កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនសង្ស័យថា គណបក្សកាន់អំណាចមានជាប់ពាក់ព័ន្ធក្នុងការលួចបន្លំសន្លឹកឆ្នោតអំឡុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ ហើយបានអំពាវនាវឲ្យម្ចាស់ជំនួយអន្តរជាតិរបស់ប្រទេសនេះទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់មួយ។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការបង្កើតគណៈកម្មាធិការមួយដែលមានការចូលរួមពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោត ដែលគណបក្សទាំងពីរសុទ្ធតែអះអាងថា ខ្លួនជាអ្នកទទួលជ័យជម្នះ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅបុរីញូយ៉ក កាលពីម្សិលមិញនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ខ្លួនបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាមានជាប់ពាក់ព័ន្ធក្នុងការលួចបន្លំសន្លឹកឆ្នោត។
សេចក្ដីថ្លែងការណ៍នេះមានការអះអាងថា មេភូមិមិនបញ្ចេញឈ្មោះមួយរូបមកពីគណបក្សប្រជាជនកម្ពុជា បានសារភាពប្រាប់បុគ្គលិករបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ខ្លួនបានចេញឯកសារសម្គាល់ខ្លួនក្លែងក្លាយដើម្បីបានសន្លឹកឆ្នោតបន្ថែមសម្រាប់គណបក្សកាន់អំណាចតាមបញ្ជារបស់ឧត្តមសេនីយ៍យោធាមួយរូបដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “ គាត់បានពន្យល់ថា ឧត្ដមសេនីយ៍មួយរូបបានណែនាំឲ្យគាត់ចេញឯកសារដោយប្រើឈ្មោះរបស់អ្នកភូមិដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែដែលបានស្លាប់បាត់ទៅហើយឬដែលបានចាកចេញពីស្រុកកំណើតរបស់ខ្លួនជាយូរមកហើយនោះ”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានលើកឡើងផងដែរថា ខ្លួនទទួលបានដំណឹងថា មានមន្ត្រីយោធានិងក្រុមគ្រួសាររបស់ពួកគេដែលត្រូវបានគេចេញប័ណ្ណបោះឆ្នោតឲ្យនៅក្នុងតំបន់ដែលមិនមែនជាទីលំនៅរបស់ខ្លួន និងថា មានមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបានប៉ុនប៉ងបោះឆ្នោតនៅការិយាល័យបោះឆ្នោតច្រើនកន្លែងផ្សេងគ្នា។ អង្គការនេះក៏បានអំពាវនាវឲ្យម្ចាស់ជំនួយដែលបាននិងកំពុងផ្ដល់ជំនួយឲ្យរដ្ឋាភិបាលកម្ពុជាជាច្រើននៅឡើយនោះ បង្ខំឲ្យមានការស៊ើបអង្កេតដ៏ហ្មត់ចត់មួយជុំវិញការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតផងដែរ។
លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា “ ផែនការអនុញ្ញាតឲ្យមានការបោះឆ្នោតបានច្រើនដងនេះ ស្តែងឲ្យឃើញពីលទ្ធភាពនៃការលួចបន្លំសន្លឹកឆ្នោតជាប្រព័ន្ធពីសំណាក់គណបក្សប្រជាជនកម្ពុជា និងបង្កឲ្យមានមន្ទិលជាខ្លាំងចំពោះភាពគួរឲ្យជឿជាក់នៃការបោះឆ្នោតនេះ”។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “ ដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតក្នុងមូលដ្ឋានសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចនោះ រដ្ឋាភិបាលនិងម្ចាស់ជំនួយដែលមានឥទ្ធិពលគួរតែទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យលើការលួចបន្លំនេះ ក៏ដូចជាការចោទប្រកាន់គួរឲ្យជឿជាក់ផ្សេងៗទៀតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។ ប្រសិនបើគ្មានការស៊ើបអង្កេតអំពីភាពមិនប្រក្រតីនេះទេនោះ អ្នកបោះឆ្នោត មិនអាចមានទំនុកចិត្តលើភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលថ្មីដែលបង្កើតឡើងចេញពីការបោះឆ្នោតនេះឡើយ”។
កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោតនានា។លោកស្រី ខាធឺរីន អាស្តុន (Catherine Ashton) ប្រធានផ្នែកកិច្ចការបរទេសនៃសហភាពអឺរ៉ុប ក៏បានសម្ដែងការសោកស្ដាយផងដែរចំពោះការដែលអនុសាសន៍ដែលត្រូវបានផ្តល់ក្រោយការបោះឆ្នោតឆ្នាំ២០០៨ មិនត្រូវបានរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តឲ្យបានពេញលេញ នោះ។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅក្រោមចំណងជើងថា “ ការពឹងផ្អែកលើជំនួយនៅកម្ពុជា៖ មូលហេតុដែលជំនួយបរទេសធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ” បានលើកឡើងថា វាមិនទំនងថា នឹងមានម្ចាស់ជំនួយណាមួយដែលនឹងកាត់ផ្ដាច់ជំនួយរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវឲ្យមានការស៊ើបអង្កេតនេះទេ ។
លោកបានលើកឡើងតាមរយៈអ៊ីម៉េលមួយថា “ ជាអកុសល ការអំពាវនាវទាំងនេះមិនទំនងថា នឹងមានឥទ្ធិពលលើគណបក្សកាន់អំណាចសោះឡើយ”ដោយលោកបានធ្វើការកត់សម្គាល់ថា ប្រទេសមួយចំនួន រាប់ទាំងប្រទេសចិន និងប្រទេសហុងគ្រីផង បានប្រកាសរួចហើយថា ការបោះឆ្នោតនេះគឺបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោក អៀ សុផល បានគូសបញ្ជាក់ថា ធនាគារពិភពលោក ដែលបានផ្អាកការផ្ដល់ប្រាក់កម្ចីថ្មីៗរបស់ខ្លួនឲ្យប្រទេសកម្ពុជា ដោយសារការដោះស្រាយមិនបានល្អរបស់រដ្ឋាភិបាលជុំវិញការបណ្ដេញប្រជាជនចេញនៅសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញនោះ ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្ដើមចរចា
ជាមួយរដ្ឋាភិបាលជាថ្មីម្ដងទៀតក្រោយការបោះឆ្នោត។ លោក អៀ សុផល បានមានប្រសាសន៍ថា “ ប្រហែលជាមានការពន្យាពេលខ្លះក្នុងចំណោមម្ចាស់ជំនួយ ប៉ុន្តែនៅទីបំផុតពួកគេនឹងទទួលយកការពិត ហើយលែងឈរឱបដៃមើលទៀត”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង