27.5 C
Phnom Penh

គណបក្ស​ប្រជា​ជន​ឈ្នះ​ការ​បោះឆ្នោត​ ប៉ុន្តែ​បាត់​បង់​អាសនៈ​ជាច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ម្សិល​មិញ​នេះ​ ប៉ុន្តែ​បាន​បាត់​បង់​អាសនៈ​ជា​​ច្រើន​​ គឺ​បាន​របូត​២២​អាសនៈ​ទៅ​​​ក្នុង​​ដៃ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​។ 

យោង​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​លោក​ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​បង្ហោះ​លើ​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​កាលពី​ល្ងាច​ម្សិលមិញ គណបក្ស​ប្រជា​ជន​បាន​ទទួល​៦៨​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​១២៣​ គឺ​ធ្លាក់​ចុះ​ពី​ចំនួន​៩០​អាសនៈ​ដែល​ខ្លួន​បាន​ឈ្នះ​​ក្នុង​ឆ្នាំ​​២០០៨។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​៥៥​​អាសនៈ​ គឺ​កើន​ពី​ចំនួន​សរុប​២៩​អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ឈ្នះ​មុន​ពេល​ច្របាច់​បញ្ចូល​គ្នា​។

លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​បដិសេធ​​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធផល​ដែល​លោក​ ខៀវ កាញារិទ្ធ​ បាន​​បង្ហោះ​តាម​ហ្វេស​ប៊ុក​ទេ ហើយ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​។ តែ​ទោះ​ជាយ៉ាង​ណា​  តួលេខ​បឋម​របស់​លោក ខៀវ កាញារិទ្ធ ត្រូវ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បញ្ជាក់​ថា ជា​ការ​ពិត​។

លោក ផៃ ស៊ីផាន ថ្លែង​ពី​លទ្ធផល​​បឋម​នេះ​កាលពី​យប់​មិញ​ថា “ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឮ។ តួលេខ​នេះគឺ​ត្រឹម​ត្រូវ​ហើយ”​។

លោក គល់  បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណ​ៈ​កម្មាធិការ​​ដើម្បីការ​បោះ​ឆ្នោត​​ដោយ​សេរី និង​​យុត្តិ​ធម៌​នៅកម្ពុជា  ហៅ​កាត់​ថា ខុម​ហ្វ្រែល​ បាន​ឲ្យ​ដឹង​ថា ការ​ប៉ាន់​ស្មាន​បឋម​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​កាលពី​ម្សិលមិញ គឺមាន​ចំនួន​តិច​ជាង​៦០​ភាគ​រយ​ ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អ្នក​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៨​មាន​ចំនួន​ប្រហែល​៧៥​ភាគ​រយ​។លទ្ធផល​បឋម​នៃការ​បោះឆ្នោត​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​កំពុង​កាន់​អំណាច​ ដែល​ធ្លាប់​​តែ​ទទួល​បាន​អាសនៈ​កើន​​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បោះឆ្នោត​មួយ​លើក​ៗ។ ខណៈ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​​តែ​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​មិន​ចាំ​បាច់​​​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ គណបក្ស​របស់​លោក ហ៊ុន សែន​ នេះ​​មិន​អាច​ធ្វើ​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដោយ​ឯក​តោ​ភាគី​ទៀត​បានឡើយ​​​ ព្រោះ​​វា​តម្រូវ​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​​​សំឡេង២ភាគ​៣នៅក្នុង​​សភា។

​គួររំឭក​ថា ក្នុង​ឆ្នាំ​២០០៦ ការ​ធ្វើ​វិសោ​​​​ធ​ន​កម្ម​​​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​ ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​បង្កើត​រដ្ឋា​ភិបាល​ដោយ​សំឡេង​៥០​បូក​១។ មុន​​ពេល​មាន​ការ​ធ្វើ​វិសោធនកម្ម​នេះ​​ ការ​បង្កើត​រដ្ឋា​ភិបាល​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សំឡេង​២​ភាគ​៣។

លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ម្សិល​មិញ​នេះក៏​មាន​ន័យ​ថា គណបក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច ដែល​បាន​ទទួល​ពីរ​អាសនៈ​ក្នុង​​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ នឹង​លែង​មាន​តំណាង​នៅ​សភា​ទៀត​ហើយ​ គឺ​ផ្ទុយ​ស្រឡះ​ពីការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ដែល​ខ្លួន​បាន​ទទួល​​​៥៨​អាសនៈ។

​មុន​ពេល​លោក ខៀវ កាញារិទ្ធ បង្ហោះ​លទ្ធផល​បឋម​តាម​ហ្វេសប៊ុក​កាលពី​ម្សិល​មិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ​ ដោយ​​ប្រកាស​ថា ការ​បោះឆ្នោត​នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​ប្រជា​ជន​កម្ពុជា​ មិន​ថា​​វា​មាន​លទ្ធផល​​​យ៉ាង​ណា​ទេ ។ ​​លោក​ សម រង្ស៊ី​ ​ថ្លែង​ថា “​ ថ្ងៃ​នេះ​គឺ​ជា​ទិវា​​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ ​ប្រជា​ជន​យ៉ាង​ច្រើន​បាន​នាំ​គ្នា​ចេញ​មក​សម្ដែង​​​ឆន្ទៈ​​របស់​ខ្លួន​ ហើយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ​ហើយ​។

គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ប្រកាស​មុន​​យុទ្ធ​នាការ​ឃោសនា​ផ្លូវ​ការ​ចាប់​ផ្ដើម​ថា ខ្លួន​នឹង​ផ្ដោត​តែ​លើ​ខេត្តទាំង​១៥​ ដែល​មាន​អាសនៈ​ចាប់​ពី​បីឡើង​ប៉ុណ្ណោះ។ គណបក្ស​នេះ​បានទទួល​ជ័យ​ជម្នះ​ធំបំផុត​ក្នុង​មណ្ឌល​ធំ​បំផុត​ទាំង​បួន​ក្នុង​ប្រទេស​នេះ គឺ​មណ្ឌល​រាជ​ធានីភ្នំពេញ កំពង់​ចាម កណ្ដាល និង​ព្រៃ​វែង​ ។

​នៅ​ក្នុង​រាជធានីភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​ប្រាំពីរ​អាសនៈ​ក្នុង​ចំណោម​១១​អាសនៈ​​ផ្ទុយ​ពី​ឆ្នាំ​២០០៨​ ពេល​គណ​បក្ស​​ប្រជា​ជន​ទទួល​បាន​ប្រាំ​ពីរ​អាសនៈ​។ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ដែល​ជា​ខេត្ត​មាន​ប្រជា​ជន​រស់​នៅ​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​១០​អាសនៈ​ក្នុង​ចំណោម​១៨​អាសនៈ ដោយ​ដណ្ដើម​បាន​បី​អាសនៈ​ពីគណបក្ស​កាន់​អំណាច​ និង​មួយ​អាសនៈ​ពី​គណបក្ស​ នរោត្តម រណឫទ្ធិ។ នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដួល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​បាន​ទទួល​ប្រាំ​មួយ​អាសនៈ​ក្នុង​ចំណោម​១១​អាសនៈនៅ​មណ្ឌល​នីមួយ​ៗ។

គណ​បក្ស​ប្រជា​ជន​បាន​ផ្ដួល​គណបក្ស​សង្គ្រោះ​ជាតិនៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង​ ក្រចេះ ពោធិ៍សាត់ សៀម​រាប និង​ស្វាយ​រៀង ដែល​​មានសរុប​​៣២​អាសនៈ។ គណបក្ស​សង្គ្រោះ​ជាតិ​​​​​​បាន​​ឈ្នះ​​​អាសនៈ​​កាន់​តែ​ច្រើន​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល ​​​​​​ទោះ​បីជា​មាន​​ការ​តវ៉ាជា​បន្ត​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​នេះ​​​​​​ថា គ.ជ.ប. ​បាន​បរាជ័យ​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​​ដោយ​​យុត្តិ​ធម៌​ក៏ដោយ។

លោក គល់ បញ្ញា បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​ច្រើន​បំផុត​ពី​អ្នក​បោះឆ្នោត​​គឺ​ការ​រក​មិន​ឃើញ​ឈ្មោះ​ខ្លួន​​ក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត​ផ្លូវ​ការ​​​ ដែល​បញ្ហា​នេះ​​​ធ្លាប់​ត្រូវ​បា​ន​​លើក​ឡើង​​ក្នុង​ការ​សិក្សា​ជា​ច្រើន​ ក្នុង​នោះ​រាប់​ទាំង​ការ​សិក្សា​​របស់​ គ.ជ.ប. ​ដែល​បង្ហាញ​ថា ​​អ្នក​បោះឆ្នោត​មិន​ក្រោម​១០​ភាគ​រយ​អាច​បាត់​បង់​នូវ​សិទ្ធិ​បោះ​ឆ្នោត​ ដោយ​សារ​ឈ្មោះ​របស់​ខ្លួន​ពុំ​មាន​នៅក្នុង​បញ្ជី​​ឈ្មោះបោះ​​ឆ្នោត​ផ្លូវ​ការ​។

ខុម​ហ្វ្រែល បាន​ប៉ាន់​​ប្រមាណ​ក្នុង​ខែ​មេសា​ថា ​មនុស្ស​ប្រហែល​១,​២៥​លាន​នាក់​អាច​​បាត់​បង់​សិទ្ធិ​​បោះឆ្នោត ​ព្រោះ​ថា អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​រួច​​១៣,​៥​ភាគ​រយមិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​ក្នុង​បញ្ជី​​ឈ្មោះ​។ គឺ​បញ្ហា​រក​ឈ្មោះមិន​ឃើញ​នេះ​ហើយ​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ការិយា​ល័យ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ ដោយ​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ពីរគ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​​៕

រាយការណ៍​ដោយ Colin Meyn, Lauren Crothers, Zsombor Peter, ឃួន ណារីម, Simon Lewis និង អូន​ ភាព​ 
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស