28 C
Phnom Penh

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​​​ថា នគរបាល​គំរាម​បោក​គ្រាប់​បែក​សម្លាប់​ពួកគេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជន​រង​គ្រោះ​និយាយ​កាល​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់​ចាម កាល​ពីថ្ងៃ​​​ព្រហស្បតិ៍​​​បាន​ចោទ​​​ថា ពួក​​​​គេ​ត្រូវ​​​​​​​​មន្ត្រី​នគរ​បាល​ម្នាក់​គំរាម​​ថា គេ​​​នឹង​​​​​​​បោក​គ្រាប់​​​​បែក​សម្លាប់​ពួក​​​គេ​​​ចំនួន​ប្រាំនាក់ បន្ទាប់​ពីក្រុម​យុវ​ជន​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់ថា បាន​​​​​​​​​​យក​​ម៉ូតូ​មក​បិទ​ផ្លូវ​។

លោក កែល​ សួស អាយុ​២២ឆ្នាំ​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ប្រាំ នាក់​​បាន​និយាយ​ថា ពួក​គេ​ទាំង​ប្រាំនាក់​បាន​ជួប​ជុំ​គ្នា​កាល​ពីថ្ងៃ​ពុធ នៅ​ម៉ោង​ប្រហែល​៧ យប់​ នៅ​ចិញ្ចើម​ផ្លូវ​លំ​មួយ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ពី​ការិយាល័យ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ឃុំចាន់​មូល ស្រុក​មេមត់​ ស្រាប់​តែ​មន្ត្រី​នគរបាល​ម្នាក់​បាន​មក​ដល់​ ហើយ​បាន​សួរ​ពួក​គេ​ថា នរណា​យក​ម៉ូតូ​មក​បិទ​ផ្លូវ​នេះ​។

លោក កែល​ សួស​ បាន​អះអាង​ថា ទំនាស់​ ពាក្យ​​​​សម្តីបាន​កើ​ត​ឡើង​ ដែល​​​នៅ​​​ពេល​នោះ​​​​មន្ត្រី​នគរ​បាល​រូប​នោះ​​និយាយទាំង​កំហឹង​​​ដាក់​​​អ្នក​ទាំង​ប្រាំនាក់​នេះ​ថាជាប់​ពាក់​ព័ន្ធ​នឹង​គណ​​​បក្ស​នយោ​បាយ​ ​ហើយ​គំរាម​សម្លាប់​​​​ពួក​គេ​។​ លោក​បាន​និយាយថា “ ឥឡូវ​នេះ​ខ្ញុំ​បារម្ភ​អំពី​សន្តិសុខ​ និង​សុវត្ថិភាព​របស់​ខ្ញុំ​”។
លោក​ ឆាយ​ គឹមសុន ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​មាន​ប្រសាសន៍ថា តាម​ពិត​ឧបទ្ទវហេតុ​នេះ មិន​មែន​ជា​រឿង​អ៊ីចឹង​ទេ។ លោក​បា​ន​មាន​ប្រសាសន៍ថា “ នៅ​ពេល​មន្ត្រី​នគរបាល​របស់​យើង​ដើរ​ឆ្លង​ផ្លូវ​​ ក្រុម​យុវ​ជន​ទាំង​នោះ​កំពុង​តែ​ផឹក​ស៊ី​ ហើយ​ជេរ​ប្រមាថ​នគរបាល​របស់​យើង​”។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​បញ្ជា​​​ឲ្យ​នគរបាល​ស៊ើបអង្កេត​រឿង​នេះ​បន្ថែម​ទៀត ហើយ​យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​​តប​វិញ ពីព្រោះ​ពួក​គេ​បាន​ចោទ​មន្ត្រី​យើង​ដោយ​​​មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​ឡើយ។ មន្ត្រី​របស់​យើង​មិន​បាន​​បំភិត​បំភ័យ​ពួក​គេ មិន​បាន​គំរាម​កំហែងដោយ​ពាក្យ​សម្តី ឬ​ប្រើ​ពាក្យ​​​​​​​ថា​ បោក​គ្រាប់​បែក​​ឡើយ។

​លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា ហេតុ​​​ការណ៍​​​បំភិត​បំភ័យ​ និង​គំរាម​កំហែង​ស្រដៀង​​គ្នា​នេះ​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​​នោះ​នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​ស្វាយ​រៀង​។ លោក​បាន​មាន​ប្រសា​សន៍​ថា “ ទង្វើ​នេះ​ គឺ​ផ្ទុយ​នឹង​ច្បាប់…។ ពួក​គេ​ត្រូវ​តែ​បញ្ឈប់​ភ្លាម​។ យើង​អំពាវ​នាវ​ឲ្យ​គណបក្ស​កាន់​អំណាច​ចាត់​វិធាន​ការ​​ជាបន្ទាន់​។ក្រសួង​​មហាផ្ទៃ​ត្រូវ​ចាត់​វិធាន​ការ​រឿង​នេះ​។ បើ​មិន​​ដូច្នោះ​ទេ ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​សង្គម​ និង​ អស្ថិរ​​​ភាព​ដែល​អាច​កើត​មាន​ឡើង​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​គណ​បក្ស​ប្រជាជន​កម្ពុជា​បន្ត​ធ្វើ​ដូច្នេះ​ទៀត​ ពួក​គេ គឺជា​អ្នក​ដែលនឹង​​ត្រូវ​ទទួ​ល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ណាមួយ​​នៅ​ពេល​អនាគត​”៕
(រាយការណ៍​បន្ថែម​ដោយ ​ Joshua Wilwohl)
ប្រែសម្រួលដោយ​ សោម សារុន​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស