ក្រុមការងាររួមបក្សមួយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសកាលពីថ្ងៃសៅរ៍ថា នឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបានរំសាយវិញភ្លាមៗកាលពីម្សិលមិញ ដោយលោក អ៊ឹម សួស្ដី ប្រធានគ.ជ.ប. បានប្រកាសថា គណៈកម្មា ធិការរបស់លោកនឹងបន្តស៊ើបអង្កេតដោយខ្លួនឯងវិញ។

សេចក្ដីសម្រេចក្នុងការរំសាយគណៈកម្មាធិការស៊ើបអង្កេតរួមនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានច្រានចោលកាលពីយប់ថ្ងៃសៅរ៍នូវលទ្ធផលនៃកិច្ចប្រជុំមួយដែលបានធ្វើឡើងមុននេះមួយថ្ងៃជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សកាន់អំណាចបានទទូចថា អង្គការសហប្រជាជាតិគ្មានសមត្ថកិច្ចក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។
គ.ជ.ប.បានលើកឡើងតាមសេចក្ដីថ្លែងការណ៍មួយដែលក៏ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា កាលពីរសៀលថ្ងៃម្សិលមិញថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការសោកស្ដាយដែលការខិតខំប្រឹងប្រែងនេះពុំអាចសម្រេចទៅបាន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមានសង្ឃឹម និងសមានចិត្តក្នុងការបន្តការងារនេះឲ្យបានឆាប់រហ័ស”។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រៅទីស្នាក់ការគ.ជ.ប. ក្នុងបរិវេណក្រសួងមហាផ្ទៃកាលពីម្សិលមិញ លោក សួស្តី បានលើកឡើងថាគណៈកម្មាធិការរបស់លោកមិនអាចរង់ចាំទាល់តែគណបក្សសង្គ្រោះជាតិយល់ព្រមចូលរួមក្នុងការស៊ើបអង្កេតនេះទេ ព្រោះគ.ជ.ប. ត្រូវដោះស្រាយពាក្យបណ្ដឹងស្ដីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតតាមកាលវិភាគដែលបានកំណត់ទុកមុន។
លោក សួស្ដី មានប្រសាសន៍ថា “ គ.ជ.ប. នឹងធ្វើការដោយមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គ.ជ.ប. នឹងបង្កើតអនុគណៈកម្មការមួយដើម្បីដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយជំហានម្ដងៗ” ។ លោកមិនបានបញ្ជាក់ថា តើអ្នកសង្កេតការណ៍ដែលលោកបានលើកឡើងគឺមកពីស្ថាប័នណាខ្លះនោះទេ។
លោក អឹុម សួស្ដី បានបន្តថា “ ប្រសិនបើពួកគេ [គណបក្សសង្គ្រោះជាតិ] មិនចូលរួមជាមួយយើងទេនោះ យើងមិនអាចរង់ចាំពួកគេបានទេ។ យើងមានការងារច្រើនណាស់ត្រូវធ្វើតាមកាលវិភាគរបស់យើង”។ កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ច្បាប់បោះឆ្នោតចែងថា រដ្ឋសភាជាតិត្រូវកោះប្រជុំអំឡុងរយៈពេល៦០ថ្ងៃក្រោយការបោះឆ្នោតថ្ងៃ២៨ កក្កដា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
លោក សួស្ដី បានឲ្យដឹងថា គ.ជ.ប. កំពុងបំពេញការងារតាមកាលវិភាគដើមរបស់ខ្លួនដែលត្រូវបានប្រកាសកាលពីសប្ដាហ៍មុន ហើយគណៈកម្មាធិការនេះនឹងចាប់ផ្ដើមពិនិត្យពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតក្រោយពេលឱសានវាទសម្រាប់ការដាក់ពាក្យបណ្ដឹងកន្លងផុតនៅថ្ងៃអង្គារ។
គណបក្សប្រឆាំង ដែលបានអះអាងពីការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ហើយអះអាងថា ខ្លួនបានទទួលជ័យជម្នះនោះ បានទទូចសុំឲ្យអង្គការសហប្រជាជាតិដើរតួនាទីស្នូលក្នុងគណៈកម្មាធិការរួមបក្ស បន្ទាប់ពីគ.ជ.ប. បង្កើតគណៈកម្មាធិការនេះរួច។ នេះគឺជាសំណើមួយដែលលោក សម រង្ស៊ី បានលើកឡើងជាថ្មីម្ដងទៀតតាមរយៈលិខិតមួយច្បាប់ទៅគ.ជ.ប. កាលពីយប់ថ្ងៃសៅរ៍។
នៅក្នុងលិខិតជូនចំពោះលោក អ៊ឹម សួស្ដី នោះ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សប្រឆាំងនឹងមិនចូលរួមក្នុងគណៈកម្មាធិការស៊ើបអង្កេតណាមួយទេ គឺរហូតទាល់តែមានការចូលរួមពេញលេញពីអង្គការសហប្រជាជាតិ។
លិខិតរបស់លោក សម រង្ស៊ី មានខ្លឹមសារថា “ គណបក្សសង្គ្រោះជាតិយល់ឃើញថា សមាសភាពគណៈកម្មាធិការដែលបានស្នើឡើងដោយគ.ជ.ប. គឺមានលក្ខណៈចង្អៀតពេកផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិ”។ លោក សម រង្ស៊ី បានលើកឡើងថា ការដែលគ.ជ.ប. រំសាយគណៈកម្មាធិការរួមបក្សរយៈពេលមិនដល់មួយថ្ងៃផង បន្ទាប់ពីវាត្រូវបានបង្កើតឡើងនេះ ស្ដែងឲ្យឃើញថា រដ្ឋាភិបាលមិនប្រាកដថា មានឆន្ទៈដោះស្រាយពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោតទេ។
លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា “ វាមានន័យថា … គណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភខ្លាចគណៈកម្មាធិការស៊ើបអង្កេតបើកទូលាយចំពោះអ្នកដែលមានជំនាញ និងដែលអាចប្រមែប្រមូលជំនាញមកប្រមូលយកការណ៍ពិត។ យើងគ្មានថ្ងៃទទួលយកសេចក្ដីសម្រេចចុងក្រោយរបស់គ.ជ.ប. ឡើយ មានន័យថា ដំណើរការស្វែងរកដំណោះស្រាយសម្រាប់វិវាទក្នុងការបោះឆ្នោតនេះ គឺពុំមានសុពលភាព និងគ្មានភាពស្របច្បាប់សោះឡើយ។ កម្ពុជានឹងមានការតវ៉ាទ្រង់ទ្រាយធំ… ហើយខ្ញុំគិតថា ពិភពលោកទាំងមូលនឹងយល់ពីមូលហេតុ”។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ពេលនេះគណបក្សប្រឆាំងនឹងស្វែងរកវិធីថ្មីក្នុងការចូលរួមស៊ើបអង្កេតពីភាពមិនប្រក្រតីនានា។ លោកបានមានប្រសាសន៍ថា “ គណបក្សរបស់យើងនឹងស្វែងរកជម្រើសផ្សេង។ អ្នកមិនអាចនិយាយថា យើងត្រូវបោះបង់ចោលអ្វីៗគ្រប់យ៉ាងដោយសារតែយើងមិនចូលរួម [ក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមបក្ស] ភ្លាមៗតាមសំណើរបស់គ.ជ.ប. ឡើយ”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនអាចអនុញ្ញាតឲ្យស្ថាប័នអន្តរជាតិដើរតួនាទីសកម្មក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតបានទេ។ លោកបានមានប្រសាសន៍ថា “ យើងបានបញ្ជាក់ច្បាស់ហើយថា នេះគឺជាបញ្ហាអធិបតេយ្យភាពរបស់កម្ពុជា។ ខ្ញុំគិតថា ឥឡូវនេះយើងចាស់ទុំហើយ ហើយអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងក៏ចាស់ទុំល្មមនឹងធ្វើការស៊ើបអង្កេតដោយគ្មានអង្គការសហប្រជាជាតិដែរ។ ចំណុចសំខាន់គឺមានតែមួយប៉ុណ្ណោះ ប្រសិនបើគណបក្សប្រឆាំងចង់ស៊ើបអង្កេត ពួកគេអាចធ្វើបែបនេះបានជាមួយអង្គការក្រៅរដ្ឋាភិបាលនៅទីនេះ។ តើពួកគេចង់បានអ្វីទៀត”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងថា ការទទូចរបស់គណបក្សសង្គ្រោះជាតិឲ្យមានការចូលរួមយ៉ាងពេញលេញពីអង្គការសហប្រជាជាតិក្នុងការស៊ើបអង្កេត គឺជារឿងសម ហេតុផល។ លោកបានមានប្រសាសន៍ថា “ ក្រុមអ្នកសង្កេតការណ៍បានត្រឹមដើរតួនាទីតូចមួយប៉ុណ្ណោះ [ ស្ថាប័នអន្តរជាតិដូចជា អង្គការ សហប្រជាជាតិ] ទើបមានលទ្ធភាពផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស” ដោយលោកបន្ថែមថា ការមានស្ថាប័នអន្តរជាតិជាសមាជិកក្នុងការស៊ើបអង្កេតគឺជារឿងចាំបាច់សម្រាប់ការធានាពីភាពគួរឲ្យជឿជាក់នៃសេចក្ដីសន្និដ្ឋានរបស់គណៈកម្មាធិការបែបនេះ”។ លោកមានប្រសាសន៍ថា “ បើមិនដូច្នេះទេ នៅពេលគណៈកម្មាធិការនេះធ្វើសេចក្ដីសម្រេច នឹងមានការចោទសួរអំពីទំនាស់ផលប្រយោជន៍ ព្រោះគ.ជ.ប. គឺជាផ្នែកនៃអ្វីដែលកំពុងត្រូវបានស៊ើបអង្កេត”។
អ្នកនាំពាក្យមួយរូបរបស់លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា លោក បាន គីមូន ស្វាគមន៍ការបោះឆ្នោតដោយសន្ដិវិធី ប៉ុន្តែក៏គាំទ្រការស៊ើបអង្កេតអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតផងដែរ”។ សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “ អំឡុងពេលមានសេចក្ដីរាយការណ៍អំពីភាពមិនប្រក្រតី អង្គការសហប្រជាជាតិសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយពាក្យបណ្ដឹងដោយយុត្តិធម៌ និងមានតម្លាភាពដើម្បីធានាឲ្យបាននូវការគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា”។
លោក ហ្វីលីព សេន (Philip Sen) អ្នកនាំពាក្យស្ថានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា អង្គការសហប្រជាជាតិនៅមិនទាន់បានទទួលសំណើណាមួយពីគណបក្សទាំងពីរពាក់ព័ន្ធនឹងការចូលរួមជាសមាជិក ឬជាអ្នកសង្កេតការណ៍ក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតឡើយ។
លោកបានមានប្រសាសន៍ថា “ មកទល់នឹងពេលនេះ អង្គការសហប្រជាជាតិនៅមិនទាន់ឃើញមានការទាក់ទងពីភាគីពាក់ព័ន្ធណាមួយដើម្បីពិភាក្សាអំពីគណៈកម្មាធិការស៊ើបអង្កេតដែលត្រូវបានស្នើឡើងទេ។ នៅពេលបានទទួលសំណើបែបនេះ ស្ថានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងបញ្ជូនសំណើនេះទៅញូវយ៉ក”។
ខណៈគ.ជ.ប. អះអាងកាលពីសប្ដាហ៍មុនថា គណៈកម្មាធិការស៊ើបអង្កេតរួមបក្សដែលមានការចូលរួមពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជារឿងមួយដែលហួសពីសមត្ថកិច្ចរបស់ខ្លួននោះ ស្ថាប័នរៀបចំការបោះឆ្នោតនេះបានធ្វើផ្ទុយនឹងការអះអាងកាលពីថ្ងៃសៅរ៍ ដោយបានរៀបចំកិច្ចពិភាក្សាដែលមានការចូលរួមពីតំណាងរបស់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិស្ដីពីការបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមនេះ។
បន្ទាប់ពីតំណាងរបស់គណបក្សទាំងពីរបានចាកចេញពីកិច្ចប្រជុំនេះ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានប្រកាសថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ស្ដីពីការបង្កើតគណៈកម្មាធិការស៊ើបអង្កេតភាពមិនប្រក្រតីនេះ។
លោកមានប្រសាសន៍ថា “ កិច្ចប្រជុំបានដំណើរការដោយរលូន។ នៅទីបញ្ចប់ គណបក្សទាំងពីរបានព្រមព្រៀងគ្នាលើពីរចំណុច ទី១ គឺការបង្កើតគណៈកម្មាធិការរួមដែលមានការចូលរួមពីគ.ជ.ប. និងតំណាងរបស់គណបក្សទាំងពីរ។ ទី២ គណៈកម្មាធិការរួមនេះ នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីអំណាច និងវិសាលភាពនៃសកម្មភាពរបស់ខ្លួន”។
លោក គុយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានបន្ទរតាមការលើកឡើងក្នុងន័យវិជ្ជមានរបស់លោក ទេព នីថា ដោយបាននិយាយថា សមាជិកគណៈកម្មាធិការនេះនឹងត្រូវបានចាត់តាំងក្នុងពេលឆាប់ៗនេះ ហើយលោក ព្រំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានអះអាងថា កិច្ចប្រជុំនេះមានផលវិជ្ជមានដែរ។ លោកបានមានប្រសាសន៍ថា “ ឥឡូវនេះវាដំណើរការទៅមុខហើយ។ យើងបានព្រមព្រៀងគ្នាអស់ហើយ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ