អ្នកសង្កេតការណ៍អន្តរជាតិ២៩១នាក់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញឲ្យមកត្រួតពិនិត្យសកម្មភាពបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានប្រកាសថា ការបោះឆ្នោតជាតិអាណត្តិនេះបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទោះបីជាមានការចោទប្រកាន់ថា ភាពមិនប្រក្រតីកើតឡើងគួរឲ្យកត់សម្គាល់ក៏ដោយ។
ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យកត់សម្គាល់ ពោលគឺទទួលបាន៥៥អាសនៈក្នុងចំណោម១២៣អាសនៈនៅរដ្ឋសភាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ដែលជាសំឡេងភាគច្រើនដែរ។ ក្រុមអ្នកសង្កេតការណ៍ដែលតាមសេចក្តីរាយការណ៍ថា ទទួលបានការរ៉ាប់រងលើការចំណាយផ្សេងៗពីគណបក្សកាន់អំណាចនោះ បានលើកឡើងថា គណបក្សទាំងអស់គួរតែគោរព និងទទួលយកសំឡេងភាគច្រើននេះ។
សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ្ធអន្តរជាតិស្តីពីគណបក្សនយោបាយអាស៊ី (ICCAP) និងអង្គការទស្សននយោបាយអ្នកប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) មានខ្លឹមសារថា“ យើងយល់ឃើញថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យ ដែលកើតចេញពីឆន្ទៈដ៏រឹងមាំ និងជាជ័យជម្នះរបស់ប្រជាជនកម្ពុជានៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ ដោយផ្អែកលើភាពឧដុង្គឧត្តម និងខ្ពង់ខ្ពស់នៃការបោះឆ្នោត”។
ស្ថាប័នទាំងពីរបានអះអាងថា ខ្លួនតំណាងឲ្យគណបក្សនយោបាយ៣៤០គណបក្សមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា ប្រទេសភូមា ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ជាដើម។ សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរនោះបានចាត់ទុកការថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យប្រព្រឹត្តទៅដោយ “ សេរី និងយុត្តិធម៌ មានតម្លាភាព សន្តិភាព គ្មានអំពើហិង្សា និងរលូន។ នេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាធិបតេយ្យកម្ពុជាមិនមែនគ្រាន់តែមានភាពចាស់ទុំប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានចារិកល្អផ្នែកនយោបាយទៀតផង”។
នៅក្នុងសន្និសីទ្ធសារព័ត៌មានកាលពីព្រឹកម្សិលមិញ ក្រុមអ្នកសង្កេតការណ៍ទាំងនេះបានលើកឡើងជាថ្មីម្តងទៀត អំពីការវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនីតិកាលនេះ ទោះបីជា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើសន្និសីទ្ធសារព័ត៌មាន ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោតក៏ដោយ។
លោក សម រង្ស៊ី បានចោទប្រកាន់ថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើង ហើយបានអំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការមួយ ដើម្បីសើុបអង្កេតលទ្ធផលនេះ។ នៅពេលអ្នកសារព័ត៌មានសួរអំពីសេចក្តីរាយការណ៍ដែលថា មានឈ្មោះជាន់គ្នាក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងអ្នកបោះឆ្នោតជាច្រើនដែលបាននិយាយថា ខ្លួនរកឈ្មោះមិនឃើញនៅក្នុងបញ្ជី ចម្លើយរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនេះមានលក្ខណៈជាទស្សនវិជ្ជា។
លោក មូសាហីត ហូសេន សាយីត (Mu-shahid Hussain Sayed) អគ្គលេខាធិការអង្គការCAPDI បានលើកឡើងថា គ្មានប្រទេសណាបានរៀបចំការបោះឆ្នោតប្រកបដោយយុត្តិធម៌ទាំងស្រុងទេ សូម្បីតែប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅលោកខាងលិចក៏ដោយ។
លោកបានមានប្រសាសន៍ថា “ ជាអកុសល ប្រព័ន្ធផ្សព្វផ្សាយចង់កាត់បន្ថយរឿងរ៉ាវច្រើនពេក។ តើវាមានភាពសេរី និងយុត្តិធម៌ដែរឬទេ។ ចម្លើយអាចមាន ឬមិនមាន ក៏ប៉ុន្តែ វាត្រូវតែមានចម្លើយលាយឡំគ្នាច្រើនជាងមុន”។ លោកបានលើកឡើងបន្ថែមទៀតថា គុណវិបត្តិដែលទំនងជាកើតឡើង “ មិនបានប៉ះពាល់ជាក់ស្តែងទៅលើដំណើរការបោះឆ្នោតទេ”។
ការបោះឆ្នោតជាតិកាលពីឆ្នាំ២០០៨ បានទាក់ទាញអ្នកសង្កេតការណ៍អន្តរជាតិ៥០០នាក់ ដែលភាគច្រើនមកពីសហភាពអឺរ៉ុប ក៏ប៉ុន្តែ ឆ្នាំនេះសហភាពអឺរ៉ុបមិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកទេ ដោយបានលើកឡើងថា ខ្លួនមិនបានទទួលសំណើណាមួយទេ ហើយថា អនុសាសន៍ដែលក្រុមអ្នកសង្កេតការណ៍របស់ខ្លួនបានធ្វើឡើងកាលពីឆ្នាំ២០០៨ មិនត្រូវបានទទួលយកទេ។ ស្ថានទូតអាមេរិក ក៏បានឲ្យដឹងផងដែរថា ខ្លួនបានសម្រេចបញ្ជូនត្រឹមតែ “ អ្នកចុះពិនិត្យក្រៅផ្លូវការ” ទៅកាន់ការិយាល័យបោះឆ្នោត មិនមែនអ្នកសង្កេតការណ៍ផ្លូវការទេ។
យោងតាមអីុម៉េលរបស់លោក ជុង អីុយុង (Chung Euiyong) អគ្គលេខាធិការអង្គការ ICAPP ដែលបានផ្ញើចេញកាលពីខែមុន បានបង្ហាញថា ក្រុមអ្នកសង្កេតការណ៍ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំនេះ ទទួលបានការរ៉ាប់រងផ្នែកចំណាយពីគណបក្សប្រជាជនកម្ពុជា៕
ប្រែសម្រួលដោយ កង សុធា