30.7 C
Phnom Penh

AKP កែតម្រូវ​សេចក្តី​រាយការណ៍​អំ​​​​ពី​ការ​អំពាវ​​​​​​​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ជា​អន្តរ​ជាតិពី​ការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ឃើញ​ការ​ចូល​រួម​ពាក់​ព័ន្ធ​​ពី​អន្តរជាតិ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះឡើយ​​  បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយ​ការណ៍​ខុស​ពី​នេះ​។

ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកាប៉េ​ (AKP) ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ព័ត៌មាន​បាន​រាយការណ៍​ខុស​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃពុធ​ អំឡុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​។

លោក ហ៊ុន សែន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែល​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​ខណ្ឌ​មាន​ជ័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​​ឆន្ទៈ​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​​​បញ្ហា​មួយ​ចំនួន ​ដែល​បាន​កើត​ឡើង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ កាលពី​ថ្ងៃអាទិត្យ តាម​ការ​អំពាវនាវ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃច័ន្ទ​។

ទី​ភ្នាក់​ងារ​ព័ត៌មានរដ្ឋ​អាកាប៉េ និង​កាសែត​ក្នុង​ស្រុក​មួយ​ បាន​រាយការណ៍​ថា លោក ហ៊ុន សែន ក៏​បាន​យល់​ស្រប​តាម​​​សំណើ​ដ៏​ជាក់​លាក់​របស់​លោក សម រង្ស៊ី ដែល​ថា សហគមន៍​អន្តរ​​​ជាតិ​គួរតែ​​​ពាក់​ព័ន្ធ​​​​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​​​​។

ទី​ភ្នាក់​ងារ​ព័ត៌មានរដ្ឋ​អាកាប៉េ បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ថា “ សម្តេច តេជោ ហ៊ុន សែន ក៏​ស្វាគមន៍​ចំពោះ​សំណើ​ដែល​ចង់​​​​ឲ្យ​មាន​ការ​ចូលរួម​ពាក់ព័ន្ធ​ពី​អន្តរ​​​ជាតិ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រ​​​ក្រត​​​ីក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃអាទិត្យ​ផង​ដែរ”។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ភាព​ខុស​គ្នា​រវាង​​​​អ្វី​​ដែល​អ្នក​យក​ព័ត៌មាន​បាន​ឮ​ លោក ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ និង​អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​របស់​​​​រដ្ឋ​បាន​ចុះ​ផ្សាយ​ លោក ខៀវ កាញារីទ្ធ​ បាន​លើក​ឡើង​កាល​​​ពី​ម្សិល​មិញ​ នៅ​ក្នុងសារ​ហ្វេសប៊ុក​របស់​លោក​​​​ថា “លើក​នេះកំហុសកើត​​​ចេញ​​​ពី​​​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកាប៉េ​​​​”។

នៅ​ពេល​ត្រូវ​បាន​ស្នើ​ឲ្យ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​នេះ​មាន​ន័យ​ថា គណ​បក្ស​ប្រជា​​​ជន​កម្ពុជា​ប្រឆាំង​នឹង​ការ​ចូលរួម​ពាក់​ព័ន្ធ​ពី​អន្តរ​ជាតិ​​ឬ​ក៏​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ ដែល​ធ្វើ​តាម​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ឬ​យ៉ាង​​​ណា​នោះ​ លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយ​តប​​​​ដោយ​មិន​ច្បាស់​ឡើយ​ចំពោះ​បញ្ហា​នេះ។

លោក ខៀវ កាញារីទ្ធ​ បាន​មាន​ប្រសាសន៍​ដោយ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ឲ្យ​បញ្ជាក់​ឲ្យ​បាន​​​ច្បាស់លាស់​​ពី​ការ​លើក​ឡើង​របស់​លោក​ថា “យើង​មិន​មែន​ប្រឆាំង​នឹង​ការ​ចូល​​​រួម​ពាក់​ព័ន្ធ​ពី​អន្តរជាតិ​ឡើយ ប៉ុន្តែ​នេះ​គឺ​ជា​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​”។

បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក ខៀវ កាញារីទ្ធ​ អត្ថបទ​ព័ត៌មាន​​នៅ​លើ​គេហទំព័រ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកាប៉េ​ត្រូវ​បាន​កែ​ប្រែ​វិញ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន “ស្វាគមន៍​សំណើ​​សុំ​​​ឲ្យ​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី​គណៈ​កម្មា​​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប. គណបក្ស​នយោបាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រ​ក្រ​តី​​​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃអាទិត្យ”។

ទី​ភ្នាក់​ងារ​ព័ត៌មានរដ្ឋ​​​​អាកាប៉េ ក៏​បាន​អះ​​​អាង​​​​ខុស​ផង​ដែរ​ដែលថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​៥៥,២៨​ភាគ​​​រយ​នៃ​​​សំឡេង​ឆ្នោត​សរុប​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​ជាត​​​ិ​​នោះ​។ ហើយ​បើ​យោង​តាម​តួលេខ​បឋម​​​​​​​ចុង​​​​ក្រោយ​បំផុត​របស់ ​គ.ជ.ប. គណបក្ស​ប្រជា​​​ជន​កម្ពុជា​ទទួល​បាន​សំ​​ឡេង​គាំ​ទ្រ​​​ត្រឹម​តែ​៤៨,៨​ភាគរយ​ប៉ុណ្ណោះ​នៃ​សំឡេង​ឆ្នោត​សរុប​ ប៉ុន្តែ​វានៅ​តែ​ជា​​​តួលេខ​ខ្ពស់​ជាង​គេ​បើ​ធៀបទៅ​នឹង​​​​គណ​​​បក្ស​ផ្សេង​ៗ។

នៅ​ពេល​តួលេខ​ដែល​ចេញ​ដោយ​គណ​​​បក្ស​ប្រជាជន​កម្ពុជា និង​តួលេខ​បឋម​របស់​ គ.ជ.ប. បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​៦៨​ទល់​នឹង​​៥៥​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ នៅ​ពេល​នោះ​គណ​​​បក្ស​​​​សង្គ្រោះ​​​​​​​​​​​​​ជាតិ​បាន​អះអាង​ថា ​ខ្លួន​បាន​​​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ ដោយ​ទទួល​បាន​អាសនៈ​៦៣​ទល់​នឹង​៦០ ហើយ​បាន​ទាមទារ​ឲ្យ​មាន​​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដោយ​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី​អន្តរជាតិ​ និង​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​នេះ​ពិត​ជា​ឯករាជ្យ។

ដោយ​បន្ថែម​ទៅលើ​ការ​យល់​ច្រឡំ​ថា​ តើ​នឹង​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី​​អន្តរជាតិ​ណា​មួយ​នៅ​ក្នុង​គណៈកម្មាធិការ​ស៊ើបអង្កេត​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​នៅ​មិនទាន់​ត្រូវ​បាន​បង្កើត​​​ឡើង​ជាផ្លូវការ​ឬ​យ៉ាងណា​នោះ​​​ លោក ហ៊ុន សែន បាន​ប្រាប់​ទៅកាន់​មន្ត្រី​ទូត​មូយ​​រូប​កាលពី​ម្សិល​មិញ​ថា អង្គការ​សហប្រជាជាតិ​ប្រហែល​ជា​នឹង​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​។

លោក វ៉ូល​ហ្គែង ម៉ូស័រ (Wolfgang Moser) ឯក​អគ្គ​រដ្ឋ​​​ទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​លើក​ឡើង​​អំពី​បញ្ហា​នេះ​អំឡុង​ជំនួប​​​សម្ងាត់​មួយ​ កាល​ពីម្សិលមិញ។

លោក ម៉ូស័រ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួបសម្ងាត់​របស់​លោក​ជាមួយ​លោក​​​នាយក​​​​រដ្ឋ​មន្ត្រី​ថា “គាត់ [លោក ហ៊ុន សែន]​ បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​អង្គការ​សហ​ប្រជាជាតិ​អាច​​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​នេះបាន​​​”៕

(រាយការណ៍​​បន្ថែម​ដោយ​ Zsombor Peter)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស