បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ អបអរសាទរប្រជាពលរដ្ឋកម្ពុជាចំពោះការបោះឆ្នោតដោយសន្តិវិធី ប៉ុន្តែបានព្រមានពលរដ្ឋរបស់ខ្លួនថា នឹងអាចមានភាពចលាចលកើតឡើងនោះ កាលពីម្សិលមិញស្ថានកុងស៊ុលផ្សេងៗទៀតក៏បានចេញសេចក្ដីថ្លែងការណ៍ដូចគ្នានេះផងដែរ។
ស្ថានទូតបារាំងបានអបអរសាទរប្រទេសកម្ពុជាក្នុងការបោះឆ្នោតនេះ ប៉ុន្តែ បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការដង្ហែក្បួននយោបាយណាមួយ។
លោក នីកូឡាស់ ប៊ូឌង់ (Nicolas Baudouin) លេខាទី១ប្រចាំស្ថានទូតបារាំងបានលើកឡើងតាមអុីម៉េលថា “ យើងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលមានឧប្បទ្ទវហេតុមួយចំនួនបានកើតឡើង។ យើងសូមអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ដែលពាក់ព័ន្ធដោះស្រាយជម្លោះនេះតាមមធ្យោបាយស្របច្បាប់ និងប្រកបដោយសន្តិវិធី”។
ស្ថានទូតជប៉ុនក៏បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងពីការដង្ហែក្បួននយោបាយនានាដែរ។ នៅពេលសួរអំពីលទ្ធផល និងការច្រានចោលនូវលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សប្រឆាំងនោះលោក តាកា យ៉ូហ្ស៊ី កូរ៉ូម៉ីយ៉ា (Takayoshi Kuromiya) ឯកអគ្គកុងស៊ុលប្រចាំស្ថានទូតមានប្រសាសន៍ថា “ នៅត្រង់ដំណាក់កាលនេះវាជាការលឿនពេកក្នុងការចេញសេចក្ដីថ្លែងការណ៍ណាមួយនោះ។ វាមានការលំបាកណាស់ក្នុងការនិយាយថា តើការបោះឆ្នោតនេះប្រកបដោយសេរីឬអត់នោះ”។
ស្ថានទូតអូស្ត្រាលីបានបដិសេធមិនធ្វើសេចក្ដីអត្ថាធិប្បាយអំពីករណីនេះទេ រីឯសហភាពអឺរ៉ុប និងស្ថានទូតអង់គ្លេសវិញបានលើកឡើងថា ខ្លួននឹងចេញសេចក្ដីថ្លែងការណ៍មួយ “ ពាក់ព័ន្ធនឹងករណីនេះ” ដែរ៕
ប្រែសម្រួលដោយ ឃិន ណៃ