28 C
Phnom Penh

សហ​រដ្ឋ​អាមេរិក​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​បានអំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ អំឡុង​ពេល​បោះ​ឆ្នោ​តជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីថ្ងៃ​អាទិត្យ​ ដែល​គណ​បក្ស​ប្រជាជ​ន​កម្ពុជា​បាន​អះ​អាង​ថា ខ្លួន​បាន​ឈ្នះ​ដោយ​ការ​បាត់​បង់​អាសនៈ​ជាច្រើន​។

​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដែល​យោងតាម​​តួ​លេខ​បឋម​ទទួល​បាន​ ៥៥​អាសនៈ​ និង​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៦៨​អាសនៈ​នោះ​កាល​ពីថ្ងៃ​ច័ន្ទ​ បាន​ច្រាន​ចោល​​លទ្ធផល​នេះ។ លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​​គណៈ​កម្មា​ធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ជាមួយ​គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ គណបក្ស​ទាំង​ពីរ អង្គការ​សហប្រជាជាតិ​ និង​សង្គម​ស៊ីវិល​ ដើម្បី​ស៊ើបអង្កេត​ការ​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​​ក្រសួង​ការបរទេស​សហ​​​រដ្ឋ​​​អាមេរិក​នៅ​ក្នុង​ទីក្រុង​វ៉ាសីុន​តោន​ កាល​ពីថ្ងៃ​ច័ន្ទ​ ដែល​បាន​ធ្វើ​ឡើង​​​​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​គណ​បក្ស​ប្រឆាំង​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​នេះ​ លោក​ស្រី ជិន សាគី (Jen Psaki) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បានអប​អរ​សា​ទរ​ប្រជាជន​ខ្មែរ​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​។

​មុន​ពេល​ថ្លែង​ពីការ​អះអាង​របស់​គណ​​​បក្ស​ប្រឆាំង​ដែល​ថា ការ​បន្លំ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​ធ្វើ​ឲ្យ​​ខូច​​សុពល​ភាព​នៃលទ្ធផល​បោះឆ្នោត​នេះ​ លោក​ស្រី​ សាគី បាន​មាន​ប្រសាសន៍ថា “ យើង​ជំរុញ​ឲ្យ​គណបក្ស​ទាំង​អស់​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​បន្ត​ធ្វើ​សកម្ម​ភាព​ត្រឹមត្រូវ​​ និង​ដោយ​សន្តិវិធី​​នៅ​​ក្រោយ​ពេល​បោះ​ឆ្នោត​”។

លោក​ស្រីបាន​មាន​​ប្រសាសន៍ថា យើង​មាន​កង្វល់​ដោយ​សារ​មាន​សេចក្តីរាយ​ការណ៍​ជាច្រើន​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​។ យើង​​បាន​ស្នើ​ជាប់​ជា​និច្ច​​​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​គុណ​វិបត្តិ​​ដែល​មាន​ជា​ប្រព័ន្ធ​ដូចជា បញ្ហា​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​មិន​ស្មើ​ភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​សូម​អំពាវ​​​នាវ​​ឲ្យ​មាន​ការ​សើុប​អង្កេត​ដោយ​តម្លា​ភាព​ និង​​ពេញ​លេញ​ចំពោះ​សេចក្តី​រាយ​ការណ៍​ ដែល​គួរ​​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​អស់​​អំពី​ភាព​មិន​ប្រក្រតី​”។

លោក​ស្រី សាគី បាន​មាន​ប្រសាសន៍ថា ការ​អត្ថាធិប្បាយ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ មិន​មាន​ន័យ​ថា សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​សំណើ​របស់​គណបក្ស​ប្រឆាំង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នោះ​ទេ។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា ដោយ​សារ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រ​តីទាំង​នេះ យើង​សូម​អំពាវនាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពេញ​លេញ​ និង​មាន​តម្លា​ភាព​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជឿ​ទុក​ចិត្ត​បាន​”។ “ នេះ​មិន​មែន​ជាការ​គាំទ្រ​សំណើ​ណា​​​​មួយ​ទេ​ វាពាក់​ព័ន្ធ​នឹង​ការ​ពិត​ដោយ​សារ​យើង​​​​មាន​កង្វល់​ពី​​ភាព​មិន​ប្រក្រតីទាំង​នេះ ហើយ​យើង​ជឿថា ​ប្រជាជន​ខ្មែរ​គួរ​តែ​មាន​ទំនុក​ចិត្ត​លើ​លទ្ធផល​នៃកា​របោះ​ឆ្នោត​នេះ​”។

កាល​ពី​ព្រឹក​ម្សិល​មិញ​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ភរិយា​របស់​លោក​ គឺ​លោក​ស្រី ជូឡុង​ សូមូរ៉ា និង​លោក កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​ស្ថាន​ទូត​សហ​​​រដ្ឋ​​​អាមេរិក​​ប្រចាំ​រាជធានី​ភ្នំពេញ​។

លោក​ ស៊ាន ម៉ាកគីនតុស​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ជួប​ពិភាក្សា​ជាមួយ​​លោក​ វីលៀម​  ថត ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ ប៉ុន្តែ ​​​ បាន​លើក​ឡើង​ថា លោក​មិន​អាច​បញ្ចេញ​ពី​​អ្វីដែល​បាន​ពិភាក្សា​នោះ​ទេ​។​ សមាជិក​ជាន់​​​​ខ្ពស់គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បដិសេធ​មិន​និយាយ​អំពី​ជំនួប​នេះដែរ។

លោក សម រង្ស៊ី​ ក៏​បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​ជូន​លោក អ៊ឹម​ សួស្តី ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំឲ្យមានការ​ស៊ើប​អង្កេត​។លិខិត​នោះ​បាន​លើកឡើង​ចំឈ្មោះ​សហ​រដ្ឋ​​អាមេរិក​ និង​អ្នក​ដែល​គួរ​ចូល​រួម​ក្នុងការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ថា “ ប្រជាជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ធ្លាប់​បាន​បោះ​ឆ្នោត​ពីមុន​នោះ ​បាន​បាត់​ឈ្មោះ​របស់​​ខ្លួន​ ឬ​​សរសេរ​ឈ្មោះ​ខុស​”។

លោក​ សម  រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា “ ដូច្នេះ​ហើយ​ ដើម្បីរក​យុត្តិធម៌​ជូន​អ្នក​បោះ​ឆ្នោត​ និង​គណបក្ស​នយោបាយ​ គ.ជ.ប. ត្រូវ​     តែ​​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ជាបន្ទាន់​​​​ ដើម្បី​​ស៊ើបអង្កេត​ភាពមិន​ប្រក្រតីទាំង​នេះ​​​”។ លោក​ ទេព​ នីថា អគ្គលេខាធិការ​ ​​​​គ.ជ.ប. ​​​​បាន​មាន​ប្រសាសន៍ថា ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ច្រាន​ចោល។

លោក​បាន​មាន​ប្រសាសន៍ថា “ គ.ជ.ប. ​មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មាធិការ​ទេ​។ វា​នៅក្រៅ​សមត្ថកិច្ច​របស់ ​គ.ជ.ប.” ។ លោក       ​បាន​​​​​បន្ថែម​ថា លទ្ធផល​បោះ​ឆ្នោត​ជាច្រើន​ទៀត​​នឹង​ចេញ​នៅ​​ថ្ងៃទី​១០ ខែ​សីហា​​ ហើយ​​​​ថា រដ្ឋ​សភា​ថ្មី​អាច​ចាប់​ផ្តើមដំណើរការ​​​បន្ទាប់​ពីការ​ចេញ​ផ្សាយ​លទ្ធផល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​។

លោក​ អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​កា​របរទេស​បាន​មាន​ប្រសាសន៍ថា បណ្តឹង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​ គឺ​ជា​កិច្ច​ការ​របស់​ គ.ជ.ប. ​ជាស្ថាប័ន​មួយ​ដែល​អ្នក​សង្កេត​ការណ៍​ចាត់​ទុក​ថា មិន​ឯករាជ្យ​​ពី​គណបក្សកាន់​អំណាច​។ លោក បូរិទ្ធ​ បាន​មាន​ប្រសាសន៍បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក​ ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​តំណាង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មក​ពី​ប្រទេស​និយាយ​ភាសា​បារាំង​ថា “ នេះគឺ​ជាភារកិច្ច​របស់ ​គ.ជ.ប.”។
លោក​បាន​មាន​ប្រសាសន៍បន្តទៀត​​​ថា  “ តាម​យោ​បល់​របស់​ខ្ញុំ​គឺថា   បណ្តឹង​របស់​គណបក្ស​ប្រឆាំង​មិន​ខុស​ពីការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ទេ​។ មុនការ​បោះ​ឆ្នោត​នេះ​ ពួក​គេ​បាន​ចូល​រួមយ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​។ នៅ​ពេល​​ជា​មួយ​​គ្នា​នេះដែរ​ ពួក​គេ​បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះទេ​”។

នៅ​ពេល​សួរ​អំពី​លទ្ធភាព​នៃការ​ជាប់​គាំង​ផ្នែក​នយោបាយដោយ​សារ​គណបក្ស​ប្រឆាំង​មាន​អាសនៈ​គ្រប់​ល្ម​ម​​អាច​​បដិសេធ​​​មិន​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំពេញ​​កូរ៉ុម​​សភា សម្រាប់​​បង្កើត​រដ្ឋា​​​ភិបាល​នោះ ​លោក​ បូរិទ្ធ​ បាន​មាន​ប្រសាសន៍​ថា វាអាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុងការ​ “ ទទួល​ស្គាល់​ការ​ពិត​” ។ លោក​បាន​មាន​ប្រសាសន៍ថា “ នៅ​ចំពោះ​មុខ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​អន្តរជាតិ​រាប់​រយ​នាក់​ និង​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​រាប់​ពាន់​នាក់​​ តើ​​គណបក្ស​ប្រឆាំង​មាន​ហេតុ​​​ផល​អ្វី​ក្នុង​ការ​បង្ក​បញ្ហា​ចំពោះ​​ការ​បង្កើត​​រដ្ឋាភិ​បាល​? គណបក្សប្រឆាំង​ត្រូវ​ផ្តល់​ភ័ស្តុតាង​មុន​ពេល​និយាយ​”។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​កាល​​ពីម្សិលមិញ អ្នក​នាំពាក្យ​ Catherine Ashton ជា​តំណាង​ជាន់​ខ្ពស់​​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា មាន​ការ​ចាត់​វិធានការ​មួយ​ចំនួន​ជាការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​ក្រុម​សង្កេត​ការណ៍​សហភាព​អឺរ៉ុ​ប​ កាល​ពី​​​ឆ្នាំ​២០០៨​។

សេចក្តី​ថ្លែង​ការណ៍​ពី​សហ​ភាព​អឺរ៉ុប​ ដែល​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​សង្កេតការណ៍​នៅ​ឆ្នាំនេះបាន​លើក​​​ឡើង​​ថា “ ទោះ​ជាយ៉ាងណា  តំណាង​ជាន់​ខ្ពស់​​​​រូប​នេះ​​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការចាំបាច់ទាំង​អស់​ដើម្បី​​ដោះ​ស្រាយ​​​ចំណុច​ខ្វះខាត​សំខាន់ៗ​​​​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​ឲ្យ​ជឿ​ទុក​ចិត្ត​​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ការ​ធានា​​ឲ្យមាន​​សិទ្ធិ​ស្មើ​​​គា្ន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ និង​ការទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ​ រួម​ទាំង​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ដោយ​មន្ត្រី​រាជការ​ និង​មន្ត្រី​យោធា​ជាដើម​”។

សេចក្តី​ថ្លែងការណ៍​នេះលើក​ឡើង​ថា “ បើ​ផ្តោ​ត​លើ​លទ្ធផល​បឋម​​ គណបក្ស​ទាំង​អស់​គួរ​តែ​ចូល​រួម​ចំណែក​ចំពោះ​អនាគត​ប្រទេស​ជាតិ​ និង​ចូល​រួម​ឲ្យ​បាន​សកម្ម​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​ចាំ​បាច់​ទាំង​នេះ ដើម្បី​ពង្រឹង​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា”។ សេចក្តី​ថ្លែងការណ៍​នេះ​​បាន​លើកឡើង​ទៀតថា សហភាព​អឺរ៉ុប​សង្ឃឹម​ថា ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​ គ.ជ.ប. និង​ទៅ​តុលាការ​នឹង​ត្រូវ​ដោះស្រាយ​ “ ដោយ​យុត្តិធម៌​ និងជាបន្ទាន់​”៕

(រាយការណ៍​បន្ថែម​ដោយ ផន បុប្ផា និង​ Colin Meyn)
ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស