30 C
Phnom Penh

សាលាដំបូង​រាជធានី​ភ្នំពេញផ្តន្ទាទោស​មន្ត្រីនគរបា​លពីរនាក់​ ពីបទ​ជំរិតទារប្រាក់​ និង​បាញ់​បោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​​​ថា មន្ត្រីនគរបាល​ពីររូប​​មាន​ពិរុ​ទ្ធ​ភាពពីបទ​​​ជំរិត​ទារប្រាក់​ ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​ផង​ដែរ​ពីបទ​ប្រើ​ប្រាស់​អាវុធ​មាន​ស្ថាន​ទម្ងន់​ទោស​ បន្ទាប់​ពី​មន្ត្រី​នគរ​បាល​រូ​បនេះ​បាន​​​បាញ់​បុរស​ម្នាក់​អាយុ​២៩ឆ្នាំ ដែល​​​​មិន​ព្រម​បង់​ប្រាក់​​នៅ​កុង​ត្រូល​ជជុស​​​មួយ​​​កន្លែង​​​​ ​កាល​ពីខែ​មក​រា​។

លោក​ សួស​ សំអាត​ ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍ថា យូ សុខគា ​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​រយៈពេល​១០​ឆ្នាំពីបទ​ជំរិត​ទារ​ប្រាក់​ និ​ង​​​ប្រើប្រាស់​អាវុធ​មាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​ គង់​ តារា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យជាប់​ពន្ធនាគារ​​​​រយៈពេល​ពីរ​ឆ្នាំ​​​ដែល​ក្នុង​នោះ​ត្រូវបាន​​​​ព្យួរ​ទោស​រយៈ​ពេល​មួយ​ឆ្នាំ។

លោក​ចៅ​ក្រម  សួស  សំអាត បាន​មាន​ប្រសាសន៍ថា “ តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ យូ សុខគា អាយុ​៣០​ឆ្នាំ​ឲ្យជាប់​ពន្ធនា​គារ​រយៈពេល​១០​ឆ្នាំ និង​ គង់​ តារា អាយុ​៤៤​ឆ្នាំ​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ ដែល​ក្នុង​នោះព្យួរ​ទោស​មួយ​ឆ្នាំ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា តុលាការ​មិន​បាន​បង្គាប់​ឲ្យ​​មន្ត្រី​នគរបាល​ទាំង​ពីរនាក់​នេះ​ផ្តល់​សំណង​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួក​គេ​ជា​មន្ត្រី​រាជការ​ ហើយ​ពួក​គេ​មិន​មាន​ប្រាក់​បង់​សំណង​ ឬក៏​ប្រាក់​ពិន័យ​ឡើយ​។ វាមិន​មែន​ជា​ការងាយ​ស្រួល​នោះ​ទេ​ ហើយ​ពួក​គេជា​មន្ត្រី​រាជការ​សាមញ្ញ​ ដែល​ក្រីក្រ​”។

កាល​ពីខែ​មករា មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​នេះ​បាន​ឃាត់​ជន​រង​គ្រោះ ឈ្មោះ ឌី វិចិត្រ​ ដែល​បាន​ដឹក​ម្រេច​តាម​រថយន្ត​មួយ​គ្រឿង​ឆ្លង​កាត់​កុង​ត្រូល​ជជុសមួយ​កន្លែង​ក្នុង​ខណ្ឌប្ញស្សីកែវ ដែល​ស្ថិតនៅ​​​​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ដើម្បីព្យាយាម​ជំរិត​​ទារ​ប្រាក់​ពី​ជន​រងគ្រោះ។

ប៉ុន្តែ លោក​ វិចិត្រ មិនព្រម​បង់​ប្រាក់​ឲ្យ​ទេ​ ហើយ​បាន​បើ​ក​រថយន្ត​ចេញ​ទៅ​ ដោយ​​ធ្វើ​ឲ្យ​ឈ្មោះ សុខគា​ ​ដេញ​តាមគាត់​​​​តែ​ម្តង​។ ប៉ុន្តែ ​​​ សុខគា​ បាន​អះអាងថា ខ្លួន​​​បាន​បាញ់​​​​កាំភ្លើង​ឡើង​លើ​ ដើម្បី​គំរាម​ឈ្មោះ វិចិត្រ តែ​​​​ប៉ុណ្ណោះ ហើយ​គ្រាប់​កាំភ្លើង​បាន​ត្រូវ​ជន​រងគ្រោះ​មួយគ្រាប់​ចំទ្រូង​ខាង​ឆ្វេង។

ឈ្មោះ គង់ តារា បាន​អះអាង​ថា ខ្លួន​មិន​មាន​វត្ត​​​មាន​អំឡុង​ពេល​បាញ់​នោះ​​ទេ​។  លោក​ ឌី វិចិត្រ ​​​បាន​និយាយ​កាល​ពីម្សិល​មិញ​នេះ​ថា សាល​​​ក្រមនេះ​ “ មិន​អាច​ទទួល​​​​យក​បាន​ទេ”។ លោក​ វិចិត្រ​ បាន​និយាយថា “ មន្ត្រី​នគរ​បាល​រូប​នេះ​បាន​បាញ់​ខ្ញុំ​ ហើយខ្ញុំ​អាច​បាត់​បង់​ជីវិត​។ តុលាការ​គួរ​តែកោះ​ហៅ​ខ្ញុំ​​ឲ្យ​ចូល​រួម​ក្នុង​សវនាការ​នោះ​”។

លោក​ វិចិត្រ បាន​និយាយ​បន្ថែម​ថា លោក​នៅ​តែ​មានការ​ឈឺ​ចាប់​ត្រង់​​​មុខ​របួស​​​ដោយ​​​​​គ្រាប់​កាំភ្លើង​នៅ​ឡើយ​។ លោក​បាន​និយាយ​ថា “ មុខ​របួស​នៅ​តែ​ធ្វើ​ឲ្យខ្ញុំ​ឈឺ​ចាប់​នៅ​ឡើយ​ គឺ​ត្រង់​ខ្នង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ឈឺក្បាល​ដោយ​​​ការ​​​ឈឺចាប់​​​​”៕

ប្រែ​​​សម្រួល​​​ដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស