33 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ក្លាយ​​​ជា​​​ឧបសគ្គ​​​សម្រាប់​​​រដ្ឋសភា​​​ ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្វី​​​បើ​​​​​ធ្លាក់​​​ចុះ​​​សំឡេង​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​នៅ​​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជ្រើសតាំង​​​តំណាង​​​រាស្ត្រ​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ក្ដី ក៏​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​កំពុង​​​កាន់​​​អំណាច ​​​នឹង​​​នៅ​​​តែ​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​នៃ​​​អាសនៈ​​​ក្នុង​​​រដ្ឋ​​​សភា​​​​​សម្រាប់​​​​​​អាណត្តិ​​​ប្រាំ​​​​​​ឆ្នាំ​​​បន្ទាប់​​​ ប្រសិន​​​បើ​​​លទ្ធផល​​​មិន​​​ផ្លូវ​​​ការ​​​​​​ប្រកាស​​​ដោយ​​​រដ្ឋមន្ត្រី​​​ក្រសួង​​​​​​ព័ត៌​​​មាន​​​ នៅ​​​ដដែលនោះ​​​​​​។​

តាម​​​រដ្ឋធម្មនុញ្ញ​​​នៃ​​​ព្រះរាជា​​​ណាចក្រ​​​កម្ពុជា​​​​​​ តម្រូវ​​​​​​ឲ្យ​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​​​​ធម្មតា​​​ ដើម្បី​​​បង្កើត​​​រដ្ឋាភិបាល​​​ និង​​​អនុម័ត​​​ច្បាប់​​​ភាគ​​​ច្រើន​​​​​​។​​ បណ្ដា​​​អ្នក​​​វិភាគ​​​ និង​​​អ្នក​​​ជំនាញ​​​ខាង​​​ច្បាប់​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​ថា  ប៉ុន្តែ​​​បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ធ្លាក់​​​ចុះសំឡេង​​​គាំទ្រ​​​ភាគ​​​ច្រើន​​​លើស​​​លុប​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​នោះ​​​ គណបក្ស​​​ប្រឆាំង​​​អាច​​​នឹង​​​​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ជួប​​​ការ​​​លំបាក​​​ ហើយ​​​ជា​​​លើក​​​ដំបូង​​​ នឹង​​​ប្រែ​​​ក្លាយ​​​រដ្ឋ​​​សភា ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ទៅ​​​ជា​​​សភា​​​មួយ​​​ ដែល​​​មាន​​​អំណាចពិត​​​ប្រាកដ​​​​​​ជាង​​​​​​មុន​​​។

លោក​​​ ស៊ឺន ស៊ូប៊ែរ្តិ៍​​​ អតីត​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នៃ​​​ព្រះ​​​រាជា​​​ណាចក្រ​​​កម្ពុជា​​​​​​ដែល​​​បាន​​​ចង​​​សម្ពន្ធភាព​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ពេល​​​នេះ​​​ពួក​​​គេ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​​​​គណបក្ស​​​ប្រឆាំង ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​ដូចមុន​​​បាន​​​ទេ”។​​​

ដោយ​​​មាន​​​អាសនៈ​​​សរុប​​​ចំនួន​​​១២៣​​​នៅ​​​ក្នុង​​​សភា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រូវ​​​ការ​​​តែ​​​សមា​​​ជិក​​​សភា​​​៦២​​​រូប​​​ប៉ុណ្ណោះ ដើម្បី​​​បង្កើត​​​​​​រដ្ឋាភិ​​​បាល​​​អាណត្តិថ្មី ហើយ​​​គណបក្ស​​​នេះ​​​និយាយ​​​ថា ខ្លួន​​​ទទួល​​​បាន​​​៦៨​​​អាសនៈ​​​។

ប៉ុន្តែ​​​លោក ស៊ឺន ស៊ូប៊ែរ្តិ៍ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ចំនួន​​ចំបាច់​​​ពិត​​​ប្រាកដ គឺ​​​៨២​​​អាសនៈ។ នោះ​​​ជា​​​ចំនួន​​​សមាជិក​​​សភា ដែល​​​រដ្ឋ​​​សភា​​​ត្រូវ​​​ការ​​​ជា​​​ចំា​​​បាច់​​​ ដើម្បី​​​បើក​​​សម័យ​​​ប្រជុំ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​មិន​​​គ្រប់​​​​​​​​កូរ៉ុមនោះ​​​ទេ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ទទួល​​​​​​បាន​​​៥៥អាសនៈ​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ អាច​​​បង្ខំ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​​​​របស់​​​ខ្លួន​​​បាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “អ្វី​​​ដែ​​​ល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​ធ្វើ​​​បាន​​​ គឺ​​​ពួក​​​គេ​​​អាច​​​បដិសេធ​​​មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ ហើយ​​​ពេល​​​នោះ​​​​​​រដ្ឋសភា​​​មិន​​​អាច​​​បង្កើត​​​បាន​​​ឡើយ​​​”។​​​ រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា សម័យ​​​ប្រជុំ​​​សភា ​​​“ដែល​​​មាន​​​សុពល​​​ភាព” ​​​ ​​​ត្រូវ​​​ការ​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​ភាគ​​​បី​​​នៃ​​​សមាជិក​​​សភា​​​ទាំង​​​អស់​​​ ឬ​​​ស្មើ​​​នឹង​​​សមាជិក​​​៨២​​​រូប​​​។​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ខ្វះ​​​១៤​​​អាសនៈ​​​ទៀត​​​ទើប​​​គ្រប់​​​តាម​​​លក្ខ​​​ខណ្ឌ​​​​​​តម្រូវ​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​។​​​

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ហៅ​​​កាត់​​​ថា គ.ជ.ប. នៅ​​​មិន​​​ទាន់​​​គាំទ្រ​​​​​​ជា​​​ផ្លូវ​​​ការ​​​ចំពោះ​​​លទ្ធផល​​​​​​បោះឆ្នោត​​​ ដែល​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ឡើយ​​​ទេ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ច្រាន​​​ចោល​​​លទ្ធផល​​​នោះ​​​ ហើយ​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​យ៉ាង​​​ច្រើន​​​នៅ​​​ពេល​​​បោះ​​​ឆ្នោត​​​ ដែល​​​ខ្លួន​​​និយាយ​​​ថា ប្រហែល​​​ជា​​​​​​មូល​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​បាត់​​​បង់​​​ជ័យ​​​ជម្នះ​​​ទាំង​​​ស្រុង​​​។

លោក​​​ កឹម​​​ ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ឯក​​​រាជ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ​​​ប្រសិន​​​បើ​​​តួលេខ​​​បឋម​​​នេះ​​​នៅ​​​ប្រហាក់​​​ប្រហែល​​​គ្នា​​​ដដែល​​​ គណបក្ស​​​ប្រឆាំង​​​​​​អាច​​​ប្រើប្រាស់​​​សំឡេង​​​ភាគ​​​ច្រើន​​​មិន​​​លើស​​​លុប​​​របស់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដើម្បី​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​នេះ​​​ធ្វើ​​​តាម​​​របៀប​​​វារៈ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  តាម​​​លក្ខ​​​ណៈ​​​​​​បច្ចេកទេស​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប្រហែល​​​​​​​​​ជា​​​​​មាន​​​សំឡេង​​​ឆ្នោត​​​គ្រប់​​​គ្រាន់​​​ ដើម្បី​​​អនុ​​​ម័ត​​​​​​ច្បាប់​​​ភាគ​​​ច្រើន​​​ ប្រសិន​​​បើ​​​គ្មាន​​​វិសោធនកម្ម​​​លើ​​​រដ្ឋធម្មនុញ្ញ​​​ទេ​​​នោះ​​​ ប៉ុន្តែ​​​គណបក្ស​​​កាន់​​​អំណាច​​​​​​​​​នឹង​​​មិន​​​អាច​​​​​​អនុម័ត​​​ច្បាប់​​​បាន​​​ច្រើន​​​ទេ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំ​​​ង​​​មិន​​​ព្រម​​​​​​ឲ្យ​​​រដ្ឋសភា​​​បើក​​​សម័យ​​​ប្រជុំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​ចូល​​​រួម​​​ប្រជុំ​​​​​​​​បាន​​​ទេ​​​នោះ តើ​​​ពួក​​​គេ​​​អាច​​​អនុម័តច្បាប់​​​​​​​​​បាន​​​ដោយ​​​របៀប​​​ណា ពួក​​​គេ​​​ត្រូវ​​​ការ​​​កូរ៉ុម ដើម្បី​​​បើក​​​សម័យ​​​ប្រជុំ​​​ ដូច្នេះ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ នឹង​​​ត្រូវ​​​សម្រុះ​​​សម្រួល​​​​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​”។

លោក​​​ កឹម​​​ ឡី បាន​​​មាន​​​ប្រសាសន៍​​បន្ថែម​​​ទៀត​​​ថា លោក​​​រំពឹង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​បើក​​​ផ្លូវ​​​​​​ស្វាគមន៍​​​គោលនយោបាយ​​​សំខាន់​​ៗ​​​មួយ​​​ចំនួន​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ រួម​​​ទាំង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​មន្ត្រី​​​រាជ​​​ការ និង​​​ការ​​​រឹត​​​បន្ដឹង​​​គោល​​​នយោបាយ​​​អន្តោ​​​ប្រវេសន៍​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រៅ​​​ពី​​​នីតិ​​​បញ្ញត្ត​​​ិ​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ក៏​​​មិន​​​អាច​​​​​​ព្រងើយ​​​កន្តើយ​​​នឹង​​​ការ​​​ ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​យ៉ាង​​​ច្រើន​​​ លែង​​​ចង់​​​បាន​​​អ្វី​​​ដែល​​​ខ្លួន​​​ផ្ដល់​​​ឲ្យ​​​ទៀត​​​បាន​​​​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ដឹង​​​ថា ប្រជាពលរដ្ឋ​​​ភាគ​​​ច្រើន​​​ចង់​​​បាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ ដឹង​​​ថា ប្រជាពលរដ្ឋ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ពួក​​​គេ​​​ ដូច្នេះ​​​សូម្បី​​​ពួក​​​គេ​​​គ្រប់គ្រង​​​ក្រសួង​​​ទាំង​​​អស់​​​ក៏​​​ដោយ ​​​ក៏ពួក​​​គេ​​​នឹង​​​រង​​​សម្ពាធ​​​ឲ្យ​​​ផ្លាស់​​​ប្ដូរ​​​ដែរ​​​”។

លោក សុក​​​ សំអឿន មេធាវី​​​​​​ដ៏​​​សំខាន់​​​មួយ​​​រូប​​​ ដែល​​​ជា​​​ប្រធាន​​​​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការពារ​​​សិទ្ធិ​​​កម្ពុជា​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជំនួយ​​​ផ្នែក​​​​​​ច្បាប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​មាន​​​កម្លាំង​​​ជំរុញ​​​ច្បាស់​​​ណាស់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​ពួក​​​គេ​​​មាន​​​ឥទ្ធិពល​​​។​​​ គណបក្ស​​​ប្រឆាំង​​​អាច​​​ប្រើប្រាស់​​​ឥទ្ធិពល​​​នេះ​​​ជា​​​ឱកាស​​​សម្រាប់​​​ការ​​​សម្រុះសម្រួល​​​ ប្រសិន​​​បើ​​​មិន​​​ដូច្នោះ​​​ទេ​​​​​​ ពួក​​​​​​គេ​​​នឹង​​​មិន​​​ចូល​​​រួម​​​សម័យប្រជុំ​​​ ដើម្បី​​​បង្កើត​​​រដ្ឋ​​​សភា​​​ឡើយ​​​”។​ ទោះបី​​​ជា​​​គណបក្ស​​​ប្រឆាំង​​​ពិត​​​ជា​​​អនុញ្ញាត​​​​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បង្កើត​​​រដ្ឋាភិ​​​បាលអាណត្តិ​​​ថ្មី​​​ក៏​​​ដោយ ក៏​​​ខ្លួន​​​នៅ​​​តែ​​​អាច​​​រារាំង​​​រដ្ឋសភា​​​មិន​​​ឲ្យ​​​បើក​​​សម័យ​​​ប្រជុំ​​​នៅ​​​ពេល​​​ណា​​​ក៏​​​បាន​​​តាម​​​​​​ដែល​​​ខ្លួន​​​ចង់​។

លោក សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ប្រឆាំង​​​មាន​​​អំណាច​​​ច្រើន​​​។ គណបក្ស​​​នេះ​​​មាន​​​អំណាច​​​នឹង​​​ធ្វើ​​​ការ​​​ចរចា​​​ ​​​ ហើយ​​​អាច​​​គ្រប់គ្រង​​​អង្គនីតិបញ្ញត្តិ​​​នេះ​​​បាន​​​”។​​​ គណបក្ស​​​ប្រឆាំង​​​នឹង​​​មិនចង់​​​បាន​​​​​​ក្រសួង​​​ណាមួយ​​​ ដោយមិន​​​ចូល​​​រួម​​​ក្នុង​​​រដ្ឋាភិបាល​​​ចម្រុះ​​​ផ្លូវ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ដែល​​​លោក​​​ សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ទំនង​​​ជា​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​ បន្ទាប់​​​ពី​​​មាន​​​គំរូ​​​មិន​​​ល្អរបស់​​​​​​គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច​​​​​​អំឡុង​​​ពេល​​​​​​បង្កើត​​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​។

បន្ទាប់ពី​​​គណបក្ស​​​សង្គម​​​រាស្ត្រ​​​និយម​​​មួយ​​​នេះ​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ក្នុង​​​នាម​​​ជា​​​ដៃ​​​គូ​​​រដ្ឋាភិបាល​​​ចម្រុះ​​​ ក្រោយ​​​ពី​​​ការ​​​បោះឆ្នោត​ក្នុង​​​​​ឆ្នាំ​​​១៩៩៣  ឆ្នាំ​​​១៩៩៨  ឆ្នាំ​​​២០០៣ ឆ្នាំ​​​២០០៨​​​មក​​​ ខ្លួន​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​នៅ​​​ក្រសួង​​​​​​មួយ​​​ចំនួន​​​ ប៉ុន្តែ​​​ឱកាស​​​នយោបាយ​​​របស់​​​ខ្លួន​​​បាន​​​បាត់​​​បង់​​​បន្ដិចម្ដង​​​ៗ​​​ជា​​​លំដាប់​​​ ហើយ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជ្រើស​​​​​​​​​តាំង​​​តំណាង​​​រាស្ត្រ​​​​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​​​​នេះ​​​មិន​​​ទទួល​​​​​​បាន​​​សូម្បី​​​មួយ​​​អាសនៈ​​​។

លោក​​​ សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចង់​​​បាន​​​រដ្ឋាភិ​​​បាល​​​ចម្រុះ​​​។​​​ជា​​​ឧទារហណ៍​​​ បន្ទាប់​​​ពី​​​បង្កើត​​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​គណបក្ស​​​ហ៊្វុនស៊ិន​​​ប៉ិច​​​ ខ្លួន​​​អាច​​​បំផ្លាញ​​​គណបក្ស​​​ហ៊្វុនស៊ិនប៉ិច​​​បាន​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​ទំនង​​​ជា​​​ព្យាយាម​​​ប្រើប្រាស់​​​ឥទ្ធិពល​​​ថ្មី​​​របស់​​​ខ្លួន​​​គ្រប់គ្រង​​​​​​គណៈកម្ម​​​ការ​​​ពី​​​របី​​​របស់​​​រដ្ឋសភា​​​  ហើយ​​​គោលដៅ​​​ធំបំផុត​​​គឺ​​​គណៈ​​​កម្មការ​​​ហិរញ្ញវត្ថុ​​​​​​ដ៏​​​មាន​​​ឥទ្ធិពល​​​នៃ​​​រដ្ឋ​​​សភា​​​។

លោក​​​ ឈា​​​ង វុន សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​អាសនៈ​​​សភា​​​របស់​​​លោក​​​​​​ផ្ទាល់​​​​​​បាន​​​ស្ថិត​​​ក្នុង​​​មន្ទិល​​​ បន្ទាប់​​​ពី​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ទទួល​​​បាន​​​លទ្ធផល​​​មិន​​​សូវ​​​ល្អ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​​​​​​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ជា​​​ស្រុក​​​កំណើត​​​របស់លោកនោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្ដី​​​រំពឹង​​​នៅ​​​តែ​​​ល្អ​​​សម្រាប់​​​គណបក្ស​​​របស់​​​លោក​​​។​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​គណបក្ស​​​ទាំង​​​ពីរ​​​មាន​​​គម្រោង​​​ចរចា​​​គ្នា​​​អំពី​​​តួនាទី​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​គណៈ​​​កម្មការ​​​ទាំង​​​ប្រាំបួន​​​ ឬ​​​យ៉ាង​​​ណា​​​ទេ ប៉ុន្តែ​​​ខ្ញុំ​​​គិត​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មាន​​​តួនាទី​​​។ ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ទាំង​​​ពីរ​​​នឹង​​​ចរចា​​​គ្នា​​​”។​​​ ប៉ុន្តែ​​​លោក ឈាង វុន​​​ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ចរចា​​​ណាមួយ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​បង្កើត​​​រដ្ឋា​​​ភិបាល​​​ចម្រុះ​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឬ​​​អំពី​​​ការ​​​សម្រុះ​​​សម្រួល​​​​​​ជា​​​មួយ​​​គណ​​​បក្ស​​​នេះ​​​​ពេល​​​អនុម័ត​​​ច្បាប់​​​ថ្មី​​​ណា​​​មួយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​ធ្វើ​​​តាម​​​គោល​​​នយោបាយ​​​របស់​​​បក្ស​​​ប្រឆាំង​​​បាន​​​ទេ​​​ ពីព្រោះ​​​គណបក្ស​​​នេះ​​​បាន​​​ចាញ់​​​ឆ្នោត​​​ទៅ​​​ហើយ​​​។ ពួក​​​គេ​​​គ្មាន​​​សិទ្ធិ​​​ទាម​​​ទារ​​​អ្វី​​​នោះ​​​ទេ​​​ ពីព្រោះ​​​ប្រជាពលរដ្ឋ​​​បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​”។ ប៉ុន្តែ​​​រដ្ឋលេខាធិការ​​​មួយ​​​រូប​​​មក​​​ពី​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​និយាយ​​​ក្នុង​​​លក្ខ​​​ខណ្ឌ​​​អនាមិក​​​​​​ បាន​​​ទទួល​​​ស្គាល់​​​ថា ពេល​​​នេះ​​​រដ្ឋ​​​សភា​​​​​​​​​ទំនង​​​ជា​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ដូច​​​មុន​​​បាន​​​ទៀត​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​កាន់​​​តែ​​​ជួប​​​ការលំបាក​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​។​​​ ​​​ការ​​​ពិភាក្សា​​​​​​ និង​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោ​​​បាយនឹង​​​មាន​​​កាន់​​​តែ​​​ច្រើន​​​”។

លោក​​​ ស៊ឺន ស៊ូប៊ែរ្តិ៍ បាន​​​ថ្លែង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​អាច​​​មិន​​​​​​អើ​​​ពើ​​​នឹង​​​ឆន្ទៈ​​​របស់​​​ប្រជាពលរដ្ឋកម្ពុជា​​​ជា​​​ច្រើន​​​ដែល​​​បាន​​​បោះឆ្នោត​​​ដើម្បី​​​ការ​​​ផ្លាស់ប្ដូរ​​​បាន​​​ឡើយ​​​​​​ ហើយ​​​អំពើហិង្សា​​​ដែល​​​បាន​​​ផ្ទុះ​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​នឹង​​​រំឭក​​​គណបក្ស​​​កាន់​​​អំណាច​​​​​​ពី​​​កំហឹង​​​កាន់​​​តែ​​​ពុះ​​​កញ្ជ្រោល​​​ឡើង​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធផល​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា គោល​​​នយោបាយ​​​របស់​​​​​​ពួក​​​គេ​​​គឺ​​​មិន​​​មែន​​​ជា​​​អ្វី​​​ដែល​​​​​​ប្រជាពល​​​រដ្ឋ​​​ចង់​​​បាន​​​ពិត​​​ប្រាកដ​​​ឡើយ។ ប្រសិន​​​បើ​​​ប្រជា​​​ពលរដ្ឋ​​​ខឹង​​​ នឹង​​​មាន​​​ចលាចល​​​កើត​​​ឡើង​​​”៕​​​

(រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព)
ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស