រយៈពេលបីខែបន្ទាប់ពីអង្គការសិទ្ធិមនុស្សអាដហុក បានធ្វើសេចក្តីរាយការណ៍ថា ក្រុមហ៊ុនចម្ការកៅស៊ូមួយរបស់វៀតណាមបានរានព្រៃសហគមន៍ទំហំ១៥០ហិកតា នៅក្នុងខេត្តរតនគិរីនោះ ក្រុមអ្នកភូមិជនជាតិភាគតិចចារាយ និងអង្គការអាដហុក បានឲ្យដឹងកាលពីម្សិលមិញថា ការកាប់បំផ្លាញព្រៃខុសច្បាប់កំពុងបន្តនៅលើដីដែលស្ថិតនៅក្រៅសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ។
លោក ឆាយ ធី ជាអ្នកស៊ើបអង្កេតរបស់អង្គការអាដហុក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ អង្គការអាដហុកបានបញ្ជូនតំណាងប្រាំនាក់នៃគណៈកម្មាធិការព្រៃសហគមន៍ ដែលមានសមាជិកជាជនជាតិភាគតិចចារាយមកពីភូមិឡម ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ទៅស៊ើបអង្កេតពីការអះអាងដែលថា ការកាប់បំផ្លាញព្រៃឈើកំពុងបន្ត។
លោក ធី បានឲ្យដឹងបន្តថា ក្រុមនេះបានរកឃើញជនជាតិវៀតណាម៦នាក់ កាប់រំលំដើមឈើនៅក្រៅសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៧២ (Company 72) នេះ ដោយមានរថយន្តមួយគ្រឿង និងត្រាក់ទ័រពីរគ្រឿងចតនៅក្បែរដីនៅក្នុងបរិវេណសម្បទានដីសេដ្ឋកិច្ចនោះផង។
លោក ធី បានមានប្រសាសន៍ថា “ ពួកគេបានកាប់ដើមឈើនៅក្រៅសម្បទានដី ដោយបានទាញឈើទាំងនោះចូលទៅក្នុងដីរបស់ក្រុមហ៊ុន ហើយបានដឹកវាទៅប្រទេសវៀតណាម តាមរយៈច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការ គឺច្រកថ្មដា” ដោយលោកបានបន្ថែមថា អង្គការអាដហុក នឹងបញ្ជូនរូបថតមានរូបភាពរថយន្តដែលថតបានដោយគណៈកម្មាធិការព្រៃសហគមន៍នេះទៅអាជ្ញាធរមូលដ្ឋាន ទុកជាភ័ស្តុតាងបញ្ជាក់ពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
លោក រ៉ូម៉ាស់ ស្វាត ជាប្រធាននៃគណៈកម្មាធិការព្រៃសហគមន៍នេះ បានឲ្យដឹងថា លោកបានឃើញគេកាប់រំលំដើមឈើជាង៤០ដើម ដោយមួយដើមៗត្រូវបានកាត់ជាកំណាត់ៗប្រវែងពី៦ទៅ១០ម៉ែត្រ និងមានអង្កត់ផ្ចិតពី៣០ទៅ៦០សង់ទីម៉ែត្រ។
លោក រ៉ូម៉ាស់ ស្វាត បានមានប្រសាសន៍ថា “ យើងបានសួរបុរសវៀតណាមម្នាក់ក្នុងចំណោមបុរសវៀតណាមទាំងប៉ុន្មាននោះពីមូលហេតុដែលពួកគេកាប់បំផ្លាញដើមឈើ ដែរ តែបុរសវៀតណាមម្នាក់នោះគ្រាន់តែបាននិយាយថា ខ្លួនធ្វើការឲ្យក្រុមហ៊ុន៧២” ដោយលោកបានបន្ថែមថា លទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មាធិការព្រៃសហគមន៍ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះបង្ហាញថា មានការកើនឡើងនូវការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
លោក ដក ស ជាអភិបាលស្រុកអូរយ៉ាដាវបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុន៧២ផ្អាកសកម្មភាពរបស់ខ្លួននៅលើសម្បទានដីសេដ្ឋកិច្ចនោះ កាលពីមួយឆ្នាំមុន បន្ទាប់ពីការស៊ើបអង្កេតរបស់ក្រសួងកសិកម្មរកឃើញថា ក្រុមហ៊ុននេះបានរំលោភកិច្ចសន្យារបស់ខ្លួន ដោយបានរានដីនៅក្រៅតំបន់សម្បទានរបស់ខ្លួន។
លោក ស បន្តថា លោកមិនបានដឹងពីការចោទប្រកាន់ថ្មីអំពីការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នោះទេ តែនឹងបញ្ជាឲ្យមន្ត្រីថ្នាក់ស្រុកទៅពិនិត្យតំបន់នោះ។ លោកបានមានប្រសាស ន៍ថា “ ខ្ញុំមិនដឹងថា រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចអ្វីពាក់ព័ន្ធនឹងសម្បទានរបស់ក្រុមហ៊ុននេះទេ ប៉ុន្តែ [អាជ្ញាធរស្រុក] នឹងចុះពិនិត្យតំបន់នោះ ហើយយើងនឹងចាប់ខ្លួនជនជាតិវៀតណាមទាំងនោះ ហើយបញ្ជូនពួកគេទៅតុលាការ ប្រសិនបើពួកគេពិតជាកំពុងកាប់បំផ្លាញព្រៃដោយខុសច្បាប់មែន”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ