35 C
Phnom Penh

អ្នក​​គាំ​ទ្រ​បក្ស​ប្រឆាំងក្នុងខេត្ត​ព្រៃ​វែង ​បារម្ភអំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​ព្រៃ​វែង-នៅ​ពេល​អ្នក​បោះ​ឆ្នោត​ទៅ​​​​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​​​ដែល​មាន​តំបន់​ជន​បទ​ភាគ​ច្រើន​នេះកាល​ពី​ម្សិល​មិញ​ ប្រជា​​ពល​រដ្ឋ​ដែល​គាំ​ទ្រ​ការ​ផ្លាស់​ប្តូរ​របប​កាន់​​អំណាចសព្វថ្ងៃ​បាន​និយាយថា ពួក​គាត់​​មាន​អារម្មណ៍​​រង​សម្ពាធ​ឲ្យ​រក្សា​ទស្សន​របស់​​ខ្លួន​ជា​ការ​សម្ងាត់​​។

រហូត​មក​ទល់​យប់​មិញ​នេះ លទ្ធផល​បឋម​​ពី​ខេត្ត​ព្រៃ​វែង ​បង្ហោះ​​ក្នុង​គេហ​ទំព័រ​របស់​គណ​​បក្ស​កាន់​អំណាច ​បាន​បង្ហាញថា​ គណ​​ក្ស​ប្រឆាំង​ទទួល​បាន​​៦​អាសនៈ រីឯ​គណ​បក្ស​​​​ប្រជា​ជន​ទទួលបាន​៥​អាសនៈក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១១​ដែល​ត្រូវ​ប្រជែង​យក​ក្នុង​ខេត្ត​នេះ។ កាល​ពី​ឆ្នាំ​២០០៨​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួលបាន​៧​អាសនៈ។

នេះ​ជា​អ្វី​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ភ័យ​ខ្លាច​បំផុត ហើយ​គណ​បក្ស​នេះ​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុងខេត្ត​នេះ​ស្ញប់ស្ញែង​​នៅ​មុន​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​គេ​ចាត់​ទុក​ថា ​ជា​ការ​ទិញ​​ទឹក​ចិត្តគាំ​ទ្ររបស់​អ្នក​បោះ​ឆ្នោត​​ លោក​​ ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​​​​​មាន​​ស្រុកកំណើត​នៅក្នុង​​​​ខេត្ត​ព្រៃ​វែង ​បាន​​ប្រកាស​​​កាល​ពី​សប្តាហ៍​មុន​​នូវ​ “ មូលនិធិ” សប្បុ​​​​រស​ធម៌​​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​២០០.០០០​​ដុល្លារ ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​​​ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាទទួល​​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​។​

កាល​ពី​ព្រឹក​ម្សិល​មិញ​ នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ល្វា​ ស្រុក​ព្រះស្តេច អ្នក​​បោះ​ឆ្នោត​ភាគ​ច្រើន​ដែល​ត្រូវ​បាន​សម្ភាស​ បាន​លើក​ឡើង​ថា ពួក​គាត់ចង់​​ផ្លាស់​ប្តូរ​ ទោះ​​​បី​ជា​ពួក​គាត់​មិន​ហ៊ាន​និយាយ​ឮៗក៏​ដោយ​។

អ្នក​ស្រី មាស សាលី អាយុ​៤៦​ឆ្នាំ បាន​ក្រឡេក​មើល​ឆ្វេង​ស្តាំ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ​នៅ​ពេល​អ្នក​ស្រី​និយាយខ្សឹបៗ​ប្រាប់​អ្នក​យក​ព័ត៌មាន​ ដើម្បី​ចៀស​វាង​ការ​លួច​​ស្តាប់​ពី​សកម្ម​​ជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ម្នាក់​នៅ​ក្បែរ​នោះ​ថា អ្នក​ស្រី​មាន​គម្រោង​បោះ​ឆ្នោត​​ប្រឆាំង​​គណ​បក្ស​កាន់​អំណាច​។ អ្នកស្រី​​​និយាយ​​​ថា “ វា​ពាក់​ព័ន្ធ​នឹង​រឿង​ដី​ធ្លី​” ​នៅពេលអ្នក​ស្រី​រៀប​រាប់​ពី​ការ​ប្តឹង​ផ្តល់​​របស់​អ្នក​ស្រី​ពាក់​ព័ន្ធ​នឹង​ដី​ចម្ការ​មួយ​កន្លែង​ទំហំ​មួយ​ហិកតា​របស់​អ្នក​ស្រី​​​ដែល​បាន​ធ្លាក់​ទៅ​លើ​​​អ្នក​ទទួល​បញ្ចាំ​ម្នាក់​ដែល​បាន​សូក​ប៉ាន់​​តុលាការ​​​។

អ្នក​ស្រី​បាន​និយាយ​ថា “ ខ្ញុំ​គ្មាន​លុយដើម្បី​បន្ត​ប្តឹង​ផ្តល់​នៅ​ក្នុងរឿង​ក្តី​នេះ​ទេ ដូច្នេះ​ពួក​គេ​​ក៏​បាន​​យក​ដី​ចម្ការ​របស់​ខ្ញុំ​។ ខ្ញុំ​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​អាច​ជួយ​​ពួក​យើង​កំុ​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​តទៅ​ទៀត​។​ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​នៅ​ទីនេះ​មាន​បញ្ហា​ដូច​នេះ”។​

លោក​ កែម ប៊ុននី អាយុ​៤២​ឆ្នាំ ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​បាន​និយាយថា ទោះ​បីជា​ពួក​គាត់​ប្រហែល​ជា​​មាន​សំឡេង​ភាគ​ច្រើន​នៅ​ឃុំនេះ​ក៏​ដោយ​​ ក៏​អ្នក​ដែល​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ឃំុ​ល្វា​ មាន​ការ​ភ័យ​ខ្លាច​ថា ពួក​គាត់​ប្រហែល​ជា​ប្រឈម​នឹង​បញ្ហា ​នៅ​ពេល​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ជ័យ​ជម្នះ​នៅ​ការ​បោះ​ឆ្នោត។

លោក​បាន​និយាយ​ថា “ ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ពេល​អនាគត​​គេ​ប្រហែល​ជា​បំផិត​បំភ័យ​ពួក​យើង។​នៅ​តាម​ទី​ក្រុងមាន​ ប្រជា​​ពល​រដ្ឋ​ជា​ច្រើន ដែល​ចូល​ចិត្ត​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ហើយ​ពួក​គេ​អាច​បង្ហាញ​អារម្មណ៍​​​ចូល​ចិត្ត​របស់​ខ្លួនបាន ពួក​គេមិន​ភ័យ​ខ្លាច​ទេ ប៉ុន្តែ នៅ​ក្នុង​ភូមិវិញ យើង​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច”។

ថ្លែង​នៅ​ឯភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃរបស់​លោក​​នៅក្នុង​ស្រុកពាមរក៍ ដែល​មាន​ទំហំ​ធំ​ជាង ​ទី​ស្នាក់​ការ​​គណប​ក្ស​ប្រជា​ជន​កម្ពុជាមួយ​ដល់​ទៅ​ពីរដង លោក​ ជាម យៀប សមា​ជិក​ជាន់​ខ្ពស់​នៃ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​កំពុង​កាន់​មុខ​តំណែង​ប្រចាំ​ខេត្ត​ព្រៃ​វែង​ បាន​មាន​ប្រសាសន៍ថា គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ទេ សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​បោះ​ឆ្នោត​គាំ​ទ្រគណ​បក្ស​ប្រឆាំង។

លោក​បាន​មាន​ប្រសាសន៍​ថា “ នេះជា​ស្ថាន​ភាព​ធ្វើ​យុទ្ធនាការ​ដែល​មានភាព​យុត្តិ​ធម៌​បំផុតសម្រាប់​ការ​បោះ​ឆ្នោត​រហូត​មក​​​​ទល់​​នឹង​ពេល​នេះ ពី​ព្រោះ​យើង​គ្មាន​ឧប​ទ្ទវ​ហេតុ​​​កើត​ឡើង​ដូច​ជា​ ប្រជា​ពល​រដ្ឋ​ត្រូវ​គេ​សម្លាប់ ឬករណី​ផ្ទុះ​អំពើ​ហិង្សា​ទេ។ យើង​​គ្រាន់​តែ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​ប៉ុណ្ណោះ​​ ​យើង​​ចៀស​​រឿង​នោះ​មិន​ផុត​ទេ​”។ ​លោក​​បាន​ធានា​អះ​អាង​ចំពោះ​អ្នក​បោះ​ឆ្នោត​​ថា នឹង​គ្មាន​ការ​រើស​អើង​ឡើយ ប្រសិន​​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ជ័យ​ជម្នះ​នៅក្នុង​ការ​បោះ​ឆ្នោត។​

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ទៀត​ថា “ យើង​នឹង​មិន​ធ្វើ​បាប​ប្រជា​ពល​រដ្ឋ​ឡើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ វា​ជា​សិទ្ធិ​របស់​ពួក​គាត់​ [ក្នុង​ការ​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង]”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ជាក់​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​ទទួល​បាន​​លទ្ធ​ផល​ប្រហាក់​ប្រហែល ឬ​ប្រសើរ​ជាង​​លទ្ធ​ផល​​​របស់​​​ខ្លួន​​​កាល​ពី​ឆ្នាំ​២០០៨។​ លោក​មាន​ប្រសាសន៍​អំពី​ខេត្ត​ព្រៃ​វែង​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៨០៩.០០០​នាក់​ថា “ យើង​មាន​សមាជិក​បក្ស​​​​៤៦៨.០០០​នាក់​នៅ​ក្នុង​ខេត្ត​នេះ​​”។

អ្នក​បោះ​ឆ្នោត​ម្នាក់​ទៀត​ឈ្មោះ ផាន ចាប​ ​អាយុ​៥៩​ឆ្នាំ ​នៅឃុំ​អ្នក​លឿង​ ស្រុក​ពាមរក៍​និយាយ​ថា គាត់​ជា​អ្នក​គាំ​ទ្រ​ដ៏​សំខាន់របស់​លោក ជាម យៀប ហើយ​និយាយ​​ថា គាត់​មិន​ដែល​ឮឈ្មោះ​ លោក ញ៉ែម បុញ្ញរិទ្ធ​ បេក្ខ​ជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដ៏​លេច​ធ្លោ​បំផុត​នៅក្នុង​ខេត្ត​នេះ​ទេ​។​

គាត់​បាន​និយាយ​ថា “​ [លោក​ ជាម យៀប​] ​ជួយ​សាង​សង់​សាលា​រៀន​ វត្ត​អារាម និង​សមិ​ទ្ធ​ផល​ផ្សេងៗ​នៅ​ទី​នេះ​។ គាត់​ជួយ​ប្រជា​​​ពល​រដ្ឋ​ក្រី​ក្រ”។​
ប៉ុន្តែ នៅ​ការិយាល័យ​បោះ​ឆ្នោតដ៏​តូចនៅ​​​ក្នុង​មណ្ឌល​សុខ​ភាព​អ្នក​លឿង កន្លែង​ដែល​លោក ផាន ចាប បោះ​ឆ្នោត​នេះ ប្រជា​ពល​​រដ្ឋ​​ភាគ​​ច្រើន​បាន​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​​ ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​​បាន​សំឡេង​​ឆ្នោត​១៨៩​សំឡេង​ រីឯ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ទទួល​បាន​១៨៣​សំឡេង។

តែ​ទោះ​ជា​យ៉ាង​ណា​ លទ្ធ​ផល​នោះ​បាន​​ចេញ​អមដោយ​​ក្តី​បារម្ភ​មួយ​ចំនួន។​​ អ្នក​បោះ​ឆ្នោត​មួយ​ភាគ​ធំ​បាន​ប្រើ​ប្រាស់​ប័ណ្ណ​ពណ៌​ខៀវ​ចេញ​ឲ្យ​អ្នក​បោះ​ឆ្នោត​ដែល​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ហើយ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ដែល​មាន​ប័ណ្ណ​ពណ៌​ខៀវ​នោះ ​បាន​ធ្វើ​​ឲ្យ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​។

នៅ​ក្នុង​ករណី​មួយ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​បោះ​ឆ្នោត​ ថ្វី​បើ​រូប​ថត​នៅ​ក្នុង​ប័ណ្ណ​ព៌ណ​ខៀវ​របស់​ស្ត្រី​រូប​នោះ​បិទ​ពី​លើ​ត្រា​ផ្លូវ​ការ​ក៏​ដោយ។ នៅ​ក្នុង​ករណី​មួយ​ទៀត​ឈ្មោះ​​នៅ​លើ​ប័ណ្ណ​ពណ៌​ខៀវមួយ​​មិន​ត្រូវ​គ្នា​នឹង​ឈ្មោះ​​មួយនៅក្នុងបញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ ​ប៉ុន្តែ អ្នក​កាន់​ប័ណ្ណ​ពណ៌​ខៀវ​នោះ​ច្រើន​ដែល​មាន​ប័ណ្ណ​ព៌ណ​ខៀវ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​។

នៅ​ក្នុង​ករណី​មួយ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​បោះ​ឆ្នោត​ ថ្វី​បើ​រូប​ថត​នៅ​ក្នុង​ប័ណ្ណ​ព៌ណ​ខៀវ​របស់​ស្ត្រី​រូប​នោះ​បិទ​ពី​លើ​ត្រា​ផ្លូវ​ការ​ក៏​ដោយ។ នៅ​ក្នុង​ករណី​មួយ​ទៀត​ឈ្មោះ​​នៅ​លើ​ប័ណ្ណ​ព៌ណ​ខៀវមួយ​​មិន​ត្រូវ​គ្នា​នឹង​ឈ្មោះ​​មួយនៅលើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ ​ប៉ុន្តែ អ្នក​កាន់​ប័ណ្ណ​ព៌ណ​ខៀវ​នោះ​នៅ​តែ​ត្រូវ​បាន​ឲ្យ​បោះ​ឆ្នោត​។

ឈរ​ក្បែរ​សហ​ការី​វ័យ​១៨​ឆ្នាំ​របស់​ខ្លួន​ និង​ចង្អុល​ទៅ​មន្ត្រី​គណៈ​កម្មា​ធិកា​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​អ្នក​សង្កេត​ការណ៍​​មក​ពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជាដែល​ប្រមូល​ផ្តុំ​គ្នា​​ យុវជន​​ រុន រ៉ូសា អាយុ​២០​​ឆ្នាំ​ដែល​ជា​សង្កេតការណ៍​បោះ​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ការិយា​ល័យ​នេះបាន​និយាយ​ថា “ ពួក​យើង​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ [អ្នក​សង្កេត​ការណ៍​​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ]”។

យុវជន​ រុន រ៉ូសា បាន​និយាយថា “ យើង​អាច​តវ៉ា​បាន ប៉ុន្តែ មាន​មនុស្ស​មួយ​ក្រុម​ធំ​ប្រឆាំង​ពួក​យើង​”។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ភ័យ​ខ្លាច​របស់​​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ បាន​បង្ហាញ​​យ៉ាង​ច្បាស់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ពេល​អ្នក​ភូមិ​នៅក្នុង​ឃុំព្រៃ​​ដើម​ថ្នឹង ស្រុកស៊ីធរកណ្តាលបាន​រាយ​ការណ៍​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជាបីបួន​នាក់​ អម​ដំណើរ​ដោយ​មន្ត្រី​គណៈកម្មាធិការ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ក្នុង​មូល​ដ្ឋាន បាន​ចុះ​ជួប​ប្រជា​ពល​រដ្ឋ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​ប្រមូល​សន្លឹក​ឆ្នោត​។

ក្រុម​អ្នក​យក​ព័ត៌មាន​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​មូល​ដ្ឋាន​ដែលតំណាងឲ្យ​គណៈ​កម្មា​ធិការ​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល​ ដែល​​ព្យាយាម​​​បញ្ជាក់​ពី​ការ​អះ​អាង​នេះ​នៅ​ម៉ោង​ប្រហែល​​៩​យប់ ​បាន​ប្រឈម​តតាំង​​​ដោយ​នគរ​បាល​ប្រដាប់​អាវុធ បន្ទាប់​មក​ ដោយ​មន្ត្រី​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្នាក់​ឃុំ និង​ថ្នាក់ខេត្ត។

អភិបាល​ស្រុក​​ស៊ីធរកណ្តាល​ បានទូរស័ព្ទ​ណែ​នាំ​អ្នក​ព័ត៌​មាន​របស់​កាសែតខេមបូឌា ដេលី ថា ពួក​គេ​មិន​គួរ​នៅក្នុង​តំបន់​នោះ​ទេ​នៅ​ពេល​យប់​។
លោកអភិបាល ផើ អ៊ិន មាន​ប្រសា​សន៍​ថា “ អ្នក​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​។ ប្រជា​​ពល​រដ្ឋ​ត្រឹម​ត្រូវ​កម្រ​ចេញ​ក្រៅ​ណាស់​នៅ​ពេល​​យប់​។ អ្នក​គួរ​តែ​ទាក់​ទង​មក​អាជ្ញា​ធរ​​ដើម្បី​​ឲ្យ​ពួក​គេ​​ធានា​សុវត្ថិ​ភាព​របស់​អ្នក​​”។

លោក នួន ទ្រីណូ អ្នក​សង្កេត​ការណ៍​របស់​​អង្គការ​ខុមហ្វ្រែល​ប្រចាំ​ស្រុកស៊ីធរ​កណ្តាល​​បាន​លើក​ឡើង​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​មន្ត្រី​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​ចុះ​ជួប​អ្នក​ភូមិ​មួយ​ចំនួន​នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​។ លោក​មាន​ប្រសាសន៍​ថា “ ពួក​គេ​ព្យា​យាម​​ចង់​ដឹង​ថា អ្នក​ណា​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​​គណ​ប​ក្ស​មួយ​ណា។ ពួក​គេ​បាន​សន្យាចែក​​សារ៉ុង​ និង​ប្រាក់​ប្រាំដុល្លារ ប្រសិន​បើ​ពួក​គេ​ឈ្នះ​​ការ​បោះ​ឆ្នោត​”។

ព្រៃ​ដើម​ថ្នឹង ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ជា​ច្រើន​នៅក្នុង​ខេត្ត​ព្រៃ​វែង ជា​កន្លែង​ដែល​​គណបក្ស​​​ប្រជាជន​​​​​​ ធ្លាប់​​​ទទួល​​​បាន​​​​​​សំឡេង​​​គាំទ្រ​​​ច្រើន​​​នៅ​​​ក្នុង​​​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ កាល​ពី​ឆ្នាំ​មុននោះ ​បាន​បង្ហាញថា ប្រជា​​​​ពល​រដ្ឋ​បាន​ងាក​ទៅ​គាំ​ទ្រ​គណ​​បក្ស​ប្រឆាំង​វិញ។

លោក នួន ទ្រីណូ បាន​លើក​ឡើង​ថា “ យោង​តាម​ការ​ស្ទាប​ស្ទង់​របស់​ខ្ញុំ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​​នៅ​ទី​នេះ​ នឹង​បោះ​ឆ្នោត​​គាំ​ទ្រ​គណ​បក្ស​ថ្មី​មួយ​ [គណ​បក្ស​សង្គ្រោះ​ជាតិ]”។   លោក​បាន​លើក​ឡើង​បន្ត​ថា “ ប្រជា​ពល​​រដ្ឋ​មើល​ឃើញ​ជីវភាព​របស់​ខ្លួន​កាន់​តែ​ដុន​ដាបទៅៗ ហើយ​គ្មាន​អ្វី​ប្រែ​ប្រួល​សោះ។ អ្នក​ប្រហែល​ជា​មើល​ឃើញ​ផ្ទះ​ធំៗ​ ហើយ​គិត​ថា ​យើង​ជា​អ្នក​មាន​ ប៉ុន្តែ  តាម​​​ពិត​​​ប្រជា​ពល​រដ្ឋ​ប្រហែល​​៨០​ភាគ​រយ​នៅ​ទី​នេះ​ជំពាក់​​​​បំណុល​គេ​។ ពួក​គាត់​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួក​គាត់ ប៉ុន្តែ ពួក​គាត់​មិន​បានផល​​​ចំណេញ​ទេ។ មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​កំពុង​នាំ​គ្នា​ទៅ​ប្រទេស​ថៃ​”៕

ប្រែ​សម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស