30 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​អង្គារ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ បាន​ចេញ​លទ្ធ​ផល​ផ្ទាល់​ខ្លួន​នៃកា​រ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​អះ​អាង​ថា ខ្លួន​បានទទួល​ជ័យ​ជម្នះ​យ៉ាង​ប្រកិត​ប្រកៀក​គ្នា​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ ដែលកំពុង​កាន់​អំណាច​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អំពាវ​នាវ​​​ឲ្យ​មេ​ដឹក​នាំ​កាន់​អំណាច​ដ៏យូរ​របស់​ប្រទេស​កម្ពុជា​​រូប​នេះ​ចុះ​ចេញ​ពីតំណែង។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​​ពី​យប់​ថ្ងៃអង្គារ​ថា “ គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បានយ៉ាង​ហោច​ណាស់​៦៣​អាសនៈ​។ អាសនៈ​ដែល​នៅ​សេស​សល់​បាន​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា”។​ កាល​ពី​ថ្ងៃ​អាទិត្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​លើក​ឡើង​ថា ខ្លួន​ទទួល​បាន​៦៨​អាសនៈ​ ហើយ​គណ​បក្ស​ប្រឆាំង​ទទួល​បាន​៥៥អាសនៈ​​​នៅ​ក្នុង​លទ្ធ​ផល​មិន​ផ្លូវ​ការ។ លទ្ធ​ផល​ថ្មី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មានន័យ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​ត្រឹម​តែ​៦០​អាសន​ៈ​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​អាទិត្យ គឺ​តិច​ជាង​គណ​បក្សសង្គ្រោះ​ជាតិ​​ចំនួន៣​អាសនៈ។

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. នឹង​មិន​​ចេញ​ផ្សាយ​លទ្ធ​ផល​បោះ​ឆ្នោត​ផ្លូវ​ការ​​នៅ​ពេល​នេះ នេះ​គឺ​ រង់ចាំរហូត​​ដល់​ពាក់​កណ្តាល​ខែ​សីហា។

លោក សម​ រង្ស៊ី បាន​មាន​ប្រសាសន៍ថា គណ​បក្ស​របស់​លោក​បានចេញ​តួលេខ​នេះ ដោយ​ប្រើ​ប្រាស់​ការ​គណនា​ផ្អែក​លើ​ទម្រង់​១១០៤ របស់​គណ​ៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​បូក​សរុប​ចំនួនសន្លឹក​ឆ្នោត​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ និង​ដែលត្រូវ​បាន​ចែក​ជូន​គណ​បក្ស​នយោ​បាយ​នីមួយៗ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ទទួល​​បាន​វា​ [ទម្រង់​របស់​ គ.ជ.ប. នេះ] ពី​បណ្តាញ​របស់​យើង​នៅ​ទូទាំង​ប្រទេស។​ ពេល​នេះ​យើង​ប្រាកដ​ណាស់​ថា យើង​មាន​សំឡេង​ភាគ​​​ច្រើន​។ ចំនួន​នេះមាន​តែ​អាច​កើន​ឡើង​​បន្ថែម​ទៀត”។

លោក សម រង្ស៊ី ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លោក ហ៊ុន សែន បាន​សន្យា​នៅ​មុន​ការ​​បោះ​ឆ្នោត​ថា លោក​យល់​ព្រម​ប្រគល់​អំណាច​ដោយ​សន្តិ​វិធី​ ប្រសិន​បើ​គណ​បក្ស​របស់​លោក​ចាញ់​ឆ្នោត។ លោក​បាន​ថ្លែង​ថា “ ដើម្បី​ប្រទេស​កម្ពុជា​ គាត់​គួរ​តែ​ធ្វើ​វា”។

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ច្រាន​ចោលដែរនូវ​សេចក្តី​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​បានអះអាង​ថា លោក​​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​តវ៉ា​ទូទាំ​ង​ប្រទេស​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បដិសេធ​​មិន​ព្រមទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ផង​ដែរថា “ យើង​មិន​គិត​រឿង​អំពាវ​នាវ​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​​ឡើយ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​គណៈ​កម្មា​ធិការ​ស៊ើប​អង្កេត​ធ្វើ​ការ​ងារ​របស់​ខ្លួន ដែល​អាច​ជា​ជម្រើស​ចុង​ក្រោយនោះ  ប៉ុន្តែ មិន​មែន​នៅ​ដំណាក់​កាល​នេះ​ទេ”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ឆ្លើយ​តប​ទៅ​នឹង​លទ្ធ​ផល​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយលោក​បាន​​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​តួលេខ​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​អនុញ្ញាត​ឲ្យ​គណ​បក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេសបន្ត​ទៀត​នៅ​​ក្នុង​អាណត្តិ​ទី​៥។

ប៉ុន្តែ លោក​ ផៃ ស៊ីផាន បានគូស​បញ្ជាក់​ថា វា​ជា​លទ្ធ​ផល​បណ្តោះ​អាសន្ន រហូត​ទាល់​តែ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ប្រកាស​លទ្ធ​ផលជា​ផ្លូវ​ការ​។ លោក​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​មាន​ការ​ជឿ​ជាក់​លើ​ គ.ជ.ប.។​ ខ្ញុំ​គាំទ្រ​តួ​លេខ​របស់​គ.ជ.ប. ​ពីព្រោះ​វា​ផ្លូវ​ការ​”។

កាល​ពី​ថ្ងៃ​ច័ន្ទ​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈ​កម្មា​ធិការ​ឯក​រាជ្យ​មួយ​សើុប​អង្កេត​ភាព​មិន​ប្រក្រតី​នានា​ ដែល​កើត​មាន​នៅក្នុង​ថ្ងៃ​បោះ​ឆ្នោត​។ លោក សម រង្ស៊ី បាន​ថ្លែង​ថា ចំនួន​សំឡេង​​​ឆ្នោត​សរុប​ថ្មី​របស់​គណ​បក្ស​លោក​ បាន​ធ្វើ​ឲ្យ​កិច្ច​ការ​នៃ​ការ​បង្កើតគណៈ​កម្មា​ធិការ​មួយ​បែបនេះ​កាន់​តែ​មាន​ភាព​បន្ទាន់​ថែម​ទៀត។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ថែម​​​ទៀតថា “ គណៈ​កម្មាធិការ​ស៊ើប​អង្កេត​​នេះ​ នឹង​បញ្ជាក់​ថា អ្នកណាខុស​អ្នក​ណាត្រូវ​ នោះ​ហើយ​ជាមូល​េហតុ​ដែល​យើង​​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈ​កម្មា​ធិការ​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ទប់​ស្កាត់​ការ​ជាប់​គាំង​ណា​មួយ​”។

លោក ផៃ ស៊ីផាន ក៏​បាន​គាំ​ទ្រ​ការ​បដិ​សេធ​រប​ស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​ចូល​រួម​នៅ​ក្នុង​គណៈ​កម្មា​ធិការ​មួយ​បែប​នេះ ផងដែរ ដោយមាន​ប្រសាសន៍​ថា ស្ថាប័ន​មួយ​​បែប​នេះគ្មាន​អំណាច​លើ​គ.ជ.ប. ឬ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញឡើយ​។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “ នោះ​ជា​មូល​ហេតុ​ដែល​យើង​មិន​ហ៊ាន​ចូល​រួម​ពាក់​ព័ន្ធ​នៅ​ក្នុង​នោះ”។ គណ​បក្ស​សង្គ្រោះ​ជាតិ​បានលើក​ឡើង​ថា ចាំបាច់​ត្រូវ​មាន​គណៈ​កម្មា​ធិការ​ឯក​រាជ្យ​មួយ ពី​ព្រោះ​ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត ទាំង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យ៉ាង​ច្រើន៕

ប្រែ​សម្រួល​ដោយ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស