34 C
Phnom Penh

លោក ស ខេង ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​​​​បាតុកម្ម​តែ​​​នៅ​​​​ក្នុង​​​បរិវេណ​​​សួន​សេរីភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សរសេរ​លិខិត​​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ជូន​លោក សម រង្ស៊ី ដែល​​​ជា​​​ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ ដោយ​ស្នើ​ឲ្យ​​​លោក​​​​ធ្វើ​​​បាតុកម្ម​តែ​​​​នៅ​​​​ក្នុង​​​បរិវេណ​​​សួន​សេរីភាព​ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក ស ខេង ដែល​ត្រូវ​បាន​តែង​តាំង​​​ជា​​​ប្រធាន​គណៈ​បញ្ជា​ការ​សន្ដិសុខ​អចិន្ត្រៃយ៍​​​សម្រាប់​ការ​បោះ​ឆ្នោត​​ ដែល​​រដ្ឋាភិបាល​ទើប​​​​នឹង​​​បង្កើត​​​​ឡើង​​​​ដើម្បី​ធានា​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​​​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​​ថា លោក​សង្ឃឹម​​​​ថា លោក​ សម រង្ស៊ី នឹង​សហការ​។

លិខិត​​​របស់​​​លោក​ ស ខេង ​​​មាន​​​ខ្លឹម​​​សារ​​​​ថា “ខ្ញុំ​​ទទួលស្គាល់​​​​ថា ការ​ទាម​ទារ​ណា​​​មួយ​​​ទាក់​ទង​នឹង​ដំណើរ​ការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ គឺ​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​​​នានា​​​​ ​ប៉ុន្តែ​យើង​សូម​ស្នើ​ឲ្យ​ឯកឧត្ដម​អនុវត្ត​ទៅ​តាម​ច្បាប់​ ជា​ពិសេស​​​គឺ​​​​ច្បាប់​​​​ស្តីពី​​​ការ​​​ធ្វើ​​​បាតុកម្ម​ដោយ​សន្ដិវិធី​”។

លិខិត​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ថែមទៀត​​​​ថា “ក្នុង​ករណី​ចាំ​បាច់​ ការ​ប្រមូល​ផ្ដុំ​គ្នា​​​​ត្រូវ​តែ​ធ្វើ​ឡើង​​​នៅ​ក្នុង​​​បរិវេណ​​​​សួន​សេរី​ភាព​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​​​ថា លោក​មិន​យល់​ពី​​​មូលហេតុ​​​ដែល​​​​លោក ស ខេង សរសេរ​លិខិត​បែបនេះ​​​ទេ​​​ ហើយ​​​លោក​​​បាន​​​​អំពាវ​នាវ​​ដល់​អ្នក​គាំទ្រ​គណបក្ស​នេះ​ឲ្យ​រក្សា​​​ភាព​​​​ស្ងាត់​ស្ងៀម​ ខណៈ​ការ​ស៊ើប​អង្កេត​របស់​គណ​​​​បក្ស​​​​នេះ​​​ពី​ភាព​មិន​ប្រក្រតី​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​កំពុង​​​ដំណើរការ​​​​។

លោក​បាន​ថ្លែង​ថា “យើង​មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សួន​សេរីភាព​ ប៉ុន្តែ​យើង​ក៏​មាន​សិទ្ធិ​ហែ​ក្បួន​​ក្នុង​ករណី​ចាំ​បាច់​ដែរ​។ ​ឧទាហរណ៍​ ប្រសិន​បើ​យើង​ចាំបាច់​​​ត្រូវ​​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​  (គ.ជ.ប.) យើង​ត្រូវ​តែ​ធ្វើ​។ ខ្ញុំ​មិន​ដឹង​ថា គាត់​​​ចង់​​​​មាន​ន័យ​ថា​ម៉េច​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើ​​​​មក​ទល់​នឹង​​​ពេល​នេះ គឺ​​ការ​ផ្ដោត​លើ​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​។ យើង​សូម​អំពាវ​នាវ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​​​​គណបក្ស​​​រក្សា​ភាព​​ស្ងាត់​ស្ងៀម​​​​”។

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​បាន​​​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​​​​មក​​​ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កង​រាជ​អាវុធ​ហត្ថ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ហើយ​​​​ផ្លូវ​ធំៗ​​​​មួយ​​​ចំនួន​​​ត្រូវ​បាន​​​បិទ​​​​​​​​ជា​​​ទៀងទាត់​​​នៅ​ជុំ​វិញ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ។

លោក​ កឹម ឡី អ្នក​វិភាគ​នយោបាយ​​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​​​កម្ពុជា​ បាន​​​លើកឡើង​​​ថា លោក​ជឿជាក់​​​ថា មធ្យោ​​​បាយ​ប្រសើរ​បំផុត​​​សម្រាប់​​​​ភាគី​ទាំង​ពីរ​ គឺ​ការ​ពិភាក្សា​តុ​មូល​ មិន​មែន​នៅ​តាមដង​​​​ផ្លូវ​នោះ​ទេ។

លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា “បាតុកម្ម​មិន​មែន​ជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​កម្ពុជា​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ស្វែង​រក​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ ដូច​ជា​ការ​ពិភាក្សា​ជា​មួយ​ គ.ជ.ប.​​​ ដើម្បី​​​​ឲ្យ​​​​​​គណៈ​​​កម្មា​​​ធិការ​​​​​​នេះ​​​ចូល​រួម​​​​ក្នុង​​​ការ​ស៊ើប​អង្កេត​អំពី​កំហុស​ឆ្គង​ផ្នែក​​​​​​បច្ចេកទេស​​​និង​​​នយោបាយ​​​”។

លោក​ កឹម ឡី បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​ថា “ទោះ​ជា​​​មាន​ច្បាប់​បាតុកម្ម​ក៏ដោយ​ ក៏​វា​​មិន​អាច​​​​ទៅរួច​​​ទេ​​​​ ប្រសិន​បើ​​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​នោះ​។​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ប្រជា​ជន​ជិត​ពីរ​​​លាន​នាក់​ ហើយ​ប្រសិន​បើ​​ប្រជាជន​មួយ​លាន​នាក់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​​នោះ​​​ តើ​ពួក​គេ​​​​ដាក់​​​សម្ពាធ​​​​​​ឲ្យ​​​ប្រជា​ពល​រដ្ឋ​   (​នៅ​មួយ​កន្លែង)​ យ៉ាង​ម៉េច​?”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស