31 C
Phnom Penh

ប្រជាជន​ជាច្រើននាក់មិន​សប្បាយ​ចិត្ត​ដោយ​សាររក​ឈ្មោះ​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​​បាន​អះអាង​ថា អ្នក​បោះឆ្នោត​ជាង​១លាននាក់​នឹង​បាត់​បង់​សិទ្ធិ​បោះឆ្នោត​ ដោយ​សារ​បញ្ជី​ឈ្មោះ​បោះ​​​ឆ្នោត​មិន​ត្រឹម​ត្រូវ​ ដែល​ពួក​គេ​បាន​លើក​ឡើង​ថា សម្បូរ​ដោយ​ភាព​មិន​ប្រក្រតី​ និង​បាត់​​ឈ្មោះ​​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។ កង្វល់​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​កាល​​​ពី​ម្សិលមិញ​ ព្រោះ​អ្នក​បោះឆ្នោត​ជា​ច្រើន​​ទៀត​ហាក់​ដូច​ជា​ជួប​ប្រទះ​នឹង​បញ្ហា​នានា ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​បោះឆ្នោត​បាន​។

នៅ​ឯវិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​វត្ត​ភ្នំ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក ចាន់ ធឿន អាយុ​៤៣​ឆ្នាំ និង​សាច់ញាតិ​បួន​នាក់​របស់​គាត់​មិន​អាច​បោះឆ្នោត​បាន​ទេ ពីព្រោះ​ឈ្មោះ​របស់​ពួក​គេ​បាត់​ដោយ​អាថ៌កំបាំង​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ គាត់​បាន​និយាយ​នៅ​ពេល​គាត់​និង​គ្រួសារ​​​​របស់​គាត់​អង្គុយ​នៅ​ក្រោម​ម្លប់​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត​ថា“ ខ្ញុំ​បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​គ្មានបញ្ហា​ទេ ប៉ុន្តែ​ឥឡូវ​នេះ​ ខ្ញុំ​រក​ឈ្មោះ​ខ្ញុំ​មិន​ឃើញ​ឡើយ​”។

លោក ធឿន ដែល​មក​ពី​សហគមន៍​បឹង​កក់​ដែល​មាន​ចលាចល​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា គាត់​បាន​ទៅ​សុំ​ជំនួយ​ពី​គណៈ​​​កម្មា​​​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) ប៉ុន្តែ​គាត់​បាន​ឲ្យ​ដឹង​ថា  ពួក​គេ​មិន​អាច​ជួយ​គាត់​និង​សាច់​ញាតិ​របស់​គាត់​ ដើម្បី​រក​ឈ្មោះ​របស់​ពួក​គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​​នោះ​​បាន​ទេ​។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ដែល​គាត់​បាន​សុំ​ឲ្យ​ជួយ​រក​ឈ្មោះ​នោះ​ក៏​មិន​អាច​ជួយ​បាន​ដែរ​។

គាត់​បាន​និយាយ​ថា  “ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​​​​​ក្នុង​ការ​បោះឆ្នោត​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ពីព្រោះ​ខ្ញុំ​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​”។ គាត់​បាន​និយាយ​សំដៅ​ដល់​ជម្លោះ​ជា​ញឹក​​​​ញាប់​របស់​សហគមន៍​បឹង​កក់​ជាមួយ​អាជ្ញាធរ​ថា “ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ហើយ​ខ្ញុំ​សោក​ស្ដាយ​​​​ណាស់​ចំពោះ​រឿង​នេះ​។ ខ្ញុំ​មិន​ដែល​មាន​បញ្ហា​​​​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ​និង​មិន​ដែល​មាន​ជម្លោះ​ឡើយ​”។

នៅ​ក្នុង​ទីធ្លា​សាលារៀននោះ​ អ្នក​ស្រី​ អ៊ុ​ក ចាន់​រស្មី​ បាន​​លើក​ក្រវី​លិខិត​ឆ្លង​ដែន​របស់​គាត់​ដោយ​អស់​សង្ឃឹម​​ បន្ទាប់​ពីដឹង​ថា​ ឈ្មោះ​របស់​អ្នក​ស្រី​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ និង​អាសយ​​​ដ្ឋាន​ត្រូវ​បាន​ឆូត​​រួច​ហើយ​នៅ​លើ​បញ្ជី​ឈ្មោះ​​​​​​​បោះឆ្នោត​ ពីព្រោះ​អ្នក​ផ្សេង​បាន​បោះឆ្នោត​ដោយ​ប្រើ​ឈ្មោះ​របស់​គាត់​រួច​ទៅ​ហើយ​។ អ្នក​ស្រី​បាន​និយាយ​ថា  រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រី​ខឹង​យ៉ាង​ខ្លាំង​។

ក្រៅ​ពីអ្នក​ស្រី​ ចាន់​រស្មី អ្នក​ស្រី ម៉េង​ សំណាង អាយុ​៣២​ឆ្នាំ​ ក៏​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ​។ អ្នកស្រី​បាន​និយាយ​ថា “ ខ្ញុំ​ចង់​ឲ្យ​គ.ជ.ប. ​រក ដំណោះ ស្រាយ​ដើម្បី​ជួយ​ខ្ញុំ​។ រឿង​នេះ​កើត​ឡើង​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្ដង​ ហើយ​ខ្ញុំ​ចង់​បោះឆ្នោត​”។ អ្នកស្រី​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ស្រី​​អាច​បោះឆ្នោត​បាន​ អ្នកស្រី​​នឹង​គូស​លើ​ប្រអប់​​​​​នៅ​ក្បែរ​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​។

និយាយ​នៅ​ពេល​ដែល​គាត់​ចាកចេញ​ពី​ការិយាល័យ​បោះឆ្នោត​នៅ​វត្ត​ភ្នំ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​មិន​អាច​បោះឆ្នោត​បាន​ ដោយសារ​ឈ្មោះ​របស់​គាត់​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះឆ្នោត​នោះ​​បាន​មាន​ប្រសាសន៍​ថា “ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ ហើយ​ខ្ញុំ​បាន​ទទួល​បណ្ដឹង​ជា​ច្រើន​ផង​ដែរ​”។

នៅ​ឯ​វិទ្យាល័យ​  ប៊ុនរ៉ានីហ៊ុន ​សែន ​នេះ​ ព្រម​​​​​​​ទាំង​នៅ​ការិយាល័យ​បោះឆ្នោត​នៅ​វិទ្យា​​​ល័យ​​​​បាក់​ទូក  និង​អនុវិទ្យាល័យ​សុធារស​ ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀតបាន​ត្អូញត្អែរ​អំពី​ការ​​​​ផ្ដល់​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​​ថា ​ តើ​ពួក​គាត់​ត្រូវ​យក​​ឯក​សារ​អ្វី​ទៅ​បោះឆ្នោត​។ អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា  ឈ្មោះ​របស់​​​​ពួក​គេ​សរសេរ​ខុស​ ឬ​ដាក់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។

​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​របស់លោក ឡុង សេង​ អាយុ​៥៥ឆ្នាំ​ ដែល​ដើរ​ចេញ​ពី​ការិ​យាល័យ​បោះឆ្នោត​នៅ​ជាយ​ក្រុង​​​​កំពង់​ចាម​ ដែល​គេ​បាន​បង្កើត​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​បឹង​កុក។ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គាត់​នៅ​លើ​អត្តសញ្ញាប័ណ្ណ​របស់​គាត់​ និង​នៅ​​​​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ត្រូវ​គ្នា​ទេ​។ គាត់​បាន​និយាយ​ថា “ ខ្ញុំ​សោកស្ដាយ​ដែល​ខ្ញុំ​មិន​បាន​បោះឆ្នោត​។ វា​មិន​យុត្តិធម៌​ទេ”។ គាត់​​​​​សង្ឃឹម បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
គាត់​បាន​និយាយ​ថា “ ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​នាយក​រដ្ឋ​មន្ត្រី​ ពីព្រោះ​មេដឹកនាំ​ចាស់​ៗ​កាន់​អំណាច​​​​យូរ​ណាស់​។ បញ្ហា​គឺ​អំពើ​ពុក​រលួយ​។ ​​​យើង​ត្រូវ​ការ​មេដឹកនាំ​ថ្មី​ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​”។

បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​មាន​បញ្ហា​ជា​យូរ​មក​ហើយ​។ គណៈ​កម្មាធិការ​​ខុម​ហ្វ្រែល​ និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាសីុនតោន​បាន​ចេញ​របាយការណ៍​សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​​​ឆ្នោត​​​​ដាច់​ដោយ​ឡែក​ និង​បាន​រក​ឃើញ​ថា  មាន​កំហុស​ច្រើន​ណាស់​។ ហើយ​នៅ​ក្នុង​លទ្ធផល​ធ្វើ​សវនកម្ម​របស់​ខ្លួន​ សូម្បី​គ.ជ.ប. ក៏​បាន​រក​ឃើញ​ដែរ​ថា ឈ្មោះ​ប្រាំបួន​ភាគ​រយ​បាន​បាត់​ រីឯ​១៣​ភាគ​​​រយ​ត្រូវ​បាន​សរសេរ​ដោយ​មិន​ត្រឹម​ត្រូវ​។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​មិន​ទាន់​បាន​ប្រមូល​លទ្ធផល​ច្បាស់​លាស់​ពាក់​ព័ន្ធ​នឹង​ចំនួន​អ្នក​បោះឆ្នោត​ដែល​រង​ផល​ប៉ះពាល់​ ដោយ​សារ​ភាព​មិន​ប្រក្រតី​​នោះទេ​ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​​​​ថា បញ្ហា​កាលពី​ម្សិលមិញ​នេះ​ គួរ​តែ​ទុក​ពេល​​​​ឲ្យ​គ.ជ.ប. គិត​សិន​។

លោក​បាន​មាន​ប្រសាសន៍​ថា  “ ខ្ញុំ​គិត​ថា បញ្ហា​នេះ​ធ្ងន់​ធ្ងរ​។ ហើយ​សម្រាប់​ការ​បោះ​​​ឆ្នោត​នេះ​​​​យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​យើង​ត្រូវ​កែលម្អ​ប្រព័ន្ធ​នេះ​ដោយ​វិធី​ណា”។ “ ប្រសិន​បើ​យើង​នៅ​តែ​រក្សាទុក​ដដែល​នោះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​បោះ​​​ឆ្នោត​។ ប្រជាជន​ខឹង​ ហើយ​គ.ជ.ប. គួរ​តែ​ប្រុងប្រយ័ត្ន​​​​ដោយ​សារ​ប្រជាជន​ឆាប់​ខឹង​ ប្រសិន​បើ​ពួក​គេ​ចង់​បោះឆ្នោត​ ហើយ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នោះ​”។ ពិត​មែន​ហើយ​នៅ​ក្នុង​ខណ្ឌ​មានជ័យ​កាល​​​​​​ពី​ម្សិលមិញ​ មនុស្ស​មួយ​ក្រុម​ដែល​ខឹង​ដោយ​​​សារ​ពួក​គេ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នោះ​បាន​ធ្វើ​កុប​កម្ម​ និង​ដុត​រថយន្ត​យោធា​ពីរ​គ្រឿង​។

នៅ​ក្នុង​ឆ្នាំ​២០១២ លោក​ គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ចំនួន​៤០០.០០០​​​​នាក់​មិន​អាច​បោះឆ្នោត​បាន​ទេ ដោយ​សារ​ពួកគេ​រក​ឈ្មោះ​មិន​ឃើញ​។ នៅ​ឆ្នាំ​២០០៨​​​ អ្នក​​​​រក​ឈ្មោះ​មិន​ឃើញ​មាន​ចំនួន​ដូច​គ្នា​នេះ​។ យោង​តាម​លទ្ធផល​បឋម​ដែល​ចេញ​ដោយ​លោក​ គល់ ព្រាប នាយក​ប្រតិបត្តិ​អង្គ​​​ការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​កាលពី​ម្សិល​​​មិញ​បង្ហាញ​ថា ការ​បោះឆ្នោត​នេះ​មាន​ហេតុ​​​ការណ៍​ធ្ងន់​ធ្ងរ​ជា​ច្រើន​នៅ​តាម​ការិយាល័យ​បោះឆ្នោត។

ជា​ពិសេស​អ្នក​សង្កេត​ការណ៍​របស់​អង្គ​​​ការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​បាន​រាយការណ៍​ថា អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​ ដែល​រក​ឈ្មោះ​​​​របស់​ខ្លួន​មិន​ឃើញ​​ ឬ​ត្រូវ ​បាន​មន្ត្រី​​ការិយា​​​ល័យ​បោះឆ្នោត​​ធ្វើ​ឲ្យ​ដើរ​ចេញ​ទៅ​វិញ​ ថ្វីបើ​​​​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់​ក៏​ដោយ​​៕

(រាយការណ៍បន្ថែម​ដោយ Zsombor Peter និង​ Denise Hruby)
ប្រែសម្រួលដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស