រយៈពេលមួយខែមុនការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យនេះ មុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឃើញមាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
នៅតាមបណ្ដោយមហាវិថីនានាក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលមានមុខក្នុងផ្ទាំងឃោសនារបស់គណបក្សប្រជាជនកម្ពុជា បានបញ្ចេញស្នាមញញឹម និងគ្រវីដៃដាក់អ្នកធ្វើដំណើរឆ្លងកាត់ទាំងឡាយ។ នៅតាមបណ្ដាខេត្ត មុខរបស់នាយករដ្ឋមន្ត្រីរូបនេះត្រូវបានបង្ហាញក្នុងផ្ទាំងឃោសនាធំៗតាមបណ្ដោយផ្លូវនានា ដោយលើកដៃសំពះប្រជាជន ឬអង្គុយបង់ក្រមាក្នុងវាលស្រែ។
ក្នុងសុន្ទរកថារយៈពេលប៉ុន្មានខែមុនការបោះឆ្នោត លោក ហ៊ុន សែន បានចេញមុខយ៉ាងខ្លាំងក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជន។ ឃ្លាមួយដែលគេតែងបានឮក្នុងសុន្ទរកថារបស់លោក ហ៊ុន សែន ខណៈការបោះឆ្នោតខិតជិតចូលមកដល់នោះ គឺ “ ប្រសិនបើប្រជាជនកម្ពុជាអាណិត ចូលចិត្ត ស្រឡាញ់ និងពេញចិត្តការដឹកនាំរបស់ខ្ញុំ ហើយមានទំនុកចិត្តលើខ្ញុំ គឺ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនោះ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។
ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ គណបក្សនេះបានបាត់បង់អាសនៈយ៉ាងច្រើន។ វាគឺជាលទ្ធផលដែលក្រុមអ្នកវិភាគនយោបាយនិយាយថា អាចឆ្លុះបញ្ចាំងពីការធ្លាក់ចុះនូវការគាំទ្រ និងប្រជាប្រិយភាពរបស់លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដែលបានកាន់អំណាចអស់រយៈពេលជាយូរមកហើយនោះ។
ទោះជាយ៉ាងណា មន្ត្រីនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ទោះបីជាមានលទ្ធផលបែបនេះក៏ដោយ ក៏លោក ហ៊ុន សែន មិនប្រឈមនឹងការដកចេញពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះទេ។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារភ្នំពេញកាលពីម្សិលមិញថា “ ជ័យជម្នះនេះមានន័យថា ប្រជាជនទទួលយកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអ្នកដឹកនាំប្រទេស”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងកាលពីថ្ងៃម្សិលមិញផងដែរថា លទ្ធផលនៃការបោះឆ្នោតនេះ “ មិនឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់សម្ដេច ហ៊ុន សែន ទេ”។ ចំនួន [ អាសនៈរបស់គណបក្សប្រជាជននៅសភា] នៅតែសបញ្ជាក់ឲ្យឃើញថា សម្ដេច ហ៊ុន សែន នៅតែមានប្រជាប្រិយភាពខ្លាំង ហើយប្រជាជនភាគច្រើនត្រូវការឲ្យសម្ដេចដឹកនាំប្រទេស” ដោយលោកបានបន្ថែមថា លោក ហ៊ុន សែន បានដើរតួនាទីនាំមុខរួចហើយក្នុងការធានាពីជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលអនាគត។
លោកមានប្រសាសន៍បន្តថា “ គណបក្សប្រជាជនបាននាំមុខមួយជំហានរួចទៅហើយ។ យុវជនគឺជាឥទ្ធិពលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា យើងយល់ថា យើងអាចរៀបចំគណបក្សនេះសម្រាប់យុវជនជំនាន់ថ្មីតាមរយៈការរក្សាកំណើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារនៅក្នុងតំបន់ និងពិភពលោក”។
ប៉ុន្តែ លោក កឹម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះស្ដែងឲ្យឃើញថា ការគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន បានធ្លាក់ចុះហើយ។ លោក កឹម ឡី មានប្រសាសន៍ថា “ លទ្ធផលនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ចុះប្រជាប្រិយភាពខ្លាំងណាស់។ ហើយរបៀបដឹកនាំរបស់លោក ព្រមទាំងការគ្រប់គ្រងកំណែទម្រង់រដ្ឋាភិបាលមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាជនកម្ពុជាទេ”។
លោក ខាលីល ថេយ័រ (Carlyle Thayer) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាលាបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលី បានលើកឡើងថា ការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រជាប្រិយភាពរបស់លោក ហ៊ុន សែន ដូចដែលត្រូវបានបង្ហាញតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ នឹងដាក់សម្ពាធថ្មីឲ្យលោក ហ៊ុន សែន សិក្សាពីកំណែទម្រង់របស់គណបក្សសង្គ្រោះជាតិ និងពីសមាជិកក្នុងបក្សរបស់លោកផ្ទាល់។
ទោះជាយ៉ាងណា លោក ថេយ័រ បានសម្ដែងមន្ទិលមិនដឹងថា តើលោក ហ៊ុន សែន មានឆន្ទៈក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាលដែលលោកបានគ្រប់គ្រងអស់រយៈពេលជាយូរមកហើយ ឬអត់នោះទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា ហ៊ុន សែន ជាប្រភេទមនុស្សដែលហ៊ានក្រោកឈរឡើងនិយាយថា៖ ខ្ញុំបានធ្វើខុស ហើយយើងត្រូវកែកុនវិញ នោះទេ”។
លោក ថេយ័រ បានបន្តថា “ ខ្ញុំមិនគិតថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងឆ្លើយតបចំពោះការបោះឆ្នោតនោះតាមរយៈការធ្វើកំណែទម្រង់ឡើយ។ ពួកគេនឹងមិនធ្វើកំណែទម្រង់លែងឲ្យមានការចាប់យកដីធ្លី និងអំពើពុករលួយទេ។ កំណែទម្រង់ គឺមិនអាចទៅរួចទេ ព្រោះមានផលប្រយោជន៍ច្រើនណាស់ដែលត្រូវបាត់បង់”។
ក៏ប៉ុន្តែ លោក ថេយ័រ បានលើកឡើងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមើលឃើញថា ភាពទោមនស្សរបស់ប្រជាជនចំពោះលោក ហ៊ុន សែន បន្តកើនឡើងក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់នោះ គណបក្សនេះប្រហែលជាគ្មានជម្រើសណាផ្សេងក្រៅពីស្វះស្វែងរកផ្លូវផ្សេងសម្រាប់ដើរឡើយ។
លោកបានថ្លែងថា “ [គណបក្សប្រជាជន] បារម្ភខ្លាចការផ្លាស់ប្ដូរបង្កឲ្យមានអស្ថិរភាព ដូច្នេះពួកគេចង់ធ្វើកំណែទម្រង់ក្នុងកម្រិតអប្បបរមា។ ប៉ុន្តែពេលការបោះឆ្នោតលើកក្រោយមកដល់ ពួកគេអាចនឹងភ្ញាក់ខ្លួនថា ការរក្សាអ្វីៗឲ្យនៅដដែល គឺជាការនាំមកនូវភាពបរាជ័យសម្រាប់ខ្លួនឯង”។ លោកបានបន្ថែមថា “ ក្នុងជួរគណបក្សប្រជាជនកម្ពុជាផ្ទាល់ អ្នកដែលស្និទ្ធនឹងអ្នកកាន់អំណាចក្នុងបក្សប្រហែលជាត្រូវប្រាប់មេដឹកនាំរបស់ខ្លួនថា គាត់គ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ”។
លោក ចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍ នៅមហាវិទ្យាល័យគោលនយោបាយសាធារណៈ ជើរ៉ល អ ហ្វដ (Gerald R. Ford School of Public Policy) នៃសាកលវិទ្យាល័យមីឈីហ្គែន (Michigan) បានលើកឡើងថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានវេញចូលគ្នាជាធ្លុងមួយមិនអាចបំបែកចេញពីគ្នាបានឡើយ ពោលគឺជោគវាសនារបស់គណបក្សនេះផ្អែកលើបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន។
លោកបានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន គឺប្រៀបដូចជាមនុស្សតែម្នាក់ ដូច្នេះការបោះឆ្នោតគឺប្រៀបដូចជាការធ្វើប្រជាមតិអំពីការដឹកនាំរបស់លោកផង និងអំពីគណបក្សនេះផង។ ប៉ុន្តែទោះបីជាសមាជិកមួយចំនួនរបស់គណបក្សប្រជាជនចាត់ទុកលទ្ធផលនៃការបោះឆ្នោតនេះថា ជាការឆ្លុះបញ្ចាំងមិនល្អពីមេដឹកនាំរបស់ខ្លួនក៏ដោយ ក៏វាមិនច្បាស់សោះឡើយថា តើនឹងមានភាគីប្រឆាំងណាមួយមានលទ្ធភាពទទួលបានការគាំទ្រល្មមនឹងប្រជែងយកបេក្ខភាពជាមួយនាយករដ្ឋមន្ត្រីរូបនេះឬអត់នោះ”។
លោក រស់ ចិន្ត្រាបុត្រ សមាជិករាជបណ្ឌិតសភាកម្ពុជា និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គឺគណបក្សសង្គ្រោះជាតិដែលបានដៅចំលោក ហ៊ុន សែន ក្នុងការអំពាវនាវរបស់ខ្លួនឲ្យមានការ “ ផ្លាស់ប្ដូរ” អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
លោកបានមានប្រសាសន៍ថា “ គណបក្សប្រឆាំងបានអំពាវនាវឲ្យមានការផ្លាស់ប្ដូរដោយសំដៅលើសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនលើគណបក្សនយោបាយទេ។ វាហាក់ដូចជាថា ការបោះឆ្នោតនេះមិនមែនដើម្បីជ្រើសរើសគណបក្សនយោបាយឡើយ ប៉ុន្តែដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្ត្រីទៅវិញទេ” ដោយលោកបានបន្ថែមថា លទ្ធផលនៃការបោះឆ្នោតនេះ គឺជាភ័ស្តុតាងបញ្ជាក់ពីការបន្តគាំទ្រលោក ហ៊ុន សែន។
លោក ផាវីន ឆាឆាវ៉ាល់ប៉ុងពុន (Pavin Chachavalpongpun) សាស្ត្រាចារ្យរងនៅ មជ្ឈមណ្ឌលសម្រាប់ការសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ (Center for Southeast Asian Studies) នៃសាកលវិទ្យាល័យក្យូតុ (Kyoto University) បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះ មិនមែនគ្រាន់តែជាការឆ្លុះបញ្ចាំងពីការដឹកនាំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារពញាក់ស្មារតីមួយថា អ្នកបោះឆ្នោតនៅកម្ពុជាលែងជឿលើការសន្យារបស់គណបក្សប្រជាជនអំពីការរក្សាស្ថិរភាព និងការអភិវឌ្ឍជាមូលដ្ឋានទៀតហើយ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា លទ្ធផលនេះមិនមែនគ្រាន់តែឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អ្នកបោះឆ្នោតចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ តែក៏បង្ហាញពីកម្រិតនៃការផ្លាស់ប្ដូរទិដ្ឋភាពនយោបាយនៅកម្ពុជាផងដែរ” ដោយលោកបានបន្ថែមថា លោក ហ៊ុន សែន មិនទំនងថា នឹងធ្វើសម្បទានច្រើនដែលអាចធ្វើឲ្យលោកប្រឈមនឹងការរបូតអំណាចពីដៃទេ។
លោក ឆាឆាវ៉ាល់ប៉ុងពុន បានបន្តថា “ ជាការឆ្លើយតបចំពោះការធ្លាក់ចុះនូវការគាំទ្រចំពោះគណបក្សរបស់ខ្លួន គណបក្សកំពុងកាន់អំណាចនេះចាំបាច់ត្រូវដឹកនាំការធ្វើកំណែទម្រង់នយោបាយតាមរយៈការពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ ប៉ុន្តែវាប្រហែលជាតម្រូវឲ្យមានការលះបង់ពីលោក ហ៊ុន សែន ដែលមិនទំនងថា អាចទៅរួចឡើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានបញ្ចេញលទ្ធផលបឋមនៃការបោះឆ្នោតដែលបង្ហាញថា បក្សប្រជាជនបានបាត់បង់២២អាសនៈនៅសភានោះ បានហៅការបោះឆ្នោតនេះថា ជា “ សារពញាក់ស្មារតីសម្រាប់គណបក្សប្រជាជនកម្ពុជា” ប៉ុន្តែលោកបានសន្មតថា “ យុទ្ធនាការរើសអើងជាតិសាសន៍” និង “ ការសន្យាខ្យល់” ពីបក្សប្រឆាំង គឺជាមូលហេតុនៅពីក្រោយជ័យជម្នះក្នុងការបោះឆ្នោតនេះ។
លោកបានលើកឡើងតាមហ្វេសប៊ុកថា “ ទោះបី ជាមានការធ្វើយុទ្ធនាការរើសអើងជាតិសាសន៍… ទោះបីជាមានការសន្យាខ្យល់ក៏ដោយ ក៏អ្នកបោះឆ្នោតនៅតែជ្រើសរើសគណបក្សប្រជាជនកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ វាក៏ជាសារពញាក់ស្មារតីគណបក្សប្រជាជនកម្ពុជាកុំឲ្យភ្លេចខ្លួន។ យើងចាំបាច់ត្រូវកែសម្រួលការងាររបស់យើងឲ្យមានភាពប្រសើរឡើង”។ លោកបានបន្ថែមថា “ ប៉ុន្តែ ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាគឺថា គណបក្សនេះមានសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ ហើយដឹងពីវិធីសាស្ត្រក្នុងការទាញយកផលប្រយោជន៍ពីស្ថានភាពដែលលំបាកបំផុត”។
លោក ដេវីដ ឈែនល័រ (David Chandler) អ្នកសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងថា ការសម្របខ្លួនបែបនេះក៏ប្រហែលជាមានន័យថា ខណៈដែលលោក ហ៊ុន សែន មិនប្រឈមនឹងការដកបេក្ខភាពជានាយករដ្ឋមន្ត្រីក្នុងពេលខ្លីនោះ លទ្ធផលនៃការបោះឆ្នោតថ្មីបំផុតនេះអាចនឹងជំរុញឲ្យលោកធ្វើសម្បទានជាមួយគូប្រជែងនយោបាយរបស់លោកដើម្បីធ្វើតាមការសន្យាស្ដីពីការបន្តកាន់អំណាចរយៈពេលប៉ុន្មានទសវត្សរ៍ទៀត។
លោកមានប្រសាសន៍ថា “ លទ្ធផលនៃការបោះឆ្នោតនេះអាចនឹងពន្លឿនការចាកចេញពីអំណាចនៅអាយុ៧៤ឆ្នាំដូចការសន្យា [របស់លោក ហ៊ុន សែន]។ ខ្ញុំហ៊ាននិយាយថា អ្វីៗគឺអាស្រ័យលើអ្វីដែលនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់នេះ មិនមែនការបែងចែកអំណាចទេ ប៉ុន្តែគឺថា តើគាត់មានចិត្តផ្លាស់ប្ដូរទម្រង់ការងារដើម្បីទប់ទល់នឹងសម្ពាធដែលគណបក្សប្រឆាំងបានដាក់លើគណបក្សប្រជាជនកម្ពុជា ដែរឬក៏អត់”៕
(រាយការណ៍បន្ថែមដោយ Simon Marks និង ផន បុប្ផា)
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ