លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានលើកឡើងកាលពីម្សិលមិញថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែសីហា។
លោកបានមានប្រសាសន៍ថា ថ្ងៃដែលអាចនឹងចេញលទ្ធផលចុងក្រោយបំផុត ប្រហែលជានៅដើមខែកញ្ញា។ លោកបានបន្ថែមថា ល្បឿននៃការប្រកាសលទ្ធផលគឺអាស្រ័យលើថា តើគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងទទួលបានពាក្យបណ្ដឹងច្រើនប៉ុណ្ណាពាក់ព័ន្ធនឹងភាពមិនប្រក្រតី។
កាលពីម្សិលមិញ គណបក្សប្រឆាំងបានច្រានចោលលទ្ធផលបឋមនៃការបោះឆ្នោតដែលខ្លួនទទួលបានអាសនៈសភាចំនួន៥៥អាសនៈទល់នឹងអាសនៈចំនួន៦៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ដោយលើកឡើងថា មានការក្លែងបន្លំច្រើន។ លោកបានបន្ថែមថា “គ.ជ.ប. នៅមិនទាន់ប្រកាសពីតួលេខនៃសំឡេងគាំទ្រដែលគណបក្សនីមួយៗទទួលបាននៅទូទាំងប្រទេសនៅឡើយទេ។ សាធារណជនអាចវាយតម្លៃដោយខ្លួនឯងបាន” តាមរយៈការមើលលទ្ធផលពីខេត្តមួយទៅខេត្តមួយ ដែលប្រកាសតាមកញ្ចក់ទូរទស្សន៍។
លោកបានមានប្រសាសន៍ថា លទ្ធផលចុងក្រោយនៃការបោះឆ្នោត ក៏នឹងត្រូវប្រកាសទូទាំងប្រទេសផងដែរ។ លោកបានថ្លែងថា “យើង [ចាប់ពីថ្ងៃបោះឆ្នោតមក] នៅមិនទាន់ប្រកាសលទ្ធផលបឋមនៅឡើយទេ ក្រៅពីតាមទូរទស្សន៍ ហេតុដូច្នេះហើយបើចង់ដឹងលទ្ធផល ប្រជាពលរដ្ឋត្រូវតែតាមដានតាមកញ្ចក់ទូរទស្សន៍”។
យោងតាមលទ្ធផលបឋមនៅតាមបណ្ដាខេត្តនានាដែលបានចុះផ្សាយតាមគេហទំព័រគ.ជ.ប. គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ២.៥៥៥.០៣០សំឡេង រីឯគណបក្សសង្គ្រោះជាតិវិញទទួលបានសំឡេងគាំទ្រ២.២៩៥.០២២សំឡេង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សរបស់លោកមិនអាចទទួលយកលទ្ធផល ដែលគ.ជ.ប. បានប្រកាសរហូតមកទល់ពេលនេះនោះឡើយ ពីព្រោះមានភាពមិនប្រក្រតីមួយចំនួនបានកើតឡើងដូចជា ឈ្មោះរបស់អ្នកបោះឆ្នោតបានបាត់ ឬក៏ត្រូវបានគេចុះចំនួនពីរលើកជាដើម។ លោកបានមានប្រសាសន៍ថា “យើងមិនអាចទទួលលទ្ធផល ដែលគ.ជ.ប. បានប្រកាសឡើយ ពីព្រោះប្រជាពលរដ្ឋជាច្រើនបានបាត់ឈ្មោះរបស់ខ្លួន ហើយមិនអាចបោះឆ្នោតបានរីឯបញ្ហាខុសច្បាប់ផ្សេងៗជាច្រើនបានកើតឡើងអំឡុងការបោះឆ្នោតនេះ”។
លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានការពារលទ្ធផល ដែលគ.ជ.ប. បានចេញផ្សាយរហូតមកទល់ពេលនេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្វីដែលគ.ជ.ប.បានធ្វើ គឺត្រឹមត្រូវ”។ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ដោយលើកឡើងថា លទ្ធផល ដែលប្រកាសតាមទូរទស្សន៍ជាតិកម្ពុជាបង្ហាញថា ខ្លួនទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មី។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា “គណបក្សប្រជាជនកម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត”។ សេចក្ដីថ្លែងការណ៍នេះបន្តថា “គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងាត់ ខណៈគ.ជ.ប. កំពុងបន្តកិច្ចការរបស់ខ្លួន”៕
ប្រែសម្រួលដោយ ស៊ា សុ៊យឈាង