34 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​​ប្រកាស​ពី​​ជ័យ​ជម្នះ​​​នៃ​ការ​បោះ​ឆ្នោត​​ជា​មុន​ដូច​​កាលពី​​​កន្លង​​​មក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារិទ្ធ បាន​ប្រកាស​ពី​ជ័យ​ជម្នះ​​​នៃ​ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់​អំណាច កាលពី​យប់​មិញ​រួច​មក​​​​​​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​លើក​ឡើង​ថា​ ខ្លួន​នៅ​រង​់ចាំ​លទ្ធ​ផល​ជា​ផ្លូវ​ការពី​គណៈ​​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​សិន។

ប៉ុន្តែ រឿង​មួ​យ​ដែល​មិន​​អាច​​ប្រកែក​បាន​​​នោះ​គឺ​នៅ​​ពេល​ណា​​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​​​ប្រកាស​​​លទ្ធផល​នៃ​ការ​បោះ​​​ឆ្នោត​​​​ជាតិ​ជា​មុន​​នោះ​ លទ្ធផល​ជា​ផ្លូវ​ការមិន​ខុស​គ្នា​​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨ លោក ខៀវ កាញារិទ្ធ​ បាន​​​​អះអាង​​តែ​ប៉ុន្មាន​ម៉ោង​​ក្រោយ​ពី​ការ​បិទ​ការិ​​​យា​​​ល័យ​​បោះ​ឆ្នោត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​កំពុង​កាន់​អំណាច​ បាន​​កើន​​អាសនៈ​​សភា​​​​​​​របស់​ខ្លួន​​ពី​​៧៣​អាសនៈ​ទៅ​៩១​អាសនៈ។

ការ​ព្យាករ​របស់​លោក​បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​​បំ​​ប៉ោង​សំឡេង​​​បន្តិច​បន្តួចប៉ុណ្ណោះ ​​ហើយ​​នៅ​ពេល​លទ្ធផល​ជា​ផ្លូវ​ការ​ដែល​​ទទួល​បាន​ពី​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​គណបក្ស​នេះ​​ទទួល​បាន​​៩០​អាសនៈ​ក្នុង​ចំណោម​​អាសនៈ​១២៣​​នៅ​ក្នុង​សភា។
គណបក្ស​​ សម រង្ស៊ី ជា​គណបក្ស​ប្រ​ឆាំង​បាន​​ហៅ​ការ​​បោះ​ឆ្នោត​នេះ​​ថា​មាន​ការ​បំបែក​សន្លឹក​ឆ្នោត​ច្រើន​​ និង​ប៉ាន់​ប្រមាណ​​ដោយ​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​ សម រង្ស៊ី នីមួយ​ៗ​​ទទួលបាន “ ចាប់​ពី​៥០​ទៅ​៧០​អាសនៈ”។

កាលពី​ឆ្នាំ​២០០៣ ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​នី​តិ​កាល​ទី​៣​នៅ​ប្រទេស​កម្ពុជា​លោក កាញារិទ្ធ​ បាន​ធ្វើ​សេចក្ដី​ប្រកាស​ជាមុន​ម្ដង​​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នោះ ដោយ​​​គណបក្ស​ប្រជាជន​របស់​លោក​ទទួល​បាន​​​​​៧៣​អាសនៈ​ ហើយ​គណបក្ស​ ហ្វ៊ុនស៊ិន​​​ប៉ិច ទទួល​បាន​២៦​អាសនៈ​និង​គណបក្ស​ សម រង្ស៊ី ​ទទួល​បាន​២៤​​អាសនៈ។

នៅ​ពេល​លទ្ធផល​ចេញ​ជា​ផ្លូវ​ការ​១០​ថ្ងៃ​ក្រោយមក​​ការ​រំពឹង​ទុក​របស់​​លោក កាញារិទ្ធ គឺ​ពិត​ជា​ត្រឹម​ត្រូវ​​តែ​ម្តង​។ ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​១៩៩៨​ ទោះ​បី​ជា គ.ជ.ប. បាន​ពន្យារ​ពេល​ចេញ​លទ្ធផល​បឋម​ដោយ​សារ “ បញ្ហា​ទំនាក់​ទំនង និង​បញ្ហា​បច្ចេកទេស” គណបក្ស​ប្រ
ជា​​​ជន​កម្ពុជា​បាន​ធ្វើ​សេចក្ដី​ប្រកាស​លទ្ធ​ផល​ជាមុន​ម្តង​ទៀត​។

នៅ​ពល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​អាច​ទទួល​បាន​៦៦​អាសនៈ​  ហ្វ៊ុនស៊ិនប៉ិចទទួល​បាន​៤២​អាសនៈ​ និង​គណបក្ស សម រង្ស៊ី ទទួល​បាន​១៤​អាសនៈ។ នៅ​ពេល គ.ជ.ប. បាន​ចេញ​លទ្ធផល​ជា​ផ្លូវ​ការរបស់​ខ្លួន​១០​ថ្ងៃក្រោយ​មក​គណ​​​បក្ស​ប្រជាជន​កម្ពុជា​បាន​​ប៉ាន់​ប្រមាណ​ត្រូវ ​គឺ​​ខុស​តែ​ពីរ​អាសនៈ​ប៉ុណ្ណោះ​។

ការ​ប្រកាស​ជាមុន​កាលពី​ម្សិលមិញ របស់រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​លោក ខៀវ កាញារីទ្ធ ​បានអះអាង​ថា គណ​​​បក្ស​ប្រជាជន​កម្ពុជា​ជាគណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​ទទួល​បាន​៦៨​អាសនៈ​ ហើយ​​​​គណបក្ស​សង្គ្រោះ​​​​ជាតិ​ទទួល​បាន​៥៥​​​អាសនៈ។

លោក ទេព នីថា អ្នក​នាំ​ពាក្យ​​​ គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​បាន​មាន​ប្រសាសន៍​ថា “ លទ្ធផល​ទាំង​នោះ​មិន​ទាន់​ជា​ផ្លូវការនៅ​​​ឡើយ​​​​ទេ ហើយ​លទ្ធផល​នេះ​អាច​ មាន​ការ​ផ្លាស់​ប្ដូរ​”។

លោក​មាន​ប្រសាសន៍​បន្ត​ថា “លទ្ធផល​ទាំង​នោះ​គ្រាន់​តែ​ជា​លទ្ធផល​របស់​​គណ​​​បក្ស​​​​នីមួយ​ៗ​ប៉ុណ្ណោះ។ លទ្ធផល​នេះ​ មិន​​បង្ហាញ​ពី​លទ្ធផល​ពិត​ទេ។​យើង​ត្រូវ​​​​​ប្រមូល​​សន្លឹក​ឆ្នោត​យ៉ាង​ហោច​ណាស់​​​៥០​ភាគរយ​ទៀត​ពី​តាម​ខេត្ត​នានា​មុន​ពេល​យើង​អាច​ចេញ​តួលេខ​ជា​ផ្លូវការ​បាន​។​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវការត្រូវ​ការ​ពេល​​​​​​២​ថ្ងៃ​ទៀត​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា    “ យើង​មិន​អាច​ធ្វើការ​ព្យាករអ្វី​មួយ​បាន​ទេ​។ យើង​​នៅ​មាន​​​សន្លឹក​ឆ្នោត​ជា​ច្រើន​ទៀត​​ដែល​ត្រូវ​រាប់​​”៕

(រាយការណ៍​បន្ថែម​ដោយ​ ម៉ិច ដារ៉ា)

ប្រែសម្រួលដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស