28 C
Phnom Penh

ក្រុម​អ្នក​សង្កេត​ការណ៍​​បោះ​ឆ្នោត​ដាក់​សំណើ​ទៅ​គ.ជ.ប.​ដើម្បី​ត្រួត​ពិនិត្យ​ឯកសារ​ឡើង​វិញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឯក​រាជ្យ​ និង​អង្គការ​​សង្គម​ស៊ីវិល​បាន​​ដាក់​សំណើ​​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ.ជ.ប​. កាលពី​ថ្ងៃសុក្រ ស្នើ​សុំ​ពិនិត្យ​មើល​ឡើង​វិញ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ និង​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការណ៍​ក្នុង​ពេល​បោះ​ឆ្នោត​នៅក្នុង​ខេត្ត​ចំនួន​ប្រាំពីរ​ ដែល​មាន​សេចក្តីរាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ​បាន​កើត​ឡើង​​នៅ​​ពេល​បោះ​ឆ្នោត​​កាល​ពី​​ថ្ងៃទី​២៨ ខែកក្កដា។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅកាត់​ថា ខុមហ្វ្រែល បាន​មាន​ប្រសាសន៍ថា ​គណៈ​​កម្ម​ការ​មួយ​​របស់​​ស្ថាប័ន​សង្គម​ស៊ីវិល​​​ដែល​បាន​​​​អង្កេត​ការ​ណ៍​​ការ​បោះ​ឆ្នោត​ជាតិ​បាន​ស្នើ​ឲ្យ​ គ.ជ.ប. បង្ហាញ​បញ្ជី​ឈ្មោះ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​បោះ​ឆ្នោត​ក្នុង​ខេត្ត​ទាំង​នេះ​ ដើម្បី​​​ពិនិត្យ​មើល​ករណី​អ្នក​បោះ​ឆ្នោត​ពីរ​ដង​ និង​បង្ហាញ​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​ឯកសារ​នៃ​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​តំបន់​​មួយ​ចំនួន ដើម្បី​​វាយ​តម្លៃ​ពី​កម្រិត​នៃ​ការ​ក្លែង​បន្លំ​​ក្នុង​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​បន្ត​ថា ខេត្ត​ទាំង​នោះ​រួម​មាន​ខេត្ត​ព្រៃវែង​ដែល​មាន​សេចក្តី​រាយការណ៍​ស្តី​ពី​ការ​​ក្លែង​បន្លំ​ក្នុង​ការ​ប្រើ​ប្រាស់​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវការ​ជា​ច្រើន​ ហើយ​នៅ​រាជធានី​ភ្នំពេញ ដែល​​ក្រុម​​អ្នក​សង្កេត​ការ​សង្ស័យ​ថា មាន​អ្នក​បោះ​ឆ្នោត​ពីរ​ដង​មាន​​ចំនួន​ច្រើន​​ រី​ឯ​​ខេត្ត​សៀមរាប​វិញ​ដែល​ ក្រុម​អ្នក​​សង្កេត​ការ​បាន​ឃើញ​​កង​​យោធពល​ខេមរ​ភូមិន្ទ​រាប់​ពាន់​នាក់​បាន​ចល័ត​នៅ​ទូទាំង​ខេត្ត​អំឡុង​ពេល​បោះ​ឆ្នោត​។

នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ដែល​មាន​ការ​សង្ស័យ​​​ពី​​​ភាព​មិន​ប្រក្រតី​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោតមាន​កម្រឹត​ខ្ពស់​​គឺ​​​ខេត្ត​បាត់ដំបង កំពង់​ចាម កណ្តាល និង​ខេត្ត​ក្រចេះ។ លោក គល់ បញ្ញា មាន​ប្រសាសន៍​បន្ត​ទៀត​ថា អង្គការ​ខុមហ្វ្រែល និង​ក្រុម​សង្កេត​ការណ៍​បោះ​ឆ្នោត​ផ្សេង​ៗ​ទៀត​បច្ចុប្បន្ន​នេះ​​កំពុង​ចងក្រង​អ្វីដែល​ខ្លួន​បាន​រកឃើញ​ ហើយ​​នឹង​ចេញ​​​របាយការណ៍ស្តីពី​​ចំនួន​​​​​នៃ​ភាព​មិនប្រក្រតី​ដែល​ជាប់​សង្ស័យ​ នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខនេះ​​។ ប៉ុន្តែ​​ទោះ​ជា​យ៉ាងណា​បើ​គ្មាន​កិច្ច​សហការ​ពី​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​​ក្នុង​​​​ការ​ត្រួត​ពិនិត្យ​​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ឯក​សារ​ផ្សេងៗ​ឡើង​វិញ​នោះ​ទេ​ ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​និង​ការ​​លួច​បន្លំ​សន្លឹក​ឆ្នោត​គឺ​មិន​អាច​​ប្រព្រឹត្តិ​​ទៅ​​បាន​​​ឡើយ។

លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គ.ជ.ប​.​​ រវល់​ខ្លាំង​ណាស់​  មិន​មាន​ពេល​ពិនិត្យ​មើល​​សំណើ​ស្នើ​សុំ​ត្រួត​ពិនិត្យ​ឯកសារ​ពី​សំណាក់​ក្រុម​អ្នក​សង្កេត​ការ​ណ៍​បោះ​ឆ្នោត​ឯករាជ្យ​ទាំង​នោះទេ​​។ លោក​ថ្លែង​បន្ត​ថា “ យើង​មិន​ទាន់​បាន​ពិនិត្យ​មើល​សំណើ​របស់​ពួកគេ​នៅ​ឡើយ​ទេ​ដោយ​សារ​យើង​មិន​ទាន់​មាន​ពេល​ត្រួត​ពិនិត្យ​វា​​ យើង​កំពុង​រវល់​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​”។ ​

លោក​​បន្ថែម​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ទទួល​សេក្តី​​​រាយ​​​ការណ៍​តែ​១០ករណី​ប៉ុណ្ណោះ​ ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ប្រើ​ប្រាស់​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការណ៍​ក្លែង​ក្លាយ​ ចាប់​តាំង​ពីការ​​បោះឆ្នោត​កាល​ពី​សប្ដាហ៍​​មុនមក​។

លោក ទេព នីថា មាន​ប្រសាសន៍​បន្ត​ថា   “ សម្រាប់​របាយការណ៍​​ស្តី​ពី​ភាព​មិន​ប្រក្រតី​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​យើង​ នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​សំណើ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​៦ [ខែសីហា] នេះ​។ បញ្ហា​ទាំង​នោះ​មិន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ទេ​”។

ទោះ​ជា​យ៉ាង​ណា ​តំណាង​​គណបក្ស​សង្គ្រោះ​ជាតិ​​ទាំង​នៅ​​​ខេត្ត​ព្រៃវែង​ និង​នៅ​ខេត្ត​កណ្ដាល​បាន​លើក​ឡើង​ថា ពួកគេ​បាន​ទទួលពាក្យ​​បណ្តឹង​ស្តី​​អំពី​ការ​លួច​​បន្លំ​ប្រើ​ប្រាស់​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវការណ៍​ ការ​បោះ​ឆ្នោត​ពីរដង និង​ការ​បាត់​ឈ្មោះរាប់​រយ​ករណី​ឯណោះ​ ប៉ុន្តែ មិន​ទាន់​បាន​សរុប​ចំនួន​របាយការណ៍​ស្ដី​អំ​​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​នៅ​ឡើយ​​​ទេ​។ នៅ​រាជធានី​ភ្នំពេញ គិត​មក​ដល់​ថ្ងៃសុក្រនេះ​ ពួកគេ​បាន​លើក​ ឡើង​​ថា ពួកគេ​បាន​ទទួល​ពាក្យ​បណ្ដឹង​ជាង​២.០០០ករណី​។

សំណើ​សំុ​ត្រួត​ពិនិត្យ​មើល​ឯក​សាររបស់​​​  ​គណៈ​​កម្ម​ការ​​​​​​នៃ​​ស្ថាប័ន​សង្គម​ស៊ីវិល​​​បាន​កើត​ឡើង​ចំពេល​​​កិច្ច​ពិភាក្សា​ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​សមាស​​​ភាព​មក​ពី​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បាន​បរាជ័យ​​ហើយ​​​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បានដាក់​កំហុស​លើ​​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​​​សារ​​គណបក្ស​នេះ​ទាម​ទារ​ឲ្យ​មាន​តំណាង​​​មក​​​ពី​​​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម​ស៊ើប​អង្កេត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ជា​សំណើ​មួយ​ដែល​ គ.ជ.ប. បាន​លើក​ឡើង​ថា មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​បាន​ផ្ដល់​នូវ​វិធីសាស្ត្រ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​​នយោ​បាយ​សម្រាប់​ឲ្យគ.ជ.ប. ដំណើ​​ការ​ការ​បោះ​ឆ្នោត​ដែល​អាច​ជឿទុក​ចិត្ត​បាន​​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ថ្វីបើ​ពួក​គេ​[គ.ជ.ប.] ចូលរួម​ក្នុង​បេសកកម្ម​ [ជាមួយ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ]​ ឬ​មិន​ចូល​រួម​​ក៏​ដោយ​ ក៏​យើង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​តាម​របៀប​របស់​យើង​។ យើង​ចង់​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស​មិន​មែន​បញ្ហា​នយោបាយ​ទេ​”។ លោក​បន្តថា​ “ យើង​នឹង​បន្ត​ធ្វើការ​ងារ​របស់​យើង​ ហើយ​យើង​នឹង​បង្ហាញ​ថា​តើ ​គ.ជ.ប.​ចូល​ចិត្ត​សហការ​ក្នុង​ការ​ស៊ើប​អង្កេត ប្រ​កប​​ដោយ​តម្លាភាព​​ឬ​យ៉ាង​ណា”៕

(រាយការ​ណ៍​បន្ថែម​ដោយ នៅ វណ្ណារិន)
ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស