មន្ត្រីនៅក្នុងខេត្តក្រចេះបានឲ្យដឹងកាលពីម្សិលមិញថា ដីស្រែចំការរាប់រយហិកតានៅឃុំបុសលាវ ក្នុងខេត្តនេះ ត្រូវបានជន់លិចដោយសារទឹកទន្លេមេគង្គដែលបានឡើងខ្លាំងដោយសារមានភ្លៀងធ្លាក់ច្រើនចាប់តាំងពីចុងសប្ដាហ៍មុនមក។
លោក ណៃ ឃី មេឃុំបុសលាវ បានឲ្យដឹងថា ភូមិចំនួនប្រាំពីរក្នុងចំណោមភូមិទាំងប្រាំបីក្នុងឃុំនេះបានលិចលង់ ធ្វើឲ្យប្រជាពលរដ្ឋជាង៨០០គ្រួសាររងការប៉ះពាល់។ លោក ណៃ ឃី បានមានប្រសាសន៍ថា “ អ្នកភូមិមួយចំនួនបានព្យាយាមសង្គ្រោះដំណាំរបស់ពួកគាត់ប៉ុន្តែដោយសារទឹកឡើងលឿនពេក ពួកគាត់ត្រូវបង្ខំចិត្តបោះបង់ចោលការព្យាយាមរបស់ខ្លួន”។
ទឹកជំនន់នេះក៏បានធ្វើឲ្យផ្ទះជាងដប់ខ្នងនៅក្នុងតំបន់នេះរងការជន់លិចផងដែរ។ លោក លី លីនប្រធានភូមិតាធឹងដែលបានរងការប៉ះពាល់ធ្ងន់ជាងគេ បានឲ្យដឹងថា អ្នកភូមិមានការព្រួយបារម្ភខ្លាំងអំពីទឹកជំនន់ក្នុងរដូវវស្សានេះជាងឆ្នាំមុនៗ ។
លោក លីន បានមានប្រសាសន៍ថា “ នៅក្នុងភូមិរបស់ខ្ញុំ ផលដំណាំជាង២០ហិកតាត្រូវបានបំផ្លាញអស់គ្រាន់តែក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ ទឹកជំនន់ឆ្នាំនេះ គឺអាក្រក់ជាងឆ្នាំមុន”។ ទោះជាយ៉ាងណា ទឹកជំនន់នេះនៅមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
លោក ហេង រ័ត្នមុនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានមានប្រសាសន៍ថា “ ថ្ងៃនេះ ទឹកទន្លេមេគង្គមានកម្ពស់ប្រហែល២០ [ម៉ែត្រ] នៅក្នុងខេត្តក្រចេះ។ ពេលឡើងដល់កម្ពស់២២ម៉ែត្រ យើងនឹងចេញបទបញ្ជាឲ្យមានការជម្លៀសប្រជាពលរដ្ឋ”៕
ប្រែសម្រួលដោយ ឃិន ណៃ