កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានច្រានចោលការផ្សព្វផ្សាយតាមអ៊ីនធើណិតនូវលិខិតក្លែងក្លាយពីរច្បាប់ដែលមានបិតរូបសញ្ញាគណបក្សរបស់ខ្លួន និងដែលអំពាវនាវឲ្យកម្មករកាត់ដេរទៅការិយាល័យគណបក្សប្រឆាំងនេះដើម្បីទទួលប្រាក់។
លិខិតទី១ក្នុងចំណោមលិខិតទាំងពីរដែលចុះថ្ងៃទី៣០ ខែកក្កដា មានហត្ថលេខារបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងមានខ្លឹមសារថា គណបក្សប្រឆាំងចង់គោរពតាមការសន្យាមុនការបោះឆ្នោតដែលថា “គណបក្សសង្គ្រោះជាតិនឹងផ្ដល់ប្រាក់ខែដល់កម្មករម្នាក់ៗចំនួន១៦០ដុល្លារ”។
ការដំឡើងប្រាក់ខែសម្រាប់កម្មករកម្មការិនីរោងចក្រ និងមន្ត្រីរាជការ គឺជាចំណុចសំខាន់មួយនៅក្នុងកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ គណបក្សនេះក៏បានសន្យាផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន១០ដុល្លារជូនដល់ពលរដ្ឋចាស់ជរា ប្រសិនបើខ្លួនឈ្នះឆ្នោតផងដែរ។
លិខិតក្លែងក្លាយនេះមានខ្លឹមសារថា “ដូចបានជម្រាបជូនខាងលើ សូមកម្មករកម្មការិនីរោងចក្រទាំងអស់អញ្ជើញមកចុះឈ្មោះ និងនាំមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងកាតបុគ្គលិកមកកាន់គ្រប់ការិយាល័យរបស់គណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស”។
នៅក្នុងលិខិតក្លែងក្លាយទី២ចុះថ្ងៃទី៣១ ខែកក្កដា និងដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណិតដែរនោះ មានការលើកឡើងថាគណបក្សសង្គ្រោះជាតិសារភាពថា ខ្លួនមិនអាចអនុវត្តតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវបានធ្វើឡើងក្នុងបំណងតែមួយ គឺដើម្បីទាក់ទាញសន្លឹកឆ្នោតទេ។ លិខិតនេះមានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិបានសន្យាដូច្នេះមែន ក៏ប៉ុន្តែ វាគ្រាន់តែជាល្បិចកលនយោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតប៉ុណ្ណោះ។ គណបក្សសង្គ្រោះជាតិពុំមានសមត្ថភាពក្នុងការផ្ដល់អ្វីមួយជូនបងប្អូនសោះឡើយ”។
គណបក្សសង្គ្រោះជាតិបានឆ្លើយតបចំពោះលិខិតក្លែងក្លាយនេះតាមរយៈសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីម្សិលមិញ ដោយបញ្ជាក់ថា លិខិតក្លែងក្លាយនេះត្រូវបានផ្សព្វផ្សាយក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សនេះ ក្រោយការបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាសុទ្ធតែបានអះអាងពីជ័យជម្នះរៀងៗខ្លួន។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងនេះមានខ្លឹមសារថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងលិខិតអនាមិកជាច្រើនដែលប្រើឈ្មោះគណបក្សសង្គ្រោះជាតិក្នុងបំណងបំពុលបរិយាកាសដែលអាចនាំឲ្យមានអស្ថិរភាព និងចលាចលក្នុងសង្គម។ គណបក្សសង្គ្រោះជាតិសូមច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាម និងលិខិតអនាមិកដែលប្រើពាក្យមួលបង្កាច់ និងញុះញង់ឲ្យមានចលាចលក្នុងសង្គម”។ គណបក្សនេះបានបញ្ជាក់ថា រាល់ឯកសារផ្លូវការរបស់គណបក្សនេះប្រាកដជាត្រូវបង្ហោះលើគេហទំព័រផ្លូវការ និងទំព័រហ្វេសប៊ុករបស់គណបក្ស ហើយនឹងត្រូវបានប្រកាសតាមរយៈកម្មវិធីវិទ្យុសំឡេងសង្គ្រោះជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សលោកមិនទាន់មានតម្រុយពាក់ព័ន្ធនឹងអ្នកដែលស្ថិតនៅពីក្រោយលិខិតក្លែងក្លាយទាំងនេះទេ។ លោកបានមានប្រសាសន៍ថា “យើងមិនដឹងថា នរណាសរសេរលិខិតទាំងនោះឡើយ ក៏ប៉ុន្តែយើងគ្មានគម្រោងប្ដឹងទៅតុលាការ ឬអាជ្ញាធរទេ ពីព្រោះយើងកំពុងតែផ្តោតការយកចិត្តទុកដាក់លើការបង្កើតគណៈកម្មាធិការរួមមួយសម្រាប់ការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត”។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឲ្យដឹងថា ការកែប្រែកាំប្រាក់ខែបែបនេះគឺអាចចូលជាធរមានបានតែនៅពេលណាដែលគណបក្សប្រឆាំងចូលកាន់តួនាទីរបស់ខ្លួននៅរដ្ឋសភា ដែលអាចប្រើពេលខ្លះខណៈមានការព្យាយាមសម្រេចកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងរឿងនេះប៉ុណ្ណោះ។
លោក អាត់ ធន់ បានមានប្រសាសន៍ថា “លិខិតទាំងនេះត្រូវបានប្រឌិតឡើងដើម្បីធ្វើឲ្យសាធារណជនមានការភាន់ច្រឡំថា ដោយសារការបោះឆ្នោតបានបញ្ចប់ទៅហើយនោះ វាដល់ពេលដែលកម្មករក្រោកឈរទាមទារហើយ។ លិខិតបែបនេះមិនត្រឹមត្រូវទាល់តែសោះ ព្រោះទោះបីជាគណបក្សប្រឆាំងបានទទួលអាសនៈច្រើនក៏ដោយ ក៏គណបក្សនេះត្រូវបង្កើតរដ្ឋាភិបាលជាមុនសិនដែរ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី