30 C
Phnom Penh

ការរបូត​អាសនៈ​ឆ្លុះ​បញ្ចាំង​​ពី​ភាព​ខុស​គ្នា​រវាង​ការ​គាំទ្រ​បក្ស​​ជា​សាធារណៈ​និង​ជា​លក្ខណៈ​បុគ្គល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ឯ​សាលា​បឋម​​សិក្សា​ចាក់​អង្រែ​ក្រោម​ ​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ លោកតា​ កាត់ អុំ អាយុ​៨២​ឆ្នាំ​ បាន​ដើរ​​​​យឺត​ៗ​ចេញ​ពី​​​​ការិយាល័យ​​​បោះឆ្នោត​​​​​​ ដោយ​​​​ម្រាម​ដៃ​​​មាន​​​​ប្រឡាក់​ទឹក​ខ្មៅ​។

លោក​តា កាត់ អុំ ទៅ​​​បោះ​ឆ្នោត​មិន​​​ដែល​​​​​​ខាន​​​ទេ​​​ ដោយ​​​​លោកតា​​​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​​​អះអាង​ថា មាន​សមាជិក​ដល់ទៅ​​​​៥,៧​លាន​នាក់​ ក្នុង​​​ការ​​​​បោះ​ឆ្នោត​​​រាល់​​​លើក​​​​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។ ប៉ុន្តែ​​​ក្នុងការ​​​បោះឆ្នោត​​​ឆ្នាំ​នេះ​​​​ លោកតា​​​បាន​​​ប្តូរ​​​ចិត្ត​​​ហើយ​​​​​​ ​។

លោក​តា​បាន​មាន​ប្រសាសន៍​ថា “ពេល​នេះ​ខ្ញុំ​ប្ដូរ​ចិត្ត​​​​ហើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ប្ដូរ​ខ្លះ​​។​​​ នេះ​​​​​​​បើ​​​តាម​​​គំនិត​​​របស់​​​ខ្ញុំ​” ដោយ​​​លោក​តា​​បាន​បដិសេធ​មិន​បញ្ចេញ​​​ឈ្មោះ​គណបក្ស​ដែល​លោកតា​បាន​​​បោះ​​​ឆ្នោត​​​​​​ឲ្យ​​​នោះ​ទេ​។លោក​តា​ កាត់​ អុំ ស្ថិត​​​នៅ​​​​ក្នុង​ចំណោម​ប្រជា​ជន​ដ៏​ច្រើន​​​​លើសលុប​​​​ដែល​បាន​គាំទ្រ​គណបក្សប្រជាជន​​​កម្ពុជា​​​​ជា​សាធារណៈ​អស់​​​រយៈពេល​​​ជា​​​យូរ​មក​​ហើយ​​​​ ប៉ុន្តែ​​​​​​ដែល​​​បាន​​​ប្តូរ​​​ចិត្ត​​​​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​មួយ​ផ្សេង​​​ទៀត​​​វិញ​​​​​​​ ជាហេតុ​​​​ធ្វើ​ឲ្យ​អាសនៈ​​​សភា​​​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា ​​​​ធ្លាក់ចុះ​​​ពី​​​​៩០​មក​ត្រឹម​៦៨​អាសនៈ​​​​វិញ​​​។

កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ចំនួន​៣,២​លាន​ ​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​សួរ​​​អំពី​​​សន្លឹក​ឆ្នោត​​​​ទាំង​​​២,៥​លាន​​​​ផ្សេង​​​ទៀត​​​​ដែល​ខ្លួន​មិន​បាន​ទទួល​ពី​សមាជិក​បក្ស​របស់​ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជា​​​​បាន​​​ធ្វើ​​​យុទ្ធនា​​​ការយ៉ាង​​​គគ្រឹកគគ្រេង​​​​​​​​​ពេញ​​​​រយៈ​ពេល​​៣០​ថ្ងៃ​ ដោយ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​​មនុស្ស​រាប់​លាន​​​នាក់​នៅ​ទូទាំង​ប្រទេស ​ដែល​​​​​​ម្នាក់ៗ​​​សុទ្ធតែ​​​​​​​​​ពាក់​អាវ​​​​និង​មួក​​​​មាន​​​បិទ​​​រូប​​​សញ្ញា​​​គណបក្ស​​​​ប្រជាជន​​​។​​​

ប៉ុន្តែ​ ​លោក កឹម ឡី អ្នក​វិភាគ​នយោបាយ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បានលើកឡើង​​​​ថា ការ​​បង្ហាញ​ការ​គាំទ្រ​​គណបក្ស​នេះ​ជា​សាធារណៈ​​តាម​រយៈ​សមាជិក​ភាព​នេះ​ គឺ​​​មិន​ឆ្លុះ​​​បញ្ចាំង​​​ពី​អារម្មណ៍​ពិត​ប្រាកដ​របស់​អ្នក​បោះ​ឆ្នោត​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​អាច​និយាយ​បាន​ថា ​​​​នៅ​តាមតំបន់​​​​ជន​បទ​ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​បញ្ចេញ​​​​ទស្សនៈ​របស់​ខ្លួន​ជា​សាធារណៈ​ឡើយ”។

លោក​បានមា​នប្រសាសន៍​បន្ត​ទៀតថា​ “មាត់​​​ពួក​គេ​និយាយ​ថា ខ្លួន​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​នៅ​​​ក្នុង​ចិត្ត​វិញ ពួក​គេ​មិន​​​គាំទ្រ​​​ទាល់តែ​​​សោះ​​​​​​ ​​​ពួក​គេ​ស្ទើរ​តែ​ទាំង​​​អស់​​​​​គ្នា​មិន​គាំ​ទ្រ​គណបក្ស​ប្រជាជន​ទេ​​​។ ប្រសិន​បើ​អ្នក​រៀបចំ​​​​ជំនួប​មួយ​​ ហើយ​សួរ​ពួកគេ​​​ថា តើ​​​​ពួកគេ​​​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឬ​​​អត់​​​នោះ​​​​ ពួក​គេ​ទាំង​អស់​គ្នា​ប្រាកដ​​​ជា​​​ឆ្លើយ​​​ថា គាំទ្រ​ ក៏ប៉ុន្តែ​​​​ នេះ​​​​មិន​មែន​ជា​សេរីភាព​ឡើយ​​​​”។

លោកបាន​មាន​ប្រសាសន៍​​​​ថា “កាល​​ខ្ញុំ​ធ្វើ​ការ​ក្នុងជួរ​​​​រដ្ឋាភិបាល​កាលពី​​​​១០​ឆ្នាំ​​​មុន​​​ មិត្ត​ភក្ដិ​របស់​ខ្ញុំ​ស្ទើរ​តែ​ទាំង​អស់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋា​​​ភិបាល​ទេ​ ក៏​​​ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ចូល​រួម​​​​ក្នុង​​​កិច្ច​​​​ប្រជុំ​របស់​គណ បក្ស​ប្រជា​ជន​កម្ពុជា​។ ពួកគេ​​​គ្រប់​គ្នា​ទៅ​ចូល​រួម​​​​ក្នុង​​​ជំនួប​ប្រចាំ​ឆ្នាំ​​​​របស់​​​បក្ស​​​មិន​​​ដែល​​​ខាន​​​ទេ​​​ ជា​ពិសេស​​គឺ​​​ជំនួប​​​ថ្ងៃ​៧​ ​មករា​”។

លោក គល់ បញ្ញា នាយក​គណៈ​​​កម្មា​​​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល បាន​​​លើក​​ឡើង​​​ថា លោក​ជឿ​ថា ប្រជា​ពល​រដ្ឋ​​​​ត្រូវ​​​បង្ខំ​​​ចិត្ត​​​​​បង្ហាញ​ពី​​​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​គណ​បក្ស​កាន់​អំណាច​ ដើម្បី​ចៀស​វាង​​​​ការ​រើស​អើង​។ លោក​បាន​មាន​ប្រសាសន៍​​​​ថា “​ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​​មិន​ចង់​​​​បង្ហាញ​​​​ឲ្យ​​​គេ​​​ឃើញ​​​ថា ខ្លួន​​​​មិន​​​ពេញចិត្ត​​​​គណ​​​បក្ស​ប្រជាជន​ រដ្ឋាភិបាល​ មន្ត្រី​ ឬ​អ្នក​ជំនួញ​​ទេ​។ ពួក​គេ​​​គ្រាន់​តែ​ធ្វើ​ពុត​​​​ថា ខ្លួន​​​​មិន​ស្អប់​​​គណបក្ស​​​ប្រជាជន​​​​​​ប៉ុណ្ណោះ​​​​”។

លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​នៅ​​​ក្នុង​មណ្ឌល​​​​ព្រៃវែង​កាល​ពី​ថ្ងៃ​អាទិត្យ​​​​ បាន​​​ស្តែង​​​ឲ្យ​​​ឃើញ​​​​​​យ៉ាងច្បាស់​​​ថា តើ​​​​​មាន​​​សមាជិក​គណ​​​បក្ស​​​ប្រជា​ជន​កម្ពុជា​​ប៉ុន្មាន​នាក់​ដែល​​​តាមពិត​​​មិន​​​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​។​​​តួលេខ​របស់​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​បង្ហាញ​​​​ថា ខ្លួន​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​២៥១​.​៤៩២​ នៅ​ក្នុង​មណ្ឌល​​​ព្រៃ​វែង​។ ក៏ប៉ុន្តែ​គណបក្ស​​​នេះ​​​​ក៏បាន​​​​អះអាង​ផង​​​ដែរ​ថា ខ្លួន​​​មាន​សមាជិក​ចំនួន​៤៦៨​.០០០​​​​នាក់​​​នៅ​ក្នុង​​​មណ្ឌល​​​នេះ​​​។ សម្រាប់​​​​គណបក្ស​មួយ​ដែល​មាន​មោទន ភាព​ខ្លួន​ឯង​ជា​យូរ​មក​ហើយ​ចំពោះ​​​សមត្ថភាព​របស់​​​ខ្លួន​​​ក្នុងការ​​​ទាក់​ទាញ​អ្នក​ចុះ​ចូល​ពី​គណ​បក្ស​ផ្សេងៗ​នោះ​ ការ​ប្រៀប​ធៀប​តួលេខ​សន្លឹក​​​ឆ្នោត​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​ភាព​ខុស​គ្នា​​ បើ​​ធៀប​នឹង​តួលេខ​សមាជិក​ភាព​។

លោក ជាម យៀប អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បានទទួល​​​ស្គាល់​​​​ថា វា​ទំនង​ដែរ​​​ថា​​​ មាន​ការ​​​ផ្លាស់ប្តូរ​​​ការ​​​គាំទ្រ​​​​នៅ​ទូទាំង​ប្រទេស​ដោយសារ​​​​ហេតុផល​មួយ​ចំនួន​។ លោក​បាន​ថ្លែង​ថា “ នេះ​​​​ជា​​មាគា៌​ប្រជា​ធិបតេយ្យ​។ ពល​រដ្ឋ​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​យើង​ទេ​​​។ ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​កោះ​ពេជ្រ​ បឹង​កក់ និង​បុរី​កីឡា​។ អ្នក​ខ្លះ​ត្រូវ​បាន​គណបក្ស​ផ្សេង​ទៀត [គណបក្ស​សង្គ្រោះ​ជាតិ​] បោក​បញ្ឆោត​​​ថា ខ្លួន​​​​នឹង​ទទួល​បាន​១០​ដុល្លារ​ក្នុង​មួយ​ខែ” ដោយ​​​លោក​​​បាន​​​​សំដៅ​​​​លើ​​​​ប្រាក់​​​​​​ឧបត្ថម្ភ​​​​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្សព្វផ្សាយ​​​យ៉ាងខ្លាំង​​​អំឡុង​​​យុទ្ធនាការ​ឃោសនា​​​​រក​​​សំឡេង​​​​ឆ្នោត​។

លោក យឹម សុវណ្ណ​​​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​​​ថា ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ជា​សាធារណៈ​​គឺ​​​ទំនង​​​ជា​​​ពុំ​​​មាន​​​ភាព​​​ស្មោះត្រង់​​​ទេ​​​​​ “ ​ដោយ​សារ​ការ​ធ្វើ​ខុស​ និង​ដោយ​សារ​គោល​នយោ​បាយទាញ​ទឹក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ ដូច្នេះ​ពួក​គេ​ក៏​​​ឈប់​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​ងាក​​​មក​​​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ”។

ការ​​​បោះឆ្នោត​​​ដែល​​​បានធ្វើ​​​ឲ្យ​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​​​​​បាត់បង់​អាសនៈ​​យ៉ាងច្រើន​​​នេះ​​​ ​​​​មាន​​​​​​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ភាព​មិន​ប្រក្រតី​​​​ទាំងនៅ​​​មុន​​​​និង​​​​នៅ​​​ថ្ងៃ​បោះ​ឆ្នោត​​​ផ្ទាល់​​​តែម្តង​​​​។ អង្គការ​​​ ខុមហ្វ្រែល ​​​ធ្វើការ​​​ប៉ាន់​ប្រមាណ​​​​​​តាំងពី​​​​ប៉ុន្មាន​ខែ​​​​មុន​​​​ថា ពលរដ្ឋ​​​​ប្រហែល​មួយ​លាន​នាក់​នឹង​​​បាត់បង់​​​សិទ្ធិ​បោះ​ឆ្នោត​ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. បាន​លប់​ឈ្មោះ​ពួកគេ​​​ចេញ​​​​​ពី​បញ្ជី​​​​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត​​​​ដោយ​​​ខុសឆ្គង​​​។

លោក សុវណ្ណ បាន​អះអាង​ថា ភាគ​ច្រើន​នៃ​​​​សន្លឹក​ឆ្នោត​ទាំង​នោះ​នឹង​បន្ថែម​ពី​​​លើ​​​ចំនួន​សន្លឹក​ឆ្នោត​ដែល​​​ត្រូវ​​​​បាន​ទៅ​​​គណបក្ស​សង្គ្រោះ​ជាតិ​។  លោក​បាន​បន្ត​ថា “វា​ប្រាកដ​​​​​ជា​​​​​ប៉ះ​ពាល់​ដល់​អ្នក​បោះ​ឆ្នោត​របស់​យើង​។ ឧទាហរណ៍​ មេឃុំ​ និង​ស្មៀន​​​ឃុំ​​​​គឺ​ជា​អ្នក​ដែល​ទទួល​​​បន្ទុក​​​ចុះ​ឈ្មោះ​​​អ្នក​​​បោះឆ្នោត​​​​ និង​ជា​អ្នក​ដែល​ដឹង​ច្បាស់​​​ថា អ្នកណា​​​​គាំទ្រ​​​​អ្នកណា​នៅ​ក្នុង​ឃុំ​ ដូច្នេះ​ពួក​គេ​ស្គាល់​​​​មនុស្ស​​​​គ្រប់​គ្នា​នៅ​ក្នុង​ឃុំ ហើយ​​​ដឹង​​​ថា​​​ អ្នកណា​ខ្លះ​​​ដែល​​​គាំទ្រ​​គណ​បក្ស​សង្គ្រោះ​ជាតិ​”៕

(រាយការណ៍​បន្ថែម​ដោយ អ៊ាង ម៉េងឡេង និង ផន បុប្ផា)
ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស