33 C
Phnom Penh

គ.ជ.ប.​ច្រាន​ចោល​សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​លើក​ឡើង​សាជាថ្មី​ថា  គ.ជ.ប.​ គ្មាន​អំណាច​ធ្វើ​ការ​ស៊ើបអង្កេត​រួម​គ្នា​លើ​ការ​ចោទ​ប្រកាន់​ពីភាព​មិ​ន​ប្រក្រតី​​​​​​​កើត​​​ឡើង​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីថ្ងៃអាទិត្យ​នោះ​ទេ រី​​​ឯ​​​​​​​លោក​ សម រង្ស៊ី មេដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​បាន​មាន​ប្រសាសន៍ថា ឥឡូវ​នេះ​លោក​នឹង​ស្វែង​រក​ការ​ស៊ើបអង្កេត​នៅ​ខាង​ក្រៅ​ គ.ជ.ប.​ វិញ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃពុធថា គណបក្ស​កាន់​អំណាច​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រួម​គ្នា​លើ​ភាព​មិន​ប្រក្រតី​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​ គ.ជ.ប.​ ធ្វើ​តាម​សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​រួម​នោះ​។ លោក​ ទេព​ នីថា បាន​មាន​ប្រសាសន៍ថា គ.ជ.ប. មាន​អំណាច​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​អំពីភាព​មិន​ប្រក្រតី​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ហើយ​ថា ខ្លួន​គ្មាន​អំណាច​ធ្វើ​ការ​សុំបអង្កេត​ផ្សេងទៀត​ទេ​។
លោក​បាន​មាន​ប្រសាសន៍ថា “ ដូ​ច​យើង​​បាន​ឆ្លើយ​តប​ទៅ​ឯកឧត្តម​  សម រង្ស៊ី ហើយ​ សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​នេះ​ ហួស​ពីសិទ្ធិ​របស់​ គ.ជ.ប.”។ “ រឿង​នេះ​មិន​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​យើង​ទេ​ ប៉ុន្តែ យើង​នឹង​បង្កើត​នីតិ​វិធី​មួយ​សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ដាក់​ពាក្យ​បណ្តឹង​អំពីភាព​មិន​ប្រក្រតី​មក​ គ.ជ.ប.​ និង​គណៈកម្មាធិការ​រៀបចំការ​បោះ​ឆ្នោត​ខេត្ត​ក្រុង​”។

លោក​ ទេព​ នីថា បានមាន​ប្រសាសន៍ថា ពាក្យ​បណ្តឹង​ដែល​ គ.ជ.ប.​​ និង​គណៈ​កម្មា​​​ធិការ​រៀបចំការបោះឆ្នោត​ខេត្ត​ក្រុង​របស់​ខ្លួនទទួល​អំឡុង​ម៉ោង​ធ្វើ​ការ​​​ចន្លោះ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​អង្គារនោះ​ នឹង​ត្រូវ​ស៊ើប​អង្កេត​មួយ​ករណី​ម្តង​ៗ​​ ហើយ​មាន​តែ​ពាក្យ​បណ្តឹ​ង​ដែល​ដាក់​ក្នុង​រង្វង់ពេល​បី​ថ្ងៃ​នេះ​ប៉ុណ្ណោះ​នឹង​ត្រូវ​យក​មក​ពិចារណា​មុន​ពេល​ គ.ជ.ប.​ ប្រកាស​​លទ្ធ​ផល​បឋម​​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

លោក​បាន​មាន​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ បន្ទាប់​ពី​ពិនិត្យ​​ពាក្យ​បណ្តឹង​នីមួយ​ៗ​រួច​ហើយ យើង​នឹង​អញ្ជើញ​ភាគី​ទាំង​អស់​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ”។ លោក សម រង្ស៊ី និង​ លោក កឹម​ សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពីថ្ងៃ​ច័ន្ទ បានទាម​ទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះ​ឆ្នោត​ ដែល​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឯក​រាជ្យ​បាន​និយាយថា  មាន​ច្រើន​អំឡុ​ងពេល​​បោះឆ្នោត​ជាតិ​ កាល​ពីថ្ងៃ​អាទិត្យ​។

យោង​តាម​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ដែល​បាន​ស្នើ​​ឡើ​ង​នេះ​នឹង​មាន​សមាសភាព​មក​ពី​ គ.ជ.ប. គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ អ្នក​សង្កេត​ការណ៍​អន្តរជាតិ​  ដូចជា  សហ​រដ្ឋ​អាមេរិក​ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​។

ពេល​ធ្វើ​ការ​អត្ថាធិប្បាយ​កាល​ពីម្សិល​មិញ អំពី​អសមត្ថភាព​របស់​ គ.ជ.ប. ក្នុងការ​រៀបចំ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​នេះ​ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា គណ​បក្ស​ប្រឆាំង​មិន​ចាំបាច់​ពឹង​ផ្អែក​លើ គ.ជ.ប. ឲ្យ​សម្រប​សម្រួល​លើ​ការ​ស៊ើបអង្កេ​ត​នេះ​ទេ ប្រសិន​បើគណបក្ស​ប្រជាជន​កម្ពុជា​​យល់​ព្រម​ទទួល​សំណើ​នេះ។

​លោក​បាន​មាន​ប្រសាសន៍​​បញ្ចេញ​​ឈ្មោះ​​​​អង្គការ​សហ​ប្រជា​ជាតិ​ចំៗថា “ គ.ជ.ប.​ និយាយ  ​​​ថា ខ្លួន​គ្មាន​អំណាច​​ធ្វើ​អ្វី​បាន​ទេ​​ ដូច្នេះ​សំណើ​របស់​យើង​គឺថា យើង​នឹង​ធ្វើ​ការ​ស៊ើប​​​អង្កេត​​​​ជា​មួយ​ភាគី​ជាប់​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដូចជា គណបក្ស​ប្រជា​ជន​កម្ពុជា​ អង្គការ​​សិទ្ធិមនុស្ស​ និង​អង្គការ​សង្គម​ស៊ី​វិល​”។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​ចង់​បង្កើត​យន្តការ​ថ្មីមួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ថ្មី​​ដែល​កើត​ចេញ​ពីការ​ព្រម​ព្រៀង​ផ្នែក​នយោ​បាយ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ក្នុងការ​បោះ​ឆ្នោត​ទាំង​នេះ​”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ទោះ​បីជា លោក ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​ជាសាធារណៈ​ថា  លោក​នឹង​ចូល​រួម​​​ការ​ស៊ើបអង្កេត​រួម​គ្នា​នេះ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី គ.ជ.ប. ក៏ដោយ​ ក៏​ចុង​ក្រោយ​វា​នៅ​តែ​អាស្រ័យ​លើ​ គ.ជ.ប. ដដែល​ក្នុង​ការ​​​​សម្រេច​ថា តើ​នឹង​ត្រូវ​បង្កើត​គណ​ៈ​កម្មាធិការ​រួម​ ឬក៏អត់​នោះ​។

លោក​ ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍ថា “ ​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ពីគំនិត​នេះ​ និង​ចង់​ឲ្យ គ.ជ.ប. ​ចូល​រួម​​ជា​មួយ​គណៈកម្មាធិការ​រួម​នេះ ប៉ុន្តែ សម្តេច​គោរព ​គ.ជ.ប. និង​សមត្ថកិច្ច​​របស់​ គ.ជ.ប.​”។ លោក​បាន​បន្ថែម​ថា “ សម្តេច​នឹង​មិន​បង្ខំ​ ឲ្យ​ គ.ជ.ប. ធ្វើ​ការ​ស៊ើបអង្កេត​នោះ​​ទេ​”។

អ្នក​រិះគន់​ គ.ជ.ប. បាន​ចោទ​ស្ថាប័ន​នេះ​ជាយូរ​មក​ហើយ​ថា  បានដាក់សុទ្ធតែ​មន្ត្រី​​គាំទ្រ​គណបក្ស​ប្រជាជន​​ និង​ចោទ​ថា ធ្វើ​សេចក្តី​​សម្រេច​គាំទ្រ​តែ​គណ​បក្ស​កាន់​អំណាច​។

លោក គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល​) បាន​មាន​​ប្រសាសន៍ថា ទោះ​បីជា​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​ធ្វើ​ការ​​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ក៏ដោយ ​ក៏​ចុង​ក្រោយ​វាជាការ​ទទួល​ខុស​ត្រូវ​របស់​ គ.ជ.ប. ​ក្នុង​នាម​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​​ ដើម្បី​សម្រ​ប​សម្រួល​ការ​ស៊ើប​អង្កេត​បែប​នេះដែរ​។

លោក​  គល់  បញ្ញា  ​មាន​ប្រសាសន៍ថា “ តាម​​​លក្ខណៈ​​​​បច្ចេក​ទេស ​ពួក​គេ​ត្រូវ​ការ គ.ជ.ប.។ ពួក​គេ​អាច​ធ្វើ​តែ​ឯង​បាន​ ប៉ុន្តែ គ.ជ.ប. គឺ​ជា​អ្នក​​ជាប់​ពាក់​ព័ន្ធ​ដ៏សំខាន់​នៅ​ក្នុង​បញ្ហា​នេះ​”។ លោក​បាន​បន្ថែម​ថា​ “ គ.ជ.ប. គួរតែ​ឆ្លើយ​​​តប​នឹង​ភាគី​ជាប់​ពាក់​ព័ន្ធ។ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សំណើ ហើយ​គណ​​​បក្ស​​ប្រជាជន​កម្ពុជា​បាន​យល់​​ស្រប​ ដូច្នេះ​ពួក​គេ​គួរតែ​ព្យាយាមធ្វើការ​ងារ​នេះ​។​​ឥទ្ធិ​ពល​នេះ​​ចេញ​​ពីសំណើ​របស់​ភាគី​ជាប់​ពាក់​ព័ន្ធ​”។

លោក​ សុន ឆ័យ បេក្ខ​ជន​តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ស្របថា វា​ជាការ​ប្រសើរ​បំផុត​ប្រសិន​បើ​ គ.ជ.ប.​ យល់ព្រម​សម្រប​សម្រួល​ដល់​ការ​សើុបអង្កេត​រួម​គ្នា​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “ វាមិន​​ពាក់​ព័ន្ធ​នឹង​ពួក​គេ​មាន​អំណាច ឬគ្មាន​អំណាច​ចំពោះ​បញ្ហា​នេះទេ​ ព្រោះ គ.ជ.ប.​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌”។

លោកបាន​មាន​ប្រសាសន៍​អំពី​គ.ជ.ប.​ ថា  “ ប្រសិន​បើ​ គ.ជ.ប.​ មិន​ដោះ​ស្រាយ​​​​បណ្តឹង​របស់​​ខ្លួន​តាម​វិធី​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ ​អ្នក​សង្កេត​ការណ៍​ជាតិ និង​អ្នក​សង្កេត​ការណ៍​​អន្តរជាតិ​ពេញ​ចិត្ត​ទេ​នោះ​ ពួក​គេ​ធ្វើ​ការ​ងារ​របស់​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ​នោះ​​​ទេ។

លោក​ ទេព​ នីថា  បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ដាច់​ដោយ​ឡែក​មួយ​​ចេញ​កាល​ពីយប់​ថ្ងៃពុធថា  គ.ជ.ប.​ នឹង​​ប្រកាស​​លទ្ធផល​ចុង​ក្រោយ​មិន​ឲ្យ​ហួស​ពី​​ថ្ងៃទី​១០​​ ខែកញ្ញា​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​​ និងការ​បែង​ចែក​អាសនៈ​សម្រាប់​គណបក្ស​នយោបាយ​ទាំង​ពីរ​ បន្ទាប់​ពី​ខ្លួន​ដោះស្រាយ​បណ្តឹង​ទាំង​អស់​រួច​រាល់​ហើយ​”៕

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស