28 C
Phnom Penh

ឱកាស​សម្រាប់​បេក្ខជន​តំណាង​រាស្ត្រ​​​​​របស់​​​គណ​​​បក្ស​ប្រជា​ជន​រលាយ​បាត់​ក្រោយ​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​សារ​លទ្ធផល​បឋម​​​​នៃ​​​ការ​​​បោះ ឆ្នោត​​​​​​ជាតិ​​​បង្ហាញ​ថា​​​ ​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​នឹង​​បាត់​បង់​​​អាសនៈ​​​សភា​យ៉ាង​តិច​២២​​នោះ​ ផែន​ការ​របស់​​​គណបក្ស​​​​កំពុង​​​កាន់​​​អំណាច​​​នេះ​​​​​​ក្នុងការ​​​ដាក់​បញ្ចូល​សមាជិក​សភា​​​ជំនាន់​ថ្មី​ ដែល​​​សុទ្ធតែ​​​ជា​​​កូន​ៗ​របស់ថ្នាក់​​​ដឹកនាំ​​​បក្ស​​​​ កំពុង​​​ស្ថិត​នៅ​ក្នុង​ក្តី​​​មន្ទិល​​​​។

កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​​លោក​​​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ  សុទ្ធ​​​តែ​​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​លេខ​រៀង​ក្រោម​​​គេ​​​ពេក​​​មិន​អាច​​​​ទទួល​បាន​អាសនៈ​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ទេ​​​ ប្រសិន​បើ​លទ្ធផល​​​បឋម​​​នៃ​​​​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​គឺ​​​ជា​​​លទ្ធផល​​​ត្រឹមត្រូវ​​​នោះ​​​​​។

​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឱកាស​កែ​ប្រែ​បញ្ជី​ឈ្មោះ​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​​របស់​ខ្លួន​ក៏ពិតមែន​​​​ ប៉ុន្តែ​​​​​​អាសនៈ​ទាំង​​​​៦៨​ដែល​គណបក្ស​​​នេះ​​ព្យាករ​​​ថា​​​ នឹង​​​ទទួល​​​បាន​​​ពី​​​ការ​​​បោះឆ្នោត​​​​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​​​មិន​​​គ្រប់​គ្រាន់​​​សម្រាប់​​​សមាជិក​សភា​​​បច្ចុប្បន្ន​​​របស់​​​​គណបក្ស​​​​​​នេះ​​​ទាំង​​​​៩០​រូប​​​​ទេ​​​។

លោក ហ៊ុន ម៉ានី ដែល​​​ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន និង​​​ជា​​​មេ​ដឹក​នាំ​​ចលនា​យុវជន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​បេក្ខជន​​​​​​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ​​​ លោក​​​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ឯ​ណោះ​​​​​​​​លើ​បញ្ជី​​​​​​​​​ឈ្មោះ​​​​​​បេក្ខជន​​​របស់​​​​គណបក្ស​​​​នេះ​​​សម្រាប់​​​​មណ្ឌល​​​​នេះ​។ ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​មណ្ឌល​កំពង់​ស្ពឺ​​​ បាន​ធ្លាក់​​​ចុះ​ពី​ប្រាំ​អាសនៈ​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​​​បី​អាសនៈ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​​កាល​​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​លទ្ធផល​​បឋម​របស់​គណបក្ស​​​នេះ​​​ផ្ទាល់​​​​ មាន​ន័យ​ថា លោក ហ៊ុន​ ម៉ានី មិន​​​អាច​​​​ទទួលបាន​​​អាសនៈ​​​​​សភា​ដោយ​​​​ស្វ័យ​ប្រវត្តិ​​​​​ឡើយ​​​។

បេក្ខ​ជន​​កំពូល​ៗ​ទាំង​​​បីរូប​របស់​គណ​បក្ស​​​កាន់​អំណាច​ក្នុង​ខេត្ត​នេះ​​​រួមមាន​​​ លោក​ សាយ ​ឈុំ ប្រធាន​ស្ដី​ទី​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ លោក ឆាយ ថន សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​​​គណបក្ស​ប្រជា​ជន​កម្ពុជា និង​លោក កង​ ហ៊ាន ដែល​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​​​​​​ គិត​​​មក​​​ត្រឹម​​​ដើម​ឆ្នាំ​នេះ។

លោក ហ៊ុន​​​ ម៉ានី​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​ទេ​​​​កាល​ពី​ម្សិលមិញ​​​​នេះ​​​។

ក្នុង​ខេត្ត​ព្រៃវែង​​​​ឯណោះ​​​វិញ​​​ ​​អាសនៈ​​​​​​សភា​​​​​​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​​ធ្លាក់ចុះ​​​ពី​ប្រាំពីរ​អាសនៈ​មក​​​នៅ​​​​ត្រឹម​ប្រាំ​អាសនៈក្នុង​​​ចំណោម​​​​១១​អាសនៈ​​​​ បើ​ទោះ​ជា​មាន​ការ​សន្យា​​​របស់​​​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​​​ ​នៅ​​​នាទី​​​ចុង​ក្រោយ​​​អំពី​​​មូលនិធិ​​​​សប្បុរសធម៌​ក្នុង​​​រង្វង់​​​​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​អ្នក​ក្រីក្រ​នៅ​ក្នុង​ខេត្ត​នេះ​​​ក៏​​​ដោយ​​​​។

ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​នោះ​ ​​លោក ស សុខា ​​កូន​ប្រុស​របស់​លោក ស ខេង ដែល​ស្ថិត​នៅ​​​លេខ​រៀង​ទី​៦​​ក្នុងមណ្ឌល​​​​នេះ​បន្ទាប់​ពី​លោក ជាម យៀប លោក ប៉ែន បញ្ញា និង​លោក ញឹម វណ្ណដា ក៏​​​​មិន​​​អាច​​​ត្រូវបាន​​​ជ្រើសតាំង​​​ជា​​​សមាជិក​​​​​​​​សភា​​​ដោយ​​​ផ្ទាល់​​​​​​ដែរ​​​​។

លោក​ សុខា បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​​​មិន​ទាន់​ដឹង​ថា តើ​នឹង​​​ទទួល​​​បាន​​​អាសនៈ​សភា​ដែល​​​នឹង​​​ត្រូវបាន​​​​សម្រេច​ដោយ​គណបក្ស​នេះ​​​​​ក្នុង​​​អំឡុង​​​ពេល​​​ពីរខែ​បន្ទាប់​​​​នេះ​​​​ឬ​​​អត់​​​នោះ​ទេ​។ លោកបាន​​​និយាយ​​​​ថា “ប្រសិន​បើ​​ខ្ញុំ​មិន​អាច​ចូល​សភា​​​បាន​ ខ្ញុំ​នឹង​ចូល​​​​កាន់​​​តួនាទី​​​​ជា​​ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​វិញ​”។

លោក សុខ​​​ អាន ដែល​ជា​បេក្ខជន​លេខ​រៀង​ទី​១​​​ប្រចាំ​មណ្ឌល​​តាកែវ​ ​​​បាន​​​ទទួល​​​អាស​​​នៈ​​​​​​សភា​​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ​​​​​​​ ប៉ុន្តែ គណ​​​បក្ស​នេះ​បាន​បាត់​បង់​ពីរ​អាសនៈ​ ហើយ​​​បើ​យោង​​​​តាម​​​​លទ្ធផល​​​​បឋម​​​នៃ​​​ការ​​​បោះឆ្នោត​​​​ គណ​​​បក្ស​​​​​​នេះ​​​មាន​​​​អាសនៈ​​សរុប​​​តែ​បួន​ប៉ុណ្ណោះ​​ក្នុង​ចំណោម​ប្រាំបី​អាសនៈ​​​​ដែល​​​ត្រូវ​​​បំពេញ​​​ក្នុង​​​មណ្ឌល​​​នេះ​​​មាន​ន័យ​ថា លោក​ សុខ សុកាន និង​លោក សុខ ផេង ដែល​ត្រូវ​​​ជា​កូន​ប្រុស​ និង​ក្មួយ​ប្រុស​របស់​លោក សុខ អាន ព្រម​ទាំង​លោក ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​​មិន​​​បាន​​​ទទួល​​​អាសនៈ​​​សភា​​​ប្រចាំ​​​មណ្ឌល​​​នេះ​​​​ឡើយ​។

លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ លោក សូ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ទូរគ​​​ម​​​នា​​​គមន៍​ និង​លោក​ និន សុភ័ណ្ឌ សមាជិក​គណៈ​​​កម្មាធិការ​កណ្ដាល​នៃ​​​គណ បក្ស​ប្រជា​ជន​​កម្ពុជា គឺ​​​ជា​បេក្ខជន​​​កំពូល​ៗ​​​ទាំង​​​បួន​រូប​​​រួម​​​​ជាមួយ​នឹង​លោក សុខ អាន ប្រចាំ​មណ្ឌល​​​​​តាកែវ​​​ នេះ​​​​។

លោក ឌី វិជ្ជា កូន​ប្រសា​របស់​លោក ហ៊ុន សែន និង​​​ជា​បេក្ខ​ជន​បម្រុង​ប្រចាំ​មណ្ឌល​ស្វាយ​រៀង ក៏​​អាចនឹង​​​គ្មាន​​​​អាសនៈ​សភា​ដែរ​​​​​។ ត្រង់​​​ថា​​​តើ​ គណបក្ស​នេះ​នឹង​​​​បែងចែក​​​អាសនៈ​​​សភា​​​សាជាថ្មី​​​​ឬ​យ៉ាង​ណា​នោះ​ គឺ​​​នៅ​​​មិន​ទាន់​ច្បាស់​​ទេ ប៉ុន្តែ​លោក​ ឈាង វុន អ្នក​នាំ​ពាក្យ​​រដ្ឋ​សភា​ លោក អូន​ ព័ន្ធមុនីរ័ត្ន​​​​ រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញ​វត្ថុ​ លោក អូស្ម័ន ហាស់សាន់ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ​ដែល​ជា​អ្នក​​​ដឹក​នាំ​ដ៏​​​លេចធ្លោ​​​មួយ​​​រូប​​​​​​ក្នុង​សហ​​​គមន៍​បងប្អូន​​​ខ្មែរ​​​អ៊ីស្លាម​​​ ​ និង​លោក សុខ ចិន្តា នៅ​​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មិន​មែន​ជា​ជម្រើស​ស្វ័យ​ប្រវត្តិ​ដែរ​។

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​​​បានឆ្លងកាត់​​​ស្ថានភាព​​​ស្រដៀង​​​​គ្នា​នេះ​ដែរ។ គណបក្ស​នេះ​ទទួល​បាន​តែ​៥១​​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​១២០​អាសនៈ​។ ក្នុង​​​កាលៈទេសៈ​​​បែប​​​នោះ​​​ ​សមាជិក​បក្ស​ជាន់​ខ្ពស់​​​ចំនួន​​​​៣២​រូប​ដែល​បាន​​​ឈ្នះ​​​​អាសនៈ​​​​សភា​​​ បាន​សុំ​លាលែង​ភ្លាមៗ​​​ ដើម្បី​បើក​ផ្លូវ​ឲ្យ​សមាជិក​ក្មេង​ៗ​ដែល​ភាគ​ច្រើន​ជា​អ្នក​បច្ចេកាធិបតេយ្យ​​​​។

លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល បាន​ឲ្យ​​​ដឹង​​​​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅកាត់ថា​​​ គ.ជ.ប. ជា​ដំបូង​នឹង​​​បែង​​​ចែក​​​​​​អាសនៈ​​​សភា​​​​ដោយ​ផ្អែក​លើ​បញ្ជី​​​​ឈ្មោះ​​​​​​បេក្ខជន​​​ដែល​បាន​​​ដាក់​ជូន​ គ.ជ.ប. មុន​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​គណបក្ស​ជាប់ឆ្នោត​​​នៅតែ​​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​​​ប្រសិន​បើ​ពួក​គេ​ចង់​។ លោក​បន្ត​​​ថា “ជួន​កាល​ គណបក្ស​​អាច​សម្រេច​ថា តើ​នរណា​ជា​​​អ្នក​​​ចេញ​​​ ​​នរណា​​​​ជា​​​អ្នក​​​​ចូល​​​​​​”។

លោក ឈាង វុន អ្នក​នាំពាក្យ​​រដ្ឋ​សភា​ បាន​​​ឲ្យ​​​ដឹង​​​​ថា អ្នកណា​នៅ​លេខ​រៀង​លើ​​​គេ​​​ក្នុង​បញ្ជី​​​​គឺ​​​មិន​​​សំខាន់​​​ទេ​​​​​​​ ព្រោះថា​​​​​​ គណបក្សនឹង​​​​សម្រេច​​​ថា​​​ តើ​​​​អ្នកណា​​​នឹង​​​​​​ទទួល​​​បាន​​​​អាសនៈ​​​​​សភា​​​ដោយ​ផ្អែក​លើ​គុណ​សម្បត្តិ​របស់​បេក្ខជន​នីមួយ​ៗ​មុន​ពេល​​​រដ្ឋ​សភា​ថ្មី​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​​។

ត្រង់ថា​ តើ​បេក្ខ​ជន​​​​​​​នឹង​​​​ទទួល​​​​បាន​​​អាសនៈ​​​​​សភា​​​ផ្អែក​លើ​​លេខ​រៀង​ក្នុង​បញ្ជី​​​​ឬ​​​យា៉ងណា​​​​នោះ លោក​បាន​ថ្លែង​ថា “ការ​ផ្លាស់​ប្ដូរគឺ​​​អាស្រ័យ​​​លើគណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ ដូច្នេះ​វា​មិន​​​សំខាន់​​​​ថា តើ​​​​អ្នក​​​ណា​​​ជាប់​​​ អ្នកណា​​​មិនជាប់​​​​​​នោះ​​​​ទេ”។

លោក​ ខាលីល ថេយ័រ (Carlyle Thayer) ជា​អ្នក​ជំនាញ​​ខាង​​​តំបន់​​​អាស៊ី​អាគ្នេយ៍​នៅ​សាលា​​​​​​បណ្ឌិត​​​​សភា​កង​កម្លាំង​​​ការពារ​​​ជាតិ​​​អូស្ត្រាលី​​​​ នៅ​​​រដ្ឋធានី​​​កង់បេរា៉​​​ បាន​លើកឡើង​​​ថា ការ​បាត់​បង់​សំឡេ​ងឆ្នោត​​​​ហូស​​​ពី​​​ការ​​​​រំពឹង​ទុក​នេះ​​​​ អាច​មាន​ផល​អាក្រក់​​​​លើ​គណបក្ស​​​​កំពុង​​​កាន់​អំណាច​​​​នេះ​​​។

លោក​ថ្លែង​​​ថា “គេ​ប្រាប់​ខ្ញុំ​ថា បេក្ខជន​វ័យ​ក្មេង​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​នៅ​លេខ​រៀង​ក្រោម​គេ​ក្នុង​បញ្ជី​​​​ឈ្មោះ​​​បេក្ខជន​​​របស់​​​បក្ស​ ហើយ​វា​នឹង​ក្លាយ​​​ជា​ប្រភព​នៃភាព​​​​ទោ​​​មន​​​ស្ស​​​​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​”។ លោក​បាន​​បន្ត​ថា “ខ្ញុំ​មិន​គិត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​​​បាន​​​រំពឹង​ថា នឹង​​​មាន​ការ​ផ្លាស់​ប្ដូរ​​​បែប​​​នេះ​ទេ​។ អ្នក​ដែល​​មិន​ជាប់​ឆ្នោត​នឹង​តវ៉ា​ឲ្យ​មាន​ការ​កែ​ទម្រង់​ក្នុង​​​បក្ស​”៕

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)
ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស