31 C
Phnom Penh

បក្ស​ប្រឆាំង​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​គាំទ្រ​ដែល​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​​បោះ​ឆ្នោត​នោះ​​​កាលពី​ម្សិលមិញ​ ​ត្រូវ​បាន​ផ្ដល់​វិធី​ថ្មី​មួយ​​ ដើម្បី​​​​ធ្វើ​ ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជាផ្លូវ​ការ​ ដោយ​​គណបក្ស​នេះ​បាន​អញ្ជើញ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​​មក​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ កាលពី​ព្រឹក​មិញ​នេះ ដើម្បី​​ចាប់​ផ្ដើម​​ធ្វើ​ពាក្យ​​បណ្ដឹង​បញ្ជូន​ទៅ​​គណៈ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រ​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​​បឋម​របស់​ខ្លួន​បាន​រក​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២០០.០០០​នាក់​ត្រូវ​បាន​​​បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត​​​កាល​​ពី​ថ្ងៃអាទិត្យ​ ដោយ​សារ​ពួកគាត់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ឬ​​​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​​ជំនួស​រួច​ហើយ​។

លោក សុន ឆ័យ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​អត់​ធ្មត់​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​ ហើយ​រង់​ចាំ​រហូត​ដល់​ចេញ​លទ្ធ​ផល​ផ្លូវ​ការណ៍​សិននោះ ​​​បាន​​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​ ការ​ជួបជុំ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ក្នុង​ខណ្ឌ​ទួល​គោក​ អាច​​​ផ្ដល់​ឱកាស​ដល់​អ្នក​​មិន​សុខ​ចិត្ត​ឲ្យ​សម្តែង​ការ​មិន​សប្បាយ​​​​ចិត្ត​របស់​ខ្លួន​។

លោក​ថ្លែង​បន្ត​ថា “ មាន​​ប្រជាពលរដ្ឋ​​មាន​កំហឹង​ជា​ច្រើន​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ ប៉ុន្តែ​​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​ ហើយ​​យើង​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​លើក​ឡើង​អំ​ពី​កង្វល់​របស់​ខ្លួន​”។    លោក​បា​មាន​ប្រសាសន៍​បន្ត​​ថា​ “ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​​យើង​​​​ត្រូវ​តែ​ប្រមូល​ភ័ស្តុតាង​ជា​ផ្លូវ​ការ​​ហើយ​បញ្ចូលគ្នា​ជា​មួយ​​ភ័ស្តុតាង​​ពី​ភ្នាក់​ងារ​របស់​យើង​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា ដើម្បី​​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត”។

លោក សុន ឆ័យ​ ដែល​ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​នេះ​​បាន​​ទទួល​​​​​អាសនៈ​​១​​នៅ​ក្នុង​សភា​បន្ទាប់​ពី​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​លេខរៀង​ទី​៣ សម្រាប់​​មណ្ឌល​រាជធានី​ភ្នំពេញ​នោះ​​បាន​ថ្លែង​ថា ការ​ជួប​ជុំ​​នេះ​ត្រូវ​ធ្វើឡើង​ជា​រៀង​រាល់​ថ្ងៃ​រហូត​​​​​​ដល់​ប្រមូល​បាន​ពាក្យ​បណ្ដឹង​ទាំង​អស់​ ហើយ​បញ្ជូន​ទៅ​​ឲ្យ​​​មន្ត្រី​នៅ​​​តាម​​​​បណ្ដា​ស្ថាប័ន​​ពាក់​ព័ន្ធ​និង​ក្រុម​អ្នក​សង្កេត​ការណ៍​។

លោក​បន្ត​ទៀត​ថា “ យើង​បាន​អញ្ជើញ​​​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ អង្គការ ​ខុម​ហ្វ្រែល អង្គការ និកហ្វិច ឲ្យ​មក​ចូល​​រួម​​និង​ស្ដាប់​នូវ​​ការ​លើក​ឡើង​របស់​ប្រជា​ពល​រដ្ឋ​។​ជាពិសេស ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​នេះ​ឯង​ដែលជា​អ្នក​​ពាក់​ព័ន្ធ​ក្នុង​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត​​នេះ​​មុន​គេ”៕

(រាយ​ការ​បន្ថែម​ដោយ​ ម៉ិច ដារ៉ា​)
ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស