ក្រុងកំពង់ចាម- លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ បន្ទាប់ពីលោកបានបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងខេត្តនេះកាលពីម្សិលមិញ ដោយលោកបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងទឹកថ្នាំលប់មិនជ្រះ និងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។
បន្ទាប់ពីបានបោះឆ្នោតនៅក្នុងសាលាបឋមសិក្សាទក្សិណ និងបានលើកចង្អុលដៃប្រឡាក់ទឹកថ្នាំពណ៌ស្វាយនៅចំពោះមុខអ្នកយកព័ត៌មានមួយក្រុមដែលកំពុងរង់ចាំយ៉ាងអន្ទះសារួច លោក កឹម សុខា បានលើកឡើងថា ទឹកក្រូចឆ្មារធម្មតាក៏អាចប្រើដើម្បីលុបទឹកថ្នាំនេះជ្រះដែរ។ លោកបានមានប្រសាសន៍ថា “ យើងបានរកឃើញថា ពួកគេប្រើទឹកថ្នាំមិនល្អទេលើកនេះ។ ខ្ញុំគិតថា ការបោះឆ្នោតលើកនេះគឺយ៉ាប់ជាងមុនទៅទៀត ព្រោះពួកគេប្រើទឹកថ្នាំដែលមានគុណភាពអន់។ ប្រសិនបើគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតនេះ យើងនឹងមិនទទួលស្គាល់លទ្ធផលឡើយ ហើយយើងនឹងស្នើឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍” និងកុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរ។
កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានប្រកាសថា លទ្ធផលនៃការពិសោធន៍របស់ខ្លួនបង្ហាញថា ទឹកថ្នាំនេះអាចលុបជ្រះទាំងស្រុងដោយប្រើសម្ភារប្រើប្រាស់ក្នុងផ្ទះធម្មតា ប៉ុន្តែ មិនបញ្ជាក់ថា តើសម្ភារប្រើប្រាស់ធម្មតានេះមានអ្វីខ្លះនោះទេ។
ជាមួយនឹងចំនួនអាសនៈសភាដល់ទៅ១៨ក្នុងចំណោម១២៣អាសនៈ ដែលជាចំនួនច្រើនបំផុតបើធៀបនឹងរាជធានីនិងខេត្តដទៃទៀត ខេត្តកំពង់ចាមគឺជាមណ្ឌលសំខាន់បំផុតក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាក៏បានចាក់ឫសយ៉ាងជ្រៅនៅទីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកំណើតនៅក្នុងខេត្តនេះ។បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង ដែលជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលនេះ គឺជាអតីតអភិបាលខេត្តនេះ។ លោក ហេង សំរិន ប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីកំពូលៗមួយចំនួនទៀត ដែលសុទ្ធតែជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ក៏ទុកខេត្តនេះជាមូលដ្ឋានរបស់ខ្លួនដែរ។
ប៉ុន្តែ គណបក្សប្រឆាំងនៅតែអាចទទួលបានសម្លេងឆ្នោតយ៉ាងច្រើនក្នុងការបោះឆ្នោតកន្លងមក។ គណបក្សប្រឆាំងទាំងពីរដែលបានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិនេះ ទទួលបានអាសនៈសរុបចំនួនប្រាំមួយអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០០៨ ដែលជាចំនួនច្រើនបំផុត បន្ទាប់ពីមណ្ឌលរាជធានីភ្នំពេញ។
កាលពីព្រឹកម្សិលមិញ លោក កឹម សុខា បានអះអាងថា គណបក្សប្រឆាំងដែលបានរួបរួមគ្នាជាធ្លុងមួយនេះ រំពឹងថានឹងទទួលបានសំឡេងឆ្នោតទ្វេដង ហើយនឹងទទួលបានមិនក្រោម១២អាសនៈទេក្នុងការបោះឆ្នោតលើកនេះ។ លោក កឹម សុខា បានច្រានចោលការព្យាករ របស់លោក ហេង សំរិន ក្នុងថ្ងៃដដែលនោះដែលថា គណបក្សប្រជាជនកម្ពុជានឹងរក្សាបាន នូវអាសនៈទាំង១១ដែលខ្លួនបានឈ្នះនៅក្នុង ខេត្តនេះកាលពីឆ្នាំ២០០៨។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១១អាសនៈទេ លើកលែងតែពួកគេលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណោះ”។
លោក សំរិន បានធ្វើការព្យាករបន្ទាប់ពីបានបោះឆ្នោតនៅចម្ងាយតែពីរបីប្លុកប៉ុណ្ណោះពីកន្លែងលោក កឹម សុខា បោះឆ្នោត ហើយបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា លទ្ធផលនៃការបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាលើកនេះគឺនឹង “ ប្រសើរជាងលើកមុនៗទៅទៀត”។ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរួសរាន់ធ្វើការបញ្ជាក់ថា ទឹកជ្រលក់ដៃ គឺលុបមិនជ្រះទេ។ លោក សុខ ឈិន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រចាំខេត្តកំពង់ចាម បានលើកឡើងថា ទឹកជ្រលក់ដៃនេះត្រូវបានធ្វើតេស្តសាកល្បងជាច្រើនលើកក្នុងខេត្តនេះកាលពីម្សិលមិញហើយថា ដបទឹកថ្នាំជ្រលក់ដៃនេះ គ្រាន់តែក្រឡុកឲ្យសប់ទៅ គឺជាការស្រេចហើយ។
លោកបានមានប្រសាសន៍ថា “ យើងត្រូវក្រឡុកដប មុនពេលជ្រលក់ម្រាមដៃ។ អ្នកដែលនិយាយថា ទឹកថ្នាំជ្រលក់នេះអាចដុសជ្រះនោះ គឺខុសហើយ ព្រោះយើងបានធ្វើតេស្តសាកល្បងទឹកថ្នាំនេះនៅរសៀលនេះ ហើយទឹកថ្នាំនេះមិនអាចលាងជ្រះឡើយ”។
លោក លន់ លឹមខៃ អភិបាលខេត្ត ដែលក៏ជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តនេះ ក៏បានច្រានចោលការសង្ស័យអំពីប្រសិទ្ធភាពនៃទឹកថ្នាំជ្រលក់ដៃនេះដែរ។ លោកបានឆ្លើយតបចំពោះការអះអាងរបស់គណបក្សប្រឆាំងថា “ វាមិនពិតទេ។ ពួកគេគ្រាន់តែនិយាយរឿងអស់នេះមុន ដើម្បីបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅពេលពួកគេចាញ់ឆ្នោតប៉ុណ្ណោះ”។
ពាក់ព័ន្ធនឹងការអះអាងរបស់លោក កឹម សុខា ដែលថា គណបក្សប្រជាជនកម្ពុជាអាចរក្សាបានទាំង១១អាសនៈតែក្នុងករណីមានការលួចបន្លំសន្លឹកឆ្នោតនោះ លោក លឹមខៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោក នាង សុវ៉ាត ប្រធានគណៈកម្មាធិការ ខុមហ្វ្រែល ប្រចាំខេត្តកំពង់ចាមបានអះអាងថា ក្រុមរបស់លោកបានធ្វើតេស្តសាកល្បងទឹកថ្នាំជ្រលក់ដៃនេះលើអ្នកបោះឆ្នោតចំនួនប្រាំពីរនាក់នៅទូទាំងខេត្តនេះកាលពីម្សិលមិញ ក្នុងនោះរាប់ទាំងអ្នកបោះឆ្នោតចំនួនពីរនាក់នៅក្នុងក្រុងកំពង់ចាមផង ជាលទ្ធផលឃើញថា ទឹកថ្នាំនេះអាចលាងជ្រះអស់ដោយប្រើអាល់កុល។
លោកបានមានប្រសាសន៍ថា “ ខ្ញុំបានឃើញផ្ទាល់ភ្នែកពេលសាកល្បងវាជាមួយមនុស្សចំនួនបីនាក់នៅក្នុងស្រុកព្រៃឈរ ហើយយើងបានរកឃើញថា ទឹកថ្នាំនេះគឺអាចលាងជ្រះមែន”។ លោក សុវ៉ាត បានបន្តថា ទឹកថ្នាំជ្រលក់ដៃគ្មានគុណភាពនេះ គឺជារឿងមួយគួរឲ្យព្រួយបារម្ភមែន ប៉ុន្តែ មិនទាន់ហ៊ានព្យាករថា តើវាអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនេះត្រឹមកម្រិតណាទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចនិយាយថា ទឹកថ្នាំនេះនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ព្រោះយើងមិនទាន់បានឃើញនរណាម្នាក់មកបោះឆ្នោតជាលើកទី២ទេ”។ ដោយឡែក គឺមានបញ្ហាផ្សេងៗទៀតនៅតាមមណ្ឌលបោះឆ្នោតកាលពីម្សិលមិញ។
លោក សុវ៉ាត មកពីអង្គការខុមហ្វ្រែល បានឲ្យដឹងបន្តថា លោកក៏បានទទួលទូរស័ព្ទជាបន្តបន្ទាប់ពីក្រុមការងាររបស់លោកដែលបានរាយការណ៍ថា អ្នកបោះឆ្នោតមួយចំនួនត្រូវគេបដិសេធមិនឲ្យបោះឆ្នោត ព្រោះពួកគេបើមិនមែនដោយសាររកមិនឃើញឈ្មោះរបស់ខ្លួននៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្រៅការិយាល័យបោះឆ្នោតទេ គឺដោយសារព័ត៌មានក្នុងឯកសាររបស់រដ្ឋមិនត្រូវនឹងព័ត៌មានក្នុងអត្តសញ្ញាណប័ណ្ណរបស់ខ្លួន។ មុនការបោះឆ្នោតនេះយ៉ាងយូរ អង្គការខុមហ្វ្រែល បានព្រមានរួចហើយថា ពលរដ្ឋកម្ពុជាជាងមួយលាននាក់អាចបាត់បង់សិទ្ធិបោះឆ្នោតដោយសារបញ្ហាធំៗទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ឈ្មោះ លី ស៊ីវឈីង ក៏ស្ថិតក្នុងចំណោមអ្នកបោះឆ្នោតដែលបានជួបនឹងបញ្ហានេះដែរ។ កម្មការិនីរោងចក្រកាត់ដេរអាយុ២៩ឆ្នាំរូបនេះបានចំណាយពេលមួយរសៀលធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់អនុវិទ្យាល័យទួលថ្ម ដោយបានទៅទាន់មុនពេលការិយាល័យបោះឆ្នោតបិទទ្វារនៅម៉ោង៣រសៀល។ ប៉ុន្តែបើទោះជាមានការជួយជ្រោមជ្រែងពីបុគ្គលិកបោះឆ្នោតក៏ដោយ ក៏នាងនៅតែមិនអាចរកឈ្មោះរបស់ខ្លួនឃើញលើក្តារបិទ ប្រកាសនៅខាងក្រៅថ្នាក់រៀនមួយទេ។
នាងបានបោះឆ្នោតនៅទីនេះនៅក្នុងឆ្នាំ២០០៨ ហើយមិនដែលផ្លាស់ប្តូរអាសយដ្ឋានអចិន្ត្រៃយ៍របស់ខ្លួនទេ។ ដើរចេញវិញដោយទឹកមុខស្រពាប់ស្រពោន រួមជាមួយនឹងការសង្ស័យថា មានការសមគំនិតគ្នាធ្វើឲ្យខ្លួនបាត់ឈ្មោះនោះ នាងបាននិយាយថា “ ខ្ញុំខកចិត្តណាស់ ពីព្រោះខ្ញុំមិនអាចបោះឆ្នោតបាន”។
នាងបាននិយាយខណៈភ្លៀងធ្លាក់នៅពេលរសៀលហាក់ដូចជាចំពេលល្អ និងខណៈបុគ្គលិកបោះឆ្នោតបិទទ្វារការិយាល័យ ដើម្បីចាប់ផ្តើមរាប់សន្លឹកឆ្នោតថា “ ខ្ញុំគិតថា ពួកគេលប់ឈ្មោះខ្ញុំចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ពីព្រោះគណបក្សកាន់អំណាចដឹងថា ខ្ញុំមិនគាំទ្រគណបក្សប្រជាជនកម្ពុជាទេ”។
ទោះជាយ៉ាងណា ស៊ីវឈីង បាននិយាយថា ខ្លួនសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ។
នាងបាននិយាយបន្ថែមទៀតថា “ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិនឹងឈ្នះ” មុនពេលនិយាយបន្ថែមយ៉ាងលឿនថា “ ប្រសិនបើ គណបក្សប្រជាជនកម្ពុជាមិនលួចបន្លំសន្លឹកឆ្នោតទេនោះ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី