30 C
Phnom Penh

រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។

នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។

លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​សភា​​​ព​​​ស្ងប់​​​ស្ងាត់​​​​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​តាម​​​បណ្ដាខេត្ត​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​មែន​​​ភ័យ​​​ខ្លាច​​​​​​ដោយសារ​​​អំពើ​​​ហិង្សា​​​នោះ​​​ទេ​​​។ ហាង​​​ និង​​​ផ្សារ​​​នៅ​​​បិទ​​​នៅ​​​ឡើយ ​​​ពី​​​ព្រោះ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​ទាន់​​​វិល​​​ត្រឡប់​​​ពី​​​បោះឆ្នោត​​​​​​វិញ​​​។ បើ​​​បើក​​​ហាង​​​ ឬក៏​​​ផ្សារ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​ ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​ទាន់​​​វិល​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ​​​ តើ​​​គេ​​​លក់​​​ទំនិញ​​​ឲ្យ​​​នរណា​​​​​​ ប្រសិន​​​បើ​​​គ្មាន​​​មនុស្ស​​​នោះ​​​?”។

តាម​​​បណ្ដោយ​​​មហាវិថី​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ រួម​​​មាន​​​មហាវិថី​​​ព្រះ​​​មុនី​​​វង្ស​​​ មហាវិថី​​​ម៉ៅសេទុង មហាវិថី​​​ព្រះ​​​នរោត្ដម និង​​​មហាវិថី​​​ស៊ីសុវត្ថិ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ចរាចរណ៍​​​គ្មាន​​​ភាព​​​រញ៉េរញ៉ៃ​​​ឡើយ​​​ រីឯ​​​ហាង​​​រាប់​​​រយ​​​នៅបិទ​​​នៅ​​​ឡើយ​​​។

អ្នក​​​ស្រី​​​ សុខ ស្រីឡែន អ្នក​​​គ្រប់​​​គ្រង​​​នៅ​​ផ្នែក​​​បម្រើ​​​សេវាកម្ម​​​អតិថិជន​​​របស់​​​ក្រុម​​​ហ៊ុន​​​សាំស៊ុង ដែល​​​ស្ថិត​​​នៅ​​​តាម​​​បណ្ដោយ​​​​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្ស បាន​​​និយាយ​​​ថា “ ហាង​​​របស់​​​យើង​​​នៅបិទ​​​នៅ​​​ឡើយ ពីព្រោះ​​​បុគ្គលិក​​​មួយ​​​ចំនួន​​​របស់​​​យើង​​​មិនទាន់​​​វិល​​​ត្រឡប់​​​ពី​​​ខេត្ត​​​វិញ​​​នៅ​​​ឡើយ​​​ទេ​​​។​​​ ពួក​​​គេ​​​រស់​​​នៅ​​​ខេត្ត​​​បាត់​​​ដំបង​​​​​​​​​ និង​​​ខេត្ត​​​សៀម​​​រាប​​​​​​ឯណោះ​​​។ ប្រហែល​​​​​​​​​ជា​​​យើង​​​នឹង​​​បើក​​​ហាង​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”។

ហើយ​​​ធ្វើ​​​ដំណើរ​​​ហួស​​​នេះ​​​បន្តិច​​​តាម​​​មហាវិថីនេះ​​​ដដែល ​​​​​​ហាង​​​លក់​​​គ្រឿង​​​សង្ហា​​​រិម​​​​​​ដ៏​​​ធំ​​​មួយ​​​យី​​​ហោ​​​ អូស៊ីណូ​​​ ក៏​​​នៅបិទ​​​នៅ​​​ឡើយ​​​ដែរ ដោយ​​​មាន​​​ស្លាក​​​សញ្ញា​​​ជា​​​ភាសា​​​ខ្មែរ​​​​​​មួយ​​​ថា “​​​ ក្រុម​​​ហ៊ុន​​​នឹង​​​បើកឡើង​​​វិញ​​​នៅ​​​បីថ្ងៃ​​​ក្រោយ​​​”។

នៅ​​​ផ្សារ​​​ធំ​​​ថ្មី​​​ តូប​​​​​​ប្រហែល​​​ពាក់​​​កណា្ដល​​​ក៏​​​នៅបិទ​​​នៅ​​​ឡើយដែរ​​​ ហើយ​​​មាន​​​តែ​​​ហាង​​​សម្រាប់​​​ជន​​​បរទេស​​​ប៉ុណ្ណោះ​​​ដែល​​​នៅ​​​បើ​​​ក​​​។
អាជីវករ​​​​​​ម្នាក់​​​បាន​​​និយាយ​​​ថា “ មុន​​​ពេល​​​បោះ​​​ឆ្នោត​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ ប៉ុន្តែ​​​ថ្ងៃ​​​នេះ​​​ស្ងាត់​​​ណាស់​​​”។ ដោយ​​​ឡែក​​​អាជី​​​វករ​​​លក់​​​ម្ហូប​​​អាហារ​​​នៅផ្សារ​​​អូរឫស្សី គឺ​​​បិទ​​​ទាំង​​​ស្រុងតែ​​​ម្ដង​​​។ អាជីវករ​​​លក់​​​ម្ហូប​​​អាហារ​​​​​​​​​នៅ​​​ជុំ​​​វិញ​​​ផ្សារ​​​នេះ​​​បាន​​​​​​និយាយ​​​ថា ផ្សារ​​​នេះ​​​បាន​​​បិទ​​​តាំង​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​មក​​​ម្លេ៉ះ​​​។

អ្នក​​​ស្រី ច័ន្ទ ម៉ី អាយុ​​​២៨​​​ឆ្នាំ អ្នក​​​លក់​​​ជ្រូក​​​ខ្វៃ​​​ បាន​​​និយាយ​​​ថា ​​​ “កម្មករ​​​នៅក្នុង​​​ផ្សារ​​​នៅ មិនទាន់​​​វិលត្រឡប់​​​ពី​​​ខេត្តមកវិញ​​​ទេ​​​​​​។ ខ្ញុំ​​​បើក​​​​​​លក់​​​ពីព្រោះ​​​កម្មករ​​​របស់​​​ខ្ញុំ​​​រស់​​​នៅ​​​ក្បែ​​​រាជ​​​ធានី​​​។ ហេតុ​​​ដូច្នេះហើយ​​​ពួក​​​គេ​​​ទៅ​​​បោះ​​​​​​ឆ្នោត​​​​​​រួច​​​ត្រឡប់​​​មក​​​វិញ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ អ្នក​​​ស្រី​​​ក៏បើក​​​លក់ដែរ​​​។ រីឯ​​​នៅ​​​ផ្សារ​​​កណ្ដាល​​​ តូប​​​ប្រហែលមួយ​​​ភាគ​​​បួន​​​បានបិទ​​​។

អ្នក​​​ស្រី អ៊ឹង ស្រី អាយុ​​​៣៦​​​ឆ្នាំ ជាអ្នក​​​លក់​​​ស្បែក​​​ជើង​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​បើក​​​លក់​​​នៅ​​​ថ្ងៃ​​​នេះ​​​ ពីព្រោះ​​​ខ្ញុំ​​​ត្រូវ​​​ការរកស៊ី​​​ ខ្ញុំ​​​មិន​​​ព្រួយ​​​បារម្ភ​​​អំពី​​​អំពើ​​​ហិង្សា​​​ណាមួយ​​​ឡើយ”​​​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស