យោងតាមសេចក្ដីរាយការណ៍របស់កាសែតថៃមួយបានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការបរទេសថៃកំពុងប្រឈមមុខនឹងបទចោទពីទង្វើមិនត្រឹមត្រូវជុំវិញសេចក្ដីថ្លែងការណ៍មួយ ដែលលោកបានចុះហត្ថលេខាជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខា អាន អំពីប្រាសាទព្រះវិហារ។
លោក ណូបប៉ាដុន ប៉ាតតាម៉ា (Noppadon Pattama) ដែលធ្លាប់ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីថៃ តាក់ស៊ីន (Thaksin) និងដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសថៃបានតែប្រាំខែប៉ុណ្ណោះ កាលពីឆ្នាំ២០០៨ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយនៅឆ្នាំនោះជាមួយលោក សុខា អាន ដោយគាំទ្រការដាក់ពាក្យរបស់ប្រទេសកម្ពុជាសុំចុះបញ្ជីប្រាសាទព្រះវិហារជាតំបន់បេតិកភណ្ឌពិភពលោកជាមួយអង្គការយូណេស្កូ (UNESCO)។
អំឡុងពេលមានចលាចលនយោបាយនៅថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ បានចោទប្រកាន់លោក ណូបប៉ាដុន និងសមាជិកផ្សេងៗទៀតរបស់គណបក្សអំណាចប្រជាជន ពីបទរំលោភបំពានវិធានមួយនៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃ ដែលចែងថា ត្រូវប្រឹក្សាយោបល់ជាមួយសភាជាមុនសិន អំពីសន្ធិសញ្ញាណាមួយដែលប៉ះពាល់ដល់ទឹកដីរបស់ប្រទេសថៃ។
កាសែតជាភាសាអង់គ្លេសនៅទីក្រុងបាងកកដែលមានឈ្មោះថា ឌឹ ណេសិន (The Nation) បានរាយការណ៍កាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍តុលាការថៃ “ បានចាប់ផ្ដើមដំណើរការបទចោទ” លើរូបលោក ណូបប៉ាដុន ពីបទប្រព្រឹត្តិមិនត្រឹមត្រូវ។
សេចក្ដីរាយការណ៍របស់កាសែតនេះបានឲ្យដឹងថា បច្ចុប្បន្ន លោក ណូបប៉ាដុន ស្ថិតនៅក្រៅឃុំនៅឡើយ ហើយលោកបានបដិសេធចំពោះការចោទប្រកាន់នេះដោយលោកលើកឡើងថា កិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា មិនប៉ះពាល់ដល់ទឹកដីរបស់ប្រទេសថៃនោះទេ។
អង្គការយូណេស្កូបានចុះបញ្ជីប្រាសាទព្រះវិហារជាតំបន់បេតិកភណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨។ ក្រោយមកនៅខែដដែលលោក ណូបប៉ាដុន បានចុះចេញពីតំណែង ហើយភាពតានតឹងកាន់តែខ្លាំងឡើងនៅឆ្នាំនោះ រហូតទាល់តែការប៉ះទង្គិចគ្នាដោយអាវុធជាច្រើនដងបានផ្ទុះឡើង នៅជុំវិញតំបន់ប្រាសាទព្រះវិហារកាលពីខែតុលា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សេចក្ដីថ្លែងការណ៍រួមគ្នានេះមិនប៉ះពាល់ដល់ទឹកដីរបស់ថៃទេ ពីព្រោះកម្ពុជាទទួលស្គាល់ថា តំបន់បេតិកភណ្ឌពិភពលោកនេះ គឺគ្របដណ្ដប់តែតំបន់ប្រាសាទប៉ុណ្ណោះ មិនមែនតំបន់ជុំវិញដែលមានជម្លោះនោះទេ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា វាមិនមែនជារឿងទឹកដីនោះទេ លោកគ្រាន់តែគាំទ្រចំពោះការចុះបញ្ជីប្រសាទប៉ុណ្ណោះ។ ការចុះហត្ថលេខារបស់លោក [ លើសេចក្ដីថ្លែងការណ៍រួមនេះ] ត្រូវបានធ្វើឡើងក្រោយសេចក្ដីសម្រេចជាគោលការណ៍របស់អង្គការយូណេស្កូ ដើម្បីយល់ព្រមចំពោះការចុះបញ្ជីនេះតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ហួង កុកទៀន