កាលពីម្សិលមិញ សាលាដំបូងរាជធានី ភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីបុរសបីនាក់ និងស្ត្រី ម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ពីបទលួចសម្លៀកបំពាក់ពីកុងតឺន័រមួយគ្រឿងដែលដឹកសម្លៀកបំពាក់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ ចំណែកឯជនសង្ស័យបីនាក់ផ្សេងទៀតដែលជាទាហានកងយោធពលខេមរភូមិន្ទនោះត្រូវបានកាត់ទោសកំបាំងមុខ។
ឈ្មោះ កក់ សាក់នូវ អាយុ២៧ឆ្នាំ និងឈ្មោះ គឹម ឈាង អាយុ២៥ឆ្នាំជាបុគ្គលិកកំពង់ផែឈ្មោះ សាំង សារួស អាយុ២៤ឆ្នាំជាអ្នកបើកបរ និងស្ត្រីឈ្មោះ ពៅ អូន អាយុ៤៣ឆ្នាំត្រូវជាប្រពន្ធរបស់បុរសម្នាក់ក្នុងចំណោមបុរសដែលត្រូវកាត់ទោសកំបាំងមុខនោះ បានប្រាប់តុលាការថា ពួកគេមិនមានកំហុសក្នុងការលួចសម្លៀកបំពាក់ពីកុងតឺន័រ ដែលគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល១០០.០០០ដុល្លារនោះឡើយ។
ជនសង្ស័យទាំងបួននាក់នេះក៏បាននិយាយផងដែរថា ពួកគេមិនបានដឹងថា មានកាំភ្លើង AK-47 ចំនួនពីរដើមដែលនគរបាលបានរឹបអូសពីរថយន្តពីរគ្រឿង ដែលពួកគេបានជិះនោះឡើយ។ បុរសឈ្មោះ សារួស បាននិយាយថា “ ខ្ញុំបានធ្វើការនៅកំពង់ផែរនេះ ហើយខ្ញុំមិនជាប់ពាក់ព័ន្ធនឹងការចូលទៅក្នុងកុងតឺន័រលួចយកទំនិញទាំងនេះទេ។ ខ្ញុំគ្រាន់តែជាអ្នកបើកបររថយន្តប៉ុណ្ណោះ តែខ្ញុំមិនដឹងថា មានអ្វីនៅក្នុងកុងតឺន័រនោះឡើយ”។
មេធាវីការពារក្តីជនសង្ស័យទាំងបួននាក់នេះបានសុំឲ្យចៅក្រមលើកលែងការចោទប្រកាន់ទាំងអស់។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃពុធ សប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ សោម សារុន