29 C
Phnom Penh

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ស្វែង​រក​ការ​គាំទ្រ​ពី​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​ដែល​ចង់​ដឹង​ថា​ តើ​​លោក​នាយក​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោកកំពុង​សម្លឹង​រកប្រទេស​ណាមួយ​សម្រាប់​ការ​គាំទ្រ​​ ​​នៅ​ពេល​ដែល​​លោកទាំង​ពីរ​អះអាង​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​មុននោះត្រូវ​​​គិត​​​តែ​​​ពី​​​ឯក​អគ្គ​រដ្ឋ​ទូត​ ដែល​ភាគី​នីមួយ​ៗ​បាន​ជួប​​កាលពី​សប្ដាហ៍​មុនប៉ុណ្ណោះ​​បាន​​​ហើយ​​​។

ពី​រថ្ងៃ​បន្ទាប់​ពីរ​ការ​បោះឆ្នោត​ ដែល​លទ្ធ​ផល​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា គណបក្ស​​​សង្គ្រោះ​ជាតិ​របស់​លោកទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ​ លោក​ សម រង្ស៊ី បាន​ចូល​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក គឺលោក វីលៀម ថត ​ជា​លើក​​ដំបូង​​​​ក្រោយពី​ការ​បោះឆ្នោត​។ លោក ហ៊ុន សែន ដែល​គណបក្ស​កាន់​អំណាច​របស់​លោក​​​អះ​អាង​ភ្លាម​ៗ​ពី​ជ័យ​ជម្នះ​​បន្ដិច​បន្តួច​លើ​​​គណ​​​បក្ស​ប្រឆាំង​នោះ ​ពីរ​ថ្ងៃ​​ក្រោយ​​មក​បាន​ជួប​ឯក​អគ្គ​រដ្ឋទូត​អាឡឺម៉ង់ និង ឯក​អគ្គ​រដ្ឋទូត​ចិន​ជា​លើក​ដំបូង​។

​លោក ខាល ថេយ័រ អ្នក​ជំនាញ​ប្រចាំ​អាស៊ី​អាគ្នេយ៍​នៅ​បណ្ឌិត​សភា​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី នៅ​ទីក្រុង​កង់​បេរ៉ា បាន​មាន​ប្រសាសន៍​ថា ​ដោយ​មិន​មាន​ដំណោះ​ស្រាយ​ភ្លាមៗ​ចំពោះ​ជម្លោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ភាគី​នីមួយៗ​អះអាង​ពីជ័យ​ជម្នះ​រៀងៗ​ខ្លួន​នោះ លោក​ទាំង​ពីរ​កំពុង​ស្វះស្វែង​រក​ការ​គាំ​ទ្រ​ពី​សម្ព័ន្ធ​មិត្ត​ធំៗ​របស់​ខ្លួន​។

លោក ថេយ័រ បាន​មាន​ប្រសាសន៍​ថា“ ទី​១ ហ៊ុន សែន នឹង​បន្ត​ស្វែង​រក​ការ​គាំទ្រពី​ចិន​​។ ទី២ ហ៊ុន សែន កំពុង​ផ្ដល់​សញ្ញា​មួយ​ដល់​អ្នក​រិះគន់​លោកទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ថា ពួកគេ​អាច​គាប​សង្កត់​លោក​ចំពោះ​​អ្វី​ដែល​ពួកគេ​ចង់​បាន​​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ​​ ប៉ុន្តែ​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​គាំទ្រ​ពី​ចិន”។

លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ជំនួប​របស់​លោក​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​ចិន​ លោក ប៊ូ ជាំងគួ (Bu  Jianguo) ដើម្បី​អះអាង​ថា គណ​បក្ស​របស់​លោកនៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​​ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ព្យា​យាម​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូងរបស់​រដ្ឋសភា​​ក៏​ដោយ​​ ប៉ុន្តែ​ការ​អះអាង​បែប​នេះ​ផ្ទុយ​ពី​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ និង​អ្នក​ជំនាញ​ច្បាប់​មួយ​ចំនួន​។

ចំណែក​ឯ​នៅ​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​លើក​ទី២ចាប់​តាំង​ពីការ​បោះឆ្នោត​មក​ លោក​នាយក​​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ផ្សេង​ៗទៀត​ ដូចជា​ប្រទេស​ចិន ​​រីក​រាយ​នឹង​ចូល​មក​ជួយ ​ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីន​តោន​ដក​ជំនួយ​របស់​ខ្លួន​ ដូច​ដែល​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​កំពុង​ស្នើ​ឡើង​​ ប្រសិន​បើ​​មាន​ការ​សម្រេច​ជា​ចុង​ក្រោយ​ថា ការ​បោះ​ឆ្នោត​នេះ​មិន​សេរី​ និង​យុត្តិធម៌​មែននោះ​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​​សំដៅ​ដល់​សមាជិក​សភា​អាមេរិក​ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កក​មូលនិធិ នៅមុន​ពេល​ក្រើន​រំឭក​ពួកគេ​ពី​រថយន្ត​យោធា​ដែល​ក្រុង​ប៉េកាំង​បាន​បរិច្ចាគ​កាលពី​ឆ្នាំ​២០១០ បន្ទាប់​ពីក្រុង​វ៉ាស៊ីនតោន លុប​ចោល​ការ​បរិច្ចាគ​រថយន្ត​​ស្រដៀងគ្នា​នេះ​ដោយ​សារ​កង្វល់​ពី​សិទ្ធិ​មនុស្ស​​ថា “ ប្រសិន​​​បើ​​អស់​លោក​ក្លាហាន ​ផ្ដាច់​ជំនួយ​តែ​ម្ដង​ទៅ” ។

ប្រទេស​ចិន​ដែល​មិន​មាន​ការ​បោះឆ្នោត​ទូទៅ​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​អប​អរសាទរ​លោក​ ហ៊ុន សែន បន្ទាប់ពី​គណបក្ស​ប្រជាជន​ប្រកាស​​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​។ ប្រទេស​បង់​ក្លាដែស ភូមា ហុងគ្រី និង​វៀតណាម ក៏​បាន​អបអរសាទរ​ផង​ដែរ។

លោក សម  រង្ស៊ី ដែល​បាន​ចំណាយ​​ពេល​ពីរ​បីឆ្នាំ​មក​ហើយ​ដើម្បី​បញ្ចុះ​បញ្ចូល​សមាជិក​សភា​អាមេរិក និង​សមាជិក​សភា​អឺរ៉ុបនោះ កំពុង​សម្លឹង​មើល​ទៅ​លោក​ខាង​លិច។

លោក ថេយ័រ បាន​មាន​ប្រសាសន៍​ថា “ សម រង្ស៊ី​ នឹង​បន្ត​ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក និង​អឺរ៉ុប ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ដែល​ថា ការ​បោះ​ឆ្នោត​នេះ​មិនសេរី និង​យុត្តិ​ធម៌។ ជំនួប​របស់​លោក​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា សម រង្ស៊ី ក៏មាន​មិត្ត​ភក្ដិ​ខាង​ក្រៅ​ដែល​ជា​មហាអំណាច​ដែរ​។ អាមេរិក តាម​រយៈ​លោក​ស្រី ហ៊ីលឡារី គ្លីន​តុន អតីត​រដ្ឋមន្ត្រី​ការ​បរទេស​បាន​​ព្រមាន​កម្ពុជា​​រួច​ហើយ​ចំពោះ​ការ​ពឹង​ផ្អែក​ច្រើន​ពេក​ទៅ​លើ​ប្រទេស​ចិន​”។

តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​បោះឆ្នោត​ក្រសួង​ការ​បរទេស​អាមេរិក បាន​សម្ដែង​កង្វល់​អំពី​សេចក្ដី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ “ ដោយហ្មត់​ចត់ និង​មាន​តម្លាភាព” ។

ទោះ​បីជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិកម្នាក់​បាន​លើក​ឡើង​ថា អាមេរិក​មិន​គាំ​ទ្រ​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក៏ដោយ​ ក៏រដ្ឋាភិបាល​នេះ​ហាក់​ដូច​ជា​គាំ​ទ្រ​ដែរ​។ មួយ​ថ្ងៃ​ក្រោយ​មក​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍មួយ​​ប្រាប់​បេសកកម្មការ​ទូត​ទាំង​អស់​​កុំ​ឲ្យ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា​​ ជា​ពិសេស​មិន​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង។

​ចាប់​តាំង​ពីការ​បោះឆ្នោត​នេះ​មក​ លោក​ សម រង្ស៊ី បាន​និយាយ​​ទាំង​អស់​ពី​បញ្ហាត្រឹម​ត្រូវ​​​​​អំពី​ប្រទេស​ចិន​ ដោយ​គាំទ្រ​គោល​នយោ​​បាយចិន​តែ​មួយ​ និង​ការ​ទាម​ទារ​សិទ្ធិ​​កាន់​កាប់​របស់​ចិន​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ ទោះ​ជា​យ៉ាង​ណា​នៅ​ពេល​ធ្វើ​យុទ្ធនា​ការឃោស​នា​​​បោះឆ្នោត ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​ជន​ ដោយ​ការ​មិន​ទទួល​ស្គាល់​គម្រោង​រុក​រក​រ៉ែ និង​កសិ​ឧស្សាហកម្ម​ដែល​ក្រុង​ប៉េកាំង​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដើម្បី​ការ​ពារ​វិនិយោគទុន​ទាំង​នោះ និង​ដើម្បី​ជៀស​វាង​ពី​អស្ថិរភាព​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​នយោបាយនោះ​ លោក ថេយ័រ បាន​លើក​ឡើង​ថា ក្រុង​ប៉េកាំង នឹង​នៅ​តែ​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ជាលក្ខណៈ​ឯក​ជន ប្រទេស​ចិននឹង​ព្រួយ​បារម្ភ​​ចំពោះ​ការ​ កើន​ឡើង​ប្រជាប្រិយ​ភាពរបស់​​គណបក្ស​ប្រឆាំង​ ពីព្រោះ​គណ​បក្ស​ប្រឆាំង​ទំនង​ជា​នឹង​រិះគន់​ប្រទេស​ចិន​។ ប្រទេស​ចិន​ក៏​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​អស្ថិរភាព​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋចិន ឬ​វិនិយោគទុន​ចិន​នៅ​​​ប្រទេស​ចិន​។  ជាលក្ខណៈ​ឯក​ជន​ដែរ ប្រទេស​ចិន​នឹង​ផ្ដល់​ការ​គាំទ្រ​​ណា​ដែល​ចាំ​បាច់​​ ដើម្បី​ជួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​”។

លោក​ អៀន ស្តរី (Ian Story) មន្ត្រី​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​ពី​អាស៊ីអាគ្នេយ៍​ប្រចាំ​ប្រទេស​សិង្ហបុរី បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ចិន​ចង់​បាន​បំផុត​​ពីការ​បោះ​ឆ្នោត​​ គឺស្ថាន​ភាព​​នៅ​ស្ថិត​ស្ថេរ​​​។ ​លោក​បាន​មាន​ប្រសាសន៍​ថា សម្រាប់​ពេល​នេះ​ ​នោះ​នៅ​តែ​មាន​ន័យ​ថា ជាការ​គាំទ្រ​លោក​ ហ៊ុន សែន ​ដដែល​។

លោក ស្តរី បាន​មាន​ប្រសាសន៍​ថា “ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ ទំនាក់​ទំនង​ទ្វេភាគី​បាន​ប្រសើ​រឡើង​ច្រើន​ ហើយ​ផល​ប្រយោជន៍​នយោបាយ​​ សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​របស់​ចិន​ ​​បាន​រីក​ចម្រើន​ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ​ហើយ​ក្រុង​ប៉េកាំង​មាន​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ព្រោះ​វា​ផ្ដល់​នូវ​និរន្តរភាព​”។

លោក​បាន​​​ប្រសាសន៍​​​បន្ថែម​ថា “ មាន​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុង​វ៉ាស៊ីន​តោន ​និង​ក្រុង​ប៉េកាំង នៅ​អាស៊ី​អាគ្នេយ៍។ ដរាបណា​ ​​​ហ៊ុន សែន នៅ​តែ​មានអំណាច ​​ចិន​នៅ​តែ​មាន​ប្រៀប​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន និង​លោក​ សម រង្ស៊ី នៅ​​​តែ​អះអាង​ពីជ័យ​ជម្នះ​រៀង​ៗខ្លួន។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​​ ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា លម្អៀង​ទៅ​រក​គណបក្ស​ប្រជា​ជន​កម្ពុជា​​នោះ នឹង​មិន​ប្រកាស​​លទ្ធផល​ផ្លូវ​ការ​ទេរហូត​ដល់​ពាក់​កណ្ដាល​ខែ​នេះ​។

​ដោយ​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​នោះ លោក​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​​ឯករាជ្យ​ បាន​យល់​ស្រប​ថា​ គ្មាន​អ្វី​ច្បាស់​លាស់ទេ​ចំពោះ​​ប្រទេសទាំង ពីរដែល​លោក ហ៊ុន​ សែន និង​លោក សម​ រង្ស៊ី បាន​ចូល​ជួប​ជា​លើក​ដំបូង​នោះ។​ លោក​បាន​មាន​ប្រសាសន៍​ថា “ ពួកគាត់​​កំពុង​ស្វែង​រក​ការ​​គាំទ្រ​រៀងៗ​ខ្លួន​ពី​មហា​អំណាច​ទាំង​ពីរ​នេះ”។ លោក​បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​​លោក ហ៊ុន សែន ងាក​ទៅរក​ក្រុង​ប៉េកាំង​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ពីការ​គាំទ្រ​នោះ លោក សម រង្ស៊ី ​អាច​អរគុណ​ក្រុង​វ៉ាស៊ីន​តោន ចំពោះ​ការ​​​បន្ត​ដាក់​សម្ពាធ​ឲ្យ​លោក​បាន​​វិល​ត្រឡប់​ពី​បរទេស​​វិញ​ដោ​យ​សុវត្ថិភាព​​នៅ​មុន​ការ​បោះ​ឆ្នោត​បន្តិច ​​​​ បន្ទាប់​ពី​​​​​លោក​បាន​គេ​ចវេះ​ការ​ផ្ដន្ទា​ទោស​ដែល​មជ្ឈ​ដ្ឋាន​ទូទៅ​ជឿ​ថា ជា​រឿង​នយោ​បាយ​​នោះ​។

ប៉ុន្តែ​​លោក ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា ជម្លោះ​ក្រោយ​ការ​បោះឆ្នោត​​​អាស្រ័យ​លើ​កត្តា​ក្នុង​ស្រុក​ច្រើន​ជាង ជា​ពិសេស​​ថា តើ​លោក​ សម​ រង្ស៊ី ​ប្រមូល​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​លាន​នាក់ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​ដោយ​វិធី​ណា​ ​និង​នៅ​ពេល​ណា ព្រោះ​​ការ​បោះឆ្នោត​នេះ​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​តស៊ូ​ផ្នែក​នយោ​​​បាយ​ដ៏ស្វិត​ស្វាញ​បំផុត​ក្នុង​រយៈ​​ពេល​២០​ឆ្នាំ​​នេះ។ លោកបាន​មាន​ប្រសាសន៍​ថា មិន​ថា​ចិន​ និង​អាមេរិក ដើរ​តួនាទី​អ្វី​នោះទេ “ កត្តា​ធំ​បំផុត​គឺ​ការ​គាំទ្រ​លោក​ សម​ រង្ស៊ី នៅ​ទូទាំង​ប្រទេស​ ហើយ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស