លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងបានច្រានចោលលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងបានស្នើឲ្យមានការស៊ីបអង្កេតដោយឯករាជ្យលើការបោះឆ្នោតនេះ ដើម្បីកំណត់ថា តើតម្រូវឲ្យមានការបោះឆ្នោតឡើងវិញ ឬយ៉ាងណា។

លោក សម រង្ស៊ី បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងភ្នំពេញថា “ យើងមិនទទួលយកលទ្ធផលនៃការបោះឆ្នោតនេះទេ។មានភាពមិនប្រក្រតីច្រើនណាស់”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គួរតែបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាជិកមកពីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ព្រមទាំងអង្គការសហប្រជាជាតិ និងតំណាងរដ្ឋាភិបាលបរទេស ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា ផ្អែកតាមការរកឃើញរបស់គណៈកម្មាធិការនេះ គណបក្សសង្គ្រោះជាតិអាចស្នើឲ្យមានការបោះឆ្នោតឡើងវិញទាំងស្រុង។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ដើម្បីដោះស្រាយបញ្ហានេះ” យើងស្នើឲ្យបង្កើត គណៈកម្មាធិការនយោបាយមួយដែលមានសមាសភាពមកពីគណបក្សទាំងពីរ អង្គការក្រៅរដ្ឋាភិបាល ហើយយើងស្នើឲ្យប្រទេសជាមិត្តបញ្ជូនអ្នកជំនាញមកចូលរួមនៅក្នុងគណៈកម្មាធិការរួមនេះ ដើម្បីវាយតម្លៃភាពមិនប្រក្រតីទាំងអស់នៃលទ្ធផលបោះឆ្នោតនេះ”។ លោកបានបន្ថែមថា “ យើងចាប់អារម្មណ៍ក្នុងការរកយុត្តិធម៌ឲ្យប្រជាជនខ្មែរ”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងសាជាថ្មីពីការបដិសេធរបស់លោក សម រង្ស៊ី ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ។ លោក កឹម សុខា បានមានប្រសាសន៍ថា “យើងកំពុងចាត់វិធានការណ៍តឹងរ៉ឹងនៅពេលនេះពីព្រោះវាបង្ហាញយ៉ាងច្បាស់ដែលមិនធ្លាប់មានថា ប្រជាជនចង់ផ្លាស់ប្តូរ។ ដូច្នេះយើងមិនអាចលេងសើចបានទេ យើងត្រូវតែស្វែងរកយុត្តិធម៌ឲ្យពួកគាត់”។
លោកបានបន្ថែមថា គណបក្សប្រឆាំងមិនចង់បានអស្ថិរភាពនៅក្នុងប្រទេសដែលបណ្តាលមកពីការច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំជឿជាក់ថា គណបក្សកាន់អំណាចសព្វថ្ងៃនេះក៏ចង់បានស្ថិរភាពដែរ។ យើងទាំងពីរមិនចង់បានអស្ថិរភាពទេ”។
កាលពីថ្ងៃអាទិត្យ គណបក្សប្រឆាំងទទួលបានអាសនៈ៥៥ នៅក្នុងរដ្ឋសភា ដែលមានអាសនៈ១២៣ គឺកើនឡើងខ្ពស់ពី២៩អាសនៈ ដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទទួលបាននៅក្នុងការបោះឆ្នោតឆ្នាំ២០០៨។គណបក្សប្រជាជនកម្ពុជាបានទទួល៦៨អាសនៈកាលពីថ្ងៃអាទិត្យ គឺធ្លាក់ចុះយ៉ាងច្រើនពី៩០អាសនៈដែលខ្លួនទទួលបាននៅក្នុងឆ្នាំ២០០៨។
នៅពេលដែលការធ្វើសន្និសីទរបស់គណបក្សសង្គ្រោះជាតិមានភាពស្ងប់ស្តាត់ ប៉ុន្តែ រឹងមាំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ខ្លួនគ្មានបំណងចូលរួមនៅក្នុងគណៈកម្មាធិការសើុបអង្កេតដែលលោក សម រង្ស៊ី បានស្នើឡើងនេះទេ។ នៅពេលសួរអំពីការបង្កើតគណៈកម្មាធិការដើម្បីស៊ើបអង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ លោក ផៃ ស៊ើផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ចំណុចនេះមិនអាចទៅរួចនោះទេ”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា ឆន្ទៈនយោបាយក្នុងការបង្កើតគណៈកម្មាធិការនេះអាចទៅរួចទេ”។ លោកបានបញ្ជាក់ថា គណៈកម្មាធិការបែបនេះក៏មិនចាំបាច់ដែរ ព្រោះមធ្យោបាយដោះស្រាយលទ្ធផលបោះឆ្នោតមានរួចហើយនៅ ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ បន្តទៀតថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាននីតិវិធីត្រឹមត្រូវ និងមានតុលាការស្របតាមធម្មនុញ្ញ”។ អ្នករិះគន់បានចោទគ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញជាយូរមកហើយថា ស្ថិតនៅក្រោមឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឈាង វុន សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាក៏បានជំទាស់នឹងគណៈកម្មាធិការស៊ើបអង្កេតដែលត្រូវបានស្នើឡើងនេះដែរ។ លោក ឈាង វុន បានមានប្រសាសន៍អំពីការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យមានការស៊ើបអង្កេតលទ្ធផលនេះថា “ នេះមិនមែនជាវិធីស្របច្បាប់ [ក្នុងការដោះស្រាយបញ្ហាទេ] នេះគ្រាន់តែជាលេស ដើម្បីបានអាសនៈបន្ថែមទៀតនៅក្នុងសភាប៉ុណ្ណោះ។ ប្រសិនបើយើងធ្វើតាមលោក សម រង្ស៊ី លើចំណុចនេះ យើងមិនចាំបាច់មានច្បាប់បោះឆ្នោតទេ”។ លោកបានបន្ថែមថា “ ប្រសិនបើយើង មិនពេញចិត្ត[ចំពោះដំណើរការបោះឆ្នោត នេះទេ] សូមធ្វើពាក្យប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រសិនបើគណបក្សសង្គ្រោះជាតិប្រើកម្លាំងខុស ពួកគេត្រូវប្រឈមនឹងច្បាប់”។
លោក ផៃ សីុផាន និងលោក ឈាន វុន ក៏បានមានប្រសាសន៍ផងដែរថា ការទទួលបានការគាំទ្រច្រើនរបស់គណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យ គឺជាការបង្ហាញឲ្យឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យរឹងមាំ។ ពេលស្នើសំុអត្ថាធិប្បាយអំពីការច្រានចោលរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាចំពោះសំណើសំុបង្កើតគណៈកម្មាធិការនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វាជាការសមហេតុផលសម្រាប់ឲ្យ គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនេះ។ លោកបានមានប្រសាសន៍ថា “ យើងអាចមើលឃើញថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ដូចជា គ.ជ.ប. ក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការ”។
លោក យឹម សុវណ្ណ បានបន្ថែមដោយមិនបញ្ជាក់លម្អិតថា “ ប្រសិនបើ គ.ជ.ប. មិនព្រមកែទម្រង់ទេ ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះផលវិបាក”។ លោក យឹម សុវណ្ណ បានថ្លែងថា “ ប្រជាជនខឹងនឹង គ.ជ.ប.ខ្លាំងណាស់។ ឥឡូវនេះ ខ្ញុំគឺជាអ្នកស្នើសុំឲ្យពួកគាត់ស្ងៀមស្ងាត់”៕
ប្រែសម្រួលដោយ មូល គឹមហឿន