38 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​ច្រាន​​​ចោល​​​ពាក្យ​​​ចចាមអារ៉ាម​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​លាលែង​​​របស់​​​លោក​​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​សារ​​​លោក​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​បាត់​​​មុខ​​​ចាប់​តាំង​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​បាន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ តែ​​​បាន​​​បាត់​​​បង់​​​អាសនៈ​​​យ៉ាង​​​ច្រើន​​​នោះ​​​ គណបក្ស​​​នេះ​​​បាន​​​ស្វះស្វែង​​​ច្រា​​ន​​​ចោល​​​កាល​​​ពី​​​ម្សិលមិញ​​​នូវ​​​​​​ពាក្យ​​​ចចាមអារ៉ាម​​​ដែល​​​ថា លោក​​​ ហ៊ុន សែន បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ និង​​​បាន​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​ខ្លួន​​​។

តាម​​​រយៈ​​​​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ និង​​​ដែល​​​ត្រូវ​​​បានគេ​​​​​​ចាក់​​​ផ្សាយ​​​តាម​​​​​​ទូរទស្សន៍​​​បាយ័ន​​​ពេញ​​​មួយ​​​ថ្ងៃ​​​នោះ​​ គណបក្ស​​​នេះ​​​​​​បាន​​​បញ្ជាក់​​​ថា លោក ហ៊ុន សែន នៅ​​​តែ​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​មុខ​​​តំណែង​​​របស់​​​លោក​​​ដដែល​​​ទេ​​​ ដោយ​​​បាន​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​ក្នុង​​​នា​​​ម​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​អាណត្តិ​​​ក្រោយ​​​នេះ​​​។

គណបក្ស​​​ប្រជា​​​ជន​​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​ខ្លី​​​មួយ​​​ថា “ ថ្មី​​​ៗ​​​នេះ​​​ មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា សម្ដេច​​​ ហ៊ុន សែន អនុ​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​អាណត្តិ​​​ទី​​​៤ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​បរទេស​​​ និង​​​លាលែង​​​ពី​​​តំណែង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​”។

សេចក្ដី​​​ថ្លែងការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “ នេះ​​​ជា​​​សង្គ្រាម​​​យុទ្ធសាស្ត្រ​​​​​​ដែល​​​ជន​​​​​​អគ​​​តិ​​​មួយ​​​​​ចំ​នួន​​​តែង​​​បាន​​​ប្រឌិត​​​ឡើង​​​​​​ដើម្បី​​​បំពុល​​​បរិយាកាស​​​សង្គម​​​។ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​សូម​​​បំភ្លឺ​​​ថា សម្ដេច​​​ ហ៊ុន សែន បច្ចុប្បន្ន​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​ ហើយ​​​កំពុង​​​អនុវត្ត​​​ភារកិច្ច​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​ដូច​​​ធម្មតា​​​”។

សេចក្ដី​​​ថ្លែងការណ៍​​​នេះក៏​​​មាន​​​ខ្លឹមសារ​​​​​​​​​ថ្លែង​​​អំណរ​​​​​​គុណ​​​​​​ប្រជា​​​ជន​​​ក​​​ម្ពុជា​​​​​​ចំពោះ​​​ការ​​​ផ្ដល់​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​មួយ​​​អាណត្តិ​​​ទៀត​​​ដល់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​​​​មាន​​​ការ​​​អះអាង​​​ថា “ សម្ដេច​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​​​បន្ត​​​ស្ថិត​​​នៅ​​​ក្នុង​​​តំណែង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​អាណត្តិ​​​ទី​​​៥​​​ទៀត​​​”។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​អះអាង​​​ថា បាន​​​ឈ្នះ​​​៦៨​​​អាសនៈ​​​​​​សភា​​​​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង​​​១២៣​​​ គឺ​​​តិច​​​ជាង​​​ឆ្នាំ​​​២០០៨​ចំនួន២២​​​អាសនៈ​​​។ តែ​​​ទោះ​​​បី​​​ជា​​​យ៉ាង​​​ណា​​​ គណៈ​​​កម្មា​​​ធិការ​​​​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ហៅ​​​កាត​​​់​​​ថា គ.ជ.ប. មិន​​​ទាន់​​​បាន​​​ប្រកាស​​​លទ្ធផល​​​ផ្លូវ​​​ការ​​​នៅ​​​ឡើយ​​​ទេ​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​យោង​​​តាម​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា បាន​​​ឈ្នះ​​​៥៥​​​អាសនៈ​​​នោះ​​​ បាន​​​ច្រាន​​​ចោល​​​លទ្ធផ​​​ល​​​នេះ ហើយ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​មួយ​​​លើ​​​សេចក្ដី​​​រាយការណ៍​​​ស្ដី​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ដែល​​​ខ្លួន​​​ជឿ​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​នេះ​​​មិន​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ​​​​​​។

សេចក្ដី​​​ថ្លែងការណ៍​​​របស់​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ គ្មាន​​​​​​ការ​​​បញ្ជាក់​​​​​​ពី​​​មូល​​​ហេតុ​​​នៃ​​​ភាព​​​ស្ងប់​​​ស្ងៀម​​​ និង​​​ការ​​​មិន​​​ចេញ​​​មុខ​​​របស់​​​លោក ហ៊ុន សែន ដែល​​​ធ្លាប់​​​តែ​​​សម្បូរ​​​វោហារ​​​សាស្ត្រ​​​​​​នោះ​​​ទេ​​ ប៉ុន្តែ​​​មន្ត្រី​​​បក្ស​​​នេះ​​​ បាន​​​ផ្ដល់​​​ការ​​​ពន្យល់​​​ខ្លះ​​​ដែរ​​​ពី​​​មូល​​​ហេតុ​​​ដែល​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ហ៊ុន សែន បាត់​​​មុខ​​​ពី​​​សាធារណជន​​​​​​។

លោក ជាម យៀប សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ​​​ អះអាង​​​ថា លោក ហ៊ុន សែន នៅ​​​កំពុង​​​កាន់​​​ទុក្ខ​​​ឪពុក​​​របស់​​​លោក គឺ​​​លោក ហ៊ុន នាង ដែល​​​បាន​​​ទទួល​​​អនិច្ចកម្ម​​​ដោយ​​​សារ​​​ជរាពាធ​​​ នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​កក្កដា ក្នុង​​​ជន្មាយុ​​​៩០​​​ឆ្នាំ​​​​​​នៅ​​​ឡើយ​​​ទេ​​​។ លោក ជាម យៀប បាន​​​ថ្លែង​​​​​​ថា “ គាត់​​​កំពុង​​​កាន់​​ទុក្ខ​​​ឪពុក​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។ គាត់​​​មិន​​​បាន​​​ទៅ​​​ណា​​​ទេ​​​”។ នៅ​​​ពេល​​​ត្រូវ​​​បាន​សួរ​​​ពី​​​អវត្ត​​​មាន​​​របស់​​​លោក ហ៊ុន សែន នោះ​​​ លោក ងួន ញឹល អនុ​​​ប្រធាន​​​រដ្ឋ​​​សភា​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កំពុង​​​រង់​​​ចាំ​​ គ.ជ.ប. ប្រកាស​​​លទ្ធផល​​​ផ្លូវ​​​ការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ទាល់​​​តែ​​​​​​គ.ជ.ប. ចេញ​​​ផ្សាយ​​​លទ្ធផល​​​រួច​​ ទើប​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ចេញ​​​ផ្សាយ​​​ព័ត៌មាន​​​” ថា​​​​តើ​​​ខ្លួន​​​នឹង​​​​​បង្កើត​​​រដ្ឋាភិបាល​​​​​​ថ្មី​​​នៅ​​​ពេល​​​ណា​​​ និង​​​ដោយ​​​របៀប​​​ណា​​​។​​​​​​ គ.ជ.ប. បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ខ្លួន​​​នឹង​​​​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​ផ្លូវ​​​ការ​​​នៅ​​​ពាក់​​​កណ្ដាល​​​ខែ​​​សីហា​​​។

លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​ក្រៅ​​​ផ្លូវ​​​ការ​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នោះ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ពី​​​មូល​​​ហេតុ​​​នៃ​​​ការ​​​បាត​​់​​​មុខ​​​របស់​​​លោក ហ៊ុន សែន ពី​​​សាធារណជន​​​ទេ​​​ ហើយ​​​មិន​​​ព្រម​​​បញ្ជាក់​​​ថា តើ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​រូប​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ឬអត់​​​ទេ​​​។

នគរបាល​​​បាន​​​បិទ​​​ផ្លូវ​​​នៅ​​​ជុំ​​​វិញ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក ហ៊ុន សែន ក្បែរ​​​វិមាន​​​ឯករាជ្យ​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​កាល​​​ពី​​​ម្សិលមិញ​​​ ដូច​​​ដែល​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​រៀង​​​រាល់​​​ពេល​​​រសៀល​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​មក​​​ដែរ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ភូមិ​​​គ្រឹះ​​​អចិន្ត្រៃយ៍​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ គឺ​​​ស្ថិត​​​នៅ​​​​​ក្រៅ​​​ក្រុង​​​តាខ្មៅ ក្នុងខេត្ត​​​កណ្ដាល​​​ ឯ​​​ណោះ​​​ទេ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ឧត្ដមសេនីយ៍​​​ត្រី​​​ ខេង ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​របស់​​​លោក​​​ត្រូ​​​​វ​​​បាន​​​ដាក់​​​ឲ្យ​​ឈរ​​​ជើង​​​នៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក ហ៊ុន សែន ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ នៅក្នុង​​​ករណី​​​មាន​​​ហេតុការណ៍​​​ដែលនៅ​​​​​​មិន​​​ទាន់​​​ដឹង​​​ថា​​​ ជា​​​ហេតុការ​​​ណ៍​​​អ្វី​​​។

ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០០៨​​​ លោក ហ៊ុន សែន មិន​​​បាន​​​ថ្លែង​​​ជា​​​សាធារណៈ​​​រហូត​​​ដល់​​​គ្រប់​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះ​​​​​​​​​ឆ្នោត​​​​​​ ហើយ​​​ក្រោយ​​​មក ក៏​​​​​​បាន​​​​​​រិះ​​​គន់​​​គណ​​​​​​បក្ស​​​ហ្វ៊ុន​​​ស៊ិន​​​ប៉ិច​​​ដែល​​​ជា​​​ដៃ​​​គូចម្រុះ​​​រដ្ឋា​​​ភិបាល​​​​​​ចំពោះ​​​ការ​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ច្រា​​​ន​​​ចោល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​។

​​លោក​​​ ហ៊ុន សែន បាន​​​បង្ហាញ​​​​​​មុខ​​​ជា​​​សាធារណៈ​​​​​​មុន​​​នោះ​​​ប្រាំ​​​ថ្ងៃ​​​ ហើយ​​​ត្រូវ​​​គេ​​​ឮ​​​រិះ​​​គន់​​​លោក សម រង្ស៊ី ដែល​​​ពេល​​​នោះ​​​ជា​​​ប្រធាន​​​គណបក្ស សម រង្ស៊ី ចំពោះ​​​ការ​​​គំរាម​​​ធ្វើ​​​ពហិកា​​​​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ជា​​​លើក​​​ដំបូង​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។ ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​បង្ហាញ​​​មុខ​​​ជា​​​សាធារណៈ​​​ជាង​​​ថ្នាក់​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​​​​ចប់​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​មក​​​ ដោយ​​​បាន​​​ធ្វើ​​​សន្និសីទសារព័ត៌មាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បី​​​ច្រាន​​​ចោល​​​លទ្ធផល​​​ក្រៅ​​​ផ្លូវ​​​ការ​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស