34 C
Phnom Penh

មន្ត្រី​ប្រាប់​ស្ថាន​ទូត​មិន​ឲ្យជ្រៀត​ជ្រែក​ ឬគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យគណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​អះ​អាង​ថា ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីថ្ងៃ​អាទិត្យ​ និង​មិន​ទាន់​មាន​ការ​ចេញ​លទ្ធផល​ជាផ្លូវ​ការ​នោះ​ កាល​ពីម្សិល​មិញ​ ក្រសួង​ការ​បរទេស​បាន​អំពាវ​នាវ​ដល់​បេសកកម្ម​ការ​ទូត​បរទេស​ទាំង​អស់​កុំឲ្យ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា​ និង​កុំឲ្យ​គាំទ្រ​គណ​បក្ស​ប្រឆាំង​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លីមួយ ​ក្រសួង​ការបរទេស​មិន​បាន​លើកឡើង​ពីឈ្មោះ​របស់​ប្រទេស​ណាមួយ​នោះទេ ប៉ុន្តែ​ បាន​ជំរុញ​បណ្តា​​​ប្រទេស​ទាំង​អស់​កុំឲ្យ​គាំទ្រ​គណ​​​​​​បក្ស​សង្គ្រោះ​ជាតិ​​។

សេចក្តីថ្លែងការណ៍​នេះ​បាន​​​លើក​ឡើង​ថា “អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង ​សហ​ប្រតិបត្តិការ​អន្តរជាតិកម្ពុជា​​សូមស្នើ​ឲ្យ​បេសកកម្ម​ការ​ទូត​បរទេស​កុំដើរតួនាទី​គាំទ្រ​គណ​​​បក្ស​ប្រឆាំង​”។ក្រសួង​​នេះ​លើក​ឡើង​ថា “ដោយមិន​មាន​ព្យសនកម្ម​ប៉ះពាល់​ដល់​បុព្វ​​​សិទ្ធិ​ និ​ងអភ័យ​ឯកសិទ្ធិ​ដែល​ខ្លួ​ន​បាន​ទទួល​ បុគ្គលិកទាំង​អស់​​ ដែ​លមាន​បុព្វសិទ្ធិ​ និង​អភ័យ​​​​ឯកសិទ្ធិបែប​នេះ មាន​ភារកិច្ច​ត្រូវ​​គោរព​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់រដ្ឋម្ចាស់​ផ្ទះ។​ បុគ្គលិក​ដែល​មាន​បុព្វសិទ្ធិ​ និង​អភ័យ​ឯកសិទ្ធិ​ទាំង​អស់​​​មិនត្រូវ​ជ្រៀត​ជ្រែក​ក្នុងកិច្ច​ការ​ផ្ទៃក្នុង​របស់​រដ្ឋម្ចាស់​ផ្ទះ​នោះឡើយ​​”។

សេចក្តី​ថ្លែងការ​ណ៍​របស់​​ក្រសួងការ​​បរ​ទេស​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវ​នាវ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​​ដែល​ធ្វើ​តាម​សំណើស្រដៀង​គ្នា​នេះ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​។​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីម្សិលមិញ ប្រទេស​ជប៉ុន​ដែល​​ជា​ប្រទេស​​​អ្នក​ផ្តល់​ជំនួយ​ដ៏ធំ​ដល់​ប្រទេស​​​កម្ពុជា​នោះ​ក៏​គាំទ្រ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ផង​ដែរ។

ខណៈដែល​អាមេរិក និង​សហភាព​អឺរ៉ុប​​មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ចុង​ក្រោយ​អំពីការ​បោះឆ្នោត​នេះ ប្រទេសចិន​ជា​រដ្ឋ​មានគណ​បក្ស​តែមួយ​ដែល​មិន​មាន​ការ​បោះឆ្នោតទូ​ទៅ​ និង​ប្រទេស​ហុង​គ្រី​​​ គឺជាប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​រហូតមក​ទល់​ពេល​នេះ​ដែល​បាន​​​​​​​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា សេរី​ យុត្តិ​ធម៌ និង​មាន​តម្លាភាព​។

វេទិកាសន្និសីទ​អន្តរជាតិនៃ​គណបក្ស​នយោ​បាយ​នៅ​អាស៊ី​ និង​អ្នក​ប្រជាធិបតេយ្យ​អន្តរ​ជាតិ​​​និយម​កណ្តាល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​​​ចំនួន​២៩១​នាក់​តាម​សំណើ​របស់​គណៈ​​​កម្មា​​​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.)​ ហើយ​ការ​ចំណាយ​របស់​អ្នក​សង្កេត​ការណ៍​ទាំង​នេះ​រដ្ឋាភិបាល​ជាអ្នក​ចេញ​នោះ​បាន​វាយ​តម្លៃ​ដូចគ្នានេះ​។ ប្រទេស​បង់ក្លាដែស និង​ប្រទេស​ថៃ​សុទ្ធ​តែ​បាន​អបអរ​សាទរ​ជាផ្លូវការ​ដល់​លោក ហ៊ុន សែន​ ដែលបាន​ឈ្នះ​ឆ្នោត​។

លោក​ស្រី ខាធឺរីន អាស្តុន​ (Catherine Ashton)​ តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​អង្គារ​ ដែល​លើក​ឡើង​ថា អនុសាសន៍​របស់​អ្នក​សង្កេតការណ៍​អឺរ៉ុប​សំុ​ឲ្យមាន​ការ​កែលម្អ​ការ​បោះឆ្នោត​នោះ​មិន​ត្រូវ​បាន​អនុវត្ត​គ្រប់​គ្រាន់​នោះទេ​។​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជាតិ​លើក​មុន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០០៨​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​​ទេ​ និង​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍មក​សង្កេត​ការណ៍​នៅពេល​នេះឡើយ​។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ និង​លោក​ កឹម សុខា ជាអនុ​ប្រធាន​បាន​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​អឺរ៉ុប​ប្រចាំរាជធានី​ភ្នំពេញ​អស់​រយៈពេល​២ម៉ោង​កាល​ពីរសៀល​ម្សិលមិញ​។ លោក​​ទាំង​ពីរ​មិន​បានធ្វើ​អត្ថាធិប្បាយ​ទេ​ បន្ទាប់​ពី​​ជំនួប​នោះ​។

លោក​ស្រី មូរ  សុខ​ហួរ បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​ដែរ​នោះ​បាន​មាន​ប្រសាសន៍ថា ជំនួប​នោះ​ “ ដំណើរការ​បាន​ល្អណាស់​”។ លោក​ស្រី  មូរ សុខ​ហួរ​ បាន​មាន​ប្រសាសន៍​​​ថា ពួកគាត់​បាន​ពិភាក្សា​តែ​អំពី​លិខិត​ដែល​គណបក្ស​ប្រឆាំង​ផ្ញើ​ជូ​ន គ.ជ.ប.​ កាល​ពី​​​ថ្ងៃ​​​អង្គារ​ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មា​ធិការ​ឯក​​​រាជ្យ​មួយ​  ដើម្បីធ្វើ​​​ការ​​​​ស៊ើបអង្កេត​សេចក្តី​រាយការណ៍​អំពីភាព​មិន​ប្រក្រតី​​​ជា​​​ច្រើន​​​នៅ​ក្នុងការ​បោះឆ្នោត​កាល​ពីថ្ងៃ​​​អាទិត្យ​ប៉ុណ្ណោះ។​​​លោក​ស្រី​បាន​មាន​ប្រសាសន៍ថា សហ​ភាព​អឺរ៉ុប​គាំទ្រ​ការទាមទារ​ឲ្យ​មាន​ការ​ស៊ីប​អង្កេត​នេះ ប៉ុន្តែ បាន​បដិសេធមិន​ប្រាប់​ព័ត៌​មាន​លម្អិត​ឡើយ​។

​សហភាពអឺរ៉ុប​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ។ សហរដ្ឋអាមេរិក​ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នោះ បាន​លើកឡើង​កាល​ពីថ្ងៃច័ន្ទថា ខ្លួន​មាន​ការ​​ព្រួយ​បារម្ភចំពោះ​សេចក្តីរាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មា​នការ​សើុបអង្កេត​​ឲ្យ​បាន​​ម៉ត់ចត់​ និង​មាន​តម្លាភាព​។

អង្គការ​តម្លាភាព​អន្តរជាតិ​ និង​គណៈកម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅកម្ពុជា (ខុម​ហ្វ្រែល​) សុទ្ធតែ​បាន​រាយការណ៍ថា បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតីជាច្រើន​នៅ​ក្នុងការ​បោះឆ្នោត​កាល​ពីថ្ងៃអាទិត្យ​។ មាន​ពាក្យ​បណ្តឹង​ជាច្រើន​របស់​អ្នក​បោះឆ្នោត​​ដែល​បាន​ចុះឈ្មោះ​រួច​ហើយ​ ប៉ុន្តែ មិន​អាច​បោះ​ឆ្នោត​បាន​ដោយ​សារ​ឈ្មោះ​របស់​ពួក​គេ​មិន​មាន​នៅក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឬដោយសារ​ពួកគេ​ត្រូវ​បានមន្ត្រី​រៀបចំការ​បោះឆ្នោត​ប្រាប់​ថា ពួក​គេ​បាន​បោះឆ្នោត​រួច​ហើយ​។

គណៈកម្មាធិការ​ខុមហ្វ្រែល​ បាន​ក្រើន​រំឭក​នៅមុន​ការ​បោះឆ្នោត​នេះថា បញ្ហា​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​អាចធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​១លាន​នាក់​​បាត់​បង់​សិទ្ធិ​បោះឆ្នោត​ គឺ​មាន​ជាង​១នាក់​ក្នុង​ចំណោមអ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​រួច​១០នាក់​។

គ.ជ.ប. លើក​ឡើង​ថា ខ្លួន​នឹង​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​បណ្តោះ​អាសន្ន​នៅ​ថ្ងៃទី​១០​ខែសីហា។ គណបក្សប្រជាជន​កម្ពុជាអះ​អាង​ថា ឈ្នះ​បាន​៦៨អាសនៈ​នៅ​​​ក្នុង​ចំណោម​អាសនៈ​​សភា ១២៣​។ គណបក្ស​សង្គ្រោះ​​​ជាតិ​​​​អះ​អាង​ថា ឈ្នះ​បាន​៦៣​អាសនៈ​។ គណ​​​បក្ស​​​​មួយ​ត្រូវ​ការ​អាសនៈ​យ៉ាង​ហោចណាស់​៦២​អាសនៈ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស