លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយច្រាំងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប គួរប្រុងប្រយ័ត្ននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសគ្រោះថ្នាក់ ដោយសារការបាក់ច្រាំងទន្លេ ខណៈដែលកម្រិតទឹកកំពុងកើនឡើងនៅក្នុងខេត្តស្ទឹងត្រែង និងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេស។
នៅក្នុងពិធីសំណេះសំណាលរយៈពេលជាងពីរម៉ោងកន្លះទៅកាន់ក្រុមអ្នកភូមិនៅក្នុងខេត្តកណ្ដាល ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាច្រើននោះ លោក ហ៊ុន សែន បាននិយាយត្រួសៗអំពីការស្លាប់របស់ឪពុកលោក វិស័យកសិកម្ម ស្ថានភាពនយោបាយបច្ចុប្បន្ន ការអាចកើតមានអស្ថិរភាព និងកម្រិតទឹកទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្ននេះមានកម្ពស់៩,២៤ម៉ែត្រ ប៉ុន្តែនឹងឡើងដល់៩,៩៥ម៉ែត្រ នៅថ្ងៃច័ន្ទ ដែលនៅតែស្ថិតនៅក្រោមកម្រិតជន់លិចកម្ពស់១០,៧ម៉ែត្រដដែល។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវនេះយើងមានការព្រួយបារម្ភអំពីទឹកជំនន់ ពីព្រោះឥឡូវនេះទឹកបានហូរចាក់ពីប្រទេសថៃមកកាន់ខេត្តបន្ទាយមានជ័យ”។ លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយច្រាំងទន្លេមេគង្គ ដែលលាតសន្ធឹងពីខេត្តស្ទឹងត្រែងទៅកាន់ព្រំដែនជាប់ប្រទេសវៀតណាមរួមទាំងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយច្រាំងទន្លេសាប និងទន្លេបាសាក់ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នអំពីហានិភ័យនៃការបាក់ច្រាំងទន្លេ”។
លោក គង់ សុខ ចៅសង្កាត់ប៉ោយប៉ែតបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លៀងយ៉ាងខ្លាំងបានចាប់ផ្ដើមធ្លាក់ កាលពីសប្ដាហ៍មុនបានបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរ ដែលបានលិចផ្ទះសំបែងប្រជាពលរដ្ឋរាប់រយខ្នង។ លោក គង់ សុខ បានមានប្រសាសន៍ថា សាលា រៀនប្រាំមួយខ្នង វត្តអារាមចំនួនបួន និងដីស្រែទំហំពីរហិចតារងការខូចខាតដោយសារទឹកជំនន់នៅក្នុងសង្កាត់នេះ។
លោកបានមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋភាគច្រើនជាប់ទៅណាមិនរួចនៅក្នុងភូមិរបស់ខ្លួន ដោយសារផ្លូវថ្នល់ត្រូវបានជន់លិច។ លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរនៅក្នុងសង្កាត់។ ពួកគាត់មិនអាចធ្វើដំណើរទៅផ្សារ ដើម្បីទិញម្ហូបអាហារ និងសម្លៀកបំពាក់បានទេ ដោយសារតែការជន់លិចនេះ”។
លោក គុយ ហេង ប្រធានភូមិប៉ាលិលេយ្យ១ បានមានប្រសាសន៍ថា ភ្លៀងបានចាប់ផ្ដើមធ្លាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ហើយមិនទាន់ឈប់ធ្លាក់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា “ទឹកជំនន់បានហូរចូលផ្ទះសំបែងរបស់អ្នកភូមិ ហើយបានបង្កការលំបាកយ៉ាងខ្លាំង”។ អាជ្ញាធរមូលដ្ឋានបានព្យាយាមរំដោះទឹកជំនន់ ដោយការជីកប្រព័ន្ធធារាសាស្ត្រ ដែលនឹងតភ្ជាប់តំបន់ ដែលជន់លិច ទៅនឹងស្ទឹងក្បែរព្រំដែនថៃ ដែលនឹងជួយរំដោះទឹកជំនន់៕
ប្រែសម្រួលដោយ សោម សារុន