កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានវិលត្រឡប់ទៅសួនច្បារមុខវត្តបទុម កន្លែងដែលការបំផ្ទុះគ្រាប់បែកមួយបានសម្លាប់អ្នកគាំទ្ររបស់លោកអស់១៦នាក់ ក្នុងឆ្នាំ១៩៩៧ និងបានថ្លែងសុន្ទរកថានៅស្តូបកណ្តាលរាជធានីភ្នំពេញ ដែលរំឭកដល់វិញ្ញាណក្ខន្ធនៃបុរស ស្ត្រី និងកុមារ ដែលបានបាត់បង់ជីវិតនៅក្នុងករណីផ្ទុះអំពើហិង្សាធំបំផុតមួយលើជនស៊ីវិលចាប់តាំងពីសម័យខ្មែរក្រហមមក។

នេះជាលើកដំបូងហើយដែលលោក សម រង្ស៊ី បានវិលត្រឡប់ទៅស្តូបរំឭកវិញ្ញាណក្ខន្ធនេះ ចាប់តាំងពីលោកបានចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ដើម្បីគេចវេះពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ដែលពេលនេះលោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសវិញហើយន។ រហូតមកទល់ពេលនេះមិនទាន់មានការចាប់ខ្លួនជនណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែក ដែលបានធ្វើឲ្យប្រជាពលរដ្ឋយ៉ាងហោចណាស់១០០នាក់ផ្សេងទៀត ដែលចូលរួមនៅក្នុងមហាបាតុកម្មមួយរបស់គណបក្សប្រឆាំងនៅខាងក្រៅរដ្ឋសភា រងរបួសនេះនៅឡើយទេ។
លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ៨០០នាក់ ដែលព័ទ្ធជុំវិញស្តូបរំឭកវិញ្ញាណក្ខន្ធនេះថា មិនយូរទេគណបក្សសង្គ្រោះជាតិរបស់លោកនឹងប្រគល់ជ័យជម្នះដល់អ្នកគាំទ្រគណបក្សប្រឆាំង ដែលបានបូជាជីវិតរបស់ខ្លួននៅក្នុងការប្រយុទ្ធគ្នាក្នុងឆ្នាំ១៩៩៧ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា “ មានភាពស្អាតស្អំ សេរី និងយុត្តិធម៌”។
លោកបានថ្លែងទៅកាន់អ្នកចូលរួមដែលស្រែកហ៊ោកញ្ជ្រៀវ និងដែលមានអ្នកសារព័ត៌មានរាប់សិបនាក់ចោមរោមជុំវិញនោះថា “ ខ្ញុំជឿថា ជ័យជម្នះរបស់យើង [អ្នកគ្រប់គ្នា] នឹងដឹងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀតនេះ។ តែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ បាតុករវីរបុរសដែលបានបូជាជីវិតរបស់ខ្លួនដើម្បីប្រទេសជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ពួកគេនឹងមើលឃើញជ័យជម្នះរបស់យើង ហើយនឹងមកអបអរពួកយើង”។
លោក សម រង្ស៊ី ក៏បានរំឭកគំនុំអតីតកាលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ជុំវិញការវាយប្រហារដោយគ្រាប់បែកនេះ។ លោកមានប្រសាសន៍ថា “ អ្វីៗដែលយើងបានធ្វើ និងកំពុងបន្តធ្វើ គឺត្រូវបញ្ចប់មាយាទអាក្រក់របស់អ្នកមានអំណាចដែលប្រើអំណាចផ្តាច់ការ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់រងទុក្ខវេទនា ធ្វើឲ្យប្រជាពលរដ្ឋចុះខ្សោយកម្លាំង ហើយសម្លាប់ប្រជាពលរដ្ឋកម្ពុជា”។
លោក សម រង្ស៊ី ដែលបានបន្ទោសលោក ហ៊ុន សែន ជាយូរមកហើយចំពោះការវាយប្រហារនេះ បានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រីទៅសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៥ តែត្រូវតុលាការនេះមិនទទួល។ ក្រោយមកលោក សម រង្ស៊ី បានដកពាក្យបណ្តឹងដែលលោកបានដាក់ប្តឹងលោក ហ៊ុន សែន នៅអាមេរិកដោយផ្ទាល់ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាដកការចោទប្រកាន់បទបរិហារកេរ្តិ៍ប្រឆាំងរូបលោកវិញ ដោយអនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ និងឈរឈ្មោះក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨។
ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិកបានបិទការស៊ើបអង្កេតរបស់ខ្លួនលើករណីវាយប្រហារនេះ បណ្តាលមកពីពលរដ្ឋអាមេរិកម្នាក់បានរងរបួសនៅក្នុងឆ្នាំ២០០៥ ដោយមិនបានធ្វើការសន្និដ្ឋានច្បាស់លាស់ណាមួយឡើយ ប៉ុន្តែ ក្រោយមកសំណុំឯកសាររបស់ FBI ដែលបានចេញផ្សាយតាមច្បាប់ស្តីពីសេរីភាពក្នុងការទទួលបានព័ត៌មាន បានចង្អុលទៅលើគណបក្សប្រជាជន។
អំឡុងព្រឹត្តិការណ៍កាលពីម្សិលមិញ ដែលមានការចូលរួមពីលោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា ជាអ្នកនយោបាយបក្សប្រឆាំង និងត្រូវជាភរិយារបស់លោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិផ្សេងៗទៀត រួមជាមួយព្រះសង្ឃចំនួន១២អង្គសូត្រធម៌ប្រហែល៣០នាទីនោះ ក្រុមអ្នកចូលរួម បានស្រែកហ៊ោកញ្ជ្រៀវឲ្យមានការផ្លាស់ប្តូរ មុនពេលពួកគេបំបែកគ្នា។
លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះដែលបានចូលរួមក្នុងពិធីកាលពីម្សិលមិញដែរ មានប្រសាសន៍ថា វត្តមានរបស់លោក សម រង្ស៊ី មិនមែនធ្វើឡើងដោយសារតែការចង់ចេញមុខជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការរំឭកដាស់តឿនផងដែរដល់ “ អ្នកដែលជិតស្និទ្ធនឹងគណបក្ស” អំពីកម្លាំងយូរអង្វែងនៃចលនាប្រឆាំងរបស់កម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា “ នោះគឺជាកន្លែងដែលយើងតែងតែត្រឡប់ទៅវិញ ដែលធ្វើឲ្យយើងចងចាំជានិច្ច កន្លែងដែលនៅតែស្ថិតក្នុងបេះដូងរបស់យើង កន្លែងដែលធ្វើឲ្យយើងនៅតែរឹងមាំ”៕
(រាយការណ៍បន្ថែមដោយ Colin Meyn)
ប្រែសម្រួលដោយ តែម សុខុម