30 C
Phnom Penh

អ្នក​​​គាំ​​​ទ្រ​​គ​ណបក្ស​សង្គ្រោះ​ជាតិ​​​​​​រក្សា​​​ភាព​​​អត់​ធ្មត់​រង់​ចាំ​បទ​បញ្ជា​ថ្មី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​​​​ឲ្យ​​​ដឹង​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​បាន​​​​ត្រៀម​​​រួច​​​ជាស្រេច​​​ក្នុងការ​​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​​​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​​​នៃ​​​​ការ​បោះ​ឆ្នោត​ ឲ្យ​​​តែ​​​​​​​មាន​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​​​​បក្ស​​​​របស់​​​ខ្លួន​​​។

គិត​​​ចាប់​តាំង​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​​​​ និង​ការ​អះអាង​​​​ស្ទើរតែ​​​ភ្លាម​ៗ​​អំពី​​​ជ័យ​​​ជន្នះ​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រក្សា​ភាព​ស្ងាត់ស្ងៀម​​​ និង​​​ស្ទើរតែ​​​មិន​​​ចេញ​​​មុខ​​​​​​ទាល់តែ​​​សោះ​​​ ​​​ដែល​​​ទិដ្ឋភាព​​​បែបនេះ​​​គឺ​​​ខុសគ្នា​​​ឆ្ងាយណាស់​​​ពី​​​ទិដ្ឋភាព​​​​​អំឡុង​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​ផ្លូវ​ការ ​​​ពេល​​​មាន​​​ការ​ដង្ហែក្បួន​​​​​​​​អំពាវ​នាវ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ “ប្ដូរ​” ​​​តាមដង​ផ្លូវ​​​នានា​​​​ក្នុង​រាជ​ធានី​និងតាម​​​​តំបន់​ជន​បទ​ដាច់​ស្រយាល​​​​​ ដោយ​​​មាន​​​ការ​​​ចូល  រួម​​​ពី​​​មនុស្ស​រាប់​​ម៉ឺន​នាក់​តាមរយៈ​​​​​​ទោចក្រ​​​យានយន្ត​​​​​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​ថា ខ្លួន​កំពុង​​​ជាប់​រវល់​វាយ​តម្លៃ​​​ពី​​​​វិសាល​ភាព​នៃ​ភាព​មិន​ប្រក្រតី​នៅ​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​​​​​ឆ្នោត​ ហើយ​បាន​​​អំពាវនាវ​​​ឲ្យ​​​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​​​ភាព​​​អត់​ធ្មត់​។ យុវជន​​​​ គង់ ម៉ាស់ អាយុ​២៨​ឆ្នាំ​ ដែល​មាន​​​តួនាទី​​​ជា​​​អ្នក​​​​បញ្ជូន​សារ​របស់​គណបក្ស​ប្រឆាំង ​​​​ទៅ​​​​សាធារណ ជន​តាម​​ហ្វេសប៊ុក​ដែល​​​ជាមធ្យោបាយ​​​​​​ទាក់ទង​​​គ្នា​​​ក្នុង​​​ចំណោម​​​សកម្មជន​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​​​​ថា “មេ​ខ្ញុំ​បាន​​​ប្រាប់​ខ្ញុំ​​កុំឲ្យ​ធ្វើ​អ្វី​ដែល​មិន​សម​គួរ​។​​​ យើង​កំពុង​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ព្រោះ​ពួក​គេ​កំពុង​​ចរចា​​​គ្នា​​​​។ យើង​មិន​ខ្លាច​ទេ​។ នេះ​មិន​ទាន់​​​​ទុក​​​ថា​​​ ជា​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ​”។

ប៉ុន្តែ​​​ គង់ ម៉ាស់ បាន​បញ្ជាក់​​​ថា មិនមែន​​​​​​​​គ្រប់​​​គ្នា​ដែលបាន​​​​ចូល​រួម​ក្នុង​​យុទ្ធនាការ​​ឃោសនា​​​​​របស់​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត ​សុទ្ធតែ​​​មាន​​​ភាព​អត់​ធ្មត់​នោះ​​​ទេ​។យុវជន​​​រួបនេះ​​​បាន​​​និយាយ​​​​ថា “យើង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្រជា​ពល​រដ្ឋ​នៅ​តាម​​​បណ្តា​​​​​​​ខេត្ត​ដែល​និយាយ​ថា ពួក​គាត់​​​​ត្រៀម​ខ្លួន​​​​​​ធ្វើ​ការ​តវ៉ា​​​រួចហើយ ប្រសិន​បើ​លោក​ ហ៊ុន សែន មិន​ទទួល​ស្គាល់​ថា ខ្លួន​​​​ចាញ់​​ទេ​​​នោះ​​​​​​​”។

ខណៈ​គណបក្ស​​​ប្រជា​ជន​កម្ពុជា​បាន​អះអាង​​ភ្លាមៗ​ពី​ជ័យ​ជម្នះ​នោះ​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​​ឆ្លើយតប​​​​ថា ខ្លួន​ក៏​​ឈ្នះ​ដែរ​​ដោយ​ទទួល​បាន​៦៣​អាសនៈ​នៅ​​សភា​ មិន​មែន​៥៥​អាសនៈ​ដូច​ដែល​គណបក្ស​ប្រជា​ជន​​​​បាន​​​អះអាង​​ឡើយ​​​។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ដែល​ត្រូវ​បាន​សម្ភាស​កាល​ពី​ម្សិលមិញ បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​​​មិន​ទាន់​ចេញ​​​ធ្វើ​ការ​តវ៉ា​នៅ​តាមដង​​​​ផ្លូវ​ទេ​​​​ គឺ​​​រហូត​​​ទាល់តែ​​​​​លោក​ សម ​​​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណ​​​បក្ស​​​នេះ​​​ ជំរុញ​​ឲ្យ​​​ខ្លួន​​​ធ្វើ​​​​​ដូច្នេះ​​​​​។

ពួក​គេ​ក៏​បាន​ឲ្យ​​​ដឹង​​​ផងដែរ​ថា ខ្លួន​​​​រំពឹង​ទុក​​​មុន​​​ផង​​​និង​​​ព្រួយ​​​បារម្ភ​​​ផង​​​ ខ្លាច​មាន​ការ​តប​ត​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា ប្រសិន​បើ​មាន​​​ការ​​​ធ្វើ​​​មហា​បាតុកម្ម​​​មែននោះ​​​​។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្មោះ​​​ស៊ិន សម្ផស្ស អាយុ​២៩​ឆ្នាំ​​​​ បាន​និយាយ​​​ថា “ពេល​នេះ​ យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ថ្នាក់​ដឹក​នាំ​របស់​យើង​ពី​​​​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ឡើយ​ទេ​។ យើង​ចង់​ចេញ​​​​​​អប​អរ​សាទរ ប៉ុន្តែ​​​​យើង​​​ក៏​​​​ខ្លាច​​​ដែរ​​​​ ព្រោះ​​​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​ឈ្នះ​​​មុន​​​ទៅហើយ​​​​”។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ឈ្មោះ​ គឹម ប៊ុនថង អាយុ​២០​ឆ្នាំ​​​​​ បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​ក៏​​​បារម្ភ​អំពី​សុវត្ថិភាព​​​​របស់​ខ្លួន​​​​ដែរ​​​ ប៉ុន្តែ​នឹង​​​​នៅតែ​​​ចេញ​​​ធ្វើ​ការ​តវ៉ា​​ ប្រសិន​បើ​មាន​ការ​អំពាវ​នាវ​ឲ្យ​ធ្វើ​​​​ដូច្នេះ​​​​។ ប៊ុនថង បាន​និយាយ​​​​ថា “យើង​កំពុង​រង់​ចាំ​បញ្ជា​ពី​មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​​​​ទាំង​ពីរ​​​ឲ្យ​​​ធ្វើ​ការ​តវ៉ា​ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​​​ឈ្នះ​​​ការ​​​បោះ​ឆ្នោត​​​ទេនោះ​​​​”។

យុវជន​រូប​នេះ​បាន​បន្ត​ថា “មូលហេតុ​​​ដែល​អ្នក​គាំទ្រ​ទាំង​ឡាយ​មិន​ហ៊ាន​ចេញ​មុខ​​​អប​អរ​សាទរ​​ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ក្នុង​​​ពេល​នេះ គឺ​ដោយសារ​​​​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​អំណាច​ ហើយ​ប្រសិន​បើ​ពួក​គេ​ដឹង​ថា អ្នកណា​​​​ប្រឆាំង​​​ខ្លួន​​​នោះ​​​ អ្នក​ប្រឆាំង​​​នោះ​​​​នឹង​បាត់​ខ្លួន​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បានឲ្យ​​​ដឹង​​​ថា គណបក្ស​​​នេះ​​​គ្មាន​​​ផែន​ការ​អំពាវ​នាវ​ឲ្យ​ក្រុម​​​អ្នក​គាំទ្រ​ចេញ​​​​​​តវ៉ា​​​តាមដង​ផ្លូវ​ ឬ​​​សូម្បី​តែ​ចេញ​​​មុខ​​​អប​អរ​​​សាទរ​​​ឡើយ​​​​ ដរាប​​​ណា​​​​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​​​ការិយាល័យ​បោះ​ឆ្នោត​​​​កំពុង​​បន្ត​​​នោះ​​​​។ លោកបានបន្ត​​ថា “​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​​​ គឺ​​ប្រមូល​ភ័ស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​។ យើង​ត្រូវ​គិត​ពី​អ្នក​ដែល​ត្រូវ​បាន​លប់​ឈ្មោះ​ចេញ​ពី​បញ្ជី​​​​ឈ្មោះ​​​​​បោះ​ឆ្នោត​​​​។ លទ្ធផល​របស់​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ខុស​​​គ្នា”។ “មិនទាន់​​​ដល់​​​​ពេល​​អប​អរ​សាទរ​នៅ​​​ឡើយ​​​​ទេ​”។

​ទោះ​បីជា​លទ្ធផល​​​​ក្រៅ​ផ្លូវ​ការនៃការ​​​បោះ​​ឆ្នោត​​បង្ហាញ​​​ថា​​​ ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​​​ទទួល​​​​ជ័យ​ជម្នះ​​ក៏ដោយ​ ក៏វា​ជា​ដំណឹង​​​អាក្រក់​​​បំផុត​​​​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គិត​​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ ដោយសារ​​​គណបក្ស​​​នេះ​​​បាន​​​បាត់បង់​​​អាសនៈ​​​យា៉ងច្រើន​​​។​​​ ហើយ​បើ​ទោះ​ជា​​​​​គណបក្ស​​​ទាំងពីរ​​​សុទ្ធតែ​​​បាន​​​អះអាង​​​ពី​ជ័យ​ជម្នះ​​​​រៀងៗ​​​ខ្លួន​​​ក៏​ដោយ ក៏​គ្មាន​គណ​បក្ស​ណាមួយ​បាន​​​ចេញ​មុខ​អប​អរ​សាទរ​​​​ជ័យ​ជម្នះ​​​​នេះ​​​ជា​សាធារណៈ​​​ទេ​​​​។

ឧត្ដម​សេនីយ៍​ត្រី​​ ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឲ្យ​​​ដឹង​​​ថា កង​រាជ​អាវុធ​ហត្ថ​ពី​២០០​ទៅ​៣០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​គោល បំណង​​​សំខាន់​​​​គឺ​​​​ដើម្បី​ទប់ស្កាត់​​​ការ​តវ៉ា។

លោក​បាន​បន្ថែម​ថា “ យើង​ចង់​ទប់​ស្កាត់​ការ​តវ៉ា​ ក៏​​​ដូចជា​​​អ្នក​តវ៉ា​កុំ​​​ឲ្យ​ធ្វើ​អ្វី​​​​លើសពី​​​ហ្នឹង​​​ទៀត​” ដោយ​​​លោក​បាន​សំដៅ​​​​លើ​​​ការ​​​ធ្វើ​​​​កុបកម្ម​ថ្ងៃ​បោះ​ឆ្នោត​ ​ពេលកង​រាជ​អាវុធ​ហត្ថ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ ហើយ​រថយន្ត​ពីរ​​​គ្រឿង​របស់​​​ពួក​គេ​ត្រូវ​បាន​វាយ​កម្ទេច​ និង​ដុត​បំផ្លាញ​​​។
​ឧត្តម​សេនីយ៍​ត្រី​ ទីតូ បាន​ថ្លែង​ថា“ ​ពួក​គេ​នឹង​ (បន្ត​​​​ល្បាត)​​​ ​រហូត​ដល់ពេល​​​​​​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​​​បង្កើត​ឡើង​”។

ដោយ​ប្រើ​ភាសា​សម្រប​សម្រួល​ថ្មី​​​ដែល​​​​បន្ទរ​តាម​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​ហ៊ុន សែន កាល​ពី​ម្សិលមិញ លោក ផៃ​ ស៊ីផាន ​​អ្នក​នាំពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​ថា ការ​​​បែងចែក​​​និន្នាការ​​​​​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​គឺ​​​លែង​មាន​ទៀត​ហើយ​។

លោក ស៊ីផាន មាន​​​ប្រសាសន៍​​​​ថា “ សម្រាប់​​​​ពេល​នេះ​ យើង​លែង​មាន​គណ​បក្ស​ប្រជា​ជន​​​កម្ពុជា​ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ​ យើង​គឺ​​​ជា​ជន​​​រួមជាតិ​​​​។ យើង​ទាំង​អស់​​​​គ្នា​​​គឺ​​​ស្មើ​ភាព​គ្នា​។ លែង​មា​ន​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​ ឬ​អ្នក​គាំទ្រ​គណ​បក្ស​​​​សង្គ្រោះ​ជាតិ​ទៀត​ហើយ​។ពេល​នេះ​យើង​សុទ្ធតែ​​​ជា​ប្រជា​​​​​​​​ពល​រដ្ឋ​កម្ពុជា​​​​ដូចគ្នា​​​”។លោក​​​បន្ថែម​ថា “ ការ​បោះ​ឆ្នោត​ចប់​ហើយ​ ហើយ​គណ​បក្ស​ទាំង​ពី​រ​ពេល​នេះ​ត្រូវ​វិល​​​​ទៅ​ធ្វើ​ការ​វិញ​ ហើយ​​​​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រជា​ជន​”៕

(រាយការណ៍​បន្ថែម​ដោយ Dene-Hern Chen)
ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស