លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងលោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានចូលរួមនៅក្នុងកិច្ចពិភាក្សាដេញដោលតាមវិទ្យុដ៏ក្ដៅគគុកមួយកាលពីល្ងាចថ្ងៃអាទិត្យ ដែលបានឈានដល់ការប្រកែកគ្នានៅពេលមន្ត្រីទាំងពីររូបបានជជែកគ្នាយ៉ាងតឹងសរសៃក ជុំវិញភាពស្របច្បាប់នៃការប៉ុនប៉ងក្នុងពេលថ្មីៗនេះរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដើម្បីរារាំងមិនឲ្យគណបក្សប្រឆាំងមានឱកាសអង្គុយនៅក្នុងរដ្ឋសភា។
កិច្ចពិភាក្សាដេញដោលរយៈពេល៤៧នាទីនេះ ត្រូវបានរំខានម្ដងហើយម្ដងទៀតដោយការកាត់ប្រសាសន៍ និងការចោទប្រកាន់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកសម្របសម្រួលនៅចំណុចមួយបិទម៉ៃក្រូហ្វូនរបស់លោក ឈាង វុន ទាំងស្រុង ដោយមិនអនុញ្ញាតឲ្យលោកនិយាយអ្វីឡើយ។
លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសម្របសម្រួលបានចាប់ផ្ដើមកិច្ចពិភាក្សាដេញដោលដោយលើកសំណួរសួរទៅលោក ឈាង វុន ថា តើគណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីប្រសិនបើគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភាជុំវិញការចោទប្រកាន់អំពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោត។
លោក ឈាង វុន ដែលក៏ជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាបានលើកឡើងថា ការប៉ុនប៉ងធ្វើពហិការណាមួយរបស់គណបក្សសង្គ្រោះជាតិ នឹងគ្មានឱកាសទទួលជោគជ័យឡើយ ហើយបានលើកឡើងពីការបោះឆ្នោតជាតិកាលពីឆ្នាំ២០០៨ ជាឧទាហរណ៍ ដែលនៅពេលនោះគណបក្សប្រឆាំងបានគំរាមធ្វើពហិការដោយសារតែការក្លែងបន្លំសន្លឹកឆ្នោត ប៉ុន្តែក្រោយមកបានចូលរួមនៅក្នុងរដ្ឋសភាវិញ”។
លោក ឈាង វុន បានថ្លែងថា “ គណបក្សសិទ្ធិមនុស្សបានចូលរួមនៅក្នុងសម័យប្រជុំលើកដំបូងភ្លាមៗ” បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០០៨។ លោក ឈាង វុន ក៏បានមានប្រសាសន៍ដែរថា សមាជិកសភាមកពីគណបក្សសិទ្ធិមនុស្សមានការយឺតយ៉ាវនៅក្នុងការចូលរួមសម័យប្រជុំពេញអង្គលើកដំបូងកាលពីឆ្នាំ២០០៨ ហើយលោកថែមទាំងបានចំអកឲ្យសមាជិកសភារបស់គណបក្សសិទ្ធិមនុស្សទៀតផង”។
លោកបានបន្ថែមថា “ មានមនុស្សខ្លះពាក់អាវខ្មៅ ដែលរំលោភបទដ្ឋាននៃរដ្ឋសភា”។ ជាការឆ្លើយតប លោក សុន ឆ័យ បានចោទសួរពីភាពស្របច្បាប់នៃការដកសមាជិកភាពរបស់សមាជិកសភាមកពីគណបក្សប្រឆាំងចេញពីរដ្ឋសភា។ លោកបានសំដៅទៅលើហេតុការណ៍កាលពីខែមិថុនា ដែលនៅពេលនោះសមាជិកសភាមកពីគណបក្សប្រឆាំងចំនួន២៧រូបត្រូវបានដកសមាជិកភាពចេញពីរដ្ឋសភា បន្ទាប់ពីសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានសម្រេចថា ច្បាប់បោះឆ្នោត និងវិធានផ្ទៃក្នុងនៅរដ្ឋសភា ហាមមិនឲ្យសមាជិកភាពណា ដែលមានសមាជិកភាពនៅក្នុងគណបក្សចំនួនពីរក្នុងពេលតែមួយកាន់តំណែងឡើយ។ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីពេលថ្មីៗនេះបានរួមបញ្ចូលគ្នាទៅជាគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ បានមានប្រសាសន៍នៅពេលលោក ឈាង វុន បានក្អកនិងគ្រហាមម្ដងហើយម្ដងទៀតថា “ ខ្ញុំមិនដឹងថា ការសម្រេចចិត្តបណ្ដេញសមាជិកសភាមកពីគណបក្សប្រឆាំងចេញពីតំណែងរបស់ខ្លួននៅក្នុងសភាផ្អែកលើច្បាប់អ្វីនោះទេ”។
បន្ទាប់មកអ្នកសម្របសម្រួល បានស្នើឲ្យលោក ឈាង វុន ពន្យល់ពីមូលដ្ឋានផ្លូវច្បាប់ ដែលនៅពីក្រោយការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រថា គណបក្សប្រជាជនកម្ពុជារបស់លោកអាចនឹងបែងចែកអាសនៈរដ្ឋសភាចំនួន៥៥អាសនៈ ដែលគណបក្សប្រឆាំងទទួលបានពីការបោះឆ្នោតជាតិនៅពេលថ្មីៗនេះ។
លោក ឈាង វុន បានមានប្រសាសន៍ការពារការអះអាងរបស់លោក ហ៊ុន សែន ថា “ប្រសិនបើគណបក្សណាមួយមិនព្រមចូលរួមនៅក្នុងកិច្ចប្រជុំ ហើយធ្វើពហិការនោះ គ.ជ.ប. មានសិទ្ធិពេញលេញក្នុងការយកអាសនៈទាំងនោះទៅចែករំលែកឲ្យគណបក្សផ្សេងៗទៀត”។
ប៉ុន្តែលោក សុន ឆ័យ បានតវ៉ាចំពោះការលើកឡើងរបស់លោក ឈាង វុន ហើយបានលើកយកមាត្រា១១៨នៃច្បាប់ស្ដីពីការបោះឆ្នោត ដែលចែងថា គណបក្សនយោបាយត្រូវតែប្រកាសថា ខ្លួនបោះបង់ចោលអាសនៈរបស់ខ្លួនជាមុនសិនមុននឹងគ.ជ.ប.អាចបែងចែកអាសនៈទាំងនេះ។
នៅពេលលោក ជុន ច័ន្ទបុត្រ ព្យាយាមអានច្បាប់នេះឲ្យអ្នកស្ដាប់កម្មវិធីវិទ្យុនេះទាំងអស់បានដឹង លោក ឈាង វុន បានលើកឡើងថា អ្នកសម្របសម្រួលមានភាពលម្អៀង ដែលបានធ្វើឲ្យមានការបិទម៉ៃក្រូហ្វូនរបស់សមាជិកសភាមកពីគណបក្សប្រជាជនរូបនេះមួយភ្លែត។
លោក ជុន ច័ន្ទបុត្រ បានថ្លែងថា “ ខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធី ទីនេះមិនមែនជារដ្ឋសភានោះទេឯកឧត្តម។ សូមបិទសំឡេងរបស់គាត់”។
ការជជែកពិភាក្សាដេញដោលនេះបានឮចេញក្រៅបង្អួចពេលជិតចប់កម្មវិធី នៅពេលលោក ឈាង វុន បានចោទប្រកាន់លោក សុន ឆ័យ បានប្រើពាក្យមាក់ងាយទៅលើរូបលោក អំឡុងសម័យប្រជុំរដ្ឋសភា កាលពីខែវិច្ឆិកា នៅពេលលោក ឈាង វុន បានហៅលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជាជនជាតិព្នង ជាពាក្យដែលសំដៅទៅលើជនជាតិភាគតិចនៅភាគឦសាននៃប្រទេសកម្ពុជា ប៉ុន្តែបើនៅក្នុងន័យជាភាសាខ្មែរវិញមានន័យថា ជាពាក្យមាក់ងាយ។
លោក ឈាង វុន បានប្រើពាក្យមិនគួរសមនេះ បន្ទាប់ពីលោក កឹម សុខា បានចាប់ផ្ដើមនិយាយអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោក ឈាង វុន បានថ្លែងថា “ខ្ញុំនិយាយបានតិចណាស់”។ លោកបានថ្លែងបន្តថា “លោក សុន ឆ័យ បានលើកឡើងថា ខ្ញុំបានប្រើពាក្យព្នងនៅក្នុងរដ្ឋសភា ប៉ុន្តែលោកបានប្រើពាក្យ [មិនសមគួរ] នេះមកលើខ្ញុំមុន”។ លោក ឈាង វុន បានមានប្រសាសន៍ ដោយសំដៅលើលោក សុន ឆ័យ ថា “ គាត់ក៏បានឲ្យក្ដខ្ញុំដែរ”។
លោក សុន ឆ័យ បានបដិសេធការនិយាយមិនគួរសម ឬក៏ការប្រើកាយវិការមិនសមរម្យនៅក្នុងរដ្ឋសភា ដែលលោក ឈាង វុន បានលើកឡើងថា រដ្ឋសភាមានឯកសារ និងភ័ស្ដុតាងអាចបញ្ជាក់ពីហេតុការណ៍នេះបាន។
ការប្រកែកគ្នាតាមវិទ្យុនេះបានធ្វើឲ្យមានការជជែកពិភាក្សាគ្នាយ៉ាងច្រើននៅក្នុងគេហទំព័រហ្វេសប៊ុកកាលពីម្សិលមិញ ដោយមានអ្នកប្រើហ្វេសប៊ុករាប់រយនាក់បានចែករំលែកខ្សែអាត់សំឡេងនៃកិច្ចពិភាក្សាដេញដោលនេះតាមអ៊ិនធើណិត ដោយមានអ្នកប្រើហ្វេសបុ៊កជាច្រើនបានកោតសរសើរលោក ជុន ច័ន្ទបុត្រ ដែលបានព្យាយាមសម្របសម្រួលសមាជិកសភាទាំងពីររូបនេះ ។
ប៉ុន្តែលោក ឈាង វុន កាលពីម្សិលមិញបានរិះគន់លោក ជុន ច័ន្ទបុត្រ ចំពោះការគ្រប់គ្រងដោយលម្អៀងរបស់លោកនៅក្នុងកិច្ចពិភាក្សាដេញដោលរបស់លោកតាមវិទ្យុនេះ។ លោក ឈាង វុន បានមានប្រសាសន៍ថា “លោកបានបញ្ជាឲ្យអ្នកក្រោមបង្គាប់របស់លោកបិទសំឡេងរបស់ខ្ញុំ។ ទង្វើបែបនេះមិនដែលមាននោះទេនៅក្នុងប្រទេសផ្សេង។ ទង្វើនេះរំលោភក្រមសីលធម៌អ្នកសារព័ត៌មាន”។
លោកបានបន្តថា “ពួកគេអញ្ជើញខ្ញុំមកទីនេះ ដើម្បីធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្ត ប៉ុន្តែខ្ញុំមិនបាត់បង់ទំនុកចិត្តរបស់ខ្ញុំនៅក្នុងការនិយាយការពិតនោះឡើយ”។ ដោយចាត់ទុករបៀបជជែកពិភាក្សាដេញដោលរបស់លោក ឈាង វុន ថា មានភាពគឃ្លើននោះ លោក សុន ឆ័យ កាលពីម្សិលមិញបានមានប្រសាសន៍ថា លោកបានធ្វើការជជែកវែកញែករបស់លោក ដោយផ្អែកទៅលើច្បាប់តែប៉ុណ្ណោះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “រដ្ឋសភា ត្រូវតែបើកចំហឲ្យមានកិច្ចពិភាក្សាដេញដោល។ ត្រូវតែអនុញ្ញាតឲ្យគណបក្សប្រឆាំងនិយាយពីអ្វីដែលខ្លួនចង់និយាយ”៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ សា៊ ស៊ុយឈាង