33 C
Phnom Penh

រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ឆេះអំឡុង​ពេល​អំ​ពើ​ហិង្សា​កើតឡើង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ ​អ្នក​បោះ​ឆ្នោត​​​ជា​​​ច្រើន​​​នាក់​​​​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើកុ​ប​កម្ម​នៅ​ក្នុង​​​ខណ្ឌ​​​មាន​ជ័យ ​រា​ជធានីភ្នំ​ពេញ​ បន្ទាប់​ពី​មាន​​​ការ​តវ៉ា​​​​អស់​រ​យៈពេល​ជា​​​យូរ​ចំពោះ​​​ភាព​​​មិ​ន​ប្រក្រតី​​​អំឡុង​ពេល​បោះឆ្នោត​ ជាហេតុ​ប​ណ្តាល​ឲ្យ​រថយន្ត​​​ពីរបាំង​​​កន្លះ​​​​ចំនួន​ពីរ​​​​គ្រឿង​​​របស់​កង​រាជអាវុធ​ហត្ថ​រង​​​ការ​​​​បំផ្លិចបំផ្លាញ​​​​និ​ង​ឆាបឆេះ​ ​ហើយ​ក្នុង​​​ហេតុការណ៍​​​នេះ​​​ក៏​​​មានការ​ចោល​ដុំថ្ម​ដាក់​ក្រុម​ម​ន្ត្រី​កង​រាជអាវុធហត្ថ​​​​ផង​​​ដែរ​​​។

 

​ហេតុការណ៍​តវ៉ា​នេះ​បានចាប់​ផ្តើម​កើ​ត​ឡើ​ង​កាលពី​ព្រឹក​ម្សិល​មិញ​​ នៅ​ពេល​អ្នក​បោះ​​​ឆ្នោត​ទាំង​នោះ​ខឹង​ ហើយ​បាន​អះ​អាង​ថា ​ខ្លួន​រក​ឈ្មោះ​របស់ខ្លួន​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​​​រាយ​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ ហើ​យ​ក៏​បាន​ចោទ​​​​ប្រកាន់​ កញ្ញា យិន គឹម​សៀ​ន​​ មន្ត្រី​គណៈ​កម្មា​ធិ​ការ​រៀបចំការ​បោះ​ឆ្នោ​ត​ ប្រចាំ​ការិយា​​​ល័យ​បោះឆ្នោត​ ក្នុ​ង​សា​លា​បឋម​សិក្សា​សង្កាត់​មាន​ជ័យ​ ថា​មិន​​​រវី​រ​វល់​នឹង​ការ​តវ៉ារបស់ខ្លួន​។​

​ពេល​បុរសវ័យក្មេង​ម្នាក់​ បើ​តាម​ការ​ចោទ​ប្រកាន់​​បានវាយប្រហារ​ទៅ​លើ​ព្រះ​សង្ឃ​មួយអង្គ​ ដែល​បាន​កំពុងតវ៉ា​ចំ​ពោះ​ប​ញ្ហា​បញ្ជី​រាយឈ្មោះ​អ្នកបោះ​ឆ្នោត​ ពេល​នោះ​​ហេតុ​​​កា​រណ៍កុបកម្ម​ក៏​បាន​ផ្ទុះឡើង​។ ដើម្បី​គេ​ច​ចេញពី​ក្រុម​អ្នក​ត​វ៉ា​ដែ​លកំពុង​តែ​ខឹងខ្លាំង​​ទាំងនោះ​ កញ្ញា គឹម​សៀន បាន​ចូលទៅ​ក្នុង​ថ្នាក់រៀន​តូច​មួ​យ​ ហើយចាក់​សោខាង​ក្នុង​ ខណៈ​ដែល​ក្រុ​ម​អ្នកតវ៉ា​បាន​ស្រែកឲ្យមន្ត្រី​រូប​នេះ​ចេញ​ម​ក​ក្រៅ​។​​​

​ព្រះ​តេជ​គុណ​ យិន រតនៈ​សុធារី ​បា​ន​មាន​សង្ឃដីកា​ថា ​កម្លាំង​កង​រាជអាវុធ​ហត្ថ​បាន​ប្រព្រឹត្ត​ខុស​ ដោយ​បាន​ចូល​ទៅ​ជួ​យ​បុរស​វ័យ​ក្មេង​ដែល​បាន​ព្យាយាម​វាយ​ព្រះ​អ​ង្គ​​។ ព្រះ​តេជ​គុណ​បាន​មាន​សង្ឃ​ដីកា​ថា “គេ​ម្នាក់​មិនដឹង​ជា​ចេញ​មក​ពីណា​ទេ ​បាន​ព្យា​យាម​វាយ​អាត្មា​ ហើយ​អាត្មា​ក៏​បាន​ព្យា​យាម​គេច​ចេញពី​ការវាយ​របស់​គេ​”។​

លោ​ក​ យឹន សារ៉ាន់ ​មន្ត្រី​នគរ​បាល​ខ​ណ្ឌ​មានជ័យ​ដែល​បាន​ចុះ​ត្រួត​ពិនិត្យហេ​តុ​​​ការណ៍​​នេះ​​អស់​រយៈ​ពេល​ពេញ​មួយថ្ងៃ​នោះ បាន​ឲ្យដឹងថា ​នគរ​បាល​បាន​ចាប់​ខ្លួ​ន​បុរស​ដែល​បាន​ព្យាយាម​វាយ​ព្រះសង្ឃ​ ​ប៉ុ​ន្តែ​ លោក​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បុរស​នោះ​ទេ​។ ​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀ​តថា បុរស​នោះ​មិនមែន​ជា​ជន​ជាតិ​វៀ​ត​ណាម​ ដូច​ការអះ​​​អាង​របស់​ក្រុម​អ្នកតវ៉ា​ខឹង​យ៉ាង​ខ្លាំង​ទាំង​នោះ​​​​ទេ ផ្ទុយ​ទៅ​វិញ​ បុ​រ​ស​រូប​នោះគឺ​ជា​ជន​ជាតិ​​​ខ្មែរ​។​ ​លោក​បាន​មា​នប្រសាសន៍​ថា “ឥឡូវ​នេះ​ គាត់​នៅ​ឯ​ប៉ុ​ស្តិ៍​នគរ​បាល​”។​

​បន្ទាប់​មក ​ស្ថានការណ៍​ក៏កាន់តែ​យ៉ាប់​យ៉ឺន​ទៅៗ ​នៅ​ពេល​កងកម្លាំង​រាជអាវុធ​ហ​ត្ថ​ព្យាយាម​​នាំយក​កញ្ញា​ គឹមសៀន ​ចេញ​ពី​ប​ន្ទប់​រៀន​នោះ ​ជាហេតុ​ជំរុញ​ឲ្យ​យុវជន​​រា​ប់​រយ​នាក់​ រួម​ទាំង​ព្រះសង្ឃផង​នោះ ​នាំគ្នា​យក​ដុំថ្ម​​​ចោល​ ទៅលើ​កង​រាជ​អាវុធ​ហត្ថ​ដែ​លមាន​​​គ្នា​ជាង​១០០​នាក់​។​ នៅពេល​ទ​ទួល​រង​សម្ពាធ​​​​​ពីការ​​ចោល​ដុំថ្ម និង​វត្ថុ​ផ្សេ​ង​ៗ​ទៀត​ ក្រុម​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះ​ក៏​បាន​ដក​ថយ​ ​ហើយ​​​ក៏​ទុក​រថយន្ត​ភីកអាប់​ម៉ូដ​ថ្មី​ចំនួន​ពីរគ្រឿង​ចោល​ ភ្លាមៗ​នោះ​បង្អួ​ច​រថយន្ត​ទាំង​ពីរ​នោះ​ក៏​ត្រូវ​បាន​កម្ទេច​ចោ​ល​ ហើយ​បន្ទាប់​មក​ទៀត​ រថយន្ត​ទាំងពីរ​ក៏​ត្រូវ​បានលើក​ផ្ងា​រ​ឡើង​។​

ក្នុង​ការ​ប៉ន់​ប៉ង់​គេចខ្លួន​​ចេញពី​ក្រុម​អ្ន​ក​ចោល​​ដុំថ្ម និង​វត្ថុ​ផ្សេង​ៗ​ទាំងនោះ​ ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ ក៏​បាន​បាញ់​កាំភ្លើង​ឡើ​ងលើ​​អស់​ជាង​១០​គ្រាប់​។ ក៏ប៉ុន្តែ ​ក្រុម​អ្ន​ក​វាយ​ប្រហារ​ទាំងនេះ​មិន​រាថយ​ឡើយ​ ក៏​ប៉ុន្តែ​ បាន​បង្កើន​កម្លាំង​ទ្វេ​ដង​ ដើម្បី​ចូល​ទៅ​កម្ទេច​រថយន្ត​ទាំង​ពីរ​​ មុន​ពេល​ធ្វើ​ឲ្យ​រ​ថយន្ត​ទាំង​នេះ​ឆេះ​ឡើង​ដោយ​ជោគជ័យ​ នៅ​វេលា​​​ម៉ោង​​​​ប្រហែល​៥​ល្ងាច ដោយ​សា​រតែ​ធុង​សាំង​​​​រថយន្ត​ទាំង​នេះ​បាន​ផ្ទុះ​​ឡើង​ ក្នុង​​រយៈ​ពេល​កន្លះ​ម៉ោង​ក្រោយ​មក​ បន្ទាប់​មក​ផ្សែង​ខ្មៅ​ក៏​ហុយ​ទៅ​ក្នុង​អាកាស​​​ចំពេល​ដែល​ផ្ទៃ​មេឃ​ចាប់​ផ្តើម​ងងឹត​។​

​​​​រថយន្ត​កង​រា​ជអាវុធ​ហត្ថ​​បំពាក់​ដោ​យ​កាំភ្លើង​បាញ់​ទឹក​ធុន​ធំ​​ ក៏​ត្រូវ​បាន​រៀបចំ​​ត្រៀម​​​​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ដោយ​មា​ន​កម្លាំង​កងវាជ​អាវុធ​ហត្ថ​ ​និង​ក្រុម​នគរ​បា​ល​បង្ក្រាប​កុបកម្ម​ផងដែរ ប៉ុន្តែ ​កម្លាំង​ទាំង​នេះ​មិនត្រូវ​ដាក់​ពង្រាយ​ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​អ្ន​ក​ធ្វើ​​​កុប​​​កម្ម​ដក​ថយ​ទេ​។ នៅពេល​ភ្លើងឆេះ​រថយន្ត​បាន​រលត់​ ចំនួន​អ្នក​ធ្វើ​កុប​កម្ម​ក៏​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗ​ ក៏ប៉ុន្តែ ​យុវជ​ន​មួយចំនួន​នៅតែ​បន្ត​កម្ទេច​គ្រោង​ឆ្អឹង​រថ​យន្ត​ដែលត្រូវបាន​ដុត​បំផ្លាញ​ទាំងពីរទៀត​។​

​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាន់ខ្ពស់​មួយ​រូ​ប​ ដែល​បាន​មើល​ឃើញ​សកម្មភាព​កម្ទេច​រ​ថយ​ន្ត​អង្គភាព​របស់​ខ្លួន ក្នុងចម្ងាយ​ប្រហែ​ល​២០​ម៉ែត្រ​ពី​រថយន្ត​ទាំង​ពីរ​ បាន​និយា​យ​យ៉ាង​សាម​​​ញ្ញ​​ ដោយ​សុំមិន​បញ្ចេញ​ឈ្មោះ​ថា លោក​មិន​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​រ​ប​ស់​លោក​ ឲ្យ​ធ្វើ​អន្តរាគមន៍​ ​និង​បញ្ជា​កម្លាំ​ង​​ដែលនៅ​​​​ក្បែរ​នោះ ឲ្យ​ប្រឈម​មុខ​នឹង​ក្រុម​អ្ននកធ្វើ​​​​កុបកម្ម​ដែល​ខឹង​ខ្លាំង​ទាំង​នោះ​ទេ​។​ ​នៅ​ពេល​ភ្លើង​​​រលត់​ ​បុរស​ម្នាក់​ដែល​គេ​ជឿ​ថា ជា​ជន​ជាតិ​វៀ​ត​​​​ណាម​ ក៏​​​ត្រូវ​បា​ន​វា​យ​ប្រហារ​ផង​ដែរ ជា​​​ហេតុ​ធ្វើ​ឲ្យ​ក្បាល​របស់​បុរ​សរូបនេះ​រង​​​​របួស​​​​​​​​។​ស្ថិ​ត​ក្រោម​សម្ពាធ​នៃការ​ឡោម​ព័ទ្ធដោយ​ក្រុ​ម​អ្នក​ធ្វើកុបកម្ម បុរស​រូបនេះ​លើក​ដៃទាំង​ពីរ​សំពះ​ ហើយ​អង្វរ​​​​​​​សូម​ឲ្យ​ពួកគេ​ឈប់​​​វាយ​គា​ត់​​បន្ថែម​ទៀត មុន​ពេល​សន្លប់​លែង​ដឹង​ខ្លួ​ន​។​​​ ក្រោយ​មក ​បុរស​រូប​​​នេះ​​​​ក៏​ត្រូវបាន​រថ​យន្ត​សង្គ្រោះបន្ទាន់​ទៅ​ជួយ​សង្គ្រោះ​។​

​ព្រះតេជ​គុណ​ ថាច់ ថាវរី ​ព្រះជន​២​៤​ឆ្នាំ​ បានគង់នៅជាមួយ​ព្រះ​សង្ឃ​ប្រមាណ​ជា​១០​​​​អង្គ​ផ្សេង​ទៀត នៅ​​ខាង​ក្រៅ​ប​ន្ទប់រៀន​ ដែ​ល​​​មាន​កញ្ញា​ គឹមសៀន​ ​នៅ​ខា​ង​ក្នុងអស់​រយៈ​ពេល​ពេញ​មួយរសៀល​​ ដែ​ល​នេះ​ជា​ឧបស័គ្គ​​​​ដ៏រឹង​មាំ​មួយ ​សម្រាប់​ការ​ពារ​កុំ​ឲ្យ​ម​ន្ត្រី​​​រូ​ប​នេះ​ចេញ​ពី​បន្ទប់​នេះបាន​។ ស្ថិត​ក្នុងចំណោម​អ្នក​​​តវ៉ា​ដែល​បាន​ស្រែ​ក​ថា​ “យុត្តិធម៌​” ​និង​ “ពួ​កយើង​ចង់​បោះ​ឆ្នោ​ត​” ទាំងនេះ ​ព្រះតេជ​​​គុណ​ ថាច់ ថាវរី​ ​បាន​មាន​សង្ឃដីកាថា ​ប្រជាជន​នៅ​ការិយា​ល័យ​បោះឆ្នោតនេះ​ នឹង​មិន​​​អាច​ទទួល​យ​ក​លទ្ធផល​បោះឆ្នោត​នេះទេ​។​ ​ព្រះតេជ​គុ​ណ​ ថាច់ ថាវរី ​បាន​មាន​ស​ង្ឃដីកា​ថា “ការ​បោះ​ឆ្នោត​នេះ​មិនអាច​ទទួល​យក​បាន​ទេ​ ​​​ព្រោះគ្មាន​ដំណោះ​ស្រា​យ​សម្រាប់់ប្រ​ជា​​​ជន​​ ដែល​មាន​បញ្ហា​ក្នុ​ង​ការ​ចូលរួម​បោះ​​​ឆ្នោត​”។​

​កញ្ញា គឹម​សៀ​ន ​បាន​និយាយ​ចេ​ញ​ពី​ប​ង្អួច​ជាប់​ចម្រឹង​ នៃ​បន្ទប់​​ដែលនាង​កំ​ពុង​នៅខាង​ក្នុង​នោះ​ថា ​នាង​ព្រួយ​បារម្ភអំពី​ជី​វិត​របស់​​​នាង​ខ្លាំងណាស់​។ នាង​បាន​និយា​យ​ថា “​អ្នក​​​តវ៉ា​ចង់​ឲ្យខ្ញុំ​ស្លាប់​ហើយ”។ ​កា​ល​ពីយប់​មិញ ​លោក ពូ ដាវី ​មេបញ្ជាការ​រ​ង​កង​រាជ​អាវុធ​ហត្ថ​​​​រាជធានី​ បានមាន​ប្រ​សាសន៍ថា ​កញ្ញា​ គឹម​សៀន ​បាន​ចេញ​ផុត​ពី​បន្ទប់រៀន​នោះ​ ហើយ​ក៏​​​បាន​​​ត្រឡប់​ទៅ​លំ​នៅដ្ឋានវិញ​ដោយសុវត្ថិភាព​ផង​ដែរ​៕

ប្រែ​សម្រួលដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស