វាមានរយៈពេលមួយទសវត្សរ៍មកហើយ ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាអំពីការសម្រុះសម្រួលជាមួយគណបក្សនយោបាយមួយផ្សេងទៀត។
រយៈពេល១១ខែ បន្ទាប់ពីការបោះឆ្នោតជាតិនៅក្នុង២០០៣ មានការជាប់គាំងផ្នែកនយោបាយ នៅពេលគណបក្សប្រជាជនកម្ពុជា ដែលមិនអាចបង្កើតរដ្ឋាភិបាលបាន បន្ទាប់ពីទទួលបានអាសនៈសភាត្រឹមតែ៧៣អាសនៈនោះ ត្រូវចរចាជាមួយគណបក្សហ្វ៊ិនស៊ិនប៉ិច ឬគណបក្ស សម រង្ស៊ី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
នៅទីបំផុតបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយគណបក្សហ៊្វុនស៊ិនប៊ិចនៅខែមិថុនា ឆ្នាំ២០០៤ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្រគល់ក្រសួងចំនួនប្រាំបួន រួមមានទាំងក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងទេសចរណ៍ រួមជាមួយនឹងអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ ឲ្យទៅគណបក្សរាជានិយមមួយនេះ ដែលកាលនោះមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាប្រធាន។ ប៉ុន្តែ ត្រឹមរយៈពេលមួយខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង សមាជិកសភាមកពីគណបក្សហ៊្វុនស៊ិនប៉ិច មានការខកចិត្តបាត់ទៅហើយ ចំពោះកង្វះអំណាចនីតិបញ្ញត្តិរបស់ខ្លួននៅក្នុងរដ្ឋសភាថ្មីនេះ។
លោក ម៉ោញ សាផាន សមាជិកសភាជាន់ខ្ពស់មកពីគណបក្សហ្វ៊ិនស៊ិនប៉ិច បានលើកឡើងកាលពីខែកក្កដា ក្នុងឆ្នាំនោះថា “ រាល់ច្បាប់ទាំងអស់ យើងមិនអាចមានកម្លាំងគ្រប់គ្រាន់នឹងវេតូទេ”។ ការបោះឆ្នោតពីរអាណត្តិក្រោយមកទៀត ឥទ្ធិពលរបស់គណបក្សហ្វ៊ិនស៊ិនប៉ិចបានធ្លាក់ចុះមកដល់ចំណុចសូន្យ ដោយគណបក្សនេះមិនទទួលបានសំឡេងគាំទ្រ សូម្បី១អាសនៈនៅ ក្នុងរដ្ឋសភា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ខណៈពេលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង កំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីដែលបានកើតមានក្នុងថ្ងៃបោះឆ្នោត នៅមុនពេលពិចារណាអំពីការចរចាជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ដើម្បីបង្កើតរដ្ឋាភិបាលស្របច្បាប់មួយនោះ បណ្តាអ្នកវិភាគផ្នែកនយោបាយបានលើកឡើងកាលពីម្សិលមិញថា នៅទីបំផុត ប្រសិនបើគណបក្សទាំងពីរនេះគោរពតាមច្បាប់ដែលមានស្រាប់ មានន័យថា នៅទីបំផុតពួកគេបានឈានដល់កិច្ចព្រមព្រៀងបែងចែកអំណាចគ្នាហើយ។
ពួកគេបាននិយាយថា ប៉ុន្តែ កិច្ចព្រមព្រៀងនោះចាំបាច់ត្រូវតែខុសប្លែកគ្នាខ្លាំងពីកិច្ចព្រមព្រៀងឆ្នាំ២០០៣របស់គណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សហ្វ៊ិនស៊ិនប៉ិច ប្រសិនបើគណបក្សសង្គ្រោះជាតិមានឱកាសបំពេញអាណត្តិរបស់ខ្លួន ក្នុងនាមជាគណបក្សដើម្បីការផ្លាស់ប្តូរ និងទទួលបានអំណាចពិតប្រាកដនៅក្នុងរដ្ឋសភា។
អត្ថប្រយោជន៍មួយដែលគណបក្សនេះទទួលបាន គឺគណបក្សនេះមានអំណាចច្រើនជាងគណបក្សហ្វ៊ិនស៊ិនប៉ិច ឬគណបក្ស សម រង្ស៊ី ធ្លាប់មាននៅក្នុង២០០៣ឆ្ងាយណាស់។ បណ្ឌិត ចន ស៊ីអូស៊ីអារី (John Ciorciari) សាស្ត្រាចារ្យជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៅសាលា Gerald R. Ford School of Public Policy នៃសាកលវិទ្យាល័យមីឈីហ្គែន (Michigan University) បានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិមានឥទ្ធិពលច្រើន។ គណបក្សនេះទទួលបានការគាំទ្រពីបណ្តារដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ហើយមានអំណាចនឹងជះឥទ្ធិពលលើទស្សនរបស់អន្តរជាតិចំពោះភាពស្របច្បាប់នៅក្នុងការបោះឆ្នោតនេះ។ គណបក្សសង្គ្រោះជាតិ ក៏មានអំណាចញុះញង់ និងដឹកនាំការតវ៉ាជាសាធារណៈផងដែរ ដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ជួបការលំបាកក្នុងការដឹកនាំប្រទេស”។
ប្រសិនបើគណបក្សសង្គ្រោះជាតិទទួលស្គាល់លទ្ធផលបឋម គណបក្សនេះនឹងមានអាសនៈចំនួន៥៥នៃអាសនៈសរុប១២៣ នៅក្នុងរដ្ឋសភា គឺល្មមគ្រប់គ្រាន់នឹងរារាំងមិនឲ្យបង្កើតកូរ៉ុម២ភាគ៣នៅក្នុងរដ្ឋសភា ដែលត្រូវការចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាលអាណត្តិថ្មី។
លោក ចន ស៊ីអូស៊ីអារី បានមានប្រសាសន៍ថា “ លទ្ធផលបោះឆ្នោតអាចធ្វើឲ្យ [គណបក្សសង្គ្រោះជាតិ] បង្កការឈឺក្បាលដល់គណបក្សប្រជាជនកម្ពុជា។ ស្ថានភាពនយោបាយមួយស្រដៀងនឹងស្ថានភាពនៅក្នុងឆ្នាំ២០០៣ ពិតជាអាចកើតមាន សូម្បីរដ្ឋសភាកោះប្រជុំ ហើយគណបក្សប្រជាជនកម្ពុជាខំប្រឹងទប់ស្កាត់ ឬគាបសង្កត់ការតវ៉ាយ៉ាងណាក៏ដោយ ហើយនឹងធ្វើឲ្យខាតបង់យ៉ាងច្រើន និងបង្កហានិភ័យ ដែលមេដឹកនាំ[គណបក្សប្រជាជនកម្ពុជា] ពិតជាចង់ចៀសវាងជាខ្លាំង”។
ដោយមានទម្ងន់ចរចាទាំងនេះ គណបក្សសង្គ្រោះជាតិនឹងត្រូវសម្រេចថា តើសម្បទានអ្វីខ្លះដែលខ្លួននឹងត្រូវការពីគណបក្សប្រជាជនកម្ពុជា ដើម្បីអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មី ខណៈពេលព្យាយាមចៀសវាងសេនារីយោដែលបានធ្វើឲ្យគណបក្សហ្វ៊ិនស៊ិនប៉ិចមានកម្លាំងតែគ្មានអំណាចនៅក្នុងជួររដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០០៣។
លោក កឹម ឡី អ្នកវិភាគនយោបាយ និងជាអ្នកប្រឹក្សាផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមិនគួរដើរតាមមេរៀនដ៏អាក្រក់ ដែលគណបក្សហ្វ៊ិនស៊ិនប៉ិចធ្លាប់ទទួលនោះទេ”។
យោងតាមលោក កឹម ឡី គណបក្សសង្គ្រោះជាតិគួរតែត្រឡប់ទៅមើលស្ថានភាពដែលគណបក្សហ្វ៊ិនស៊ិនប៉ិចបានជួបប្រទះ ហើយចៀសវាងបញ្ហាដដែលនេះ។ លោក កឹម ឡី ថ្លែងថា “ សេនារីយោល្អបំផុតគឺថា គណបក្សសង្គ្រោះជាតិគួរតែស្ថិតនៅក្រៅ [ស្ថាប័ននីតិប្រតិបត្តិ] របស់រដ្ឋាភិបាល ហើយគ្រប់គ្រងឲ្យបានរឹងមាំលើរដ្ឋសភា ដើម្បីឲ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា និងស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាល”។
គណបក្សសង្គ្រោះជាតិគួរតែគ្រប់គ្រងរួមគ្នានូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលជាអ្នកកំណត់របៀបវារៈសភា ព្រមទាំងការកាន់មុខតំណែងកំពូលសំខាន់ៗនៃគណៈកម្មាធិការរដ្ឋសភាផងដែរ ដើម្បីឲ្យខ្លួនអាចស្នើគោលនយោបាយ និងរារាំងគណបក្សប្រជាជនកម្ពុជា មិនឲ្យអនុម័តច្បាប់ជាឯកតោភាគី។
មនុស្សម្នាក់ដែលដឹងពីគ្រោះថ្នាក់នៅក្នុងការព្រមព្រៀងបែងចែងអំណាចសម្រាប់គណបក្សហ្វ៊ិនស៊ិនប៉ិច គឺលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកសភាគណបក្សហ្វ៊ិនស៊ិនប៉ិច ដែលបន្ទាប់មកបានក្លាយជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ បន្ទាប់ពីរដ្ឋាភិបាលចម្រុះរវាងគណបក្សហ្វ៊ិនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាត្រូវបានប្រកាសក្នុងឆ្នាំ២០០៤ លោកបានរិះគន់យ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ។ លោកបានមានប្រសាសន៍កាលពីឆ្នាំ២០០៤ថា “ ចូលរួមជាមួយរដ្ឋាភិបាលដើម្បីអ្វី? ដើម្បីកែប្រែប្រទេស? មិនអាចទៅរួចឡើយ”។
លោក សុក សំអឿន មេធាវីល្បីឈ្មោះមួយរូប និងជាសមាជិកក្រុមប្រឹក្សានាយកនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា គណបក្សប្រឆាំងគួរតែប្រើប្រាស់អំណាចចរចារបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យសមាជិករដ្ឋសភាមកពីគណបក្សទាំងពីរបញ្ចេញឆន្ទៈរបស់ខ្លួនដោយសេរី ទោះបីជាការបញ្ចេញឆន្ទៈនោះប្រឆាំងនឹងមាគ៌ារបស់បក្សក្តី។
លោក សុក សំអឿន បានមានប្រសាសន៍ទៀតថា “ ដើម្បីពង្រឹងរដ្ឋសភា ចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់វិធានផ្ទៃក្នុងនៃរដ្ឋសភាឡើងវិញ ហើយខ្ញុំគិតថា គួរតែបញ្ឈប់ការធ្វើសេចក្តីសម្រេចតាមរយៈការលើកដៃ។ រាល់ការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់។ ប្រសិនបើបោះឆ្នោតជាសម្ងាត់ ពួកគេ [មេដឹកនាំគណបក្ស] មិនអាចគ្រប់គ្រងលើសេចក្តីសម្រេចរបស់សភាបានទេ”។
លោក ចន ស៊ីអូស៊ីអារី ដែលមកពីសាកលវិទ្យាល័យមីឈីហ្គែន បានមានប្រសាសន៍ថា “ មិនថា គណបក្សសង្គ្រោះជាតិសម្លឹងចង់បែងចែកអំណាចនីតិប្រតិបត្តិឬយ៉ាងណានោះទេ គណបក្សនេះនឹងចុះខ្សោយ ហើយឱកាសជោគជ័យរយៈពេលខ្លី ដើម្បីធ្វើការត្រួតពិនិត្យមួយចំនួន និងធ្វើឲ្យមានតុល្យភាព គឺស្ថិតនៅក្នុងរដ្ឋសភា”។
លោក ខាលីល ថេយ័រ (Carlyle Thayer) អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី បានមានប្រសាសន៍ថា ប្រសិនបើសេនារីយោនេះកើតឡើង ហើយគណបក្សសង្គ្រោះជាតិអាចទទួលបានអំណាចខ្លាំងនៅក្នុងរដ្ឋសភា ពេលនោះគណបក្សនេះនឹងត្រូវសម្របខ្លួនឲ្យក្លាយជាគណបក្សប្រឆាំងដ៏ជោគជ័យមួយ ជាជាងគ្រាន់តែធ្វើជាអ្នករិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
លោក ខាលីល ថេយ័រ បានលើកឡើងក្នុងអ៊ីម៉េលមួយថា “ គណបក្សសង្គ្រោះជាតិនឹងត្រូវសម្របតាមការពិតថា ខ្លួនទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងការបោះឆ្នោតជាតិ ប៉ុន្តែខ្លួនមិនទទួលបានអាសនៈភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភាឡើយ។ ហេតុដូច្នេះ គណបក្សសង្គ្រោះជាតិនឹងត្រូវចាប់ផ្តើមធ្វើសកម្មភាពក្នុងនាមជាគណបក្សប្រឆំាងពិតប្រាកដ”។ លោកបានពន្យល់ថា “ គណបក្សប្រឆាំងត្រូវតែចោទសួរនិងរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ខណៈពេលផ្ដល់គោលនយោបាយផ្សេងដែលអាចជោគជ័យក្នុងពេលតែមួយ”។
លោកបានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិក៏នឹងត្រូវគិត និងចាត់វិធានការជាយុទ្ធសាស្ត្រ ដោយប្រើប្រាស់ប្រជាប្រិយភាពនាពេលបច្ចុប្បន្នរបស់ខ្លួនផងដែរ។ គណបក្សនេះចាំបាច់ត្រូវផ្ដោតយកចិត្តទុកដាក់លើការបោះឆ្នោតឃុំ-សង្កាត់ [ក្នុងឆ្នាំ២០១៧] និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ [ក្នុងឆ្នាំ២០១៨] ជាផ្នែកនៃផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ដើម្បីទទួលបានជ័យជម្នះឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិអាណត្តិក្រោយ។
សម្រាប់ប្រវត្តិវិទូ ដេវីដ ឆាណ្ឌល័រ (David Chandler) ដែលសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរយល់ឃើញថា គណបក្សសង្គ្រោះជាតិគួរតែផ្ដោតលើគោលនយោបាយជាច្រើនរបស់ខ្លួនជាជាងវោហាសាស្ត្រប្រជានិយមនៅក្នុងការទាក់ទាញការគាំទ្របន្ថែមពីអ្នកបោះឆ្នោត។
លោកបានលើកឡើងក្នុងអ៊ីម៉េលមួយថា “ ខ្ញុំគិតថា ពួកគេ [គណបក្សសង្គ្រោះជាតិ] គួរតែព្រមធ្វើជាគណបក្សប្រឆាំងមួយដែលស្របច្បាប់ មានការបង្រួបបង្រួមនិងដែលមានកម្មវិធីច្បាស់លាស់ (ជាទស្សនមួយប្លែកខ្លាំងដែលគណបក្សប្រជាជនកម្ពុជាពិបាកនឹងយល់) ហើយធ្វើកិច្ចការប្រកបដោយការទទួលខុសត្រូវនៅក្នុងរដ្ឋសភា។ គណបក្សនេះគួរតែចៀសវាងការឃោសនាប្រឆាំងជនជាតិវៀតណាម ហើយគួរតែផ្ដោតលើកម្មវិធីគោលនយោបាយបក្សវិជ្ជមាន (និងដែលទំនងជាមានភាពទាក់ទាញ) របស់ខ្លួន”។
លោកស្រី ចេស៊ីកា ឃីហ្គែន (Jessica Keegan) នាយិកាស្ដីទីប្រចាំប្រទេសកម្ពុជា នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute) ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងនៅតែអាចធ្វើឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាននៅក្នុងរដ្ឋសភា ទោះបីជាខ្លួនទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតដែលខ្លួនអះអាងថាមិនយុត្តិធម៌ក្តី។
លោកស្រីបានថ្លែងថា “ នេះជាលើកដំបូងហើយដែលគណបក្សសង្គ្រោះជាតិ នឹងមានឱកាសកាន់មុខតំណែងនៅក្នុងគណៈកម្មាធិការសំខាន់ៗមួយចំនួន។ពួកគេអាចធ្វើឲ្យមានតម្លាភាពនិងការទទួលខុសត្រូវប្រសើរជាងមុននៅក្នុងដំណើរការប្រតិបត្តិ ប៉ុន្តែគណបក្សទាំងនេះចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីធ្វើឲ្យកំណែទម្រង់យូរអង្វែងចាប់ផ្តើមមានប្រសិទ្ធភាព”។
ទោះបីជាគណបក្សសង្គ្រោះជាតិ អាចជំទាស់នឹងការអនុម័តច្បាប់ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដោយសារតែច្បាប់តម្រូវឲ្យមានកូរ៉ុម២ភាគ៣ក៏ដោយ ក៏លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា លោកសង្ឃឹមថា ប្រព័ន្ធដែលមានគណបក្សពីរនេះនឹងជំរុញឲ្យមានសម័យកាលមួយ ដែលការចរចាអំពីការបែងចែក “ អំណាច” បើកផ្លូវសម្រាប់ការពិភាក្សាដេញដោលប្រកបដោយហេតុផល។
លោក ឡៅ ម៉ុងហៃ បានថ្លែងថា “ ខ្ញុំមិនចូលចិត្តគំនិតបែងចែកអំណាចនោះទេ គេតែងតែនិយាយអំពីអំណាច។ យើងគួរតែមានគណបក្សពីរ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ហើយរដ្ឋាភិបាលថ្មីចាំបាច់ត្រូវដាក់កម្មវិធីមួយជូនរដ្ឋសភា សម្រាប់ធ្វើការអនុម័ត និងពិភាក្សាដេញដោល”។ លោកបានថ្លែងបន្តថា “ យើងមិនអាចយកអតីតកាលមកលាយឡំនឹងពេលបច្ចុប្បន្នបានឡើុយ។ សង្គមបានបញ្ជូនសារមួយយ៉ាងច្បាស់រួចហើយ ជាពិសេសគឺក្នុងចំណោមយុវជន។ ពួកគេចង់ប្រាប់ថា ខ្លួនមិនចូលចិត្តស្ថានភាពសព្វថ្ងៃទេ។ យុទ្ធនាការឃោសនាបោះឆ្នោតបានស្តែងឲ្យឃើញពីបំណងប្រាថ្នាឲ្យមានការផ្លាស់ប្តូរថ្មី។អ្នកមិនអាចដឹកនាំប្រទេសដូចមុនពេលបោះឆ្នោតបានឡើយ បើមិនដូច្នោះទេអ្នកដើរមិនទាន់សង្គមទេ” ៕
ប្រែសម្រួលដោយ តែម សុខុម