ជាការបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់អាមេរិកឲ្យមានការស៊ើបអង្កេតអំពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតនេះ។
ខណៈរដ្ឋាភិបាលបរទេសមួយចំនួនបានផ្ញើសារអបអរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនបានប្រកាសពីជ័យជម្នះភ្លាមៗនោះ អាមេរិកមិនបានធ្វើដូច្នេះទេ។ គណបក្សសង្គ្រោះជាតិ (CNRP) ក៏បានប្រកាសអំពីជ័យជម្នះរបស់ខ្លួនក្នុងការបោះឆ្នោតនេះដែរ និងបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើដំណើរការបោះឆ្នោតនេះ។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេត “ដែលអាចទុកចិត្តបាន” លើការចោទប្រកាន់ពីភាពមិនប្រក្រតីនេះដែរ។ នៅក្នុងអត្ថបទប្រចាំសប្តាហ៍របស់លោក ដែលបានចុះផ្សាយនៅលើកាសែតរស្មីកម្ពុជា និងលើគេហទំព័រព័ត៌មានជាភាសាអង់គ្លេសរបស់កាសែតនេះកាលពីម្សិលមិញ លោក វីលលៀម ថដ៍ (William Todd) ឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងថា ការបោះឆ្នោតនេះដែលសូម្បីតែលទ្ធផលបឋមរបស់គណបក្សប្រជាជនកម្ពុជាផ្ទាល់ ក៏បង្ហាញថា គណបក្សសង្គ្រោះជាតិបានកើនអាសនៈច្រើននោះ “ផ្តល់ឱកាសជាប្រវត្តិសាស្ត្រ និងតែមួយគត់ សម្រាប់កំណែទម្រង់នយោបាយសំខាន់ៗប្រកបដោយលក្ខណៈវិជ្ជមាន”។
លោក វីលលៀម ថដ៍ បានទទូចឲ្យគណបក្សទាំងអស់បន្តសកម្មភាពដោយសន្តិវិធីនៅពេលលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសជាផ្លូវការ។ លោក វីលលៀម ថដ៍ បានសរសេរថា “ជាអកុសល មានសេចក្តីរាយការណ៍ជាច្រើនអំពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោតដែលបានធ្វើឲ្យមជ្ឈដ្ឋានខ្លះមានមន្ទិលសង្ស័យចំពោះលទ្ធផលនៃការបោះឆ្នោតនេះ”។
“ដូច្នេះ សហរដ្ឋអាមេរិកគាំទ្រឲ្យមានការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាពលើភាពមិនប្រក្រតីណាមួយ ដែលត្រូវបានរាយការណ៍។ ទន្ទឹមនឹងនោះ ដើម្បីស្តារទំនុកចិត្តរបស់អ្នកបោះឆ្នោតលើដំណើរការបោះឆ្នោត ដែលកំពុងតែបោះជំហានទៅមុខនោះ វាជារឿងសំខាន់ខ្លាំងណាស់ក្នុងការចាប់ផ្តើមការធ្វើកំណែទម្រង់ភ្លាមៗ ដើម្បីបញ្ចប់បញ្ហានេះ”។
លោក វីលលៀម ថដ៍ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលលោក សូរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ធ្លាប់បានស្នើ កាលពីខែកក្កដា ឆ្នាំ២០១២ ប៉ុន្តែដែលមិនត្រូវបានយកចិត្តទុកដាក់។
លោក វីលលៀម ថដ៍ បានលើកឡើងថា “ចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់រដ្ឋាភិបាលគឺត្រូវអនុវត្តតាមអនុសាសន៍ដ៏មានសារៈសំខាន់របស់អ្នកធ្វើរបាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដូចជា កែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោត និងធ្វើឲ្យសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានលក្ខណៈអព្យាក្រឹត និងប្រកបដោយតម្លាភាព”។
ឯកអគ្គរដ្ឋទូតរូបនេះបានសរសេរបន្តថា “ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ត្រូវបន្តអភិវឌ្ឍ និងកែលម្អ ហើយប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ទោះបីជាមានបញ្ហា និងការលំបាកខ្លះនៅរាល់ពេលមានការកែលម្អក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវធានាឲ្យមានការបោះឆ្នោត ដែលមានលក្ខណៈសេរី និងយុត្តិធម៌បំផុត”។
លោក វីលលៀម ថដ៍ បានបន្ថែមថា លោកសង្ឃឹមថា តំណាងរាស្ត្រដែលបានជាប់ឆ្នោតកាលពីខែកក្កដានេះ នឹង “ឆក់យកឱកាសជាប្រវត្តិសាស្ត្រនេះដើម្បីពង្រឹងនីតិរដ្ឋ និងសិទ្ធិមនុស្ស និងបង្កើតច្បាប់ប្រកបដោយលក្ខណៈត្រឹមត្រូវនិងតម្លាភាព ហើយដឹកនាំប្រទេសដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប”។
អត្ថបទរបស់លោក វីលលៀម ថដ៍ បានចេញផ្សាយរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ការអំពាវនាវរបស់ក្រុមតស៊ូមតិ និងសមាជិកសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឲ្យសហរដ្ឋអាមេរិកឈប់ផ្តល់ជំនួយនិងជំនួយយោធាដល់ប្រទេសកម្ពុជា សោយសារមានការអះអាងថា ការបោះឆ្នោតនេះ មិនមានលក្ខណៈសេរីនិងយុត្តិធម៌។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រកន្លងទៅ គឺមិនមែនសំដៅទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងនៅតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ”។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា “សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍សំដៅតែលើសមាជិកសភាសហរដ្ឋអាមេរិកមួយក្រុម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះ។ ពួកគេបានប្រើជំនួយដើម្បីគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា។ វាមិនយុត្តិធម៌ចំពោះប្រទេសកម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យនោះទេ”៕
ប្រែសម្រួលដោយ អ៊ូច សូនី