ព័ត៌មានជាតិ

ក្រុម​​​ហ៊ុន​​​វៀត​​​ណាម​​​ចាប់​​​ផ្តើមបន្ត​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ខុស​​​ច្បាប់ទៀត​​​ហើយ

By

August 06, 2013

រយៈ​​​ពេល​​​បី​​​ខែ​​​បន្ទាប់​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​អាដហុក ​​​​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ថា ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​មួយរបស់​​​វៀត​​​​​​ណាម​​​បាន​​​រានព្រៃ​​​សហគមន៍​​​ទំហំ​​​១៥០​​​ហិកតា​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​នោះ ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ចារាយ និង​​​អង្គការ​​​អាដហុក​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ខុស​​​ច្បាប់​​​កំពុង​​​បន្ត​​​នៅ​​​លើ​​​ដី​​​ដែល​​​ស្ថិត​​​នៅ​​​ក្រៅ​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ។

លោក ឆាយ ធី ជាអ្នក​​​ស៊ើប​​​អង្កេត​​​​​​របស់​​​អង្គការ​​​អាដហុក បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ អង្គការ​​​អាដហុក​​​បាន​​​បញ្ជូន​​​តំណាង​​​ប្រាំ​​​នាក់​​​នៃ​​​គណៈ​​​កម្មា​​​ធិការ​​​ព្រៃ​​​​​​សហ​​​គមន៍​​​ ដែល​​​មាន​​​សមាជិក​​​ជាជន​​​ជាតិ​​​ភាគ​​​តិច​​​ចារាយ​​​មក​​​ពី​​​ភូមិ​​​ឡម ក្នុង​​​ឃុំប៉ក់ញ៉ៃ ស្រុក​​​អូរយ៉ាដាវ​​​ ទៅ​​​ស៊ើប​​​អង្កេត​​​ពីការ​​​អះ​​​អាង​​​ដែល​​​ថា ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​កំពុង​​​បន្ត​​​។

លោក ធី បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា ក្រុម​​​នេះ​​​បាន​​​រក​​​ឃើញ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​៦​​​នាក់​​​ កាប់​​​រំលំ​​​ដើម​​​ឈើ​​​​​​នៅ​​​ក្រៅ​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​របស់​​​ក្រុម​​​ហ៊ុន​​​៧២ (Company 72) នេះ ដោយ​​​មាន​​​រថយន្ត​​​មួយ​​​គ្រឿង​​​ និង​​​ត្រាក់ទ័រ​​​ពីរ​​​គ្រឿង​​​ចត​​​នៅ​​​ក្បែរ​​​ដីនៅ​​ក្នុង​​​បរិវេណ​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ចនោះ​​​ផង។

លោក ធី បាន​​​មាន​​​ប្រសាសន៍ថា “ ពួកគេ​​​បាន​​​កាប់​​​ដើម​​​ឈើ​​​នៅ​​​ក្រៅ​​​សម្បទាន​​​ដី​​​ ដោយ​​​បាន​​​ទាញ​​​ឈើ​​​ទាំងនោះ​​​ចូលទៅ​​​ក្នុង​​​ដី​​​របស់​​​ក្រុម​​​ហ៊ុន ហើយ​​​បាន​​​ដឹក​​​វា​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​​​​ តាមរយៈ​​​ច្រក​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ក្រៅ​​​ផ្លូវ​​​ការ គឺច្រកថ្មដា​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា អង្គការ​​​អាដហុក​​​ នឹង​​​បញ្ជូន​​​រូប​​​ថត​​​មាន​​​រូប​​​ភាព​​​រថយន្ត​​​ដែល​​​ថត​​​បាន​​​ដោយ​​​គណៈ​​​​​​កម្មា​​​ធិការ​​​ព្រៃ​​​សហគមន៍​​​នេះ​​​ទៅ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ទុក​​​ជា​​​ភ័ស្តុតាង​​​បញ្ជាក់​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ខុស​​​ច្បាប់​​​។

លោក រ៉ូម៉ាស់ ស្វាត ជាប្រធាន​​​នៃគណៈ​​​កម្មាធិការ​​​ព្រៃ​​​សហគមន៍​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ឃើញ​​​គេ​​​កាប់​​​រំលំ​​​ដើម​​​ឈើ​​​ជាង​​​៤០​​​ដើម ដោយ​​​មួយដើមៗ​​​ត្រូវ​​​បាន​​​កាត់​​​ជា​​​កំណាត់ៗ​​​ប្រវែង​​​ពី​​​៦​​​ទៅ​​​១០​​​ម៉ែត្រ និង​​​មាន​​​អង្កត់​​​ផ្ចិត​​​ពី​​​៣០​​​ទៅ​​​៦០​​​សង់ទីម៉ែត្រ។

លោក រ៉ូម៉ាស់ ស្វាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​សួរ​​​បុរស​​​វៀតណាម​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​វៀត​​​ណាម​​​ទាំង​​ប៉ុន្មាន​​​នោះ​​​ពី​​​មូល​​​ហេតុដែល​​​ពួក​​​គេ​​​កាប់​​​បំផ្លាញ​​​ដើម​​​ឈើ​​​ ដែរ តែបុរស​​​វៀត​​​ណាម​​​ម្នាក់​​​នោះ​​​គ្រាន់​​​តែ​​​បាន​​​និយាយ​​​ថា ខ្លួន​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​៧២” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា លទ្ធ​​​ផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​គណៈ​​​កម្មាធិការ​​​ព្រៃ​​​សហ​​​គមន៍​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះបង្ហាញ​​​ថា មាន​​​ការ​​​កើន​​​ឡើង​​​នូវ​​​ការ​​​កាប់​​​​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់។

លោក ដក ស ជាអភិបាល​​​ស្រុក​​​អូរយ៉ាដាវ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិ​​​ល​​​មិញ​​​ថា រដ្ឋា​​​ភិបាល​​​បាន​​​បញ្ជា​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​៧២​​​ផ្អាក​​​សកម្ម​​​ភាព​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​នោះ​​​ កាល​​​ពី​​​មួយឆ្នាំ​​​មុន បន្ទាប់​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ក្រសួង​​​កសិកម្ម​​​រក​​​ឃើញ​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​រំលោភ​​​កិច្ច​​​សន្យា​​​របស់​​​ខ្លួន​​​ ដោយ​​​បាន​​​រាន​​​ដី​​​នៅ​​​ក្រៅ​​​តំបន់​​​សម្បទាន​​​របស់​​​ខ្លួន​​​។

លោក ស បន្ត​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មី​​​អំពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​នោះទេ តែនឹង​​​បញ្ជា​​​​​​ឲ្យ​​​មន្ត្រី​​​ថ្នាក់​​​ស្រុក​​​​​​ទៅ​​​ពិនិត្យ​​​តំបន់​​​នោះ​​​។ លោក​​​បាន​​​មានប្រសាស ន៍ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ថា រដ្ឋា​​​ភិបាល​​​នឹង​​​ចេញ​​​សេចក្តី​​​សម្រេច​​​អ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​សម្បទាន​​​របស់​ក្រុម​​​ហ៊ុន​​​នេះ​​​ទេ ប៉ុន្តែ [អាជ្ញាធរ​​​ស្រុក] នឹង​​​ចុះ​​​ពិនិត្យ​​​តំបន់​​​នោះ​​​ ហើយ​​​យើង​​​នឹង​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ទាំង​​​នោះ​​​ ហើយ​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​តុលាការ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​ពិត​​​ជា​​​កំពុង​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ដោយ​​​ខុស​​​ច្បាប់​​​មែន”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ