កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានឹងចូលរួមក្នុងការស៊ើប អង្កេតអំពីភាពមិនប្រក្រតីនានាអំឡុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះ ហើយថា គណបក្សកំពុងកាន់អំណាចរបស់លោកកំពុងត្រៀមខ្លួនបើក កិច្ចពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ។

អំឡុង ពេលបង្ហាញមុខជាសាធារណៈជាលើកដំបូង គិតចាប់ពីថ្ងៃបោះឆ្នោតមក លោក ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងពេលចុះទៅ ពិនិត្យមើលការសាងសង់ស្ពានអាកាសនៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញថា ការស៊ើបអង្កេតអំពីការលួចបន្លំសន្លឹកឆ្នោតដូច ការចោទប្រកាន់ នឹងត្រូវបានធ្វើឡើងទៅតាមការទាមទាររបស់ គណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានថ្លែងថា “ ខ្ញុំបានទទួលដំណឹងក្រៅផ្លូវការថា គ.ជ.ប. [ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] នឹងដោះស្រាយបញ្ហានេះ ហើយនឹងមានការចូលរួមពីគ្រប់គណបក្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់។ នេះជាមធ្យោបាយវិជ្ជមានមួយក្នុងការបើកចំហ ទ្វារសម្រាប់ការដោះស្រាយបញ្ហានេះដោយអនុ លោមទៅតាមច្បាប់… ប្រសិនបើគ.ជ.ប. គិតថា វាជារឿងសំខាន់សម្រាប់គណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការចូលរួម [នៅក្នុងការស៊ើបអង្កេតនេះ] រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាស្វាគមន៍ឱកាសនៃការ បង្ហាញពីតម្លាភាព និងស្វែងរកដំណោះស្រាយដែលយើងអាចទទួលយកបាន ទាំងអស់គ្នា”។
ប្រសាសន៍របស់នាយករដ្ឋមន្ត្រី រូបនេះ បង្កប់ន័យថា រាល់ការស៊ើបអង្កេតណាមួយគឺអាស្រ័យលើគ.ជ.ប. ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជាស្ថាប័នមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន មិនបានលើកឡើងពីការពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ឬសហគមន៍អន្តរជាតិដែលមានបញ្ជាក់ក្នុងការទាម ទាររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិឡើយ។
ជាការអំពាវ នាវឲ្យមានភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត លោក ហ៊ុន សែន បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលរួមទាំងមន្ត្រីគណបក្សប្រជាជនផង គួរតែវិលទៅធ្វើការវិញដូចធម្មតា។
លោក ហ៊ុន សែន បានថ្លែងថា “ ប្រសិនបើយើងមិនព្រមគោរពលទ្ធផល ហើយប្រើអំពើហិង្សា ឬមធ្យោបាយផ្សេងៗទៀតដែលផ្ទុយពីរដ្ឋធម្មនុញ្ញ នោះ ខ្ញុំគិតថា វានឹងបង្កឲ្យមានចលាចលទូទាំងប្រទេស”។ លោក ហ៊ុន សែន បន្តថា លោកប្រហែលជានឹងជួបជាមួយលោក សម រង្ស៊ី ប៉ុន្តែបានបញ្ជាក់ថា កិច្ចការបែបនេះ ដំបូងត្រូវប្រគល់ឲ្យទេសរដ្ឋមន្ត្រីសិន ។
លោកបញ្ជាក់ថា “ ការដោះស្រាយនានាខ្ញុំបានប្រគល់ទៅឲ្យ ឯកឧត្ដម ស ខេង ឯកឧត្ដមសាយ ឈុំ និងឯកឧត្ដម សុខ អាន។ ប្រសិនបើចាំបាច់ខ្ញុំក៏អាចប្រើពេលវេលា ដ៏លំបាករបស់ខ្ញុំដើម្បីសន្ទនាមួយដែរ”។ លោក ហ៊ុន សែន បានលើកឡើងពីការបង្កើតគណៈកម្មាធិការដាច់ដោយ ឡែកមួយដើម្បីចរចាជាមួយគណបក្សប្រឆាំងស្ដីពីការ បង្កើតរដ្ឋសភាថ្មីដែលត្រូវបង្កើតឡើងអំឡុង ពេល៦០ថ្ងៃក្រោយការបោះឆ្នោត។
លោកមាន ប្រសាសន៍ថា “ យើងត្រៀមខ្លួន និងបើកចំហចំពោះកិច្ចពិភាក្សានៅក្នុងចំណោមគណបក្ស ដែលមានអាសនៈនៅរដ្ឋសភាជាតិ ដើម្បីពិភាក្សាអំពីក្បាលម៉ាស៊ីននៃរដ្ឋសភា។ សម្រាប់រឿងនេះ យើងមិនអាចឲ្យជនបរទេសដោះស្រាយបញ្ហាឲ្យយើង បានទេ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបំភ្លឺថា គណៈកម្មាធិការទី២ដែលលោក ហ៊ុន សែន បានសំដៅដល់នេះ គឺកំពុងត្រូវបានស្នើឡើងដោយគណបក្សប្រជាជន កម្ពុជា ហើយនឹងធ្វើការដំណាលគ្នានឹងការស៊ើបអង្កេតពី ភាពមិនប្រក្រតីក្នុងការបោះឆ្នោតដែរ។
ខណៈ គណបក្សប្រជាជនបានអះអាងពីជ័យជម្នះ ជាមួយនឹងការទទួលបាន៦៨អាសនៈទល់នឹង៥៥អាសនៈ នោះ លោក សម រង្ស៊ី បានអះអាងកាលពីថ្ងៃអង្គារថា ការគណនារបស់គណបក្សសង្គ្រោះជាតិផ្ទាល់បង្ហាញ ថា ខ្លួនទទួលបានសំឡេងឆ្នោតប្រកៀកប្រកិតគ្នា គឺ៦៣អាសនៈទល់នឹង៦០អាសនៈរបស់គណបក្សប្រជាជន កម្ពុជា។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការចរចាពីដំណើរការនៃរដ្ឋសភាថ្មី គឺនៅមិនទាន់ដល់ពេលទេ ខណៈលទ្ធផលនៃការបោះឆ្នោតកំពុងតែស្ថិតនៅក្នុង ភាពចម្រូងចម្រាសនៅឡើយនោះ។ លោកមានប្រសាសន៍ថា “ សូមនិយាយអំពីភាពមិនប្រក្រតីសិន សូមនិយាយអំពីអ្វីដែលបានធ្វើឲ្យប្រជាជនផ្ទុះ កំហឹងសិន។ យើងនឹងនិយាយរឿងបង្កើតសភានៅពេលគណៈកម្មាធិការស៊ើប អង្កេតបញ្ចប់ការងាររបស់ខ្លួនរួចរាល់”។
លោក សុន ឆ័យ ក៏បានលើកឡើងផងដែរថា គណបក្សសង្គ្រោះជាតិចង់ឲ្យមានការសន្យាពីលោក ហ៊ុន សែន ថា ខ្លួននឹងគោរពតាមលទ្ធផលនៃការស៊ើបអង្កេតអំពី ភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។ លោកបានថ្លែងថា “ ប្រសិនបើការស៊ើបអង្កេតរកឃើញថា លោកចាញ់នោះ បញ្ហាគឺនៅត្រង់ថា តើលោកនឹងគោរពតាមលទ្ធផលនៃការស៊ើបអង្កេតនេះ ឬទេ”។
លោក ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា តាមពិតរូបលោកគ្មានគម្រោងនិយាយជាមួយអ្នកសារព័ត៌មាន ទេ អំឡុងពេលចុះមកពិនិត្យការដ្ឋានសាងសង់នេះ។ លោកត្រូវបានអមដំណើរដោយកូនប្រុសចំនួនពីរនាក់ គឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនមួយចំនួន ទៀត ក្នុងនោះរួមមានទាំងអគ្គមេបញ្ជាការយោធា ប៉ុល សារឿន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គាត ឈន់ រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជា សុផារ៉ា និងឧបនាយករដ្ឋមន្ត្រីប្រចាំការ ម៉ែន សំអន ផងដែរ។
មុនពេលមានជំនួបដោយកម្រជាមួយ អ្នកសារព័ត៌មាននេះ លោក ហ៊ុន សែន បានបាត់មុខពីសាធារណជនចាប់តាំងពីថ្ងៃបោះ ឆ្នោតមក ហើយផ្លូវជុំវិញភូមិគ្រឹះរបស់លោកត្រូវបានបិទ ជាញឹកញាប់ដោយសារការបារម្ភពីសន្ដិសុខ។
កាល ពីថ្ងៃអង្គារ គណបក្សប្រជាជនបានចេញសេចក្ដីថ្លែងការណ៍លប់ បំបាត់ពាក្យចចាមអារ៉ាមដែលថា លោក ហ៊ុន សែន បានចាកចេញពីប្រទេស និងលាលែងពីតំណែង។ លោក ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានដែលបាន ប្រមូលផ្ដុំគ្នាថា “ តើឲ្យខ្ញុំទៅណា? ចរិតរបស់ ហ៊ុន សែន មិនរត់ចោលប្រជាពលរដ្ឋនោះទេ ប្រជាពលរដ្ឋកាន់តែមានទុក្ខលំបាក ហ៊ុន សែន រិតតែនៅកៀកជាមួយប្រជាពលរដ្ឋ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ