កាលពីម្សិលមិញ មេដឹកនាំគណបក្សបៃតងអូស្ត្រាលី (Australian Greens Party) បានលើកឡើងថា ខ្លួនបានជំរុញឲ្យលោក ខេវិន រូដ (Kevin Rudd) នាយករដ្ឋមន្ត្រីអូស្ត្រាលី គាំទ្រការស៊ើបអង្កេតករណីចោទប្រកាន់ថា មានភាពប្រក្រតីបានកើតឡើងយ៉ាងច្រើន ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
កាលពីខែតុលា ព្រឹទ្ធសភាអូស្ត្រាលី បានឯកភាពគ្នាថា អំពាវឲ្យរដ្ឋាភិបាលកម្ពុជា “ រៀបចំការបោះឆ្នោតសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០១៣ និងធានាថា គណបក្សប្រឆាំងនានាអាចចូលរួមយ៉ាងពេញលេញក្នុងកិច្ចការនយោបាយកម្ពុជា ដោយមិនមានការយាយីផ្នែករូបវន្ត ឬក៏ផ្នែកតុលាការ ឬក៏ការគំរាមកំហែង”។
នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុអេបីស៊ីអូស្ត្រាលី (ABC Radio Australia) លោកស្រី គ្រីស្ទីន មីលណេ (Christine Milne) មេដឹកនាំគណបក្សបៃតង បានលើកឡើងថា ក្នុងនាមជាអ្នកផ្តល់ជំនួយដ៏ច្រើនមួយដល់ប្រទេសកម្ពុជា ប្រទេសអូស្ត្រាលីត្រូវក្រោកឈរឡើង និងបង្ហាញក្តីកង្វល់របស់ខ្លួនអំពីភាពមិនប្រក្រតី ដែលបានកើតឡើងនៅក្នុងការបោះឆ្នោតទូទាំងប្រទេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
លោកស្រី មីលណេ បានមានប្រសាសន៍ថា “ ប្រទេសអូស្ត្រាលីគួរតែប្រើប្រាស់ជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងការគាំទ្រយ៉ាងសកម្ម នូវការស៊ើបអង្កេតពេញលេញ និងមានតម្លាភាព ចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោត ហើយការសុើបអង្កេតនេះ ត្រូវការគណៈកម្មាធិការឯករាជ្យមួយ និងមានជំនួយពីអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានា”។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ ចំពោះខ្ញុំ ច្បាស់ណាស់ថា មានភាពមិនប្រក្រតីយ៉ាងច្រើនគួរឲ្យកត់សម្គាល់នៅក្នុងការបោះឆ្នោត… ខ្ញុំស្វាគមន៍ការដែលមានការលើកឡើងថា នឹងមានការពិភាក្សាគ្នា ហើយខ្ញុំក៏បានឮ [លោកប្រធានគណបក្សសង្គ្រោះជាតិ] សម រង្ស៊ី និយាយថា គោលបំណងនៃកិច្ចពិភាក្សាទាំងនោះ គឺដើម្បីបង្ហាញ ស្វែងរកការពិត និងគ្មានអ្វីលើសពីនេះទៀតទេ ហើយនោះគឺជាអ្វីដែលខ្ញុំចង់ឃើញនាពេលបច្ចុប្បន្ន សម្រាប់ប្រទេសអូស្ត្រាលី ដែលត្រូវក្រោកឈរឡើងដើម្បី…ឲ្យមានការពិនិត្យមើលបញ្ហា ពីព្រោះមានការអះអាងយ៉ាងច្បាស់ថា គណបក្សប្រឆាំងបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនេះ ហើយការបោះឆ្នោតនេះពិតជាត្រូវមានការស៊ើបអង្កេត”។
លោកស្រី មីលណេ បានលើកឡើងបន្តទៀតថា លោកស្រីមិនទាន់ទទួលបានចម្លើយតបសម្រាប់សំណើរបស់លោកស្រីនៅឡើយទេ។ សំណើនេះត្រូវបានផ្ញើជូនលោក រូដ មេដឹកនាំគណបក្សពលកម្មអូស្ត្រាលី (Austr-alian Labor Party) កាលពីដើមសប្តាហ៍នេះ ក៏ប៉ុន្តែ លោកស្រីជឿជាក់ថា ការសុើបអង្កេតនេះគួរតែមានការគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានច្រានចោលសំណើសុំ បង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យនេះ។ លោកស្រី មីនណេ បានមានប្រសាសន៍បន្ថែមទៀតថា “ យើងត្រូវស៊ើបអង្កេតការបោះឆ្នោតនេះឲ្យបានពេញលេញដើម្បីបញ្ជាក់ថា តើគណបក្សសង្គ្រោះជាតិ ពិតជាទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ ប៉ុន្តែ មិនត្រូវបានគេផ្តល់ឲ្យ ដោយសារតែភាពមិនប្រក្រតីទាំងនេះមែនឬយ៉ាងណា”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីលោកចាត់ទុកគណបក្សនយោបាយអូស្ត្រាលីជា មិត្តរបស់ប្រទេសកម្ពុជា “ ពួកគេមិនមានអំណាចអ្វីសម្រាប់បង្គាប់នូវអ្វី ដែលប្រទេសសម្រេចឡើយ”។ លោកបានមានប្រសាសន៍ថា “ ខ្ញុំយល់ថា មានតែយន្តការផ្លូវការប៉ុណ្ណោះ ពោលគឺមានតែគ.ជ.ប. ប៉ុណ្ណោះ ដែលអាចសម្រេចថា តើអ្នកណាជាអ្នកឈ្នះបាន។ យើងមិនអាចទទួលយកការអះអាងដោយខ្លួនឯងរបស់អ្នកណាដែលថា ខ្លួនជាអ្នកឈ្នះបានទេ។ [ការអះអាង] របស់គណបក្សប្រជាជនកម្ពុជា គ្រាន់តែជាការអះអាងបណ្តោះអាសន្នប៉ុណ្ណោះ។យើងមិនអះអាងបែបនោះទេ។ ការអះអាងដោយខ្លួនឯង និងការសន្មតមិនបានជួយអ្វីទេ”៕
ប្រែសម្រួលដោយ កង សុធា