ក្រុមមន្ត្រីបាននិយាយថា សមាជិកក្រុមប្រឹក្សាស្រុកពីររូបមកពីគណបក្ស សម រង្ស៊ីត្រូវបានបណ្តេញចេញពីតួនាទីរបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ ដោយក្រសួងមហាផ្ទៃ ដែលបានអះអាងថា សមាជិកក្រុមប្រឹក្សាទាំងពីររូបនេះបានបោះបង់ចោលតួនាទីរបស់ខ្លួនដោយបានទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
លោក សៅ ហន និងលោក ឈុន ឈឿន សមាជិកក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យត្រូវបានបណ្តេញចេញពីតួនាទីអំឡុងកិច្ចប្រជុំជាមួយលោក កៅ ហុន ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សា១៦រូបផ្សេងទៀតដែលសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាកាលពីខែវិច្ឆិកា ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ លោក កៅ ហុន បានបញ្ជាក់ពីការបណ្តេញចេញនេះដោយលើកឡើងពីលិខិតមួយច្បាប់ចុះថ្ងៃទី២ ខែកក្កដា និងចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថា សមាជិកក្រុមប្រឹក្សាទាំងពីររូបនេះនឹងបោះបង់ចោលតួនាទីរបស់ខ្លួន ប្រសិនបើពួកគេក្លាយជាសមាជិកគណបក្សពីរក្នុងពេលដំណាលគ្នា។
លិខិតរបស់លោករដ្ឋមន្ត្រីដែលនិយាយពីការបន្តគោលនយោបាយដែលប្រើប្រាស់ដោយគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតនោះមានខ្លឹមសារថា “ ទាំងសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងគណបក្សត្រូវតែឈប់ពីគណបក្សចាស់នៅពេលពួកគេចូលរួមជាមួយគណបក្សនយោបាយថ្មី”។
កាលពីខែមិថុនា គណៈកម្មការអចិន្ត្រៃយ៍សភាដែលសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជានោះ បានសម្រេចដកសមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ២៧រូបចេញពីតួនាទី និងប្រាក់ខែរបស់សមាជិកសភាទាំងនោះ ពីព្រោះពួកគេបានរួមគ្នា ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។
លោក សៅ ហន ជាសមាជិកក្រុមប្រឹក្សាមួយរូបក្នុងចំណោមសមាជិកក្រុមប្រឹក្សាពីររូបដែលត្រូវបានបណ្តេញចេញនោះបានមានប្រសាសន៍ថា លោក និង លោក ឈុន ឈឿន គឺជាជនរងគ្រោះដោយភាពអយុត្តិធម៌ ហើយត្រូវបានដាក់ទណ្ឌកម្មដោយគ្រាន់តែបានលើកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅមុខផ្ទះរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “ អាណត្តិតាមរយៈការជាប់ឆ្នោតរបស់យើងនឹងបញ្ចប់បន្ទាប់ពីការបោះឆ្នោតថ្នាក់ស្រុកនិងថ្នាក់ខេត្តនៅខែឧសភាឆ្នាំក្រោយឯណោះ”។
លោក ដួង ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្តគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្ស សម រង្ស៊ី នៅក្នុងខេត្តកំពង់ឆ្នាំងនៅតែមានសមាជិកក្រុមប្រឹក្សាខេត្តបីរូប ក្រុមប្រឹក្សាស្រុក២០រូបនៅក្នុងស្រុកចំនួនប្រាំបី និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៨៧រូបនៅក្នុងឃុំសង្កាត់ចំនួន៦៩ រហូតដល់ការបោះឆ្នោតនៅខែឧសភាឆ្នាំ២០១៤។ លោក ចាន់តារា បានមានប្រសាសន៍ថា “ ប្រធានក្រុមប្រឹក្សាស្រុកក៏បានគំរាមកំហែងបណ្តេញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្ស សម រង្ស៊ី ផងដែរ ប៉ុន្តែ លោកបានធ្វើរឿងនេះនៅថ្នាក់ស្រុកមុន”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកបានដឹងអំពីការបណ្តេញចេញនេះ ប៉ុន្តែ បានមានប្រសាសន៍ថា គណបក្សរបស់លោកមិនទាន់ដឹងថា តើមានសមាជិកក្រុមប្រឹក្សាប៉ុន្មានរូបត្រូវបានបណ្តេញចេញពីតួនាទីរបស់ខ្លួននៅទូទាំងប្រទេសឡើយ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំយល់ថា គណបក្សប្រជាជនកម្ពុជាបានបណ្តេញសមាជិករបស់យើងចេញ ដែលផ្ទុយទៅនឹងច្បាប់ ពីព្រោះតួនាទីរបស់ខ្លួននៅមានសុពលភាពរហូតដល់ក្រោយការបោះឆ្នោតថ្នាក់ស្រុកនិងថ្នាក់ខេត្តឯណោះ”។
លោក កៅ ហុន ប្រធានក្រុមប្រឹក្សាស្រុកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកឯលោក សោម ម៉េង អភិបាលរងស្រុកបានអះអាងថា សមាជិកក្រុមប្រឹក្សាទាំងនេះត្រូវបានបណ្តេញចេញមែន ប៉ុន្តែ បានបដិសេធមិនបរិយាយលម្អិតឡើយ៕
ប្រែសម្រួលដោយ សោម សារុន