នៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយយ៉ាងច្រើនអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បង្ហាញពីទឹកមុខចងចិញ្ចើម ឬសប្បាយរីករាយរបស់លោក។
កម្មវិធីផ្សាយផ្សេងៗទៀតដែលយើងអាចទស្សនាបានរួមមាន វីដេអូ ខារ៉ាអូខេ ឬខ្សែភាពយន្តភាគ ប៉ុន្តែ ការចាក់ផ្សាយតែមួយគត់អំពីបក្សសង្គ្រោះជាតិ បង្ហាញពីសកម្មភាពក្រុមយុវជនស្លៀកសម្លៀកបំពាក់ធ្វើយុទ្ធនាការឃោសនារាំ ដែលទំនងជាស្រវឹងស្រា។
លោក ហ៊ុន សែន ដឹងច្បាស់ថា គណបក្សលោកមានប្រៀបផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ លោកបានឡកឡាយឲ្យគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិឆ្នាំក្នុង២០០៨ថា “ អ្នកឯងមានមួយប៉ុស្តិ៍ យើងមាន៣៩ប៉ុស្តិ៍”។
ប៉ុន្តែ លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលបានបង្ហាញថា សំឡេងគាំទ្រភាគច្រើនរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះពី៩០អាសនៈមកនៅត្រឹម៦៨អាសនៈនោះ បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថ្វីបើគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងស្រុងក៏ដោយ ក៏គណបក្សប្រឆាំងនៅតែអាចផ្សព្វផ្សាយសាររបស់ខ្លួនបានដដែល។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ការប្រែប្រួលចំនួនអាសនៈនេះ បានកើតមានឡើងដោយសារតែគណបក្សប្រជាជនកម្ពុជាពឹងផ្អែកខ្លាំងពេកទៅលើការគ្រប់គ្រង់របស់ខ្លួនលើប្រព័ន្ធផ្សព្វផ្សាយ។
លោកបានមានប្រសាសន៍ថា “ ពួកគេបរាជ័យនៅក្នុងការបោះឆ្នោតនេះ ដោយសារតែពួកគេគិតខុស។ ពួកគេគិតថា ប្រសិនបើពួកគេប្រើប្រាស់ស្ថានីយទូរទស្សន៍ ពួកគេអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូបដោយមិនចាំបាច់មានភាពស្មោះត្រង់ ឬបង្កើតសង្គមមួយដែលមានយុត្តិធម៌នោះឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “ដំណោះស្រាយរបស់យើង គឺត្រូវចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យើងបានចុះគ្រប់ឃំុ-សង្កាត់ទាំងអស់នៅក្នុងប្រទេស ដើម្បីពន្យល់ពីគោលនយោបាយរបស់យើង និងឆ្លើយសំណួររបស់ប្រជាពលរដ្ឋ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកជឿថា ប្រជាពលរដ្ឋកម្ពុជាធុញទ្រាន់ នឹងអ្វីដែលលោកហៅថា ជាការឃោសនារបស់គណបក្សប្រជាជនកម្ពុជា។ យោងតាមលោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ប្រព័ន្ធអីុនធើណិតក៏បានដើរតួយ៉ាងសំខាន់ដែរ នៅក្នុងការបង្កើនភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋពីផ្ទះមួយទៅផ្ទះមួយ។
លោកស្រីបានមានប្រសាសន៍ថា “ នោះគឺបណ្តាញទំនាក់ទំនងសង្គម។ ខ្ញុំអាចនិយាយបានថា ចន្លោះពី៨៥ភាគរយទៅ៩០ភាគរយនៃយុវជនរបស់យើងនៅតាមតំបន់ក្រុង អាចជួយជំរុញឲ្យប្រជាពលរដ្ឋជួយគាំទ្រជារៀងរាល់ថ្ងៃ ហើយពួកគេសុទ្ធតែរៀបចំតាមហ្វេសប៊ុក”។
លោក ម៉ូញ សារ៉ាត់ អ្នកធ្វើយុទ្ធនាការឃោសនាម្នាក់ក្នុងចំណោមអ្នកធ្វើយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់នៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង បានយល់ស្របថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា យុទ្ធសាស្ត្រទំនាក់ទំនងរបស់បក្សសង្គ្រោះជាតិទទួលបានជោគជ័យ ប៉ុន្តែបានលើកឡើងថា គណបក្សប្រឆាំងនៅតែចាញ់ប្រៀប។
លោកបានមានប្រសាសន៍ថា “ និយាយពីប្រសិទ្ធភាពនៅក្នុងការផ្សាយព័ត៌មាន យើងមានទំនាក់ទំនងមុខពីរ ប៉ុន្តែ ក្នុងមួយថ្ងៃយើងអាចចុះទៅផ្ទះប្រជាពលរដ្ឋបានតិចតួចប៉ុណ្ណោះ។ ប្រសិនបើមានទូរទស្សន៍ យ៉ាងហោចណាស់ យើងអាចប្រាប់ប្រជាពលរដ្ឋ បានច្រើននិងផ្តល់ព័ត៌មានបានកាន់តែច្រើន”។
លោក សារ៉ាត់ មានប្រសាសន៍បន្ថែមថា ទូរទស្សន៍ក៏ជួយប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិឲ្យជួបជំុគ្នានៅតាមទីសាធារណដើម្បីផ្សព្វផ្សាយពីគណបក្សផងដែរ។ លោកបានមានប្រសាសន៍ថា “ នៅពេលយើងមើលឃើញការវិលត្រឡប់របស់លោក សម រង្ស៊ី ហើយយើងឃើញប្រជាពលរដ្ឋរាប់ម៉ឹននាក់ចេញមកទទួលស្វាគមន៍លោក ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា មានប្រជាពលរដ្ឋពីរបីពាន់នាក់ប៉ុណ្ណោះដែលបានមកស្វាគមន៍ ហើយប្រជាពលរដ្ឋមិនបានដឹងពីទំហំពិតប្រាកដនេះទេ”។
លោកបានបន្តថា “ ប្រសិនបើប្រជាពលរដ្ឋបានមើលឃើញរូបភាពទាំងនោះ ពួកគាត់នឹងកាន់តែមានការជឿជាក់។ ពួកគាត់នឹងគិតថា “ មិនមែនមានតែខ្ញុំទេដែលគាំទ្រគណបក្សប្រឆាំង” ហើយវានឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែចាប់អារម្មណ៍”។
យោងតាមលោក កង មាស អនុប្រធានទំព័រព័ត៌មានទាន់ហេតុការណ៍របស់គណបក្សសង្គ្រោះជាតិ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលគ្រប់គ្រងចេញពីទីស្នាក់កណ្តាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រព័ន្ធអ៊ីនធើណិតជាមធ្យោបាយទំនាក់ទំនងគួរឲ្យទាក់ទាញជាងប្រព័ន្ធផ្សព្វផ្សាយសម្រាប់គណបក្សសង្គ្រោះជាតិ។
លោកមានប្រសាសន៍ថា “ នេះគឺជាវិធីតែមួយគត់ដែលយើងអាចផ្សាយដំណឹងរបស់យើងបាន ប៉ុន្តែ នៅពេលយើងផ្សាយ វាបានបន្តពីមនុស្សម្នាក់ទៅមនុស្ស១០នាក់ ពី១០នាក់ទៅរាប់ពាន់នាក់”។ លោកបានមានប្រសាសន៍បន្តថា “ យើងគ្មានប្រព័ន្ធផ្សព្វផ្សាយដូចគណបក្សកាន់អំណាចទេ ប៉ុន្តែ វាមានភាពងាយស្រួលក្នុងការផ្សាយដំណឹងដោយប្រើវិធីនេះ ពីព្រោះយើងមិនចាំបាច់ត្រៀមទុកជាមុនឲ្យបានល្អដូចសម្រាប់ទូរទស្សន៍ឡើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា ការផ្សព្វផ្សាយយ៉ាងច្រើនអំពីគណបក្សប្រជាជនកម្ពុជានៅតាមស្ថានីយទូរទរស្សន៍នានា មិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលទេ ពីព្រោះម្ចាស់ស្ថានីយទូរទស្សន៍អាចជ្រើសរើសផ្សាយនូវអ្វីដែលខ្លួនចូលចិត្តបាន។
លោកបានមានប្រសាសន៍ថា “ វាដូចនៅ សហរដ្ឋអាមេរិកដែរ។ ប្រសិនបើពួកគេចូលចិត្តពួកសាធារណរដ្ឋ ពួកគេគាំទ្រពួកសាធារណរដ្ឋ ប្រសិនបើពួកគេចូលចិត្តពួកប្រជាធិបតេយ្យ ពួកគេគាំទ្រពួកប្រជាធិបតេយ្យ។ ទៅទីនេះក៏ដូចគ្នា ពួកគេមិនចូលចិត្ត [គណបក្សសង្គ្រោះជាតិ] ទេ”។
លោកថ្លែងថា “ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំងដល់ថ្នាក់នោះទេ។[គណបក្សសង្គ្រោះជាតិ] ប្រើប្រាស់កម្មវិធីផ្សាយដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក ដូចជាវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ជាដើម ជាអ្នកនាំពាក្យរបស់ខ្លួន និងបណ្តាអង្គការក្រៅរដ្ឋាភិបាលដែលមានភាពលម្អៀងដើម្បីចេញផ្សាយសេចក្តីប្រកាសព័ត៌មាន”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបានមានប្រសាសន៍ថា ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ថ្វីបើប្រព័ន្ធផ្សព្វផ្សាយមានភាពលម្អៀងក៏ដោយ ក៏ពួកគេនៅតែគួរទទួលបានការចាក់ផ្សាយតាមទូរទស្សន៍ដែរ។
លោកបានមានប្រសាសន៍បន្តថា “ នឹងមានការចរចាផ្នែកនយោបាយ មុនពេលរដ្ឋាភិបាលត្រូវបានបង្កើតឡើង។ លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលគណបក្សប្រឆាំងអាចនឹងព្យាយាមចរចាជាមួយគណបក្សកាន់អំណាច គឺការទទួលបានប្រព័ន្ធផ្សព្វផ្សាយ គឺយ៉ាងហោចណាស់ក៏អាចបង្កើតស្ថានីយទូរទស្សន៍មួយដោយខ្លួនឯងដែរ”។ វាជាគោលបំណងមួយដែលលោកស្រី មូរ សុខហួរ មានប្រសាសន៍ថា គណបក្សរបស់លោកនឹងផ្តោតការយកចិត្តទុកដាក់នៅក្នុងអាណត្តិខាងមុខ ប៉ុន្តែ វាជាគោលបំណងមួយដែលលោក ខាលីល ថេយ័រ (Carlyle Thayer) អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី បានមានប្រសាសន៍ថា ប្រហែលជាមិនសូវមានសារៈសំខាន់ទេនៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា “ នៅក្នុងប្រទេសវៀតណាម ប្រជាជនអានកាសែតរបស់រដ្ឋាភិបាលពេលនៅកន្លែងធ្វើការ ប៉ុន្តែ នៅផ្ទះពួកគេអានព័ត៌មានតាមអាយភែត”។លោកបានមានប្រសាសន៍បន្តទៀតថា “ សម្រាប់គណបក្សប្រឆាំង [របស់កម្ពុជា] ការបោះឆ្នោតរបស់យុវជនសំខាន់ខ្លាំងណាស់ ហើយដោយអ្នកគ្រប់គ្នាចេញទៅក្រៅសុទ្ធតែកាន់ទូរស័ព្ទដៃទៅជាមួយ អ្នកត្រូវសួរថា កន្លែងណាដែលពួកគេទទួលបានព័ត៌មានឲ្យប្រាកដនៅពេលនេះ”៕
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)
ប្រែសម្រួលដោយ តែម សុខុម