ឋ​​​​មន្ត្រី​​​និយាយ​ថា ខ្លួន​ប្រហែល​​​​ជា​​​ស្លាប់​​​​ប្រសិន​​​បើ​​​​​​​​បាត់​បង់​តំណែង​​​​​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​ យើង​​​នឹង​ត្រូវ​​​​ផ្តល់​​​នូវ​ការ​​​ការពារនេះ​​​”។

លោកស្រី​​​ មួរ សុខហួរ បេក្ខជន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មាន​​​ប្រសាសន៍​ថា កិច្ចការ​​​ដំបូង​​​ដែល​​​រដ្ឋាភិ​​​បាល​​​​​​គណបក្ស​សង្គ្រោះ​​​ជាតិ​​​ត្រូវធ្វើ​​​ គឺ​​​អំពាវនាវ​​​ឲ្យ​​​មន្ត្រី​​​ជាន់​​​​ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ​​​ចូលរួម​​​រៀបចំ​ផែនការ​​​ផ្ទេរ​​​អំណាច​​​មួយ​​​ ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ទទួល​​​​យក​​​បាន។​​​

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ អ្នក​​​អាច​​​ពិនិត្យ​​​មើល​​​យុទ្ធនាការ​​​របស់​​​លោក ​កឹម ​សុខា​​​ អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​យើង​​​​​​​បាន​​​និយាយ​​​យា៉ង​​​ច្បាស់ថា គោល​​​នយោ​បាយ​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គឺ​​​ថា យើង​​​នឹង​​​កោះ​​​​​​ប្រជុំ​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដើម្បីដោះ​​​ស្រាយ​​​បញ្ហា​​​ទាំងនេះ ដូច្នេះ​​​នឹង​​​មាន​​​ការ​​​ផ្ទេរ​​​អំណាច​​​ដ៏​​​រលូន​​​មួយ​​​ ដើម្បី​​​ឲ្យ​​​យើង​​​អាច​​​បោះ​​​ជំហាន​​​ទៅ​​​មុខទាំង​អស់​គ្នា​”។

លោកស្រី មួរ សុខហួរ ​​​មាន​​​ប្រ​សាសន៍​​​​​​ថា ដោយ​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ពី​​​ថ្នាក់​​​លើ​​​​ក្នុង​​ជួរ​រដ្ឋាភិបាល​ជា​​​មួយ​​​នឹង​​​រដ្ឋមន្ត្រី​​​ថ្មី​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​នោះ​​​ វានឹង​​​ក្លាយ​​​​​ជា​​​​​​​​​គំរូ​​​​​​មួយសម្រាប់​​​មន្ត្រី​​​រាជការ​​​ថ្នាក់​​​កណ្តាល។​​​ លោកស្រី​​​​​​មាន​​​ប្រសាសន៍ថា “ ប្រាកដ​​​ណាស់ នឹង​​​មាន​​​វិធានការ​​​ខ្លះ​​​មុន​ពេល​អ្នក​​​អាច​​​បោសសម្អាត​​​មន្ត្រី​ថ្នាក់​​​កណ្តាល​​​បាន​​​ វា​​​នឹង​​​មិនអាច​ធ្វើ​ទៅ​បានទេ​​​​​​​ក្នុង​​​រយៈ​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​​​មួយ​​​សប្តាហ៍​​​ដំបូង ឬ​​​ក្នុង​មួយ​​​​ខែ​​​ដំបូង​​​នោះ​​​ ប៉ុន្តែ ខ្ញុំ​​​ជឿ​​​ជាក​​​់​​​ថា វា​​​នឹង​​​អាចទៅ​រួច​​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​រយ​​​ថ្ងៃ​​​ដំបូង”។

​​​លោក​​​ ចន ឆឺចឈ័រី  (John Ciorciari) ជា​​​អ្នក​​​ស្រាវជ្រាវ​​​ស្តី​​​អំពី​​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​នៅ​​​Gerald R.Ford School of Public Policyនៃ​សាកល​​​​​វិទ្យា​ល័​យ​​ University of Michigan មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្ទេរ​​​អំណាច​​​ដោយ​​​សន្តិវិធី​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ទំនង​​​ជា​​​ត្រូវ​​​ការ​​​ការ​​​ធ្វើ​​​សម្បទាន​​​ច្រើន ដែល​​​អាច​​​ប៉ះ​​​ពាល់​​​ផែន​​​ការ​​​ជាច្រើន​​​​​​ក្នុង​​​ចំណោម​​​​​ផែន​​​ការ​​​កែ​​​ទម្រង់​​​ប្រកប​​​ដោយ​​​មហិច្ឆតា​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ផ្ទេរ​​​អំណាច​​​នឹង​​​តម្រូវ​​​ឲ្យ​​​ផ្តាច់​ចេញ​ប្រព័ន្ធ​​ចាត់​តាំង​​​​​​ដែល​​​មាន​​​ស្រាប់​​​ខ្លះ​​​ ប៉ុន្តែ ​ចាំបាច់​​​​​ត្រូវ​​​មាន​​​ការសម្រប​​​សម្រួល​​​ខ្លះ​​​ ដើម្បី​​​រក្សា​​​សន្តិភាព​​​” ដោយ​​​លោក​​​លើក​​​យក​​​​ប្រទេស​​​ឥណ្ឌូ​ណេ​ស៊ី ​និង​​​ហ្វី​​​លីពីន ធ្វើ​​​ជា​​​ឧទាហរណ៍​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ចំណោម​​​ប្រទេស​​​ ដែល​​​មេដឹក​​​នាំ​​កាន់​​​អំណាច​​​​​យូរ​​​អង្វែង​បាន​​​ផ្ទេរអំណាច​​​។
​​​​
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ទាំង​​​របប​​​របស់​​​អតីត​​​ប្រធានាធិបតី​​​​​​​​​​​​ហ្វីលីពីន​​​ ហ្វឺឌីណាន់ ​មា៉កូស (Ferdinanad Maros) និង​​​អតីត​​​ប្រធានា​ធិប​តី​​​ឥណ្ឌូណេស៊ី ស៊ូហាតូ (Suharto) បាន​​​គ្រប់​​​​គ្រង​​​ប្រព័ន្ធ​ចាត់​តាំង​​​​​​​ពុក​​​រលួយ​​​ខ្លាំង​​​ប៉ុន្តែ ​ប្រទេស​​​​​​ហ្វីលី ពីន​​​ និង​​​ឥណ្ឌូណេស៊ី បាន​​​ផ្ទេរ​​​អំណាច​​​តាម​​​ប្រព័ន្ធ​​​ប្រជាធិបតេយ្យ​​​ដោយ​​​មិន​​​ធ្លាក់​​​ទៅ​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិលទេ​”។

លោក​​​បាន​​​បន្ថែម​​​ថា “ ហេតុ​​​ផល​​​ខ្លះ​​​គឺ​​​ថា ​មន្ត្រី​​​ដែល​​​ជាប់​​​ឆ្នោត​​ថ្មី​ត្រូវ​បាន​​​​បន្សល់​​​ទុក​​​ឲ្យ​នូវប្រព័ន្ធ​​ចាត់​តាំង​ចាស់​ជាដំណោះស្រាយ​​​មួយ​​​ដែល​​​ជួយ​​​ដល់​ការ​​ទទួល​បាន​​​​អំណាច​​​ដោយ​​​សន្តិវិធី​​​ ប៉ុន្តែត្រូវ​បាន​បន្សល់​​​ទុក​​​ឲ្យ​នូវ​បញ្ហា​​​អភិបាល​កិច្ច​ជា​​​ប្រព័ន្ធ​មិន​​​ទាន់​​​​ដោះ​​​ស្រាយ​​​ជា​ច្រើន​”។

ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ លោក ​​ឆឺចឈ័រី​ បាន​​​មាន​​​ប្រសាសន៍​​​ថា  ការ​​​ផ្លាស់​​​ប្តូរ​​​រចនា​​​សម្ព័ន្ធ​​​ដែល​មាន​ស្រាប់​​​​ទាំ​​​ង​​​ស្រុង​​​គឺ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ ហើយ​​​ការ​​​លុប​​​បំបាត់​​​ អំពើ​​​​ពុក​​​រលួយ​​ក្នុងរយៈ​​​ពេល​​​ខ្លី​​​ គឺ​​​ជា​​​គោល​​​ដៅ​​​ប្រកប​​​ដោ​​​យ​​​មហិច្ឆតា​​​ពេក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ ប្រហែល​ជា​​​​ត្រូវ​​​ផ្តល់​​​សញ្ញា​​​ថា ​​​​យ៉ាងហោចណាស់​ខ្លួននឹង​​​ទុក​​​តំណែង​​​សន្តិ​សុខ​​​និង​​​តំណែង​​​​​ការិយាល័​​​យ​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែរ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ក៏​​​ត្រូវ​​​បញ្ចុះ​​​បញ្ចូល​​​មេដឹក​​​នាំ​​​ជាន់​​​ខ្ពស់ផងដែរ​​​​ថា ពួក​​​គេ​​​មិន​​​មែន​​​ជា​​​គោល​​​ដៅ​​​ចំពោះ​​​​ការ​​​ធ្វើ​​​បាប​​​ទេ​​​ ហើយ​​​ថា ពួក​​​គេ​​​និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួន ​​​នឹង​​​រក្សា​​​ទ្រព្យ​​​សម្បត្តិ​​​និង​​​ឋានៈ​​​ដដែល​​​”។​

លោក​​​​​​​​បាន​​​បន្ថែម​​​ថា “ ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​មន្ត្រី​​​រាជ​​​ការ ​​​គឺ​​​ជា​​​គំនិត​​​ល្អ​​​ ហើយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ដំណោះស្រាយ​​​ ប៉ុន្តែ ជ័យ​​​ជម្នះ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ នឹង​​​មិន​​​អាច​​​បញ្ចប់​​​អំពើ​​​ពុករលួយ​​​បាន​​​ទេ​​​។ មន្ត្រី​​​ជាច្រើ​​​ន​​​ដែល​​​ធ្លាប់​​​ទទួល​​​សំណូក​​​ និង​​​ប្រាក់​​​សគុណ​​​ នឹង​​​បន្ត​​​ធ្វើ​​​ដដែល​​​ ហើយ​​​គណបក្ស​​​សង្គ្រោះ​​​ជាត​​​ិ​​​នឹង​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជា​​​មួយ​​​ពួកគេ​​​ប្រកប​​​ដោយ​​​ប្រសិទ្ធ​​​ភាព ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​ដូច​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ខ្លួន​​​ថា ជា​​​គណបក្ស​​​នាំ​​​មក​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​​​នោះ”៕

ប្រែសម្រួលដោយ អ៊ូច សូនី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស