28 C
Phnom Penh

អ្នក​បោះ​ឆ្នោត​នៅ​តំបន់​​​ជន​បទ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​ដឹង​​​អំពី​​​លទ្ធផល​​​ឆ្នោតតាម​​​ប្រភព​ផ្សេង​ៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បោះ​ឆ្នោត​នៅ​តាម​តំបន់​ជនបទ​​​បាន​ឲ្យ​​​ដឹង​​​​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​​​បាន​​​​រង់​ចាំ​​​​អស់​​​រយៈ​ពេល​ជា​​​ច្រើន​ម៉ោង ខ្លួន​​​​បានដឹង​​​អំពី​​​​លទ្ធផល​​​​នៃ​​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​​​រាស្ត្រ​កាល​ពី​ថ្ងៃ​​​អាទិត្យ​​​នេះ ​​​​តាម​រយៈ​​​​ការ​​​ចាក់ផ្សាយ​​​តាម​​​ស្ថានីយ​​​វិទ្យុ និង​ទូរទស្សន៍​ឯករាជ្យ​ ​និង​ពាក្យ​ចចាម​អារ៉ាម​និង​​​សាច់​ញាតិ​តាមរយៈ​​​​​​ទូរស័ព្ទ​។

ឈ្មោះ ហៃ សារិន អាយុ​៤៨​ឆ្នាំ​​ដែល​រស់​​​​នៅ​ក្នុង​ក្រុង​សំរោង​​​ ខេត្ត​ឧត្ដរ​មាន​ជ័យ​ បាន​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​ដឹង​​​លទ្ធផល​បឋម​កាល​ពី​ព្រឹក​ម្សិលមិញ ​តាម​រយៈ​វិទ្យុ​អាស៊ី​សេរី​។ លោក​​​បាន​​និយាយ​​​​ថា “ ខ្ញុំ​បាន​ស្ដាប់​វិទ្យុ​គិរីដង​រែក​​​ [​ស្ថានីយ​វិទ្យុ​ក្នុង​មូលដ្ឋាន​​​​] អំពី​លទ្ធផល​បឋម​ ប៉ុន្តែ​ ខ្ញុំ​បាន​​​ដឹង​ថា​​​ គណបក្ស​ប្រជា​ជន​ឈ្នះ​តាម​រយៈ​សេចក្ដី​រាយការណ៍​ពេល​ព្រឹក​របស់​​​​វិទ្យុ​អាស៊ី​សេរី​”។

កាល​ពី​យប់​ថ្ងៃ​អាទិត្យ លោក ​​​ខៀវ កាញា​​​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​​​ បាន​ឲ្យ​​​ដឹង​​​តាម​​រយៈ​​​​​​ទំព័រ​ហ្វេស​ប៊ុក​​របស់​លោក​ថា គណបក្ស​ប្រជា​ជន​កម្ពុជា ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដោយ​​​​ទទួល​បាន​ចំនួន​​​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​ ទល់នឹង​​​​​​​​៥៥​អាសនៈ​​​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ។ គិតត្រឹម​​​ល្ងាច​​​​ថ្ងៃ​​​ម្សិលមិញ​​​​នេះ​​​ គ្មាន​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ ឬ​សារព័ត៌មាន​ណាមួយ​ចាក់ផ្សាយ​ ឬ​ចុះផ្សាយ​​​ពី​​​​ចំនួន​អាសនៈ​ដែល​គណបក្ស​នីមួយ​ៗ​ទទួល​បាន​នោះ​ទេ។

លោក​​​ ពេញ សុខុន អាយុ​៣៤​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ឃុំ​សំឡូត ខេត្ត​បាត់​ដំបង​ បាន​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​ទស្សនា​ទូរទស្សន៍​​ជាតិ​កម្ពុជា​​របស់​រដ្ឋ​ដើម្បី​ទទួល​បាន​លទ្ធផល​ក្នុង​មូល​​​ដ្ឋាន​​​​​​ ប៉ុន្តែ​ លោក​បាន​​​ដឹង​​​​អំពី​លទ្ធផល​នៃ​​​ការ​បោះ​ឆ្នោត​ជាតិ​តាម​រយៈ​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ​។ លោក សុខុន បាន​និយាយ​​​ថា “ ខ្ញុំ​បាន​ឮ​​ពាក្យ​​​​ចចាមអារ៉ាម​ថា ៦៨​អាសនៈ​បាន​ទៅ​​​​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​​​​៥៥​អាសនៈ​​​​​​ទៀត​​​​បាន​ទៅ​គណបក្ស​​សង្គ្រោះ​ជាតិ​។ ខ្ញុំ​នៅ​មិនទាន់​​​​ជឿ​លទ្ធផល​នេះ​​​​ទេ”។

លោក​​​​ ជុំ សុផល​ អាយុ​៣០​ឆ្នាំ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ប៊ូស្រា នៅក្នុង​​​ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​​​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​បង​ប្អូន​​​​​​ដើម្បី​មើល​លទ្ធផល​តាមរយៈ​​​​ទូរ​​​ទស្សន៍​​​​ផ្កាយ​រណប​ឌីធីវី ព្រោះ​ខ្លួន​​​គ្មាន​វិទ្យុ​ ឬទូរទស្សន៍​ឡើយ​។ លោក​​​​បាននិយាយ​​​​ថា “ ខ្ញុំ​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះ​ក្នុង​ខេត្ត​កំពង់​ចាម​  កំពង់​ធំ និង​ភ្នំពេញ​។ ព័ត៌មាន​​​ផ្សាយ​​​​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​អាសនៈ​គ្រប់​​​ល្មម​នឹង​ដឹក​នាំ​ប្រទេស​”។

លោក ជំុ សុផល បាន​និយាយ​​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​​នៅ​មិនទាន់​​​​បាន​ដឹង​​​​លទ្ធផល​ពិស្ដារ​នៃ​​​ការ​បោះ​ឆ្នោត​ជាតិ​​​​ទេ​​​។ នៅ​ក្នុង​ឃុំ​ស្អាង ​ខេត្ត​ព្រះ​វិហារ​ ឯណោះ​​​វិញ​​​ អ្នកស្រី​​​​ វ៉ន សុខា អាយុ​៣៥​ឆ្នាំ​ បានឲ្យ​​​ដឹង​​​​​​​ថា  ខ្លួន​​​ត្រូវ​រង់​ចាំ​ស្ដាប់​លទ្ធផល​​​​នៃ​​​ការ​បោះ​ឆ្នោត​ពី​សាច់​ញាតិ​ម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​បាន​​​ទូរស័ព្ទ​ប្រាប់​អ្នក​ស្រី​អំពី​ដំណឹង​នេះ​។

អ្នក​ស្រី​បាន​និយាយ​​​​ថា “ ខ្ញុំ​បាន​​​​ដឹង​តែ​​​​លទ្ធផល​​នៅ​​​ក្នុង​ឃុំ​របស់​​ខ្ញុំ​ប៉ុណ្ណោះ​…ព្រោះ​ខ្ញុំ​គ្មាន​វិទ្យុ​ ឬ​​​ទូរទស្សន៍​​​​ទេ​​​។ បង​ប្អូន​​ខ្ញុំ​នៅ​ក្នុង​រាជ​ធានី​បាន​ប្រាប់​ខ្ញុំ​ថា មាន​ការ​ដុត​រថយន្ត​ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស