41.3 C
Phnom Penh

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ចាប់​ផ្តើម​ខណៈ​មាន​ការអះអាងពី​ការ​លួច​ចម្លង​គ្រប់ក​ន្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្ស​​​វិទ្យាល័យ​​​បាន​​​ចាប់​​​ផ្ដើម​​​ការ​​​ប្រឡង​​​យក​​​សញ្ញា​​​បត្រ​​​មធ្យម​​​សិក្សា​​​ទុតិយភូមិ​​​កាលពី​​​ម្សិលមិញ​​​ ដោយ​​​សិស្ស​​​ជាច្រើន​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​មាន​​​លទ្ធភាព​​​លួច​​​ចម្លង​​​​​​តាម​​​រយៈ​​​ការ​​​សូក​​​ប៉ាន់​​​អនុរក្ស​​​​​​ ដើម្បី​​​យក​​​ក្រដាស​​​ចម្លើយ​​​ចូលក្នុង​​​បន្ទប់​​​ប្រឡង​​​។

យុវសិស្ស​​​​​​ឈ្មោះ​​​ សាង ដែល​​​ប្រឡង​​​នៅ​​​មណ្ឌលវិទ្យាល័យ​​​​​​បឹង​​​ត្របែក​​​ និង​​​ដែល​​​សុំ​​​មិន​​​ប្រាប់​​​នាម​​​ត្រកូល​​​ដើម្បី​​​លាក់​​​បាំង​​​អត្ត​​​សញ្ញាណ​​​របស់​​​ខ្លួន​​​នោះ បាន​​​​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ឲ្យ​​​៥ដុល្លារ ទៅអនុរក្ស​​​ដើម្បី​​​ឲ្យ​​​ពួកគាត់​​​​​​ឲ្យ​​​ខ្ញុំ​​​លួច​​​មើល​​​ក្រដាស​​​ចម្លើយ​​​”។

នាង​​​បាន​​​បន្ត​​​ថា “ ព្រុយ​​​យ៉ុងរបស់​​​ខ្ញុំ​​​មាន​​​​​​​​​ចម្លើយ​​​​​​ត្រូវ​​​ ប៉ុន្តែ​​​បង់​​​លេខ​​​ខុស​​​។ អ៊ីចឹង​​​ខ្ញុំ​​​គ្រាន់​​​តែ​​​រើស​​​ចម្លើយ​​​ឲ្យ​​​ត្រូវ​​​នឹង​​​សំណួរ​​​​​ទៅ​​​គឺ​​​ជា​​​ការ​​​ស្រេច​​​”។ សិស្ស​​​ម្នាក់​​​ទៀត​​​ដែល​​​​​​ប្រឡង​​​នៅ​​​សាលា​​​នេះដែរ​​​ និង​​​ដែល​​​សុំ​​​មិន​​​ឲ្យ​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​​​​​​​ឲ្យ​​​ដឹង​​​ថា លោក​​​គ្រូ អ្នក​​​គ្រូ​​​ដែល​​​បាន​​​ទទួល​​​សំណូក​​​ បាន​​​អនុញ្ញាត​​​ឲ្យ​​​សិស្ស​​​​​​លួច​​​​​​ចម្លង​​​តាម​​​ចិត្ត​​​ កុំ​​​ឲ្យ​​​តែ​​​ពួកគេ​​​បើក​​​ចំហពេក​​​។

យុវសិស្ស​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ឲ្យ​​​គ្រូ​​​៥​​​ដុល្លារ ដើម្បី​​​បើក​​​ព្រុយយ៉ុង​​​មើល​​​។ ពួកគាត់​​​ក៏​​​អនុញ្ញាត​​​ឲ្យ​​​សិស្ស​​​ដទៃ​​​ទៀត​​​ប្រើ​​​ទូរស័ព្ទ​​​ដៃ​​​ដើម្បី​​​លួច​​​ចម្លង​​​ដែរ​​​។ ប៉ុន្តែ​​​យើង​​​ត្រូវ​​​ទុក​​​ព្រុយយ៉ុង​​​នៅ​​​ក្នុង​​​កាបូប​​​របស់​​​យើង​​​ ដើម្បី​​​កុំ​​​ឲ្យ​​​អនុរក្ស​​​ឃើញ​​​”។

យុវសិស្ស​​​ឈ្មោះ រ៉ន អាយុ​​​១៨​​​ឆ្នាំ ដែល​​​ប្រាប់​​​តែ​​​នាម​​​ខ្លួន​​​ និង​​​ដែល​​​មាន​​​ឈ្មោះ​​​ប្រឡង​​​​​​នៅ​​​មណ្ឌល​​​វិទ្យាល័យ​​​ ប៊ុន រ៉ានី​​​ ផ្សារ​​​ដើម​​​ថ្កូវ​​​ បាន​​​និយាយ​​​ថា ការ​​​ព្យាយាម​​​របស់​​​សមត្ថកិច្ច​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​ការ​​​លួច​​​ចម្លង​​​នៅ​​​មណ្ឌល​​​ប្រឡង​​​​​​នេះ​​​ គឺ​​​មិន​​​បាន​​​ជោគ​​​ជ័យ​​​ទេ។

យុ​​​វសិស្ស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ មាន​​​នគរ​​​បាល​​​ និងគ្រូ​​ៗនៅ​​​របង​​​ខាង​​​មុខ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​ក្រែង​​​លោ​​​មាន​​​បេក្ខជន​​​ណា​​​យក​​​​​​ព្រុយយ៉ុង​​​ ឬ​​​ទូរស័ព្ទ​​​មក​​​តាម​​​ខ្លួន​​​​​​។ គ្រូៗ​​​ក៏ឆែក​​​ពួក​​​យើង​​​​​​​​​ពេល​​​ចូល​​​ក្នុង​​​បន្ទប់​​​ប្រឡង​​​ដែរ​​​”។​ ប៉ុន្តែ​​​អនុរក្ស​​​មួយ​​​ចំនួន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​លួច​​​ចម្លង​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​ការ​​​​​​ផ្ដល់​​​សញ្ញា​​​ឲ្យ​​​បេក្ខជន​​​​​​ដឹង​​​ខ្លួន ​​​មុនពេល​​​អ្នកត្រួតពិនិត្យអគារដើរ​​​សំដៅ​​​មក​​​បន្ទប់​​​ប្រឡង​​​ផង​​​ដែរ​​​។ យុវសិស្ស​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “ ខ្ញុំ​​​បាន​​​ទិញ​​​ព្រុយយ៉ុងជាមួយ​​មិត្ត​​​ភក្ដិ​​​នៅ​​​ល្ងាច​​​មុន​​​ថ្ងៃ​​​ប្រឡង​​​។ [ចម្លើយ​​​សម្រាប់​​​] វិញ្ញាសាទាំង​​​ពីរ​​​ដែល​​​ខ្ញុំ​​​ត្រូវ​​​ប្រឡង​​​ថ្ងៃ​​​នេះ​​​ គឺ​​​វិញ្ញាសាគីមី​វិទ្យា​​​ និង​​​ជីវវិទ្យា បាន​​​បែកធ្លាយ​​​ទាំង​​​ស្រុង​​​​​​​​”។

វាគឺ​​​ជា​​​រឿង​​​ធម្មតា​​​ទៅហើយដែល​​​ហាង​​​ថត​​​ចម្លង​​​ក្បែរ​​​សាលា​​​រៀន​​​នានា​​​លក់​​​វិញ្ញាសា​​​​​​រាប់​​​មិន​​​អស់​​​ឲ្យ​​​សិស្ស​​​មុនពេល​​​​​​ប្រឡង​​​។ សិស្ស​​​​​​ថ្នាក់​​​ទី​​​១២ជិត​​​១០៨​​​.០០៣​​​នាក់ ត្រូវ​​​ប្រឡង​​​យក​​​សញ្ញាបត្រ​​​មធ្យម​​​សិក្សា​​​​​​ទុតិយភូមិ​​​​ក្នុង​​​សប្ដាហ៍​​​នេះ។ ការ​​​ប្រឡង​​​ជាប់​​​​​​គឺ​​​ជារឿង​​​ចាំបាច់​​​ណាស់​​​សម្រាប់​​​ការ​​​បញ្ចប់​​​ថ្នាក់​​​វិទ្យាល័យ​​​ ហើយ​​​លទ្ធផល​​​នៃការ​​​ប្រឡង​​​​​​គឺ​​​ជា​​​កត្តា​​​សំខាន់​​​មួយ​​​សម្រាប់​​​ការ​​​បន្ត​​​ការ​​​​​​សិក្សា​​​នៅ​​​ថ្នាក់​​​ឧត្តម​​​​​​សិក្សា​​​។

លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​​​នៃ​​​ក្រសួង​​​អប់​​​រំ យុវ​​​ជន​​​ និង​​​កីឡា បាន​​​ធ្វើការ​​​បដិសេធ​​​កាលពី​​​ម្សិល​​​មិញ​​​ថា គ្មាន​​​ការ​​​បែក​​​ធ្លាយ​​​វិញ្ញាសាទេ ​​​ដោយ​​​លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​វិធានការ​​​ច្បាស់​​​លាស់​​​ក្នុង​​​ការ​​​ផ្ដល់​​​បរិយា​​​កាស​​​​​​ប្រឡង​​​ដោយ​​​យុត្តិធម៌​​​​​​សម្រាប់​​​សិស្ស​​​គ្រប់​​​គ្នា​​​​​​។ គ្មាន​​​ការ​​​បែក​​​ធ្លាយ​​​វិញ្ញាសា​​​​​ទេ​​​​​​”។

លោក កែម ឡី អ្នក​​​ស្រាវ​​​ជ្រាវ​​​​​​ផ្នែក​​សង្គម   និងសេដ្ឋ​​​កិច្ច​​​​​​នៅ​​​ក្រុម​​​ពិគ្រោះ​​​យោបល់​​​ជាន់​​​ខ្ពស់​​​ (Advanced Research Consultant Team) ដែល​​​ជា​​​ក្រុម​​​​​​ពិគ្រោះ​​​យោបល់​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​លទ្ធផល​​​នៃ​​​ការ​​​វិភាគ​​​ដំណើរ​​​ការ​​​ប្រឡង​​​ដែល​​​លោក​​​បាន​​​ជួយ​​​ធ្វើ​​​​​​ក្នុង​​​ឆ្នាំនេះបង្ហាញ​​​ថា​​​ បញ្ហា​​​លួច​​​ចម្លង​​​គឺ​​​បង្ក​​​​​​ឡើង​​​ដោយសារ​​​រាល​​​ដាល​​​ត​​​គ្នា​​​ផង​​​ និង​​​ដោយសារ​​​សិស្ស​​​ខ្លួន​​​ឯង​​​ផង​​​។

លោក​​​បានថ្លែង​​​​​​ថា “ សិស្ស​​​ចំនួន​​​៦៦​​​,៩​​​ភាគ​​​រយ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​ឲ្យ​​​ប្រាក់​​​ទៅ​​​អនុរក្ស​​​​​។ ​​​ក្នុង​​​ចំណោម​​​ករណី​​​ទាំង​​​នោះ​​​ ៩២​​​​​​ភាគរយ​​​គឺ​​​បេក្ខជន​​​ជា​​​អ្នក​​​ផ្ដួច​​​ផ្ដើម​​សូក​​​ប៉ាន់​​​គ្រូ​​​ដោយ​​​ខ្លួន​​​ឯង​​​។ការ​​​ សិក្សា​​​ដដែល​​​នេះ​​​​​​បង្ហាញ​​​ថា សិស្ស​​​តិច​​​ជាង​​​១ភាគ​​​៥ ដែល​​​ត្រូវ​​​បាន​​​ស្ទង់​​​មតិ​​​​​​ចាត់​​​ទុក​​​ការ​​​ប្រឡង​​​ថា “ មិន​​​យុត្តិធម៌​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស