កាលពីម្សិលមិញគណបក្សសង្គ្រោះជាតិបានការពារការអះអាងរបស់ខ្លួនដែលថា ខ្លួនទទួលបានសំឡេងភាគច្រើនយ៉ាងប្រកិតប្រកៀកគ្នានៃចំនួនអាសនៈសរុប១២៣នៃរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ គឺល្មមគ្រប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់ប្រទេសកម្ពុជាបាន ប្រសិនបើតួលេខរបស់ខ្លួននៅដដែលនោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងកាលពីយប់ថ្ងៃអង្គារថា គណបក្សរបស់លោកទទួលបាន៦៣អាសនៈ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងអះអាងពីជ័យជម្នះរបស់ខ្លួនដែរ បន្ទាប់ពីទទួលបាន៦៨អាសនៈ។ តួលេខរបស់គណបក្សសង្គ្រោះជាតិក៏ខុសគ្នាច្រើនដែរពីតួលេខរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលជាអង្គការឯករាជ្យដែលបានបញ្ជាក់ថា គណបក្សកាន់អំណាចទទួលបាន៦៧អាសនៈ និងជាអ្នកឈ្នះការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងចេញផ្សាយលទ្ធផលផ្លូវការនៅថ្ងៃទី ១០ ខែសីហា។
លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៅគណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកស្រីគាំទ្រការអះអាងរបស់ខ្លួនដែលថា ខ្លួនទទួលបាន៦៣អាសនៈ។ លោកស្រីបានប្រសាសន៍ថា “ យើងមានលទ្ធផលទាំងអស់ បានពីគ្រប់ការិយាល័យបោះឆ្នោត”។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ចំនួនអាសនៈសភារបស់ខ្លួនអាចនឹងកើនឡើងច្រើនជាងនេះ។ ប៉ុន្តែ លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ពេលនេះប្រហែលជាមិនអាចទៅរួចទេ ពីព្រោះខ្លួនបានរាប់ទម្រង់១១០៤ទាំងអស់ចេញដោយគ.ជ.ប. ដែលខ្លួនបានប្រើប្រាស់ដើម្បីចេញតួលេខរបស់ខ្លួន។ លោកស្រីមានប្រសាសន៍ថា ពេលនេះគណបក្សរបស់លោកស្រីគ្រោងដាក់ជូនភ័ស្តុតាងរបស់ខ្លួនទៅគណៈកម្មាធិការមួយរបស់អង្គការអាដហុក ដែលខ្លួនសង្ឃឹមថា នឹងបង្កើតឡើងដើម្បីស៊ើបអង្កេតពីសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីយ៉ាងច្រើនដែលបានកើតមានឡើងនៅក្នុងថ្ងៃបោះឆ្នោត។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា តួលេខសរុបរបស់គណបក្សលោកស្រីខុសគ្នាពីតួលេខរបស់អង្គការខុមហ្វ្រែល ឆ្ងាយណាស់ ពីព្រោះអង្គការឃ្លាំមើលការបោះឆ្នោតមួយនេះបានប្រើប្រាស់តែតួលេខបានពីការិយាល័យបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។ ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង១៩.០០៩នៅទូទាំងប្រទេស លោកស្រី គង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល បានមានប្រសាសន៍ថា ក្រុមរបស់លោកស្រីបានយកតួលេខពីការិយាល័យបោះឆ្នោតចំនួន១.៤៧០ការិយាល័យក្នុងចំណោមការិយាល័យបោះឆ្នោតទាំងអស់។
លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើលោកស្រីគិតថា តួលេខរបស់គណបក្សសង្គ្រោះជាតិអាចជឿទុកចិត្តបាន ឬយ៉ាងណានោះទេ។ លោកស្រីបានមានប្រសាសន៍ថា “ ប្រសិនបើគណបក្សសង្គ្រោះជាតិមានលទ្ធផលផ្សេងគ្នាពីគ.ជ.ប. យើងនឹងពិនិត្យមើលភ័ស្តុតាងដូចជាទម្រង់១១០៤ជាដើមនៃការិយាល័យបោះឆ្នោតទាំងអស់”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចេញផ្សាយតួលេខរបស់គណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃអាទិត្យមិនឆ្លើយតបនឹងសំណើសុំការបំភ្លឺទេ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានធ្វើអត្ថាធិប្បាយអំពីតួលេខរបស់គណបក្សប្រឆាំងទេ ប៉ុន្តែ បានមានប្រសាសន៍ថា គណបក្សទាំងអស់មានសិទិ្ធសេរីភាពក្នុងការអះអាងពីតួលេខណាមួយតាមតែខ្លួនចង់។ លោកបានបន្តថា “ អ្នកណាប្រកាសក៏បានដែរ វាជារឿងរបស់ពួកគេ ប៉ុន្តែ យើងមានតួលេខរបស់យើងហើយ។ យើងនឹងចេញផ្សាយលទ្ធផលបឋមនៅថ្ងៃទី១០ ខែសីហា ដើម្បីទុកពេលឲ្យគណបក្សនយោបាយតវ៉ា”៕
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
ប្រែសម្រួលដោយ តែម សុខុម